មនុស្សប្រមាណ ២០នាក់ស្លាប់ និងរបួសជាង ៦០នាក់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូនៅប៉ោយប៉ែត
2022.12.29
មនុស្សយ៉ាងហោចណាស់ ១៩នាក់ស្លាប់ និងរបួសជាង ៦០នាក់ ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូមួយកន្លែងកម្ពស់ជាង ១០ជាន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីសង្គមស៊ីវិល យល់ថា ការស្លាប់មនុស្សដ៏ច្រើនបែបនេះដោយសារការធ្វេសប្រហែសរបស់ម្ចាស់កាស៊ីណូ និងអាជ្ញាធរពាក់ព័ន្ធដែលគ្មានប្រព័ន្ធការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។
គិតត្រឹមម៉ោង ១០យប់ថ្ងៃទី២៩ ខែធ្នូ ចំនួនអ្នកស្លាប់ពីហេតុការណ៍ភ្លើងឆេះកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី (Grand Diamond City) និងអគារកាស៊ីណូក្បែរនោះ បានកើនឡើងដល់ ១៩នាក់ហើយ។ រីឯចំនួនអ្នករបួសពីហេតុការណ៍នេះ មានប្រមាណជាង ៦០នាក់។
ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក សេក សុខុម បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា តួលេខនេះអាចនឹងកើនឡើងថែមទៀតនៅពេលដែលអាជ្ញាធរបន្តប្រតិបត្តិការរុករកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ នេះ។
លោក សេក សុខុម៖ «រហូតមកដល់ម៉ោងនេះ ស្ថានភាពរុករកយើងផ្អាកសិនដោយសារអាគារដែលមានកម្ពស់ខ្ពស់ៗ យើងផ្តាច់ភ្លើងទាំងអស់ អ៊ីចឹងងងឹតក្នុងការរុករក ក៏បានផ្អាកបណ្ដោះអាសន្នសិន ចាំពេលព្រឹក។ រហូតមកដល់ពេលនេះ តួលេខគឺយើងនៅរក្សាដដែល គឺស្លាប់ ១៩នាក់ ហើយរបួសជាង ៦០នាក់។ នៅក្នុងអន្តរាគមន៍បន្ទាន់តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏ដូចជាភាគីថៃបានជួយ គឺអ្នករងគ្រោះដែលរត់ទៅលើដំបូលអាគារ យើងបានជួយសង្គ្រោះតាមរយៈឧទ្ធម្ភាគចក្រ និងខ្សែយោងដងសន្ទូចសម្រាប់ធ្វើសំណង់ខ្ពស់ៗ គឺជួយបានជាង ៥០នាក់ដែរ»។
លោក សេក សុខុម បន្តថា សមត្ថកិច្ចនៅមិនទាន់អាចដឹងជាក់លាក់ថា តើក្នុងចំណោមតួលេខនៃជនរងគ្រោះទាំងនេះ មានជនជាតិណាខ្លះនោះ។ លោកថា ក្នុងចំណោមជនរងគ្រោះ ៣០នាក់ដែលរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅស្រុកអារញ្ញ (Aranyaprathet ) ខេត្តស្រះកែវ (Sa Kaeo) នៃប្រទេសថៃ មានជនជាតិថៃស្លាប់ម្នាក់។ រីឯ អ្នកស្លាប់ដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុវិញ អាជ្ញាធរនៅមិនទាន់ធ្វើកោសល្យវិច័យនៅឡើយទេ ខណៈអ្នករបួសផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងប៉ោយប៉ែត។
