អ្នកជំនាញឯកទេសអន្តរជាតិ ជិត ១០០នាក់មកពីប្រទេសនានាក្នុងពិភពលោក រៀបចំសិក្ខាសាលាដើម្បីបណ្ដុះបណ្ដាលដល់ព្រះរាជអាជ្ញា មន្ត្រីនគរបាល និងប៉ូលិស សរុបប្រមាណ ២០០នាក់ ពីនីតិវិធីស៊ើបអង្កេតករណីឃាតកម្មនៅកម្ពុជា។
អគ្គស្នងការរងនគរបាលជាតិ លោក អ៊ិន បូរ៉ា ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី១២ ខែមិថុនាថា ករណីឃាតកម្ម ជាពិសេសលើកុមារ មិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងនោះទេ តែជាបញ្ហាសកល ដែលចាំបាច់ត្រូវប្រឹងប្រែងទប់ស្កាត់ ឱ្យស្របទៅតាមការអភិវឌ្ឍរបស់សង្គម។ លោកបន្តថា ទោះបីជាករណីប្លន់ បាញ់សម្លាប់ មានការថយចុះ ក៏ប៉ុន្តែករណី រំលោភលើកុមារ និងសម្លាប់ គឺមានការកើនឡើង។
សិក្ខាសាលារយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៥ មិថុនានេះ គឺជាការផ្ដួចផ្ដើមឡើងដោយអង្គការការពារកុមារ (The Child Protection Unit-CPU) សហការជាមួយអង្គការមូលនិធិកុមារកម្ពុជា (Cambodia Children’s Fund) ដែលគោលបំណងសំខាន់ គឺជួយបង្រៀនហ្វឹកហាត់ ដល់មន្ត្រីជំនាញខ្មែរ ពីបច្ចេកទេសស៊ើបអង្កេត បច្ចេកទេសកោសល្យវិច័យទំនើប ព្រមទាំងវិធីសាស្ត្រឈានទៅរកការបំបែករឿងក្តី នៃអំពើឃាតកម្ម ជាពិសេសលើកុមារ ជាដើម។
នាយកប្រតិបត្តិនៃអង្គការការពារកុមារ លោក ហ្យេម ម៉ាក់ខេប៊ី (James McCabe) ឱ្យដឹងថា អ្នកចូលរួម ត្រូវការចំណេះដឹង មិនត្រឹមតែឆ្លើយតបទៅនឹងបទល្មើសប្រឆាំងជាមួយកុមារទេ គឺអាចអនុវត្តបានគ្រប់បទល្មើសទាំងអស់ ដែលកើតឡើងនៅកម្ពុជា។ លោកបន្តថា កម្ពុជាកំពុងអភិវឌ្ឍលឿនរហ័ស ដូច្នេះមន្ត្រីកម្ពុជា ត្រូវយល់ច្បាស់ពីវិធីសាស្ត្របច្ចេកវិទ្យា និងគ្រប់គ្រងនៅកន្លែងកើតហេតុ និងយល់ដឹងពីការប្រើប្រាស់បច្ចេកទេសចាប់យកសំណាក DNA ជាដើម។
ស្ថិតិរបស់អង្គការ CPU ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣ មក អាជ្ញាធរកម្ពុជា សហការជាមួយ CPU បានស៊ើបអង្កេត បទល្មើសឃាតកម្មប្រមាណជិត ១ពាន់ ៥រយករណី (១.៤៤៣) ក្នុងនោះ ៨៣ % បានឈានដល់ការចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
