សហជីព​​​ចោទ​ក្រសួង​ការងារ​ថា​ពុំ​មាន​ចេតនា​ដោះស្រាយ​វិវាទកម្មករ​​រោងចក្រ​ដុងឌូ

0:00 / 0:00

សហជីព​ចលនា​កម្មករ​ចោទ​ប្រកាន់​ថា ក្រសួង​ការងារ​ហាក់​ពុំ​មាន​ចេតនា​ក្នុង​ការ​ដោះស្រាយ​វិវាទ​នៅ​ក្នុង​រោងចក្រ ដុងឌូ (Dongdu Textile (Cambodia) Co., Ltd.) ទេ។ ក្រុម​កម្មករ​ប្រកាស​ជំហរ​ថា បើ​ទោះ​ជា​ក្រសួង​ការងារ មិន​ចង់​ទទួល​ខុស​ត្រូវ​វិវាទ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ដែល​បាន​អូស​បន្លាយ​ជិត​មួយ​ខែ​មក​ហើយ​ក្ដី ពួកគេ​នៅ​តែ​បន្ត​ស្វែង​រក​យុត្តិធម៌​ទៅ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ទៀត។

ទាំង​តំណាង​កម្មករ​នៃ​រោងចក្រ ដុងឌូ និង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​បាន​ចូល​ចរចា​ជាមួយ​ក្រសួង​ការងារ ហៅ​ការ​ជួប​ប្រជុំ​ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ថា ក្រសួង​ការងារ​ហាក់​ការពារ​ផលប្រយោជន៍​ឲ្យ​ភាគី​រោងចក្រ​ច្រើន​ជាង​អ្វី​ដែល​កម្មករ​កំពុង​តែ​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​នៅ​ពេល​នេះ។

លោក​ស្រី ហ៊ុន សាវឿន ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ប្រមាណ ៨០០​នាក់ ដែល​ធ្វើ​កូដកម្ម ឲ្យ​ដឹង​នៅ​ខាង​មុខ​ក្រសួង​ការងារ​ថា មូលហេតុ​ដែល​ពួក​គាត់​ឡើង​មក​​តវ៉ា​នេះ គឺ​ស្នើ​ឲ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ដើម្បី​បញ្ចប់​វិវាទ​ដែល​បាន​អូស​បន្លាយ​ជិត​មួយ​ខែ​ទៅ​ហើយ​តែ​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ។

លោកស្រី​បន្ត​ថា ភាគី​ក្រុមហ៊ុន​មិន​ត្រឹម​តែ​ពុំ​ចេញ​មុខ​បញ្ចប់​វិវាទ​ទេ ផ្ទុយ​ទៅ​វិញ​ថែម​ទាំង​ព្យាយាម​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កម្មករ​ថែម​ទៀត​ផង៖ «ពួក​ខ្ញុំ​តវ៉ា​ដំបូង​បំផុត ខាង​ក្រុមហ៊ុន​ដក​មនុស្ស ឲ្យ​តែ​ដល់​ខែ​ដឹង​ថា ដក​មនុស្ស​ចេញ អត់​មាន​ប្រាប់​មុន​ទេ។ ពេល​ដក​ហ្នឹង​អត់​មាន​ប្រកាស​មេត្រូ​ហៅ​ត្រឹមត្រូវ​ទេ កេស​ប្រាប់​តែម្ដង។ លួច​ប្រាប់​តិចៗ​ដោយ​អត់​ដឹង​ខ្លួន អត់​ដឹង​ខ្លួន​ថា ត្រូវ​គេ​បញ្ឈប់​ទេ»

កូដកម្ម​ដែល​កម្មករ​រោងចក្រ ដុងឌូ តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១ ខែ​សីហា កន្លង​ទៅ​នេះ មាន​ហេតុផល ៣​ចំណុច​ដែល​កម្មករ​ទាមទារ​នោះ គឺ​ស្នើ​ឲ្យ​រោងចក្រ​គោរព​ម៉ោង​ការងារ ដោយ​ប្រឆាំង​ដាច់​ខាត​មិន​ឲ្យ​ដូរ​ម៉ោង​សម្រាក ពី​ម៉ោង ១២ ទៅ​ម៉ោង ៤​ឡើយ។ ការ​ទាមទារ​ទី​២ គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​រក្សា​កញ្ចប់​ថវិកា​របស់​កម្មករ​ប្រចាំ​ខែ ដែល​ពួក​គេ​អាច​បើក​បាន​ក្នុង​មួយ​ខែ​ចន្លោះ​ពី ២០ ទៅ ៣០​ដុល្លារ។ ដោយ​ឡែក​លក្ខខណ្ឌ​ទី​៣ គឺ​ស្នើ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​មិន​ត្រូវ​បញ្ឈប់​កម្មករ​ដោយ​ពុំ​មាន​ហេតុផល រាល់​ពេល​ត​កុងត្រា​ម្ដងៗ​នោះ​ទេ។