លោក សេក សុខុម៖ «ចំនួនអ្នកស្លាប់ខ្លះ ដែលជាអ្នកលោតប្រថុយប្រថានពីលើអគារខ្ពស់មកក្រោម ដែលគាត់រងគ្រោះបាក់ជើង បាក់អីទៅ គឺយើងបានដឹងចំនួនហ្នឹង។ ដោយសារគាត់ធ្វើការនៅកាស៊ីណូហ្នឹង គឺមានច្រើនជាតិសាសន៍ មានទាំងខ្មែរ មានទាំងថៃ មានទាំងម៉ាឡេស៊ី វៀតណាម អីជាដើម។ អ៊ីចឹង អត់ទាន់ញែកបានដាច់ទេ»។
បើតាមមន្ត្រីសាលាខេត្តបន្ទាយមានជ័យរូបនេះ ស្ថានភាពនៃការជួយសង្គ្រោះជួបការលំបាកដោយសារតែអគារកាស៊ីណូខ្ពស់ ហើយបន្ទប់ក្នុងកាស៊ីណូប្រើសោអគ្គិសនីដែលត្រូវជាប់គាំងនៅពេលដាច់ភ្លើង។ លោក សេក សុខុម បញ្ជាក់ថា អាជ្ញាធរនៅមិនទាន់អាចវាយតម្លៃពីផលខូចខាត និងចំនួនពលរដ្ឋដែលបាត់ខ្លួននៅឡើយទេ ខណៈនៅមុនការកើតហេតុភ្លើងឆេះនេះ អគារកាស៊ីណូទាំងពីរនេះមានបុគ្គលិកបម្រើការងារ និងស្នាក់នៅប្រមាណ ៤០០នាក់។
ដោយឡែក ចៅសង្កាត់អូរជ្រៅ លោក វ៉ា ជីម ណារ៉េត ប្រាប់វិទ្យុអាស៊ីសេរីថា ហេតុការណ៍ភ្លើងឆេះនេះបណ្ដាលមកពីផ្ទុះសេខ្សែភ្លើងលើពិដានអគារកាស៊ីណូ ហើយក៏បានឆេះឆ្លងតពីអគារមួយទៅអគារមួយចំនួនទៀត។
លោក វ៉ា ជីម ណារ៉េត៖ «វាឆេះលឿនពេក ព្រោះអគារហ្នឹងវាមិនមែនជាបេតុង គេប្រើក្រដាសបិទមានលាយដែកអាលុយមីញ៉ូមអីចឹងបានឆេះលឿនណាស់ វាជាជាតិក្រដាសជាតិជ័រ។ ឥឡូវកម្លាំងសមត្ថកិច្ចរបស់ខ្មែរនិងរបស់ថៃកំពុងសង្គ្រោះនិងយកសាកសព នៅកំពុងដំណើរការនៅឡើយ ហើយភ្លើងវាឆេះ នៅតែហុយដដែលអត់ទាន់រលត់»។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មើលឃើញថា ការស្លាប់មនុស្សដ៏ច្រើននេះកើតឡើងដោយសារការធ្វេសប្រហែសរបស់ម្ចាស់កាស៊ីណូ និងអាជ្ញាធរពាក់ព័ន្ធ ដែលមិនបានធ្វើប្រព័ន្ធការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីជម្លៀសមនុស្សក្នុងពេលមានអាសន្ន។
លោក ស៊ុំ ច័ន្ទគា៖ «មើលឃើញថា នៅពេលដែលបញ្ហាកើតឡើងគឺដាច់ភ្លើងហើយ សូម្បីតែកណ្ដឹងអត់រោទ៍ សូម្បីតែអ្វីៗ សម្រាប់ជួយដល់ពួកគាត់គឺអត់មានទាំងអស់។ មានតែពួកគាត់យើងឃើញគេថតហ្នឹងឃើញអង្គុយលើបង្អួចហ្នឹងបក់ដៃឱ្យជួយផងទៅវិញ។ អ៊ីចឹងហើយនៅលើហ្នឹងគឺត្រូវមានគណៈកម្មាធិការចំពោះកិច្ចមួយ ដើម្បីស៊ើបអង្កេតឱ្យបានច្បាស់ថា តើកាស៊ីណូហ្នឹងធ្វើទៅតាមស្តង់ដារឬអត់ ហើយមានប្រព័ន្ធសុវត្ថិភាពដល់បុគ្គលិកអត់ ព្រោះថាម៉េច បើសិនតែកាស៊ីណូហ្នឹងមានចេតនាមួយខ្ជីខ្ជាធ្វេសប្រហែសមិនយកចិត្តដាក់មិនគោរពបទបញ្ជាអី គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ»។
