អ្នកឃ្លាំមើលថា ដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទៅកាន់ប្រទេសអ្នកមាននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទាក់ទាញវិនិយោគគ្រាន់តែជាការដើរបង្ហាញមុខនៅបរទេសជួយសម្រាលវិបត្តិដឹកនាំរបស់នាយករដ្ឋមន្ត្រីកូន ប៉ុន្តែគ្មានលទ្ធផលជាដុំកំភួននោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាបានចេញសេចក្ដីប្រកាសព័ត៌មាន អួតអាងអំពីលទ្ធផលជោគជ័យរបស់លោក ហ៊ុន សែន។
ដំណើរទស្សនកិច្ចរយៈពេល ១សប្ដាហ៍របស់ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត(Saudi Arabia) កាតា (Qatar) សាធារណរដ្ឋតួកគី (Turkey)និងអេមីរ៉ាត អារ៉ាប់រួម (United Arab Emirates) មានលទ្ធផល តែត្រឹមជាសេចក្ដីស្នើរបស់លោក ហ៊ុន សែន ដល់ក្រុមអ្នកដឹកនាំ នៃប្រទេសទាំង នេះ ប៉ុន្តែគ្មានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់ស្ដែងនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី១៤ ធ្នូ ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចទៅប្រទេសទាំង ៤ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ លោក ហ៊ុន សែន បានជួបសមភាគីដែលជាប្រធានសភា និងក្រុមអ្នកដឹកនាំរដ្ឋាភិបាលមួយចំនួនទៀត ដូចជា ប្រធានាធិបតីតួកគី នាយករដ្ឋមន្ត្រីកាតា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាតាជាដើម។
ក្នុងជំនួបទាំងនោះលោក ហ៊ុន សែន បានព្យាយាមស្នើដល់ប្រទេសម្ចាស់ផ្ទះឱ្យពង្រឹងកិច្ចសហប្រតិបត្តិការនិងការពិចារណាដាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណាជាលទ្ធផលគេពុំឃើញមានចម្លើយកិច្ចសហប្រតិបត្តិការពិតប្រាកដពីប្រទេសម្ចាស់ផ្ទះទាំងនោះឡើយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិក អង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី ប្រាប់វិទ្យុអាស៊ីសេរីនៅ ថ្ងៃទី១៦ ខែធ្នូថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន គ្មានលទ្ធផលជាដុំកំភួនក្នុងការទាក់ទាញវិនិយោគពីប្រទេសទាំង៤ឡើយ។ លោកពន្យល់ថា ទីផ្សារធំរបស់ប្រទេសទាំងនេះ គឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលត្រូវផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយប្រទេស មានប្រព័ន្ធនីតិរដ្ឋខ្ពស់ ដូច្នេះលោកថា កម្ពុជាដែលមានវិបត្តិរំលោភសិទ្ធិមនុស្ស និងសម្បូររឿងអាស្រូវក្នុងប្រព័ន្ធដឹកនាំនយោបាយ មិនមែនជាទីតាំងវិនិយោគជាអាទិភាពរបស់ពួកគេទេ។
លោក សេង វណ្ណលី ថា អ្នកវិនិយោគពីអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគី និងអេមីរ៉ាតអារ៉ាប់រួម ច្រើនតែផ្ដោតលើវិស័យហិរញ្ញវត្ថុ និងសេវាកម្ម ដែលទាមទារឱ្យមានការគ្រប់គ្រងដោយតម្លាភាព។ លោកលើកឡើងថា បើពួកគេសម្លឹងមើលឱកាសវិនិយោគនៅក្នុងតំបន់អាស៊ាន នោះពួកគេអាចចាប់អារម្មណ៍លើប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាមនិងថៃ ជាងប្រទេសកម្ពុជា ដែលផុងក្នុងវិបត្តិរឿងអាស្រូវចម្រុះ ទាំងវិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស បក្ខពួកនិយម អំពើពុករលួយ ការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។
លោក សេង វណ្ណលីថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន បានត្រឹមតែជាការបង្ហាញមុខលោក ហ៊ុន សែន វិលទៅកាន់នយោបាយការបរទេសវិញ ដើម្បីព្យាយាមជួយសង្គ្រោះនាយករដ្ឋមន្ត្រីកូន ដែលកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច។
លោក សេង វណ្ណលីថា៖ «សារមួយបង្ហាញឱ្យឃើញថា លោកអតីតនាយករដ្ឋមន្ត្រីហាក់មានការព្រួយបារម្ភ ទៅការគ្រប់គ្រងទៅលើរដ្ឋាភិបាលនីតិកាលទី៧ ហើយព្យាយាមធ្វើយ៉ាងម៉េច ជួយរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីធ្វើម៉េច ឱ្យពុះពារឆ្លងកាត់ឧបសគ្គ ជាពិសេសអឺរ៉ុបព្រមានដកEBA៨០ភាគរយទៀត ឬក៏អាចធ្វើម៉េចព្យាយាមជួយរដ្ឋាភិបាលនីតិកាលទី៧ ឱ្យឆ្លងផុតអំពីវិបត្តិទាំងវិបត្តិសេដ្ឋកិច្ច ហើយនឹងពាក់ព័ន្ធនឹងបំណុល ហើយនឹងការប្រើប្រាស់កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការរវាងសភា និងសភា ឱ្យកាន់តែស៊ីជម្រៅ និងគាំទ្រគំនិតផ្ដួចផ្ដើមរបស់ប្រធានសភាកាតា ក្នុងការបង្កើតឱ្យមានកិច្ចប្រជុំកំពូលសភាអាស៊ី។ លោក ហ៊ុន សែន ក៏បានស្នើឱ្យ មានយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងក្រសួងការ បរទេស ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្ម សេរី និងវិនិយោគជាមួយកម្ពុជា ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម រួមទាំង ឧស្សាហកម្មកែច្នៃ ដូចជា ស្រូវអង្ករ និងគ្រាប់ស្វាយចន្ទីរហូតដល់វិស័យអប់រំទេសចរណ៍និងការបង្កើតការហោះហើរត្រង់មកកាន់កម្ពុជា។
ការស្នើទាំងនេះរបស់លោក ហ៊ុន សែន ពុំមានលទ្ធផលអ្វីធំដុំទេ ក្រៅតែពីការឆ្លើយ តបបែបការទូតរបស់សមភាគីម្ចាស់ផ្ទះ អំពីការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមិត្តភាពសភាដែលមានស្រាប់របស់ប្រទេសទាំង៤ជាមួយកម្ពុជា ទាំង ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ អ្វីដែលថ្មី គឺបានត្រឹមតែ នាយករដ្ឋមន្ត្រីកាតា ផ្ដាំផ្ញើតាមរយៈលោក ហ៊ុន សែន អញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋកាតាក្នុងពេលវេលាសមស្រប។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានអត្ថាធិប្បាយនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីថ្មីៗនេះថារដ្ឋាភិបាលត្រកូលហ៊ុន កំពុងប្រឈមនឹងសម្ពាធនៃការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចដែលទទួលរងឥទ្ធិពលពីការទាក់ទាញអ្នកវិនិយោគបរទេសល្អៗមិនបាននិងការដកការគាំទ្រហិរញ្ញវត្ថុរបស់ប្រទេសចិន។ លោកលើកឡើងថាបរាជ័យនៃនយោបាយដឹកនាំនេះគឺដោយសារតែមហារីកនៃអំពើអយុត្តិធម៌ បក្ខពួកនិយម និងឧក្រិដ្ឋកម្មបំផ្លាញជាតិ និងប្រជាពលរដ្ឋ។
លោក សម រង្ស៊ី៖ «[លោក]ហ៊ុន សែន និង[លោក]ហ៊ុន ម៉ាណែត ៤០ ឆ្នាំជិត ៥០ ឆ្នាំហើយ ដូចនៅស៊ីរី ហើយប្រទេសពីរ ដែលគាំទ្ររបបផ្ដាច់ការនៅស្រុកខ្មែរ គឺយួន និងចិន ប៉ុន្តែទាំងយួន និងចិន មិនគាំទ្រ ហ៊ុន សែន ហើយត្រកូលហ៊ុន សែន ជារៀងរហូតទេ វាមានព្រឹត្តិការណ៍អីនៅស្រុកចិនក៏មាន នៅស្រុកយួនក៏មាន អាចធ្វើឱ្យបើមិនចិន ឬយួន ឬទាំងចិននិងយួនដកការគាំទ្រ»។
អ្នកឃ្លាំមើលលើកឡើងថាដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតរដ្ឋកាតា សាធារណរដ្ឋតួកគីនិងអេមីរ៉ាត អារ៉ាប់រួម គឺជាការព្យាយាមបង្ហាញមុខជាអន្តរជាតិដើម្បីបិទបាំងភាពអាម៉ាស់របស់លោក បន្ទាប់ពីប្រធានព្រឹទ្ធសភារូបនេះ ជួបបរាជ័យក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន។ ស្របពេលលោក ហ៊ុន សែន មិនបានការសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគីចិនហើយ រដ្ឋាភិបាលកូនប្រុសរបស់លោក ក៏ប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតពីសហភាពអឺរ៉ុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
