វិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ថ្មីៗ នេះ បានចេញផ្សាយ របាយការណ៍មួយ ផ្តោតអំពីឧស្សាហកម្មឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ វិទ្យាស្ថាននេះរកឃើញថា ការណ៍ដែលអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់អន្តរជាតិ ឈ្មោះ ក្រុមការងារហិរញ្ញវត្ថុ (FATF) ដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសលាងលុយកខ្វក់ កាលពីឆ្នាំ២០២២ បានចូលរួមចំណែកជំរុញឱ្យមានការលាងលុយកខ្វក់ជាលក្ខណៈឧស្សាហកម្ម និងធ្វើឱ្យឧស្សាហកម្មឆបោកតាមអនឡាញរីកដុះដាលខ្លាំង នៅកម្ពុជា។ អ្នកជំនាញនៃវិទ្យាស្ថាន USIP ស្នើឡើងថា អង្គការ FATF គួរដាក់បញ្ចូលកម្ពុជាទៅក្នុង «បញ្ជីខ្មៅ» នៃក្រុមប្រទេសលាងលុយកខ្វក់ ដើម្បីទប់ស្កាត់អំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញកុំឱ្យរីករាលដាលកាន់តែខ្លាំង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមអញ្ជើញលោកអ្នកនាងកញ្ញាទស្សនាសម្ភាសន៍រវាងលោក មាន ឫទ្ធិ និងអ្នកស្រី ព្រីស៊ីឡា ក្លេប ( Priscilla Clapp) សហប្រធានការសិក្សាស្រាវជ្រាវអំពីឧស្សាហកម្មឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ នៃវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព (USIP) ជុំវិញបញ្ហានេះដូចតទៅ៖
[ចុចត្រង់នេះដើម្បីអានអត្ថបទជា ភាសាអង់គ្លេស៖ INTERVIEW: 'Most easily corrupted' Cambodia, Laos and Myanmar form scam epicenter]
លោក មាន ឫទ្ធិ៖ របាយការណ៍របស់អ្នកស្រី លើកឡើងថា កម្ពុជា ឡាវ និងភូមា គឺជាមជ្ឈមណ្ឌលស្នូលនៃឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត នៅតំបន់អាស៊ីអាគ្នេយ៍។ សូមអ្នកស្រីជួយពន្យល់ដោយសង្ខេបបន្តិចទៅមើលថាតើឧស្សាហកម្មនេះមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរកម្រិតណាទៅ ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ អំពើឆបោកតាមអនឡាញនេះធ្វើឡើងរួមគ្នាតាមបែបផែនជាការវិនិយោគបែបឆបោក និងទម្រង់ស្នេហាបោកប្រាស់។ ក្រុមឧក្រិដ្ឋជនព្យាយាមអូសទាញមនុស្សចូលទៅក្នុងទំនាក់ទំនងមួយ ដែលតាមរយៈនេះជនរងគ្រោះចាប់ផ្តើមផ្តល់លុយកាក់ រួចហើយក្រុមអ្នកឆបោកផ្ទេរវាទៅជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូ (Cryptocurrency)។ ពេលដែលពួកគេធ្វើដូច្នេះហើយ លុយទាំងនេះ គឺបាត់អស់ហើយ។ ក្រុមអ្នកឆបោកគ្រាន់តែបង្វិលលុយទៅកន្លែងដទៃទៀត ដែលមនុស្សមិនអាចមើលឃើញទៀតឡើយ។ នេះគឺជាផ្នែកនៃបណ្ដាញមួយ ដែលរីកដុះដាលនៅពាសពេញតំបន់អាស៊ីអាគ្នេយ៍។ វាមិនមែនកើតឡើងតែក្នុងរដ្ឋមួយៗ ទេ តែវាកើតឡើងជាបណ្ដេញតែម្តង។ នេះជាចំណុចសំខាន់ ដែលយើងព្យាយាមពិនិត្យមើលនៅក្នុងការសិក្សានេះ។
