មតិ​​ពលរដ្ឋ ​​ព្រះ​សង្ឃ និង​​អ្នក​នយោបាយ​ ក្នុង​ខួប​ ៧​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ

ដោយ សុជីវី
2019-10-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
AFP Photo

ពលរដ្ឋ ព្រះសង្ឃ និង​អ្នក​នយោបាយ នៅ​​តែ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​ព្រះ​បរម​រតន​កោដ្ឋ។ ស្នា​ព្រះ​ហត្ថ​​ធំ​ជាង​គេ​របស់​ព្រះ​បាទ​នរោត្តម ​សីហនុ កាល​នៅ​មាន​ព្រះជន្ម ដែល​ពលរដ្ឋចងចាំ​ជាង​គេ​ គឺ​ការ​សម្របសម្រួល​​​នយោបាយ​ខ្មែរ មិន​ឲ្យ​មាន​ការ​បែក​បាក់​ជាតិ។ ក្នុង​ខួប​៧​ឆ្នាំ​ នៃ​ការ​​យាង​ចូល​ទិវង្គត​របស់​ព្រះអង្គ ពលរដ្ឋ​ចង់​ឲ្យ​អ្នក​នយោបាយ ​អនុវត្ត​តាម​​ព្រះ​រាជ​បណ្ដាំ​ព្រះ​អង្គ ដែល​ផ្ដាំ​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា។

ពលរដ្ឋ​ ព្រះសង្ឃ អ្នក​នយោបាយ និង​អ្នក​វិភាគ ចង់​ឲ្យ​អ្នក​នយោបាយ ស្វែង​រក​ការ​ដោះស្រាយ​វិវាទ​នយោបាយ ហើយ​​រួបរួម​ សាមគ្គី​គ្នា តាម​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​​បរម​រតន​កោដ្ឋ។

កសិករ​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ​ម្នាក់ លោក អ៊ូច ឡេង យល់​ថា ព្រះ​បាទ​​នរោត្តម សីហនុ ជាក្សត្រ​មួយ​អង្គ ឆ្នើម​ក្នុង​កិច្ចការ​សម្រប​សម្រួល​នយោបាយ​ជាតិ។ កសិករ​អាយុ ៦០ឆ្នាំ​ប្លាយ​រូប​នេះ ​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​បាត់​បង់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​រយៈ​ពេល ៧ឆ្នាំ​មក​នេះ៖ «»

ចំណែក​ស្ត្រី​វ័យ​ចំណាស់ អ្នក​លក់​ចេកចៀន នៅ​ម្ដុំ​ផ្សារ​ដើម​គ​ម្នាក់ គឺ​លោកស្រី ណឹម សឿន ប្រាប់​ថា លោកស្រី ក៏​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះការ​បាត់​បង់​ព្រះ​​បរម​រតន​កោដ្ឋ​ដែរ។ លោកស្រី​ថា កាល​នៅ​មាន​ព្រះ​ជន្ម ព្រះអង្គស្រលាញ់​ប្រជារាស្ត្រ និង​តែង​បាន​​ចុះ​ចែក​អំណោយ សួរ​សុខ​ទុក្ខប្រជា​រាស្ត្រ​គ្រប់​កន្លែង៖ «»

ព្រះ​សង្ឃ​ គង់​នៅ​​វត្ត​ពិភទ្ទរង្សី​ រាជធានី​ភ្នំពេញ ព្រះ​តេជគុណ សឹង​ សេងហុង​ មាន​ព្រះ​ថេរៈ​ថា ៧ឆ្នាំ​មក​នេះ ​មាន​ភាព​ខុស​គ្នា​​ខ្លាំង នៅ​ពេល​ដែល​សង្គម​ខ្មែរ គ្មាន​វត្តមាន​ព្រះ​បាទ នរោត្តម សីហនុ គឺ​​​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិមាន​ការ​រួម​តូច។ ព្រះ​អង្គ​បន្ត​ថា ​នៅ​សម័យ​កាល​ដឹកនាំ​ដោយ​ព្រះបរម​រតនកោដ្ឋ រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម បើក​ឲ្យ​ពលរដ្ឋ​ គ្រប់​និន្នាការ​ថ្លែង​សារ បង្ហាញ​ទុក្ខ​លំបាក ដោយ​មិន​បាច់​លាក់លៀម ក្នុង​ពិធី​សមាជ​ជាតិ។

