កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ពុក​រលួយ​ជាង​គេ​ក្នុង​តំបន់​អាស៊ាន

សង្គម​ស៊ីវិល​រក​ឃើញ​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។ សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០១៣ របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​បាន​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ធ្នូ បាន​បង្ហាញ​ថា កម្ពុជា បាន​ទទួល​ពិន្ទុ​ចំនួន ២០ លើ ១០០ និង​ឈរ​លំដាប់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស​១៧៥ លើ​ពិភពលោក ស្រប​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន សុទ្ធតែ​ទទួល​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​កម្ពុជា។
ដោយ វណ្ណ វិចារ
2013-12-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
៣-ធ្នូ-២០១៣៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
Photo: RFA

សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ប្រចាំ​ឆ្នាំ​២០១៣ ចេញ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​វាស់​ពី​កម្រិត​ពុក​រលួយ​ក្នុង​វិស័យ​សាធារណៈ​លើ​ប្រទេស​ទាំង​១៧៥ លើ​ពិភពលោក បាន​បញ្ជាក់​ថា អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​នៅ​កម្ពុជា នៅ​តែ​មាន​កម្រិត​ខ្ពស់។ ហើយ​បើ​ធៀប​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ទាំង​១០ កម្ពុជា បាន​ជាប់​លេខ​ក្រោយ​គេ ស្រប​ពេល​ដែល​ប្រទេស​សិង្ហបុរី នៅ​តែ​ជា​ប្រទេស​ស្អាតស្អំ​ជាង​គេ​ក្នុង​តំបន់។

សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា លោក ឱក សេរីសុភ័ក្ត្រ ក្នុង​សន្និសីទ​កាសែត​នៅ​ភ្នំពេញ មាន​ប្រសាសន៍​ថា របាយការណ៍​នេះ​មិន​មែន​ជា​របាយការណ៍​ដែល​រិះគន់ និង​ស្តី​បន្ទោស​ទៅ​លើ​រដ្ឋាភិបាល ចំពោះ​បញ្ហា​ពុក​រលួយ​ទេ ប៉ុន្តែ​វា​ជា​មូលដ្ឋាន​ឲ្យ​រដ្ឋាភិបាល​ងាយ​ស្រួល​សម្រេច​ចិត្ត ក្នុង​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​បន្ត ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក​បន្ត​ថា ព្រោះ​តែ​បុគ្គលិក​រដ្ឋ​ប្រព្រឹត្ត​ពុក​រលួយ​ជា​ប្រព័ន្ធ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ធ្លាក់​ប្រជាប្រិយភាព​នា​ពេល​បោះ​ឆ្នោត​កន្លង​ទៅ បើ​ទោះ​បី​ជា​អង្គភាព​ជំនាញ​បាន​ចាត់​វិធាន​ការ​ចំពោះ​ករណី​ពុក​រលួយ​តូចៗ​ខ្លះ​ហើយ​ក៏ដោយ។

លោក ឱក សេរីសុភ័ក្ត្រ៖ «យើង​អន់​ជាង​គេ អន់​ជាង​ឡាវ អន់​ជាង​ភូមា ទៀត ប្រទេស​ទាំង​នោះ​មិន​ប្រាកដ​ថា​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​យើង​ទេ ហើយ​កុំ​គិត​ថា គេ​តិះ​ទៀន​យើង ហើយ​ត្រូវ​គិត​ថា អា​ហ្នឹង​ជា​កញ្ចក់​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ថានការណ៍​ដល់​ពេល​ដែល​ត្រូវ​កែ​ហើយ បើ​យើង​ធ្វើ​ល្អ បើ​សិន​ជា​យើង​ខំ​ធ្វើ​ទៀត​ទៅ វា​នឹង​ប្រសើរ​ជាង​មុន»

របាយការណ៍​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ដែល​ចេញ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ធ្វើ​ការ​សិក្សា​មួយ​ភាគ​ធំ​ទៅ​លើ​បរិយាកាស​វិនិយោគ។ របាយការណ៍​នោះ​បាន​សិក្សា​លើ​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិ​ចំនួន ៧ ផ្សេង​គ្នា រួម​មាន សន្ទស្សន៍​នៃ​ការ​ប្រែប្រួល​មូលនិធិ បើតតែលមែន (Bertelsman Foundation Transformation Index) ហៅ​កាត់​ថា BTI របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) របាយការណ៍​វេទិកា​ស្ទង់​មតិ​ស្ដីពី​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum Executive opinion Survey) សន្ទស្សន៍​គម្រោង​យុត្តិធម៌ និង​នីតិរដ្ឋ​ពិភពលោក (World Justice Project Rule Of law index) របាយការណ៍​ស្ដីពី​កម្រិត​យល់​ដឹង​របស់​អ្នក​សេដ្ឋកិច្ច​ពី​ការ​កំណត់​ក្រុម​ប្រទេស​ដែល​មាន​ភាព​ហានិភ័យ​ខ្ពស់​របស់​ស្ថាប័ន អ៊ី.អាយ.យូ (EIU) អង់គ្លេស របាយការណ៍​ពិភពលោក ស្ដីពី​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់ (Global insight Country Risk Ratings) និង​របាយការណ៍​ស្ដីពី​ការ​ផ្តល់​ប្រឹក្សា​ផ្នែក​ហានិភ័យ​នយោបាយ និង​សេដ្ឋកិច្ច​នៅ​អាស៊ី (Political and Economic Risk Consultancy Asian Intelligence)។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​អន្តរជាតិ​ទាំង​នោះ បង្ហាញ​ថា វិនិយោគទុន​ភាគ​ច្រើន​បាន​បញ្ជាក់​ប្រាប់​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នីមួយៗ​ថា ស្ថាប័ន​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ដែល​មាន​ចំណាត់​ថ្នាក់​មិន​ល្អ បាន​គាប​សង្កត់​ទារ​លុយ​ក្រៅ​ផ្លូវ​ការ ឬ​បង្ខំ​ចិត្ត​ឲ្យ​វិនិយោគិន​សូកប៉ាន់​ជា​ថ្នូរ​នឹង​សេវា​សាធារណៈ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ដើម្បី​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៣។ ក៏ប៉ុន្តែ លោក ឱម យ៉ិនទៀង ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​វិទ្យុ​អាស៊ីសេរី នា​ពេល​កន្លង​ទៅ ធ្លាប់​មាន​ប្រសាសន៍​ថា លោក​មិន​ឲ្យ​តម្លៃ​លើ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​របស់​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ និង​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

