ក្រសួងទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរចិន ដែលមកលេងស្រុកខ្មែរនៅឆ្នាំនេះមានការកើនឡើងចំនួន ៣៣ភាគរយ បើប្រៀបធៀបរយ:ពេលដូចគ្នាទៅនឹងឆ្នាំមុន ប៉ុន្តែសមាគមមគ្គទេសក៍អង្គរខេត្តសៀមរាប បានអះអាងផ្ទុយទៅវិញថា ទាំងភ្ញៀវទេសចរបស្ចិមប្រទេស និងភ្ញៀវទេសចរចិន បានថយចុះទៅវិញ។
របាយការណ៍របស់ក្រសួងទេសចរណ៍ ចេញកាលពីថ្ងៃទី៨ ខែតុលាឲ្យដឹងថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន ១,៧លាននាក់ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១៩ នេះ។
របាយការណ៍បានបង្ហាញថា ចំនួនភ្ញៀវទេសចរចិននៅតែនាំមុខគេ នៅអាស៊ីអាគ្នេយ៍ដែលមានចំនួន ៣៩ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប ដែលមកកាន់ប្រទេសកម្ពុជា ចាប់ពីខែមករាដល់ខែសីហាឆ្នាំនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោងខុន បានប្រាប់សារព័ត៌មានចិន (Xinhua) ថា ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។
លោក ថោង ខុន បានមានប្រសាសន៍ថា កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦,២លាននាក់ ក្នុងនោះមានជនជាតិចិន ២លាននាក់ ដែលមានប្រាក់ចំណូលសរុប ៤,៣៥ពាន់លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណា ប្រធានសមាគមមគ្គទេសក៍អង្គរ ខេត្តសៀមរាប លោក ខៀវ ធី លើកឡើងផ្ទុយវិញថា ភ្ញៀវទេសចរ ដែលមកលេងនៅខេត្តសៀមរាប មានការធ្លាក់ចុះចាប់តាំងពីខែឧសភា មកដល់ខែកញ្ញា ឆ្នាំនេះ ហើយទេសចរជនជាតិចិនក៏មានការធ្លាក់ចុះច្រើនដែរ ក្នុងរយ:ពេលដូចគ្នានេះ។
លោក ខៀវ ធី បន្តថា ភ្ញៀវទេសចរជនជាតិចិន មិនបានផ្ដល់ប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋខ្មែរទេ ព្រោះពួកគេមកជាក្រុមមានចំនួនច្រើន ហើយត្រូវការមគ្គទេសក៍ និងអ្នកបើកបរមានចំនួនតិចតួច។
លោកថា ភ្ញៀវទេសចរចិន និងទេសចរមកពីបស្ចិមប្រទេស មានភាពខុសគ្នា ព្រោះចិនមកជាក្រុមធំៗ ដែលមានចំនួន ៤០នាក់ឡើងទៅ ពួកគាត់ត្រូវការមគ្គទេសក៍ តែ១នាក់និងអ្នកបើកបររថយន្ត ១នាក់ប៉ុណ្ណោះ វាខុសពីអ្នកទេសចរណ៍មកពីបស្ចិមប្រទេស ព្រោះពួកគាត់ច្រើនតែមកជាគ្រួសារ ជាមិត្តភ័ក្ដិពីរបីនាក់ ដូច្នេះបើពួកគាត់មកមានចំនួនដូចជនជាតិចិនដែរ ពួកគាត់ត្រូវការមគ្គទេសក៍ និងអ្នកបើកបររថយន្តមានរហូតដល់ទៅ ២០នាក់ឯណោះ៖ «ជនជាតិចិន គាត់មកទៅ គាត់ត្រូវការ Guide ១ និងតៃកុងឡាន ១នាក់ ហើយដើរចូលទៅញ៉ាំអាហារ ជនជាតិចិនរបស់គាត់ ហើយចូលទៅ Shopping នៅហាងជនជាតិចិនរបស់គាត់ ហើយបើជនជាតិមកពីបស្ចិមប្រទេស និងជនជាតិមកពីប្រទេសដទៃទៀត តែងតែដើរមើលផ្សារ ដើរទិញតាមតូបមួយៗ ទៅ គាត់ជិះតាក់ស៊ីទៅ គឺវាមានការខុសគ្នាអ៊ីចឹង»។
លោក ខៀវ ធី និយាយថា មគ្គទេសក៍របស់គាត់ធ្លាប់ដើរបម្រើភ្ញៀវ ជាទូទៅពី ១៥ ទៅ ១៨ថ្ងៃ ក្នុង ១ខែ កាលពីឆ្នាំមុន។ ប៉ុន្តែឆ្នាំនេះ ដើរបានតែពី ៥ ទៅ ៧ថ្ងៃយ៉ាងច្រើន ក្នុង ១ខែ។
បើតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៤,៣៦លាននាក់ បានធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងអំឡុងពេល ៨ខែដើមឆ្នាំនេះ គឺកើនឡើង ១០,៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។