ប្រជាពលរដ្ឋដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ជា សារ៉ន និង ឧកញ៉ា ហ៊ី គឹមហុង កំពុងបារម្ភម្ចាស់បំណុលរឹបអូសផ្ទះ ក្រោយសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ទាំង២រូបនេះ។ ជុំវិញករណីនេះមន្ត្រីសមាគមមីក្រូហិរញ្ញវត្ថុ អំពាវនាវកុំឱ្យពលរដ្ឋព្រួយបារម្ភ ដោយបញ្ជាក់ថា ស្ថាប័នផ្តល់កម្ចីនៅតែមានគោលការណ៍សម្របសម្រួលជាមួយអតិថិជនដែលមិនមានលទ្ធភាពសងបំណុល។
ប្រជាពលរដ្ឋដែលបានដាក់លុយវិនិយោគជាមួយក្រុមឧកញ៉ាធ្វើអាជីវកម្មលើវិស័យអចលនទ្រព្យឱ្យដឹងថា ពួកគាត់កំពុងរស់នៅក្នុងស្ថានភាពភិតភ័យ ដោយលក់ទ្រព្យសម្បត្តិអស់ពីខ្លួនហើយ នៅមិនគ្រប់សម្រាប់បង់សងធនាគារទៀត។
ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងលោកស្រី កែវ រី ឱ្យដឹងថា លុយរបស់គាត់ ដាក់នៅក្រុមហ៊ុនពិភពដីមាស របស់លោក ឧកញ៉ា ហ៊ី គឹមហុង ចំនួន ១ម៉ឺន ៥ពាន់ដុល្លារ។ លោកស្រី កែវ រី វ័យ៦១ឆ្នាំ រស់នៅជាមួយប្តីវ័យ៦២ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការបានលុយតិចតួចសម្រាប់ចិញ្ចឹមជីវិត។
លោកស្រីបន្តថា លោកស្រីមិនមានលទ្ធភាពបង់សងធនាគារ១ខែជាង៣០០ដុល្លារទេ ទើប លោកស្រីលក់ ម៉ូតូ និងដីស្រែខ្លះ។
លោកស្រី កែវ រី៖ «អត់អីបង់លក់ម៉ូតូអស់មួយ។ ខ្ចីលុយបងប្អូនលក់ស្រែលក់អីអ៊ីចឹងទៅ។ ពិបាកអ៊ីចឹងកូនឱ្យលក់ស្រែមួយបង់គេអ៊ីចឹងទៅ»។
ពលរដ្ឋជាកសិករម្នាក់ទៀតនៅខេត្តកំពតលោក អ៊ាវ លី បានដាក់លុយជាមួយក្រុមហ៊ុនពិភពដីមាស ចំនួន ២ម៉ឺនដុល្លារ។ លោកថា ប៉ុន្មានខែចុងក្រោយនេះ លោកលក់ទ្រព្យសម្បត្តិក្នុងផ្ទះដើម្បីសង ធនាគារ។
លោកកំពុងពិចារណាលក់ដីស្រែ និងដីចម្ការដើម្បីសងធនាគារបន្តព្រោះបារម្ភខ្លាច មានការ រឹបអូសផ្ទះគ្មានកន្លែងរស់នៅ។
លោក អ៊ាវ លី៖ «បើអត់បង់គេធនាគារ គេឡើងការអ៊ីចឹងអាច មានដីចម្ការទុរេននិងដីស្រែដែរចាំមើលលក់មួយណា ចាំមើលអាមួយណាបញ្ចេញស្រួលជាង កំពុងរៀបគម្រោង»។
គ្រូបង្រៀនម្នាក់នៅខេត្តកំពត លោក ពេជ្រ ម៉េង បានដាក់លុយចំនួន២ម៉ឺន ៥ពាន់ដុល្លារ ជាមួយ ក្រុមហ៊ុនអចលនទ្រព្យរបស់ឧកញ៉ា ជា សារ៉ន។ លោកថា ដំបូងឡើយលោក ស្ទាក់ស្ទើរក្នុងការវិនិយោគនេះ ប៉ុន្តែក្រោយពេលសាច់ញាតិបបួលញឹកញាប់ ហើយលោកបានទៅមើល គម្រោងដល់ក្រុមហ៊ុនក៏សម្រេចចិត្តដាក់លុយវិនិយោគ។
លោក ពេជ្រ ម៉េង ឱ្យដឹងទៀតថា លោកគិតច្រើនដេកមិនលក់ទេរាល់យប់ ដោយមិនមានលទ្ធភាពរកលុយបង់សងធនាគារក្នុង ១ខែជាង ៥រយដុល្លារ។
