មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ថា​កម្ពុជា​នៅ​តែ​ខ្វះ​អ្នក​បច្ចេកទេស​ផ្នែក​ប្រេង​កាត

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លើក​ឡើង​ថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កម្ពុជា នៅ​តែ​ខ្វះ​អ្នក​បច្ចេកទេស​ប្រេង​កាត បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ព្យាយាម​តម្រែតម្រង់​ផ្លូវ​ឲ្យ​សិស្ស ងាក​មក​សិក្សា​ជំនាញ​បច្ចេកទេស​ឲ្យ​បាន​ច្រើន ហើយ​កុំ​ផ្ដោត​តែ​ទៅ​លើ​មុខវិជ្ជា​ក្នុង​វិស័យ​ធុរកិច្ច​ច្រើន​ពេក​ក្តី។ ទន្ទឹម​គ្នា​នេះ យុវជន​ថា ពួក​គេ​យល់​ដឹង​តិច​បំផុត​ពី​វិស័យ​ឧស្សាហកម្ម​ប្រេង​កាត និង​ស្នើ​ឲ្យ​រដ្ឋាភិបាល បើក​ចំហ​ព័ត៌មាន​ពី​ប្រេង​កាត​ឲ្យ​បាន​ទូលំទូលាយ។

មន្ត្រី​បច្ចេកទេស​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល បារម្ភ​ថា កង្វះ​អ្នក​បច្ចេកទេស​ប្រេង​កាត នឹង​អាច​ឲ្យ​កម្ពុជា ទទួល​បាន​ដំណក់​ប្រេង​កាត​មាន​ភាព​យឺតយ៉ាវ។ ការ​លើក​ឡើង​របស់​មន្ត្រី​បច្ចេកទេស​ប្រេង​កាត​នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ជជែក​ពិភាក្សា​តុ​មូល ស្ដីពី​យន្តការ​គ្រប់គ្រង​ចំណូល​ប្រេង​កាត និង​ឧស្ម័ន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ប្រេង​កាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជា សុជាតិ មាន​ប្រសាសន៍​ថា តំបន់​ប្រេង​កាត​របស់​កម្ពុជា បែង​ចែក​ជា ២៥​ប្លុក ឬ​ក្រុម គឺ​នៅ​តំបន់​ដែន​គោក​ចំនួន ១៩​ប្លុក និង​ដែន​សមុទ្រ​ចំនួន ៦​ប្លុក ក្នុង​នោះ​តំបន់​ប្រេង​កាត​នៅ​ដែន​សមុទ្រ​ចំនួន ២​ប្លុក កំពុង​ធ្វើ​ការ​រុក​រក ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អំពី​ក្រុមហ៊ុន ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​ប្រេង​កាត​នោះ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក ជា សុជាតិ បន្ត​ថា ទោះ​ជា​កម្ពុជា មាន​ក្រុមហ៊ុន​បាន​មក​វិនិយោគ​នៅ​តំបន់​មួយ​ចំនួន ដើម្បី​រុក​រក​ប្រេង​កាត​ក្តី ផ្ទុយ​ទៅ​វិញ កម្ពុជា នៅ​តែ​ប្រឈម​នឹង​កង្វះ​ធនធាន​បច្ចេកទេស​ប្រេង​កាត ដើម្បី​សិក្សា​ស្រាវជ្រាវ​ពន្លឿន​ក្នុង​ការ​ទាញ​យក​ដំណក់​ប្រេង​កាត​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​ថា ជាក់ស្តែង​នៅ​នាយកដ្ឋាន​របស់​លោក មាន​អ្នក​បច្ចេកទេស​ត្រឹម​តែ​ជាង ៥០​នាក់​ប៉ុណ្ណោះ។

អ្នក​បច្ចេកទេស​ប្រេង​កាត​រូប​នេះ ថា​ទោះ​កម្ពុជា ហាក់​ដើរ​យឺត​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​ក្តី តែ​ក្រសួង​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ស្វែងរក​អាហារូបករណ៍​ជូន​ដល់​និស្សិត ដើម្បី​បង្កើន​ធនធាន​មនុស្ស​ផ្នែក​នេះ៖ «យើង​មើល​នៅ​កម្ពុជា មាន​ណា​គេ​រៀន​មុខ​ជំនាញ​ប្រេង​កាត មាន​តែ​រៀន​ជំនាញ​គ្រប់គ្រង ជំនាញ​គណនេយ្យ​សេដ្ឋកិច្ច​ទៅ​វិញ តែ​បើ​យើង​ចាប់​ផ្ដើម​ពី​ឥឡូវ​ទៅ វា​នឹង​វា​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​ជំនាន់​ក្រោយ​វា​ល្អ​បាន ចឹង​យើង​កុំ​ភ័យ​ថា​រៀន​ចប់​ទៅ​ខ្លាច​អត់​ការងារ​ធ្វើ​នោះ ហើយ​ក្រសួង​កំពុង​ស្វែងរក​អាហារូបករណ៍​ផ្តល់​ឲ្យ​ពួក​គាត់​រៀន​ជំនាញ​នេះ​ឲ្យ​បាន​ច្រើន»

ករណី​នេះ ត្រូវ​បាន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​ពីរ​ដែល​បណ្ដាល​ឲ្យ​កម្ពុជា កង្វះ​ធនធាន​អ្នក​បច្ចេកទេស​ប្រេង​កាត គឺ​កង្វះ​ព័ត៌មាន និង​រដ្ឋាភិបាល​ហាក់​មិន​សូវ​បាន​គិតគូរ​ពី​បញ្ហា​នេះ៖ «បុគ្គល​គាត់​មិន​បាន​ចាប់​អារម្មណ៍ ដោយសារ​គាត់​មិន​ដឹង​ពី​ព័ត៌មាន​ជុំវិញ​រឿង​នេះ ហើយ​រដ្ឋាភិបាល​វិញ​គាត់​អត់​ទាន់​មាន​គោល​នយោបាយ​ច្បាស់​នៅ​ឡើយ ដើម្បី​ជំរុញ​ឲ្យ​គាត់​ងាក​មក​សិក្សា​ពី​បញ្ហា​នេះ»

ខណៈ​ក្រសួង​រ៉ែ និង​ថាមពល បាន​បង្ហាញ​បញ្ហា​កង្វះ​អ្នក​បច្ចេកទេស​ប្រេង​កាត ក្រុម​យុវជន​ជាង ៣០​នាក់ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ជជែក​ពិភាក្សា​តុ​មូល​នោះ ក៏​បាន​បង្ហាញ​ការ​ខ្វល់ខ្វាយ​ទៅ​លើ​ការ​គ្រប់គ្រង​សម្បត្តិ​ធនធាន​ធម្មជាតិ​ក្រោម​ដី​របស់​រដ្ឋ ថា​គ្មាន​តម្លាភាព។ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បើក​ចំហ​ព័ត៌មាន និង​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​រដ្ឋ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជា​ផល​ប្រយោជន៍​រួម​របស់​ប្រទេស​ជាតិ​នៅ​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។