ព្រះ​អង្គ​ សឹង សេងហុង យល់​ថា ស្នា​ព្រះ​ហត្ថ​ធំ​មួយ​ទៀត របស់​ព្រះ​បាទ​ នរោត្តម សីហនុ គឺ​ការ​ដណ្ដើម​ឯករាជ្យ​ជាតិ៖ «»

របប​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧ឆ្នាំ នៃ​ការ​យាង​ចូល​ព្រះ​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ នៅ​ស្តូប​​រូប​សំណាក​ព្រះ​អង្គ ក្បែរ​វិមាន​ឯករាជ្យ។ ក្នុង​ពិធី​នោះ មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ មន្ត្រី​រាជការ និង​ពលរដ្ឋ បាន​ចូល​រួម​​ដាក់​កម្រង​ផ្កា និង​គោរព​រូប​សំណាក​ព្រះ​អង្គ។ ប៉ុន្តែ​មេដឹកនាំ​កំពូល លោក ហ៊ុន សែន មិន​បាន​ចូលរួម​កម្មវិធី​នោះ​ទេ ដោយសារ​លោក កំពុងបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អឺរ៉ុប​ខាង​កើត។

លោក ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក​ (facebook) ថា ទោះ​​បី​ព្រះ​បាទ នរោត្តម​ សីហនុ ​បាន​សោយ​ទី​វង្កត​ទៅ​ហើយ​ក្ដី ក៏​ប្រជា​រាស្ត្រ​ទូទាំង​ប្រទេស​នៅ​ចងចាំ​ចំពោះ ​ព្រះ​រាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ព្រះអង្គដែរ។ លោក​ថ្លែ​ងទៀតថា ប្រជា​រាស្រ្ត​ទូទាំង​ប្រទេស ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន ចំពោះ​ស្នា​ព្រះហស្ត​​ព្រះអង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី បារាំង​ នៅ ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​ងើប​មុខ​មាត់ រីក​ចម្រើន​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ។

លោក ហ៊ុន សែន បន្ត​ថា លោក​នឹង​បន្ត​ដង្ហែ​តាម​ព្រះ​រាជ​តម្រិះ​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះបរម​រតនកោដ្ឋ ដើម្បី​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ និង​ថែរក្សា​ការពារ ព្រះ​មហាក្សត្រ​កម្ពុជា និង​សម្ដេច​ម៉ែ ដើម្បី​ព្រះអង្គ​ទាំង​ទ្វេ​គង់​ជា​ម្លប់​ដ៏​ត្រជាក់​ សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល។

ពី​ខាង​គណបក្ស​ប្រឆាំង​ឯណោះ​វិញ គិត​ត្រឹម​ម៉ោង ៥ល្ងាច​ ថ្ងៃ​ទី១៥ តុលា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បង្ហាញ​សារ​បែប​ណា​ទេ។ ប៉ុន្តែ​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​លើក​ឡើង​ថា ព្រះ​បាទ នរោត្តម សីហនុ ជា​ព្រះ​មហាក្សត្រ​តែ​មួយ​គត់ ដែល​មាន​សមត្ថភាព​ អាច​សម្រប​សម្រួល​នយោបាយ​នៅ​កម្ពុជា។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ យល់​ថា ៧ឆ្នាំ​មក​នេះ អ្នក​នយោបាយ​២​ក្រុម ដែល​មាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​ ហាក់​បានដើរ​ប្រាស​ចាក​ពី​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​​បរម​រតន​កោដ្ឋ។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក ឡឹក សុធារ ប្រាប់​អាស៊ី​សេរី​ថា ៧ឆ្នាំ​មក​នេះ។

សេរីភាព​បញ្ចេញ​មតិ ដើរ​ហើរ សម្រាប់​ពលរដ្ឋ គឺ​មាន​ភាព​ល្អ​ប្រសើរ ដូច​ពេល​​មាន​វត្តមាន​ព្រះ​បាទ​នរោត្តម សីហនុ តែលោក​ថា ​សេរីភាព បញ្ចេញ​មតិ និង​ដើរ​ហើរ​សម្រាប់​អ្នក​នយោបាយ​វិញ មាន​សភាព​តានតឹង។ សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ មិន​បាន​រក​វិធី​រួបរួម​ខ្មែរ តាំង​ពី​រាជព្រះ​បាទ នរោត្តម ​សីហនុ ម្ល៉េះ គឺ​រួបរួម​តែ​បក្ខពួក​ គ្នីគ្នា​គេ​ប៉ុណ្ណោះ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​ ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​​កាន់​អំណាច និង​គណបក្ស​ប្រឆាំង សាមគ្គី​គ្នា ​ស្រប​​តាម​ព្រះ​រាជ​បណ្ដាំ​ព្រះ​បរម​រតន​កោដ្ឋ៖ «»