លោក ពេជ្រ ម៉េង៖ «ពិបាកណាស់បងរាល់ថ្ងៃកំពុងគិតអត់ចេញ។ ខ្ញុំសួរគេថា មិនដឹងធ្វើម៉េចដែរមានតែត្រៀមលុយទុកបង់ក្រែងដោះស្រាយអត់បាន។ គិតរឿងហ្នឹងដេកមិនលក់ស្មុគស្មាញច្រើន។បើអ្នកខ្លះគាត់យកច្រើនជាងខ្ញុំ យកដល់ជិត ១០ម៉ឺនដុល្លារអីនោះយកពីធនាគារ។ ឡើងធ្ងន់កហើយធនាគារគេមកសួរនាំច្រើនអ៊ីចឹងទៅ»។
អតិថិជនដាក់លុយនៅក្រុមហ៊ុន ជា សារ៉ន ម្នាក់ទៀតលោក ស៊ុន វ៉ាន់ ឱ្យដឹងថា លោកបានដាក់លុយចំនួន ១ម៉ឺន ៨ពាន់ដុល្លារ។ លោកបន្តថា ក្រោយពេលក្រុមហ៊ុនមិនបង្វិលលុយឱ្យ លោកបានលក់មាសដែលទុកសម្រាប់ពង្រីកអាជីវកម្មបានជាង ១ពាន់ដុល្លារហើយយកទៅសងធនាគារ។
លោកបន្តថា ពេលនេះលោកអស់ពីខ្លួនហើយ មិនមានលទ្ធភាពរកចំណូលសងបំណុលក្នុង ១ខែជាង៤០០ដុល្លារទេ ខណៈលោកត្រូវផ្គត់ផ្គង់កូន២នាក់កំពុងរៀននៅសាលាចំណេះដឹងទូទៅ។ ក្រោយពេលប្រឹងអស់លទ្ធភាព លោក ស៊ុន វ៉ាន់ ថ្លែងទាំងអស់សង្ឃឹមថា បើសិនជា ធនាគាររឹបអូសផ្ទះក៏លោកមិនដឹងថា ត្រូវតវ៉ាយ៉ាងម៉េចដែរ។
លោក ស៊ុន វ៉ាន់៖ «បើគេអូសក៏មិនដឹងធ្វើម៉េចដែរឱ្យតែគេរឹបអូសទាំងអស់គ្នា។ ដូចខ្ញុំប្រសិនបើដំណោះស្រាយអត់មានប្រសិទ្ធភាពដឹងតែបំណុលកើនច្រើនទៅៗដឹងតែអស់ដីអស់ផ្ទះនៅហើយ»។
សមត្ថកិច្ចខេត្តកំពតបានចាប់ខ្លួនឧកញ៉ា ជា សារ៉ន ប្រធានក្រុមហ៊ុនជា សារ៉ន និងបក្ខពួកមួយចំនួនទៀត នៅក្នុងខែមេសា ចំណែកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួកខ្លះទៀតក៏ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួននៅក្នុងខែសីហា។
ក្រុមហ៊ុនទាំង២មានទម្រង់អាជីវកម្ម ប្រហាក់ប្រហែលគ្នា គឺឱ្យប្រជាពលរដ្ឋទិញដី ឬដាក់លុយឱ្យក្រុមហ៊ុនខ្ចី ដើម្បីទទួលបានការប្រាក់ ឬប្រាក់ចំណេញចន្លោះ ពី៣ ទៅ៤ ភាគរយនៃចំនួន លុយដែលបានដាក់។ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២៣មកក្រុមហ៊ុនទាំង២នេះ មិនបានប្រគល់ប្រាក់ ចំណេញឱ្យពលរដ្ឋទៀងទាត់នោះទេ។
ក្រោយពេលចាប់ខ្លួនឧកញ៉ាទាំង២រូបនេះហើយ ពលរដ្ឋរាប់ពាន់នាក់ដាក់ពាក្យប្តឹង ទាមទារឱ្យអាជ្ញាធរជួយអន្តរាគមន៍ទារលុយពីក្រុមហ៊ុនប្រគល់ឱ្យពួកគាត់វិញដើម្បីយកទៅបង់សងធនាគារ។ តាមប្រភពពលរដ្ឋដែលប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងថា ពលរដ្ឋដាក់លុយវិនិយោគជាមួយ ក្រុម ហ៊ុន ទាំង២នេះម្នាក់ៗចន្លោះពី១ម៉ឺន ទៅជិត ១០ម៉ឺនដុល្លារ ជាលុយខ្ចីពីធនាគារ។
របាយការណ៍បឋមរបស់អាជ្ញាធរខេត្តកំពតឱ្យដឹងថា ពលរដ្ឋជាង២ពាន់នាក់ប្តឹងក្រុមហ៊ុន ជា សារ៉ន ទាមទារប្រាក់សរុបប្រមាណ ៤០លានដុល្លារ។ របាយការណ៍ដដែលឱ្យដឹងថា ពលរដ្ឋជាង ១ពាន់ នាក់ប្តឹងក្រុមហ៊ុនពិភពដីមាសទាមទារប្រាក់ជាង ២០លានដុល្លារ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរ ពីសំណុំរឿងលោក ហ៊ី គឹមហុង បានទេ នៅថ្ងៃទី១៧ ខែសីហា។
ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ រេត ឆ្លើយតបយ៉ាងខ្លីថា សំណុំរឿងលោក ជា សារ៉ន ស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេត ហើយលោកក៏មិនដឹងថា នឹងចប់នៅពេលណាទេ។
សមត្ថកិច្ចចាប់ខ្លួនឧកញ៉ាទាំង២រូបពីបទឆបោក ក្រោយទទួលបណ្តឹងពីពលរដ្ឋ។ មាត្រា៣៧៨នៃ ក្រមព្រហ្មទណ្ឌចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយ លាន) រៀល។
ប្រជាពលរដ្ឋដែលដាក់លុយជាមួយក្រុមហ៊ុនទាំង២នេះបារម្ភថា បើការដោះស្រាយ នៅតែអូស បន្លាយយូរទៀត ធនាគារចេះតែគុណការប្រាក់បន្ថែមរហូតនោះ ពួកគាត់មុខជាមិនមានលទ្ធភាព សងហើយអាចធនាគាររឹបអូសដីនិងផ្ទះរបស់ពួកគាត់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា បច្ចុប្បន្ន ប្រជាពលរដ្ឋគ្រប់កន្លែងកំពុងជួបការលំបាកក្នុងការរកចំណូលសម្រាប់ចំណាយក្នុងគ្រួសារនិងសងបំណុល។ លោកបន្តថា ចំពោះពលរដ្ឋដែលដាក់ទុនវិនិយោគជាមួយក្រុមហ៊ុនអចលនទ្រព្យ ហើយមានបញ្ហានោះកាន់តែរងសម្ពាធខ្លាំង ដែលស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនជួយរកដំណោះស្រាយ។
លោក អំ សំអាត៖ «ការបង់រំលស់ទៅលើដីនិងផ្ទះហើយមិនទទួលបានដីនិងផ្ទះ ធ្វើឱ្យពួកគាត់ជាប់បំណុល។ ហើយបញ្ហាសេដ្ឋកិច្ចរបស់គាត់លំបាកទៀត។ ទាំងអស់ហ្នឹងធ្វើគាត់ផុង និងបំណុលនិងមិនអាចធ្វើការសងស្រឡប់ទៅវិញបាន។ ចំណុចហ្នឹងរាជរដ្ឋាភិបាលនិងមីក្រូហិរញ្ញវត្ថុឬធនាគារគួរតែពិនិត្យនិងពិចារណាសម្រាប់ពួកគាត់»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងឺ មានប្រសាសន៍ថា ពលរដ្ឋដែលមិនមានលទ្ធភាពសងបំណុលអាចជួបជាមួយស្ថាប័នដែលពួកគាត់ខ្ចីនោះដើម្បីរកដំណោះស្រាយ។ លោកក៏បានអំពាវនាវកុំឱ្យពលរដ្ឋមានការព្រួយបារម្ភ ព្រោះលោកថា មុននឹងឈានដល់ធនាគាររឹបអូសទ្រព្យបញ្ចាំវាត្រូវឆ្លងកាត់នីតិវិធីជាច្រើនទៀត។
លោក កាំង តុងងឺ៖ «នៅកម្ពុជាមិនមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចរឹបអូសទ្រព្យបញ្ចាំ ឬអចលនទ្រពរបស់អតិថិជនបានឡើយ។ ការរឹបអូសទាំងឡាយណាគឺត្រូវតែឆ្លងកាត់នីតិវិធីតុលាការ»។
ទោះជាយ៉ាងណា នៅក្នុងដំណាក់កាលដែលតុលាការកំពុងស្រាវជ្រាវបន្ថែមលើសំណុំរឿង លោក ជា សារ៉ន និង លោក ហ៊ី គឹមហុង ពលរដ្ឋមួយចំនួនដែលដាក់លុយវិនិយោគ ជាមួយឧកញ៉ា ទាំង២រូបនេះ អះអាងថា ពួកគាត់នៅតែរងសម្ពាធពីមន្ត្រីធនាគារទារលុយ ខណៈពួកគាត់រកចំណូល សម្រាប់ចិញ្ចឹមជីវិតស្ទើរមិនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។