ទោះ​ជា​យ៉ាង​ណា​ក្តី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា អង្គការ​តម្លាភាព​នឹង​ប្រគល់​របាយការណ៍​ស្ដីពី​សន្ទស្សន៍​នៃ​អំពើ​ពុក​រលួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​ឆាប់ៗ ហើយ​សង្គម​ស៊ីវិល​នឹង​ព្យាយាម​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល ឲ្យ​ខិតខំ​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ថែម​ទៀត។ លោក​បញ្ជាក់​ថា បើ​សិន​ជា​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នោះ បាន​ន័យ​ថា ពលរដ្ឋ​មិន​រង​នូវ​អំពើ​អយុត្តិធម៌​សង្គម ដែល​បណ្ដាល​មក​ពី​អំពើ​ពុក​រលួយ។ ហើយ​វិនិយោគិន​ក៏​សប្បាយ​ចិត្ត និង​ដាក់​ទុន​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន នាំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​មាន​ភាព​រុង​រឿង​ទៅ​តាម​នោះ​ដែរ។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើ​ពុក​រលួយ ដែល​និយាយ​ពី​កម្រិត​នៃ​ភាព​ស្អាតស្អំ​របស់​ស្ថាប័ន​សាធារណៈ បង្ហាញ​ថា នៅ​តំបន់​អាស៊ាន សិង្ហបុរី ជាប់​លេខ​១ ប្រ៊ុយណេ ជាប់​លេខ​២ ម៉ាឡេស៊ី ជាប់​លេខ​៣ ហ្វីលីពីន ជាប់​លេខ​៤ ថៃ ជាប់​លេខ​៥ ឥណ្ឌូណេស៊ី ជាប់​លេខ​៦ វៀតណាម ជាប់​លេខ​៧ ឡាវ ជាប់​លេខ​៨ ភូមា ជាប់​លេខ​៩ និង​ប្រទេស​កម្ពុជា ជាប់​លេខ​១០ នៅ​ក្រោយ​គេ។ បើ​គិត​ទូទាំង​ពិភពលោក​វិញ ប្រទេស​ដាណឺម៉ាក (Denmark) ស្អាតស្អំ​ជាង​គេ ហើយ​ប្រទេស​សូម៉ាលី ជា​ប្រទេស​ពុក​រលួយ​ជាង​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
Share

អ្នក​អាន​អនាមិក

= របប ប៉ុល ពត ល្បី ខាងធ្វើបាប និងសម្លាប់ប្រជាពលរដ្ឋ !
= របប ហ៊ុន សែន ល្បី ខាងធ្វើបាប ប្រជាពលរដ្ឋ អោយក្រល្ហេមល្ហាម និងពុករលួយ បំផ្លាញទ្រព្សសម្បត្តិជាតិ !

Dec 03, 2013 11:34 PM

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

ខំពុករលួយដើម្បីប្រទេសយើងរីកមុខរីកមាត់នូវលើពិភពលោក ធ្វើអោយប្រទេសល្បី​មានន័យថាជួញជាតិ

Dec 03, 2013 10:55 PM

អ្នក​អាន​អនាមិក

I am waiting to react from Mr. Hun Sen and powerful person in Cambodia. What do they lie Cambodian people any more?

Dec 03, 2013 10:49 PM

អ្នក​អាន​អនាមិក

អ្នកប្រព្រឹត្តិអំពើពុករលួយមួយចំនួន បានចូលរួមបំផ្លាញជាតិ ដោយមិនដឹងខ្លួន ដោយសារតែ
ឥទ្ធិពលអំណាច និងដុល្លា ព្រមទាំងក្លាយជាមនុស្សមិន ហ៊ានទទួលការពិត។

Dec 03, 2013 09:57 PM

Roth

របាយការណ៍នេះចំជាផ្តេសផ្តាស់មិនទុកមុខអោយ​បណ្ឌិត​ឱម យិនទៀង​ និង​​ សុខ អាន សោះ។ រឿងពុករលួយនោះសួរ សុខ អាន ទៅ បើគាត់មិនពុករលួយតើគាត់បានបាយមកពីណាស៊ី ?

Dec 03, 2013 07:21 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល