សាច់ញាតិរបស់កម្មករដែលស្លាប់ ដោយសារបាក់រន្ទា ធ្លាក់ពីជាន់ទី១៦ នៅការដ្ឋានសំណង់ខុនដូមួយកន្លែង នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ តុលា ទាមទារសំណងបន្ថែម ចំពោះគ្រោះថ្នាក់ការងារនេះ។ សហជីពវិស័យសំណង់ ជំរុញឱ្យម្ចាស់ការដ្ឋានសំណង់ និងអាជ្ញាធរ ផ្ដល់សំណងបន្ថែមឱ្យកម្មករ ដូចករណីគ្រោះថ្នាក់បាក់អគារ នៅខេត្តព្រះសីហនុដែរ។
សាច់ញាតិរបស់កម្មករស្លាប់ ក្នុងគ្រោះថ្នាក់ការងារបាក់រន្ទាធ្វើជណ្ដើរយន្ត ក្នុងការដ្ឋានសំណង់ នៅសង្កាត់ស្រះចក ឱ្យដឹងថា ពួកគេត្រូវការថវិកាបន្ថែមទៀត ដើម្បីយកទៅធ្វើបុណ្យសព និងទុកឱ្យប្រពន្ធកូន នៅពេលគ្មានវត្តមានឪពុករកស៊ីចិញ្ចឹម។
បងស្រីរបស់កម្មកររងគ្រោះ ឈ្មោះ យឹម ទីន ដែលស្លាប់ ដោយសារធ្លាក់លើរន្ទា លោកស្រី យឹម យ៉ន ប្រាប់អាស៊ីសេរី ថា គ្រួសារសពបានទទួលថវិកាចំនួន ៣ពាន់ដុល្លារអាមេរិក តែមិនដឹងប្រភពទេ ដើម្បីយកមកចំណាយលើការដឹកជញ្ជូនសពលោក យឹម ទីន មកធ្វើបុណ្យនៅស្រុកកំណើត។ លោកស្រីរៀបរាប់ថា ប្អូនប្រុសលោកស្រី គឺ លោក យឹម ទីន ស្លាប់ពេលធ្វើការងារថែមម៉ោងពេលយប់ កាលពីយប់ថ្ងៃសៅរ៍ ទី១២ តុលា។ បន្ទាប់មកគ្រួសារ បានដឹងព័ត៌មាននេះ នៅថ្ងៃទី១៣ ហើយសពត្រូវបានយកចេញ ពីក្នុងការដ្ឋាន និងដឹកយកទៅស្រុកកំណើត នៅថ្ងៃទី១៤ តុលា។
សពរបស់លោក យឹម ទីន ត្រូវបានរកឃើញនៅជាន់ក្រោមដី ងងឹតសូន្យសុង ហើយចំណាយពេលច្រើនម៉ោង ទើបអាចយកសពចេញបាន។ លោកស្រី យឹម យ៉ន ប្រាប់ថា នៅពេលយកចេញ គឺសពកម្មករ យឹម ទីន មានសភាពហើម ធំក្លិនស្អុយ និង សាច់រលេះចេញខ្លះៗ។ គ្រួសារបានបញ្ចុះសពភ្លាមៗ នៅស្រុកកំណើត ឯស្រុកព្រៃឈរ ខេត្តកំពង់ចាម តែមិនទាន់បានធ្វើបុណ្យទេ ព្រោះខ្វះថវិកាធ្វើបុណ្យ។ លោកស្រីប្រាប់ថា គ្រួសារនឹងរៀបចំធ្វើបុណ្យជូន សពលោក យឹម ទីន នៅថ្ងៃទី១៧ តុលា៖ «គ្មានផ្ទះធ្វើបុណ្យឱ្យប្អូនទេ យកមកធ្វើផ្ទះបងទេ ធ្វើផ្ទះខ្ញុំនេះ ធ្វើផ្ទះឪពុកហ្នឹង។ ថវិកាប៉ិនហ្នឹងរត់ការអត់គ្រាន់ ណាមួយនៅពេញដៃ គ្នាធ្វើអ្វីកើត គ្នាគិតតែយំ ហើយណាគ្នាឈឺទៀត ប្រពន្ធហ្នឹង សង្វេគប្ដី ហើយណាខ្ញុំជាបងហ្នឹង ក៏វាពិបាក និយាយទៅវាអួលដើមក ខ្ញុំដេកទៅឃើញតែមុខប្អូន។ ត្រូវតែស្នើសុំ ព្រោះអ្វីរត់ការអត់កើតមកគ្នាអត់។ គ្នាអត់មានអ្វីទេ ផ្ទះក៏គ្មាននៅ ដីក៏អត់មាននៅ នៅធ្វើបុណ្យផ្ទះបងប្អូន។ រួចគ្នាឱ្យតែកូន ធ្វើអ្វីចេញ បានតែបងប្អូនរត់ការដូចជាខ្ញុំអ៊ីចឹង។ ខ្ញុំក៏អត់មានការងារអ្វីធ្វើដែរ ព្រោះអ្វីប្អូនខ្ញុំទាំងមូល ទៅណាក៏មិនកើតដែរ ព្រោះអ្វីណា ខ្ញុំត្រូវការរកលុយ ចិញ្ចឹមឪពុក និងកូនដែរ។ ប្រពន្ធហ្នឹង ទើបចូលរោងចក្របានប៉ុន្មានខែ ក៏ប្ដីស្លាប់ទៅ។ កូន២ អាយុប្រហែលជា ៦ឆ្នាំ កូនស្រីទាំង២ ហើយមីតូចហ្នឹង អាយុទើបតែ ១០ខែ រួចទៅផ្ញើ និងម៉ែ ផ្ញើនិងអ្វីទៅ ហើយទៅធ្វើការរោងចក្រទៅ»។
ក្នុងគ្រោះថ្នាក់ ធ្លាក់ពីលើរន្ទាជណ្ដើរយន្ត កាលពីថ្ងៃទី១២ តុលា មានកម្មករចំនួន៣នាក់ ស្លាប់បាត់បង់ជីវិត។ ពួកគេទាំង៣នាក់ ជាកម្មករជាជាងជណ្ដើរយន្ត ឈ្មោះ សុខ សម្បត្តិ អាយុ ២១ ឆ្នាំ ឈ្មោះ យឹម ទីន អាយុ ៣៧ឆ្នាំ និង ឈ្មោះ ធីម ធីរ៉ង អាយុ ៣១ ឆ្នាំ។ សពកម្មករទាំង៣ ត្រូវបានយកចេញ ពីឃ្លុបជណ្ដើរយន្ត នៅថ្ងៃទី១៣ តុលា ។ មានតែសពរបស់ កម្មករឈ្មោះ យឹម យីន ទេ ដែល នៅសល់រូបរាងសពទាំងមូល ដោយគ្រាន់តែហើម និងធំក្លិនស្អុយសាកសព ចំណែកសពកម្មករ២នាក់ ទៀត ដាច់ជាបំណែក។
គ្រួសាររបស់សព ឱ្យដឹងថា ប៉ូលិសបានចុះទៅកត់កំណត់ហេតុទាំងយប់ គឺនៅពេលដឹងរឿងថា មានកម្មករស្លាប់។ ប៉ុន្តែ ការចរចាសំណងមិនត្រូវរ៉ូវគ្នា ទើបឈាន ដល់ព្រឹកថ្ងៃទី១៤ ទើបកាយយកសាកសពជនរងគ្រោះចេញ។
ជុំវិញការទាមទារសំណងបន្ថែម និងគ្រោះថ្នាក់ការងារលើកម្មករសំណង់ទាំង៣នាក់នេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួគ៍ បានទេ នៅថ្ងៃទី១៦ តុលា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ អាស៊ីសេរី ក៏គ្មានប្រភពសុំការបញ្ជាក់ពីម្ចាស់ការដ្ឋានសំណងបានដែរ ដោយសារសាច់ញាតិ ប្រាប់ថា ពួកគេមិនស្គាល់ឈ្មោះការដ្ឋានសំណង់ និងម្ចាស់ការដ្ឋានសំណងទេ គ្រាន់តែដឹងថា ការដ្ឋាននោះ ស្ថិតក្នុងសង្កាត់ស្រះចក ម្ដុំវត្តចិនដំដែក។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន ប្រាប់ថា គ្រោះថ្នាក់ការងារ ស្លាប់កម្មករសំណង់ទាំង៣នាក់នេះ គឺជាប្រភេទគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលទាមទារឱ្យម្ចាស់អាជីវកម្ម និងរដ្ឋាភិបាលត្រូវ យកចិត្តទុកដាក់ ចំពោះគ្រួសារសព និងពង្រឹងការធ្វើអធិការកិច្ច និងវិធានការទប់ស្កាត់គ្រោះថ្នាក់ការងារនៅតាមការដ្ឋានសំណង់។