កម្ពុជា ឡាវ និងភូមា ក្លាយជាមជ្ឈមណ្ឌលស្នូលដោយសារតែប្រទេសទាំងនេះ ជាប្រទេស ដែលងាយប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។ នេះក៏ដោយសារតែប្រទេសទាំងនេះមានអភិបាលកិច្ចទន់ខ្សោយ។ ក្នុងករណីប្រទេសភូមា គឺដោយសារតែជម្លោះដ៏រីកសាយភាយដែលបង្កើតជាអស្ថិរភាពយ៉ាងខ្លាំងនៅក្នុងប្រទេសនេះ។ បណ្ដាញឆបោក ទាញយកប្រយោជន៍ពីស្ថានភាពអស្ថិរភាពនេះ ដែលអនុញ្ញាតឱ្យពួកគេអាចចាប់យកក្រុមអ្នកមានអំណាច អាចជាមន្ត្រីរដ្ឋាភិបាល ក្រុមអ្នកជំនួញ ឬអ្នកមានមុខមាត់ក្នុងសង្គម មករកស៊ីជាមួយ។ អំពើឆបោកនេះប្រតិបត្តិដោយជនជាតិចិន។
លោក មាន ឫទ្ធិ៖ នៅទូទាំងពិភពលោកប្រទេសមិនតិចជាង ៦០ទេ បានក្លាយជាជនរងគ្រោះនៃឧស្សាហកម្មឆបោកតាមអនឡាញ ដែលមានប្រភពចេញមកពីតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍របស់អ្នកស្រីលើកឡើងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៤ កម្ពុជាក្លាយជាទីតាំងប្រតិបត្តិការឆបោកទ្រង់ទ្រាយធំ ស្មុគស្មាញ ដែលរីករាលដាលនៅពាសពេញប្រទេស។ តើរឿងរ៉ាវនេះកើតឡើងដោយរបៀបណា ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ ចា៎! ខ្ញុំអាចនិយាយបានថា វាចាប់ផ្តើមដំបូងឡើងដោយជំនួញបនល្បែងអនឡាញខុសច្បាប់។ អ្នកអាចនៅចាំបានថា ប្រហែលជានៅឆ្នាំ២០១៦ ឬ ២០១៧ ប្រតិបត្តិការល្បែងអនឡាញបានកើតឡើងក្នុងខេត្តព្រះសីហនុ ដែលត្រូវបានប្រតិបត្តិដោយក្រុមជនជាតិចិន។ ជំនួញនេះបានទាក់ទាញក្រុមបងធំជនជាតិចិនជាច្រើនមកធ្វើការ ដើម្បីជំរិតប្រាក់ពីក្រុមអ្នកចាញ់ល្បែង។ ល្បែងមួយចំនួន ជាល្បែង ដែលអ្នកលេងល្បែងចូលរួមដោយផ្ទាល់។ ប៉ុន្តែ ភាគច្រើន ជាល្បែងអនឡាញ ដែលផ្ដោតលើក្រុមអ្នកលេងល្បែងនៅប្រទេសចិន។ ប៉ុន្តែអាជីវកម្មបនល្បែងទាំងនេះ មិនអាចគ្រប់គ្រងពួកជើងកាងបានឡើយ ហើយពួកគេចាប់ផ្ដើមបាញ់បោះមនុស្សតាមដងផ្លូវ រួមទាំងប៉ូលិសផង។ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមបិទអាជីវកម្មល្បែងអនឡាញនេះ ដោយសារលោកបានស្នើឱ្យភាគីនគរបាលចិនសហការជាមួយកម្ពុជា ដើម្បីចាប់បញ្ជូនក្រុមបងធំទាំងនោះត្រឡប់ទៅប្រទេសចិនវិញ។ នេះហើយ ជាពេល ដែលអាជីវកម្មបនល្បែងអនឡាញត្រូវបានបង្ក្រាបនៅកម្ពុជា។ នៅពេលដែលមានការបង្ក្រាបនេះ បន្ទាប់មកទៀត អាជីវកម្មនេះចាប់ផ្តើមជ្រៀតចូលទៅក្នុងមូលដ្ឋានជាច្រើន ជាប្រតិបត្តិការតូចៗ ជាងពេលមុន។ ពោលគឺ វាលែងប្រមូលផ្តុំតែនៅខេត្តព្រះសីហនុ ដូចកាលពីមុនទៀតហើយ។
លោក មាន ឫទ្ធិ៖ នៅកម្ពុជាតែឯង របាយការណ៍អ្នកស្រីប៉ាន់ស្មានថា ឧស្សាហកម្មឆបោកតាមអនឡាញ អាចរកចំណូលបានរហូតដល់ទៅជាង ១២ពាន់ ៥រយលានដុល្លារក្នុងមួយឆ្នាំ។ របាយការណ៍លើកឡើងថាផ្នែកដ៏សំខាន់មួយ នៃលុយ ដែលរកបានពីការឆបោកនេះ ធ្លាក់ចូលក្នុងហោប៉ៅរបស់ក្រុមអ្នកមានអំណាចដោយសារតែពួកគេមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនឆបោក។ សូមអ្នកស្រីពន្យល់បន្តិចថាតើទំនាក់ទំនងនេះកើតឡើងដោយរបៀបណា ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ ទំនាក់ទំនងនេះ គឺកើតឡើងនៅត្រង់ថា ថៅកែជាជនជាតិចិន ដែលបង្កើតបណ្ដេញឆបោកទាំងនេះ ហើយជាអ្នកចាំគាំទ្រពីក្រោយ ពួកគេមានទំនាក់ទំនងល្អណាស់។ ពួកគេប្រតិបត្តិបណ្ដាញឆបោកនេះក្នុងវិស័យជំនួញទាំងស្របច្បាប់ និងខុសច្បាប់។ ដូច្នេះហើយ ពួកគេបង្កើតទំនាក់ទំនងជាមួយក្រុមអ្នកមានអំណាចតាមរយៈអ្វីមួយដែលមើលទៅហាក់ដូចជាប្រតិបត្តិការអាជីវកម្មស្របច្បាប់អ៊ីចឹង។ តែនៅពីក្រោយនេះ ពួកគេចាប់ផ្ដើមដំណើរការប្រតិបត្តិការបណ្ដាញឆបោកអនឡាញខុសច្បាប់ទាំងនេះ។ ខ្ញុំមិនច្បាស់ទេថាតើក្រុមអ្នកដឹកនាំដឹងដែរ ឬទេ អំពីអ្វី ដែលពួកគេកំពុងចូលពាក់ព័ន្ធក្នុងរឿងរ៉ាវអាជីវកម្មនេះ ប៉ុន្តែក្រុមអ្នកដឹកនាំទាំងនេះដឹងច្បាស់ថាពួកគេកំពុងទទួលបានផលចំណេញពីអាជីវកម្មនេះ។
លោក មាន ឫទ្ធិ៖ ប្រសិនបើបញ្ហាឆបោកតាមអនឡាញមិនអាចត្រូវបានបង្ក្រាបប្រកបដោយប្រសិទ្ធភាពទេ តើអនាគតកម្ពុជានឹងទៅជាយ៉ាងណា ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ ខ្ញុំគិតថាទាំងរដ្ឋាភិបាល អ្នកអនុវត្តច្បាប់ និងសង្គមស៊ីវិល និងប្រជាជនទាំងមូល ត្រូវយល់ដឹងអំពីអ្វី ដែលកំពុងកើតមានឡើង និងព្យាយាមយកប្រទេសរបស់ពួកគេមកគ្រប់គ្រងវិញ។ ប្រជាជន ចាំបាច់ត្រូវយល់ដឹងឱ្យបានច្រើនអំពីឧស្សាហកម្មឆបោកតាមអនឡាញនេះ។ រដ្ឋាភិបាលត្រូវតែនាំមុខអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងប្រឆាំងនឹងឧស្សាហកម្មនេះ។ វានឹងប៉ះពាល់ដល់ប្រភពហិរញ្ញវត្ថុ ដែលលុយជាច្រើនចេញមកពីឧស្សាហកម្មនេះ ហូរចូលក្នុងសេដ្ឋកិច្ចជាតិ។ លុយជាច្រើនបានហូរចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ហើយត្រូវបានគេលាងតាមរយៈធនាគារធំៗ និងនៅតាមទីកន្លែងផ្សេងទៀត ប្រហែលជានៅសិង្ហបុរី និងហុងកុង ជាដើម។ លុយមួយភាគធំហូរចូល ទៅក្នុងប្រទេសកម្ពុជាគ្រប់គ្រាន់ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងសេដ្ឋកិច្ចនៃប្រទេសនេះ ខណៈកម្ពុជាចាប់ផ្តើមបាត់បង់ធនធានធម្មជាតិរបស់ខ្លួន។ ប៉ុន្តែ ពួកគេគួររិះរកវិធីប្រសើរជាងនេះក្នុងការវិនិយោគលើឧស្សាហកម្មដទៃទៀត ដូចជា វិស័យទេសចរណ៍ ឬវិស័យផ្សេងៗ ទៀត។
លោក មាន ឫទ្ធិ៖ របាយការណ៍លើកឡើងថា ផ្នែកមួយនៃបញ្ហា ដែលបណ្ដាលឱ្យមានអំពើលាងលុយកខ្វក់ក្លាយទៅជាកម្រិតឧស្សាហកម្មនៅកម្ពុជា គឺដោយសារតែក្នុងឆ្នាំ២០២២ អង្គការអន្តរជាតិឃ្លាំមើលអំពើលាងលុយកខ្វក់ FATF បានដកកម្ពុជាចេញពី « បញ្ជីប្រផេះ » ។ ការណ៍នេះរួមចំណែកដល់ការពង្រឹងឧស្សាហកម្មឆបោកតាមអនឡាញ។ តើការសម្រេចនេះត្រឹមត្រូវដែរ ឬទេ ?
អ្នកស្រី ព្រីស៊ីឡា ក្លេប៖ យើងគិតថាពួកគេគួរដាក់បញ្ចូលកម្ពុជាទៅក្នុង «បញ្ជីប្រផេះ» ឡើងវិញ។ តាមពិតទៅ ខ្ញុំគិតថាគួរដាក់កម្ពុជាចូលក្នុង «បញ្ជីខ្មៅ» តែម្តង...។ ប្រាកដណាស់ ការធ្វើដូច្នេះនឹងបញ្ជូនសារមួយទៅអន្តរជាតិ។ វានឹងជួយកាត់បន្ថយអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។ ប៉ុន្តែ អង្គការ FATF មិនជាមានអំណាចអ្វីដើម្បីចូលរួមដោះស្រាយបញ្ហានេះដោយខ្លួនឯងទេ។ រដ្ឋាភិបាលនីមួយៗ មានអំណាចខ្លាំងជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។