CMAC មាន​ទិសដៅ​បោស​សំអាត​ផ្ទៃ​ដី​មីន​ឲ្យ​បាន ១១៦​គីឡូម៉ែត្រ​ការ៉េ​ក្នុង​ឆ្នាំ​២០១៨

មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា (CMAC) មាន​ទិសដៅ​បោសសំអាត​ផ្ទៃ​ដី​មីន ឲ្យ​បាន​ជាង១១០គីឡូម៉ែត្រ​ការ៉េ ក្នុង​ឆ្នាំ​២០១៨​នេះ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រតិបត្តិការ​ឆមាស​ទី២ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​មីន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣ ខែ​ធ្នូ ប្រធាន CMAC លោក ហេង រតនា ថ្លែង​ថា ក្នុង​អំឡុង ១០​ខែ ឆ្នាំ​២០១៨នេះ គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង ៣​ម៉ឺន​គ្រាប់ បាន​បោស​សំអាច​ចេញ​លើ​ផ្ទៃ​ដី​ជាង ៧៥​គីឡូម៉ែត្រ​ការ៉េ និង​បង្កាត់​កូន​សុនខ ហិត​មីន​បាន ៦៧​ក្បាល ដើម្បី​ជួយ​ការងារ​សំអាត​មីន។

លោក​ថា នៅ​ឆ្នាំ ២០១៩ ខាងមុខ CMAC នឹង​មាន​គម្រោង​ថ្មីៗ​ប្រហែល ៣០​ទៀត ក្នុង​នោះ​គម្រោង​ថ្មីៗចំនួន៥ នឹង​អាច​ចាប់ផ្ដើម​បាន​នៅ​ដើម​ឆ្នាំ​ក្រោយ ដោយ​មាន​ថវិកា​ប្រមាណ​ពី ១៤ ទៅ ១៥ លាន​ដុល្លារ​អាមេរិក។

លោក ហេង រតនា បន្ត​ថា តាមរយៈ​ជំនួយ​ថ្មីៗ​ក្នុងឆ្នាំ២០១៩ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ពី ១៦ ទៅ ១៨លានដុល្លារ CMAC នឹង​អាច​បន្ដ​បោស​សំអាត ផ្ទៃដី​បាន​ចាប់​ពី ១១០ ទៅ ១២០ គីឡូម៉ែត្រ​ការ៉េ។

លោក ហេង រតនា ថ្លែង​ថា ជប៉ុន​ជា​ប្រទេស​ទី១ ដែល​ផ្ដល់​ជំនួយ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា​ច្រើន​ជាងគេ ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត រួម​ទាំង​សហរដ្ឋអាមេរិក​ផង។

បច្ចុប្បន្ន មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា មាន​មន្ត្រី​ជំនាញ​ប្រតិបត្តិការ​ដោះមីន ជាង៤៥០នាក់ និង​មាន​គ្រឿង​ចក្រ​កម្ទេច​មីន ១១គ្រឿង ដែល​អាច​រំដោះ​ផ្ទៃដី​មាន​មីន បាន​ជាង ២ ពាន់ ៧៥០ ហិកតារ ក្នុង​មួយ​ឆ្នាំ។

លោក​បន្ត​ថា ចាប់​ពី​ឆ្នាំ ១៩៩២ មក បុគ្គលិក CMAC បាន​កម្ទេច​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ជាង ៣លាន​គ្រាប់ គឺ​ប្រមាណ​៧២% នៃ​គ្រាប់​មីន​ដែល​បន្សល់​ទុក និង​៥៣% នៃ​ចំនួន​ផ្ទៃដី​សរុប ដែល​មាន​គ្រាប់មីន​នៅ​កម្ពុជា។

របាយការណ៍​របស់ CMAC បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ១៩៧៩ រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ កម្ពុជា​មាន​ជនរងគ្រោះ​ដោយសារ​មីន​សរុប ជិត ៦ម៉ឺន ៥ពាន់នាក់ ក្នុង​នោះ​ជិត ២​ម៉ឺន​នាក់ បាន​ស្លាប់ ហើយ​អ្នក​របួស​ដែល​ធ្លាក់​ខ្លួន​ពិការ មាន​ជាង ៤ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។