ពាក់ព័ន្ធ​វិវាទ​នេះ ក្រុម​កម្មករ​នៃ​រោងចក្រ ដុងឌូ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ធ្លាប់​បាន​បង្គាប់​ឲ្យ​ភាគី​ក្រុមហ៊ុន​ចេញ​មុខ​ដោះស្រាយ ដើម្បី​បញ្ចប់​វិវាទ​រួច​មក​ហើយ ប៉ុន្តែ​ភាគី​ខាង​រោងចក្រ​ពុំ​បាន​ស្ដាប់​បង្គាប់​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ភាគី​រោងចក្រ​បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​កម្មករ និង​មាន​តំណាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ម្នាក់​ត្រូវ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​នៅ​ឡើយ។ មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​តំណាង​សហជីព​នេះ ដោយ​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម។

ដោយ​ឡែក កម្មការិនី​ម្នាក់​ទៀត គឺ​លោកស្រី អ៊ុំ ចាន់បូរី អះអាង​ថា ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​រហូត​ទទួល​បាន​លទ្ធផល​ដូច​ការ​គ្រោង​ទុក។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ពុំ​មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​ការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ដែល​លោកស្រី​ខំ​ប្រឹងប្រែង​ដោយ​កម្លាំង​ញើស​ឈាម​របស់​លោកស្រី​ឡើយ៖ «ខ្ញុំ​ត្រូវ​តែ​ធ្វើ​កូដកម្ម​បន្ត​ទៀត។ កូដកម្ម​លុះត្រា​តែ​ឈ្នះ។ តែ​ខ្ញុំ​ចង់​ឲ្យ​សហព័ន្ធ​ចលនា​កម្មករ​ជួយ​ពួក​ខ្ញុំ​ឲ្យ​បាន​ឈ្នះ។ ចង់​បាន​លក្ខខណ្ឌ​ឲ្យ​ពួក​ខ្ញុំ​បាន​ចូល​ធ្វើ​វិញ​ទាំង​អស់​គ្នា ហើយ​សូម​ឲ្យ​មាន​លុយ​កញ្ចប់ និង​សូម​ឲ្យ​មាន​ថ្ងៃ​សៅរ៍ ហើយ​ថ្ងៃ​ចេញ​សូម​ឲ្យ​បាន​ចេញ​ម៉ោង ១២​កន្លះ ហើយ​ម៉ោង ៤។ មាន​ឡាន​ជិះ​ទៀត»

គិត​មក​ដល់​ពេល​នេះ កូដកម្ម​នៅ​ក្នុង​រោងចក្រ ដុងឌូ ដែល​ផលិត​សំលៀកបំពាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌ​ដង្កោ នេះ បាន​អូស​បន្លាយ​ប្រមាណ ១​ខែ​មក​ហើយ។ ក្រុម​កម្មករ​ចោទ​ប្រកាន់​ថា ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ ដុងឌូ គឺ​លោក តាំង ម៉េងស្រស់ ព្យាយាម​ប្រើប្រាស់​បទបញ្ជា​ផ្ទៃ​ក្នុង​រោងចក្រ​ធ្វើ​បាប​កម្មករ។

អាស៊ីសេរី ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ភ្លាមៗ​ទេ ពី​លោក តាំង ម៉េងស្រស់ នាយក​រដ្ឋបាល​នៃ​រោងចក្រ ដុងឌូ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​កម្មករ​នេះ។ ដោយ​ឡែក​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ក៏​ពុំ​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។ ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​ត្រី​ភាគី​នៅ​ក្រសួង​ការងារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា មន្ត្រី​ដែល​ជា​តំណាង​ឲ្យ​ក្រសួង​ការងារ បាន​អះអាង​ថា នឹង​ពិនិត្យ​លើ​សំណើ​នេះ​តាម​លទ្ធភាព។

ស្រប​ពេល​នៃ​ការ​ធ្វើ​កូដកម្ម​នេះ ក្រុម​កម្មការិនី​ផ្សេង​ទៀត​អះអាង​ថា មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ត្រូវ​បាន​រោងចក្រ​ជួល​មក​ដើម្បី​បង្ក្រាប​កម្មករ។ បន្ថែម​ពី​លើ​នេះ​កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​ជួល​មក​ដើម្បី​ការពារ​រោងចក្រ​នេះ ក្រៅ​ពី​ប្រើ​អំពើ​ហិង្សា​ហើយ បាន​ប្រើប្រាស់​ពាក្យ​មិន​គួរ​សមរម្យ​ជា​ច្រើន​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៀត ក្នុង​ពេល​កម្មករ​ធ្វើ​កូដកម្ម ភាគី​រោងចក្រ​បន្ត​រើស​កម្មករ​ផ្សេង​ទៀត​ជំនួស​កម្មករ​ដែល​ធ្វើ​កូដកម្ម និង​ដឹក​សំលៀក​បំពាក់​ដែល​ផលិត​បាន​ចេញ​ជា​បន្ត​បន្ទាប់៖ «អំឡុង​ពេល​ធ្វើ​កូដកម្ម​ហ្នឹង​គាត់​បាន​ជួល ប៉ូលិស និង​ប៉េអិម​មក​វៃ​កម្មករ។ ប្រមាថកាតទាន​កម្មករ បើ​រោងចក្រ​ហ្នឹង​បិទ​ទៅ​កម្មករ​ស្រីៗ​ទាំង​អស់​នឹង​ទៅ​ធ្វើ​ស្រី​ខូច គឺ​ប្រមាថ​ពួក​ខ្ញុំ​អ៊ីចឹង»

របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) រក​ឃើញ​ថា ចំនួន​ការងារ​នៅ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែក​ជើង​បាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​​ទី​មួយ ឆ្នាំ​២០១៦ ដោយ​ឈាន​ទៅ​ដល់ ៦៣​ម៉ឺន​នាក់ ឬ​ប្រមាណ ៥,៣​ភាគរយ បើ​ធៀប​នឹង​ត្រី​ត្រីមាស​ទី​មួយ​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១៥។ របាយការណ៍​រក​ឃើញ​ទៀត​ថា ប្រាប់​បៀវត្សរ៍​សរុប​សម្រាប់​វិស័យ​នេះ ក៏​បាន​បន្ត​កើន​ឡើង​រហូត​ដល់ ១១៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ខែ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ដោយ​កើន​ពី ១០៩​លាន​ដុល្លារ ក្នុង​មួយ​ខែ កាល​ពី​ឆ្នាំ២០១៥។

ជុំវិញ​វិវាទ​នេះ មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ព្រំ ប៊ុនថន ដែល​បាន​ចូល​រួម​ចរចា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា យល់​ឃើញ​ថា ខាង​ក្រសួង​ការងារ​ពុំ​មាន​ចេតនា​ចង់​ដោះស្រាយ​វិវាទ​នេះ​ទេ។ លោក​បន្ត​ថា ផ្អែក​លើ​ការ​ពិភាក្សា​ក្រសួង​ការងារ​ព្យាយាម​ដាក់​បន្ទុក​លើ​សហជីព​ដោយ​ចាត់​ទុក​ថា បើ​រក​ឃើញ​សហជីព​ណា​មួយ​ពុំ​បាន​ចុះ​បញ្ជិកា​ជាមួយ​រោងចក្រ​ទេ ពុំ​មាន​សិទ្ធិ​លូកដៃ​រក​ដំណោះស្រាយ​ក្នុង​វិវាទ​នេះ​បាន​ឡើយ។

លោក​បន្ត​ថា៖ «ខាង​គណៈកម្មការ ក ខ ប គេ​អញ្ជើញ​យើង​ឲ្យ​ទៅ​ចូល​ស្ដាប់។ គេ​សូត្រ​អង្គហេតុ​ឲ្យ​យើង​ស្ដាប់ មិន​មែន​ទៅ​ចរចា​ទេ។ បើ​ចរចា​បាន​ន័យ​ថា គណៈកម្មការ គ ឃ ប ហ្នឹង​គេ​ទៅ​រក​នីតិវិធី​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​មាន​ច្រក​ចេញ»

បើ​ទោះ​ជា​បែប​ណា តំណាង​កម្មករ​ដែល​ចូល​ចរចា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា លើក​ឡើង​ថា ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ ដោយសារ​ភាគី​ក្រសួង​ការងារ​មាន​ចេតនា​ការពារ​ផល​ប្រយោជន៍​ក្រុមហ៊ុន​ច្រើន​ជាង។ ក្រុម​កម្មករ​អះអាង​ថា ការ​ប្រមូល​ផ្ដុំ​ជា​ថ្មី​ទៀត នៅ​ខាង​មុខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា គឺ​ក្នុង​បំណង​ស្នើ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​មួយ​នេះ ចេញ​មុខ​អន្តរាគមន៍​វិវាទ​ដែល​បាន​អូស​បន្លាយ​អស់​ពេល​ប្រមាណ ១​ខែ​កន្លង​ទៅ​ហើយ​នេះ តែ​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។