លោក សុខ គីន យល់ថា ការផ្ដល់ថវិកា ឱ្យគ្រួសារសព ត្រឹម៣ពាន់ (៣ ០០០) ដុល្លារ មិនទាន់សាកសម នឹងទំហំការបាត់បង់ជីវិតនិងការចំណាយក្នុងបន្ទុករបស់ប្រពន្ធកូនកម្មកររងគ្រោះឡើយ។ លោកថា បើប្រៀបធៀបនឹងគ្រោះថ្នាក់ស្លាប់កម្មករ បាក់អគារនៅខេត្តព្រះសីហនុ គឺស្លាប់កម្មករដូចគ្នា តែសំណង និងការយកចិត្តទុកដាក់ពីអាជ្ញាធរ គ្មានភាពស្មើគ្នាទេ។ លោកក៏ជំរុញឱ្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជួយផ្ដល់សំណង ដល់កម្មករសំណង់ទាំង៣ ដូចកម្មករក្នុងវិស័យផ្សេងៗដែរ៖ «សុំឱ្យក្រសួងការងារ ផ្នែកអធិការកិច្ចការងារហ្នឹង សុំថែមនូវអធិការកិច្ចការងារហ្នឹងឱ្យបានច្បាស់លាស់ ហើយឱ្យបានច្រើនជាងមុន រាល់ការដ្ឋានសំណង់ ហើយជៀសវាងកម្មករគ្រោះថ្នាក់ស្លាប់ហើយ បានឈូឆរទៅតាមក្រោយ។ យើងពិនិត្យឃើញដែរ ថា ពេលដែលស្លាប់ហើយ មានគណៈកម្មការនេះ គណៈកម្មការនោះ ចុះទៅ។ តែពេលដែលចប់ គឺចប់ហើយ ដូចភ្លើងចំបើងអ៊ីចឹង។ ពេលដែលចប់ពីបញ្ហាហ្នឹងចប់ដែរ កម្មករផ្សេងគ្រោះថ្នាក់ទៀត។ មានបញ្ហាអ៊ីចឹង នាំគ្នាឈូឆរ ចប់ហើយ ចប់ទៀត ហើយអត់មានវិធានការ ចាត់វិធានការ ប្ដូរយុទ្ធសាស្ត្រ ធ្វើយ៉ាងណា ពង្រឹង រឹតបន្ដឹងក្រុមហ៊ុនទាំងអស់នោះ ជំរុញឱ្យក្រុមហ៊ុនទាំងអស់នោះ អនុវត្តតាមច្បាប់ ជំរុញឱ្យក្រុមហ៊ុនទាំងអស់នោះ ធ្វើយ៉ាងណា ធ្វើឱ្យមានប្រព័ន្ធការពារសុវត្ថិភាពជាចម្បង ដូចនឹងផ្លាក។ ដាក់ផ្លាកខាងក្រៅ សុវត្ថិភាពជាចម្បង តែគ្រោះថ្នាក់រាល់ថ្ងៃ»។
មិនមានរបាយការណ៍បញ្ជាក់តួលេខ កម្មករសំណង់មានទាំងអស់ប៉ុន្មាននាក់ ឬកម្មករសំណង់ប៉ុន្មាននាក់ រងគ្រោះថ្នាក់ការងារក្នុងមួយឆ្នាំៗទេ។ ចំណែកប្រាក់ឈ្នួលគោលរបស់កម្មករក្នុងវិស័យសំណង់ និងកិច្ចគាំពារផ្នែកសង្គម ក៏មិនទាន់មានការកំណត់ជាក់លាក់ និងផ្ដល់ឱ្យកម្មករសំណង់ដែរ។ កម្មករសំណង់ ធ្លាប់ត្អូញត្អែរថា សុវត្ថិភាពការងារ បញ្ហាសុខភាព ប្រាក់ឈ្នួលទាប និងគ្មានការផ្ដល់កិច្ចគាំពារសង្គមផ្សេងៗ គឺជាបញ្ហាចម្បង ដែលក្រុមកម្មករសំណង់ចង់ឱ្យរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ ជួយគិតគូរដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
