អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជាបានបង្ហោះសារនៅក្នុងហ្វេសប៊ុក (Face book) របស់ខ្លួននៅថ្ងៃទី២៨ មិថុនាឲ្យដឹងថាមន្ត្រីអង្គការនេះបានប្រទះឃើញសត្វផ្សោតឈ្មោលមួយក្បាល ទម្ងន់ប្រមាណ ៩២គីឡូក្រាម ងាប់នៅតំបន់អន្លង់កាំពីក្នុងខេត្តក្រចេះ។ សត្វផ្សោតនៅក្នុងរូបភាពដែលបានបង្ហោះនោះ មានស្នាមដាច់រលាត់នៅលើដងខ្លួន និងមានមងជាប់រមូលនៅត្រង់កន្ទុយផ្សោតទៀតផង។ អង្គការមួយនេះ អះអាងទៀតថា សត្វផ្សោតមួយក្បាលនេះ មានប្រវែង ១៩៤សង់ទីម៉ែត្រ ហើយទើបតែស្លាប់កាលពីថ្ងៃទី២៧ មិថុនា ដោយសារជាប់មងរបស់អ្នកនេសាទនៅតំបន់នោះ។
អង្គការនេះ សម្ដែងការសោកស្ដាយដែលបានបាត់បង់សម្បត្តិធនធានធម្មជាតិដ៏កម្រមួយនេះ ហើយបានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ឈប់ធ្វើនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោតបន្តទៀត។ អង្គការមួយនេះក៏ទទូចអោយអាជ្ញាធរពាក់ព័ន្ធបន្ថែមពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារនិងអភិរក្សសត្វផ្សោតនៅតំបន់ទន្លេមេគង្គខេត្តក្រចេះ ឲ្យមានប្រសិទ្ធភាព។
របាយការណ៍របស់អង្គការនេះ បង្ហាញថា នៅឆ្នាំ២០១៥ មានកូនផ្សោត ១២ក្បាលកើត ហើយនៅឆ្នាំ២០១៦ ផ្សោត ១១ក្បាលកើត និងស្លាប់ ៦ក្បាល ហើយនៅឆ្នាំ២០១៧ កូនផ្សោតកើតចំនួន ៨ក្បាល ហើយស្លាប់ ២ក្បាល។របាយការណ៍ឲ្យដឹងទៀតថា គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៥ សត្វផ្សោតនៅទន្លេមេគង្គកម្ពុជា បានថយចុះពីចំនួន ២០០ក្បាលមកនៅត្រឹមចំនួន ៨០ក្បាល ហើយមកទល់ពេលនេះ វត្តមានផ្សោតនៅដងទន្លេមេគង្គខែត្រក្រចេះ និងខែត្រស្ទឹងត្រែង ប្រមាណ ៨០ក្បាល ប៉ុន្តែ ចំនួននេះមិនបូកបញ្ចូលកូនផ្សោតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