ក្រៅពី​ការ​ផ្សះផ្សា​នយោបាយ ព្រះ​បាទ​នរោត្តម សីហនុ មាន​ស្នា​ព្រះ​ហស្ថ​សំខាន់ៗ​ចារ​​ក្នុង​ប្រវត្តិ​សាស្ត្រ​​ច្រើន​ទៀត ដូចជា​ការ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ការ​ទាមទារ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​ការ​រីក​ចម្រើន​ខ្លាំង​ក្នុង​ពេល​ព្រះអង្គ​ដឹកនាំ​ប្រទេស និង​​ការ​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា។ ក្រោយ​មក​ព្រះ​អង្គ តែង​បាន​សម្រប​សម្រួល​​វិបត្តិ​នយោបាយ​ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី អាច​ធ្វើ​ការ​បាន​ជាមួយ​គ្នា ទាំង​ក្នុង​រដ្ឋសភា និង​ក្នុង​រដ្ឋាភិបាល​ចម្រុះ។

អ្នក​ឃ្លាំ​មើល​នយោបាយ និង​ជា​អតីត​ប្រធាន​អង្គការ​សីលការ (Silka) អ្នកស្រី ធីតា ឃឹះ យល់ ថា ការ​បាត់​បង់​ព្រះ​បាទ នរោត្តម សីហនុ ៧ឆ្នាំ​មក​នេះ ជា​ការ​បាត់​បង់​ចាស់​ទុំ មាន​ឥទ្ធិពល ដែល​អាច​សម្រប​សម្រួល​វិវាទ​នយោបាយ​ខ្មែរ តែ​មួយ​គត់។ អ្នកស្រី​បន្ត​ថា ព្រះ​បាទ នរោត្តម សីហនុ មិន​ត្រឹម​ជា​ព្រះ​មហាក្សត្រ​ឆ្នើម​ទេ​ តែ​ព្រះ​អង្គ​ ទទួល​បាន​ឋានៈ​ពិសេស​ ជា​​អ្នក​សម្រប​សម្រួល​នយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​​ចិត្ត​ពលរដ្ឋ។

អ្នក​ស្រី​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​កុលបុត្រ​ខ្មែរ​ណា មាន​សមត្ថភាព​សម្រប​សម្រួល​នយោបាយ​ អាច​ជំនួស​តួនាទី​របស់​ព្រះបរម​រតនកោដ្ឋ បាន​ទេ។ អ្នកស្រី​អះអាង​ថា ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​​នយោបាយ​ក្នុង​សង្គម​កម្ពុជា មិន​មែន​ត្រឹម​តែ​មាន​ជំនាញ​ទេ គឺ​ត្រូវ​មាន​អំណាច​ទៀត ទើប​អាច​ដោះ​ស្រាយ​វិវាទ​​នយោបាយ​ខ្មែរ​បាន។ រី​ឯ​ព្រះ​រាជ​បណ្ដាំ​របស់​ព្រះ​បាទ នរោត្តម សីហនុ​ ឲ្យ​ខ្មែរ​សាមគ្គី​គ្នា​នោះ អ្នកស្រី ធីតា ឃឹះ សង្កេត​ឃើញ​អ្នក​នយោបាយ​ខ្មែរ ខិត​ខំ​រំលឹក​ដែរ តែ​មិន​អាច​ឈាន​ទៅ​ដល់​ការ​សាមគ្គី​​គ្នាបាន​នៅឡើយ​ទេ៖ «»

ព្រះបាទ​ នរោត្ដម សីហនុ ​យាង​ចូល​ទិវង្គត​ កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​​ព្រះ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម​៨៩​ព្រះវស្សា។ ៧ឆ្នាំ​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ ពលរដ្ឋ និង​អ្នក​វិភាគ យល់​ថា វិបត្តិ​នយោបាយខ្មែរ​បាន​ឈាន​ដល់​កម្រិតបែកបាក់​គ្នា ជា​២​ក្រុម ហើយ​​បច្ចុប្បន្ន​ ​មាន​តែ​សហគមន៍​អន្តរជាតិ​ទេ ទើប​អាច​ជួយ​ផ្សះផ្សា​ជម្លោះ​នយោបាយ​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល