ពលរដ្ឋមួយចំនួនគាំទ្រការសម្រេចរបស់តុលាការចំពោះការផ្ដន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់សម្លាប់គូស្នេហ៍វ័យក្មេងមួយគូ ឲ្យជាប់ពន្ធនាគារចំនួន ៣១ឆ្នាំ និងសងសំណងជំងឺចិត្ត ដល់សាច់ញាតិជនរងគ្រោះបាត់បង់ជីវិត រួមទាំងអ្នករងរបួសសរុបជាង ២លានដុល្លារ។ ពួកគាត់ ក៏ស្នើដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចឲ្យស្រាវជ្រាវរកម្ចាស់ប្រភព នៃអាវុធរបស់ជនល្មើសផងដែរ។
ពលរដ្ឋខ្មែរមួយចំនួនទាំងក្នុង និងក្រៅប្រទេស គាំទ្រតុលាការ ក្នុងការសម្រេចផ្ដន្ទាទោសធ្ងន់ធ្ងរលើអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានប្រើប្រាស់អាវុធបាញ់ បណ្ដាលឲ្យគូស្នេហ៍វ័យក្មេងជិតដល់ថ្ងៃរៀបការមួយគូបាត់បង់ជីវិត និងមនុស្ស២នាក់ផ្សេងទៀតរងរបួសធ្ងន់។
ពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃ លោក សុះ សល់ ប្រាប់អាស៊ីសេរីថា ការផ្ដន្ទាទោសធ្ងន់ធ្ងរលើករណីឃាតកម្មឃោរឃៅប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា ជាការសម្រេច ដែលអាចទទួលយកបាន។ លោកស្នើដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ចបន្តស្រាវជ្រាវរកឲ្យឃើញប្រភពនៃអាវុធ ដែលជនល្មើស ស្រី ស៊ីណា បានប្រើប្រាស់ប្រព្រឹត្តបទល្មើស។
លោក សុះ សល់៖«តុលាការត្រូវស្រាវជ្រាវបន្តទៅរកប្រភពដើមនៃការយកអាវុធហ្នឹងមកប្រើប្រាស់ នេះជាគំនិតរបស់ខ្ញុំផ្ទាល់ ហើយស្នើដល់តុលាការដែរ វាមិនអាចត្រឹមតែពួកគាត់ហ្នឹងទេ វាអាចមានអ្នកនៅពីខាងលើហ្នឹងទៀត ដែលអាចមានការពាក់ព័ន្ធនឹងរឿងក្ដីនេះ»។
ស្រដៀងគ្នា យុវជនតាមដានកិច្ចការនយោបាយ លោក ធូ វ៉ាឃីម ថ្លែងថា លោកគាំទ្រការសម្រេចរបស់តុលាការ ដែលផ្ដន្ទាទោសធ្ងន់ធ្ងរ ចំពោះការប្រព្រឹត្តិបទល្មើសរបស់អតីតឧកញ៉ា ស្រី ស៊ីណា។
លោក ធូ វ៉ាឃីម៖«ដូចថ្មីៗនេះ មានការកែច្នៃកាំភ្លើងទៅបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់ ដែលគាត់ជាអ្នកផ្សព្វផ្សាយលើព្រៃឈើផងដែរ ហើយនេះជាបញ្ហាមួយធំដែរ សម្រាប់ប្រទេសកម្ពុជាយើង បើយើងមិនមានការបង្ក្រាប ការត្រួតពិនិត្យអ្វីផ្សេងៗទេ ថ្ងៃខាងមុននឹងមានរឿងច្រើនបន្តទៅទៀត»។
ក្រៅពីនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទៀត ក៏បានបញ្ចេញមតិចង់ឲ្យអាជ្ញាធរអនុវត្តនូវការសម្រេចរបស់តុលាការឲ្យមានប្រសិទ្ធភាព។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ បានប្រកាសសាលក្រមចំនួន៣ របស់អតីតឧកញ៉ា ស្រី ស៊ីណា គឺសំណុំរឿងឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធខុសច្បាប់ និងបទរំលោភលើលំនៅឋាន ដោយក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ជនជាប់ចោទ ឈ្មោះ ស្រី ស៊ីណា ឲ្យជាប់ពន្ធនាគារសរុបចំនួន ៣១ឆ្នាំ និងផ្ដល់សំណងជំងឺចិត្តដល់សាច់ញាតិជនរងគ្រោះបាត់បង់ជីវិត និងជនរងគ្រោះ ដែលរងរបួសសរុបចំនួន២លាន ៥សែន ៥ម៉ឺនដុល្លារ។ ប៉ុន្តែតុលាការ ពុំបានបង្ហាញអំពីប្រភព នៃកាំភ្លើងឡើយ។
ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ចែងថា ត្រូវ ហាមឃាត់ ការប្រើប្រាស់ ការទិញ និងការឲ្យខ្ចីជាដើម ចំពោះជនស៊ីវិលនៅកម្ពុជា។ ការប្រើប្រាស់អាវុធ ត្រូវបានអនុញ្ញាតសម្រាប់ តែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិប៉ុណ្ណោះ ហើយក្រសួងទាំងពីរជាអ្នកគ្រប់គ្រងការត្រួតពិនិត្យ និងការចុះបញ្ជីអាវុធ គ្រឿងផ្ទុះ និងរំសេវ ដើម្បីធានាការពារសន្តិសុខ និងសុវត្ថិភាពសាធារណៈ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៤ ខែធ្នូ។
ជុំវិញបញ្ហានេះ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា មានប្រសាសន៍ថា ការផ្ដន្ទាទោសលើអតីតឧកញ៉ា ស្រី ស៊ីណា បានផ្ដន្ទាទោសក្នុងកម្រិតអតិបរមា និងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ។ លោក ចង់ឃើញអាជ្ញាធរអនុវត្តសាលក្រមនេះ ប្រកបដោយប្រសិទ្ធភាព។
លោក រស់ សុដ្ឋា៖«យើងខ្ញុំគ្មានយោបល់អ្វីចំពោះការចាត់វិធានការច្បាប់ចំពោះអតីតឧកញ៉ា ស្រី ស៊ីណា ទេ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ គឺការអនុវត្តនូវទោសនេះ ឲ្យមានប្រសិទ្ធភាព និងស្មើភាពចំពោះមុខច្បាប់ នៅពេលដែលធ្វើការដាក់ពន្ធនាគារនៅកន្លែងអប់រំ ឃុំឃាំង»។
កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា អតីតឧកញ៉ា ស្រី ស៊ីណា បានប្រើកាំភ្លើងខ្លីបាញ់ជាច្រើនគ្រាប់បណ្ដាលឲ្យគូស្នេហ៍វ័យក្មេង ២នាក់បាត់បង់ជីវិត និងមនុស្សពីរនាក់ទៀតរងរបួសនៅក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅបុរីប៉េងហួតបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ ដែលផ្ដើមចេញពីទំនាស់បន្តិចបន្តួចរឿងស្នួហាលខោអាវឆ្លងចូលព្រំដីគ្នា ។ បន្ទាប់មកសមត្ថកិច្ច បានឃាត់ខ្លួនជនល្មើស ក្នុងពេលព្យាយាមរត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងពេលចាប់នោះជនដៃដល់រូបនេះ ហាក់គ្មានញញើតសមត្ថកិច្ច និងបានសារភាពថា គាត់ពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
