មន្ត្រី​ស៊ីម៉ាក់​ស្នើ​ឲ្យ​មាន​ការ​ប្រឆាំង​ការ​ជួញដូរ និង​ហូប​សាច់​សុនខ​នៅ​កម្ពុជា

ប្រធាន​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ឬ​ហៅថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា អំពាវនាវ​ដល់​ពលរដ្ឋ និង​អ្នក​អនុវត្ត​ច្បាប់​ឱ្យ​ចូល​រួម​ប្រឆាំង​ការ​ជួញដូរ និង​ហូប​សាច់​សុនខ​នៅ​កម្ពុជា ដែល​លោក​បាន​ហៅ​ទង្វើ​នេះ​ថា​ជា ភាព​អសកម្ម​ក្នុង​សង្គម​ខ្មែរ ដែល​គួរ​លុបបំបាត់​ដើម្បី​លើកកម្ពស់​ប្រពៃណី និង​សីលធម៌​សង្គម​ខ្មែរ។

លោក ហេង រតនា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក របស់​លោក កាលពី​ថ្ងៃទី៤ ខែ​វិច្ឆិកា ថា​ការ​ជួញដូរ និង​ហូប​សាច់​ឆ្កែ អាច​បង្ក​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន រួមមាន​ការបាត់បង់​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ខ្មែរ ដែល​ជឿ​ថា ការ​ហូប​សាច់​ឆ្កែ​នេះ អាច​នាំ​ចង្រៃ​ដល់​ខ្លួនឯង និង​គ្រួសារ អាច​បង្ក​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​ក្នុង​សង្គម រួម​ទាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផង​ដែរ។

បន្ថែម​ពីលើ​នេះ លោក​ថា ការ​ហូប និង​ជួញដូរ​សាច់​ឆ្កែ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ មាន​ប្រភេទ​ជំងឺឆ្លង​ផង​ដែរ។ លោក​បន្ថែម​ថា ការ​ហូប និង​ជួញដូរ​សាច់​ឆ្កែ ជា​អំពើ​អសីលធម៌​ចំពោះ គុណបំណាច់ សត្វ​ឆ្កែ ដែល​ជា​សត្វ​តែង​បម្រើ​មនុស្សជាតិ រួមមាន​ពពួក​ឆ្កែ​ប្រើ​សម្រាប់ ស្វែងរក​គ្រាប់មីន សត្វ​ឆ្កែ​ដែល​រក្សា​សន្តិសុខ​គ្រួសារ និង​សាធារណៈ សត្វ​ឆ្កែ​ប្រឆាំង​ភេរវកម្ម សត្វ​ឆ្កែ​ប្រឆាំង​គ្រឿងញៀន​ជាដើម។

អង្គការ​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​ការពារ​សត្វ​ឆ្កែ និង​ឆ្មា​នៅ​កម្ពុជា គឺ​សមាគម​ប្រឆាំង​ការ​ជួញដូរ​សុនខ​នៅ​កម្ពុជា (CAPA) បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ហូប និង​ជួញដូរ​សត្វ​ឆ្កែ របស់​ប្រធាន​ស៊ីម៉ាក់ លោក ហេង រតនា។ អង្គការ​នេះ​អំពាវនាវ​ឱ្យ​សាធារណជន និយាយ​ថា “​ទេ​” ចំពោះ​ការ​បរិភោគ​សាច់​ឆ្កែ ដើម្បី​បញ្ចប់​ភាព​ហិង្សា។

អង្គការ​សុខភាព​ពិភពលោក បាន​ផ្សាយ​ថា សត្វ​ឆ្កែ​គឺជា​ប្រភព​ចម្បង ដែល​បង្ក​ឱ្យ​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត។ អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា ជំងឺ​ឆ្កែឆ្កួត​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​តាមរយៈ​ទឹកមាត់​របស់​សត្វ​ឆ្កែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។