រដ្ឋមន្ត្រី​អប់រំ​ណែ​នាំ​ឱ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​គោរព​តាម​គោលការណ៍ និង​វិន័យ​ពេល​ប្រឡង

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​អំពាវនាវ​ដល់​សិស្ស​កម្រិត​មធ្យម​សិក្សា ដែល​ចូលរួម​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ការ​ប្រឡង ក្នុង​នោះ​រាប់​តាំងពី​ការ​ថែទាំ​សុខភាព ការ​រម្លឹក​មេរៀន និង​ការគោរព​តាម​គោលការណ៍​វិន័យ​របស់​ក្រសួង​អប់រំ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន បាន​ថ្លែង​ក្នុង​វីដេអូ​ខ្លី​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៤ ខែធ្នូ​ថា ការ​ត្រៀមខ្លួន​ជា​ផ្នែក​សំខាន់​ក្នុង​ការ​ប្រឡង ហើយ​លោក​សង្ឃឹម​ថា បេក្ខជន​ជោគជ័យ​ក្នុង​ការ​ប្រឡង​នេះ។

លោក ហង់ជួន ណារ៉ុន៖ «ខ្ញុំ​សូម​អំពាវនាវ​សូម​ឱ្យ​បេក្ខជន​ទាំងអស់​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទប្បញ្ញត្តិ និង​កម្រិត​វិន័យ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​យុវជន និង​កីឡា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​។ ខ្ញុំ​សូម​ឱ្យ​ក្មួយៗ​ទទួល​ទាន​អាហារ ទឹក និង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ពិសេស​ទទួលទានដំណេក​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​មាន​សុខ​ភាពល្អ​សម្រាប់​ចូលរួម​ការ​ប្រឡង​។ សូម​ឱ្យ​ក្មួយៗ ចេះ​កាត់​បន្ថយ​ភាព​តានតឹង ហើយ​ត្រៀមលក្ខណៈ​ឱ្យ​បាន​ត្រឹមត្រូវ​ឱ្យ​បាន​គ្រប់គ្រាន់​ជាពិសេស​ឱ្យ​មើល​រម្លឹក​មេរៀន​ឡើងវិញ»។

គោលការណ៍​ចម្បង​៤​សម្រាប់​ការ​ប្រឡង​បាក់​ឌុប​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែធ្នូ​នេះ​គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កាល​ពី​ថ្ងៃទី​២១ ខែ​កញ្ញា ឱ្យ​ដឹង​ថា មាន​បេក្ខជន​សរុប​ចំនួន​ជាង ១​សែន ២​ម៉ឺន​៨​ពាន់​នាក់ (១២៨.១៣៤ នាក់​) បាន​ចុះឈ្មោះ​ប្រឡង ក្នុង​នោះ​មាន​ស្រី​ចំនួន​ជិត ៧​ម៉ឺន​នាក់ (៦៨.៧៧១​នាក់)។

ជាមួយ​គ្នា​នេះ​ក្រសួង​បាន​កំណត់​យក​ថ្ងៃទី​២៧ ខែ​ធ្នូ ពេល​រសៀល សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃទី​២៨ ខែធ្នូ សម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស។

ក្រសួង​បញ្ជាក់​ទៀត​ថា ក្នុងករណី​រក​ឃើញ​ថា បេក្ខជន​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​វិន័យ​ពេល​ប្រឡង ពិសេស​ការ​លាក់​ទុក​ជាប់​ខ្លួន​នូវ​ឧបករណ៍​អេឡិចត្រូនិច​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល ឬ​បន្ទប់​ប្រឡង​ជាដើម បេក្ខជន​នឹង​ត្រូវ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រសួង​អប់រំ​សហការ​ស្អិតល្មួត​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រួមមាន​ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អង្គភាព​ប្រឆាំង​អំពើពុករលួយ សហព័ន្ធ​សហភាព​យុវជន​កម្ពុជា និង​អគ្គិសនី​កម្ពុជា។

កាលពី​ឆ្នាំ​២០២១​កន្លងទៅ​មាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ប្រមាណ​ជាង ៧​ម៉ឺន​នាក់ (៧២.០១៦​នាក់​) ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប ជាង ១​សែន​នាក់ (១១៤.១៨៧​នាក់​)​។ ក្នុង​នោះ​មាន​អ្នក​ជាប់​និទ្ទេស​អេ (A) ចំនួន​ជាង ១​ពាន់ ៧​រយ​នាក់​(១.៧៥៣​នាក់)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។