រូបភាព និងវីដេអូខ្លីៗមួយចំនួនដែលត្រូវបានគេបង្ហោះ និងចែករម្លែកតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) បង្ហាញថា មានជនរងគ្រោះមួយចំនួនស្រែកតាមបង្អួចអគារកាស៊ីណូ អំពាវនាវឱ្យអាជ្ញាធរជួយដល់ពួកគេ និងខ្លះទៀតបានលោតទម្លាក់ពីលើអាគារកាស៊ីណូ ដោយសារពួកគេមិនអាចទ្រាំនឹងកម្ដៅ និងផ្សែងភ្លើងពីខាងក្នុងអគារបាន។
ក្រៅពីអ្នករបួស និងស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូចំនួនបីអគារនៅក្រុងប៉ោយប៉ែត ក៏មានមនុស្សជាច្រើននាក់ បាត់ខ្លួននិងរកមិនទាន់ឃើញអស់នៅឡើយ។
បងថ្លៃជនរងគ្រោះម្នាក់ដែលធ្វើការនៅក្នុងកាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី លោក ហៀង ប៊ុន នឿន ថ្លែងថា ប្អូនស្រីរបស់លោកធ្វើការផ្នែកបោសសំអាតនៅក្នុងកាស៊ីណូមួយនេះ ហើយបានបាត់ខ្លួនតាំងពីយប់ថ្ងៃកើតហេតុ រហូតមកដល់ពេលនេះរកមិនទាន់ឃើញនៅឡើយ។ លោកបន្តថា ប្អូនរបស់លោកពុំដឹងថា ជាប់គាំងនៅលើអគារ ឬត្រូវបានអាជ្ញាធរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃនោះទេ។
លោក ហៀង ប៊ុននឿន៖ «អាណោចអាធម្ម ណាស់បង មើលតែក្នុងហ្វេសប៊ុកទៅដឹងវាក្ដៅពេកអ្នកខ្លះលោតក៏មាន។ គ្រាន់តែតាមជាក់ស្ដែងឆេះដំបូងអ្នកដែលលោតមកហ្នឹងវាស្លាប់អស់បួនប្រាំនាក់ហើយ។ ពីយប់មិញគេថាបញ្ជូនទៅខាងពេទ្យស្រុកអារញ្ញច្រើន ឡើងពេលពេញពេទ្យអារញ្ញហើយ ព្រោះអីគេអត់ទុកនៅខ្មែរទេ គេបញ្ជូនទៅពេទ្យអារញ្ញទាំងអស់។ តែប្អូនខ្ញុំមិនដឹងថា វានៅអារញ្ញឬបាត់ខ្លួនអ៊ីចឹង បើថាវាមិនទៅអារញ្ញទេមានតែស្លាប់ហ្នឹងឯង»។
កាស៊ីណូ ហ្គ្រេន ដាយមិន ស៊ីធី ក្រុងប៉ោយប៉ែត មានទីតាំងជាប់អមសង្ខាងផ្លូវជាតិលេខ៥ និងមានកម្ពស់ ១៧ជាន់ ដែលមានចំងាយប្រមាណ ២០០ម៉ែត្រពីព្រំដែនកម្ពុជាថៃ។ លោក ហៀង ប៊ុននឿន ឱ្យដឹងថា កាស៊ីណូនេះបានបើកដំណើរការមកតាំងពីឆ្នាំ២០០១ រហូតមកនិងមានបុគ្គលិកធ្វើការប្រមាណ ២ពាន់នាក់។
ហេតុការណ៍ភ្លើងឆេះអគារកាស៊ីណូប្រមាណ ៣អាគារនេះ បានចាប់ផ្តើមកាលពីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៩ ធ្នូ ហើយទាល់តែរហូតដល់ល្ងាចថ្ងៃដដែលទើបអាជ្ញាធរអាចពន្លត់ភ្លើងឆេះបានទាំងស្រុង។
កាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) រាយការណ៍កាលពីថ្ងៃទី២៩ ខែធ្នូ ឱ្យដឹងថា អគារកាស៊ីណូនេះ ជាកម្មសិទ្ធិរបស់អតីតសមាជិកគណៈរដ្ឋមន្ត្រីថៃមួយរូប ឈ្មោះ វាតាណា អាសាវ៉ាហាម (Vatana Asavahame) អាយុ ៨៦ឆ្នាំ ដែលបានរត់គេចខ្លួនពីប្រទេសថៃកាលពីឆ្នាំ២០០៨ មុនពេលដែលលោកត្រូវបានកាត់ទោសជុំវិញរឿងរ៉ាវអាស្រូវពុករលួយធំបំផុតមួយនៅប្រទេសថៃ។ កាសែតដដែលនេះ បានស្រង់ប្រសាសន៍អភិបាលខេត្តស្រះកែវ លោក ប៉ារីនយ៉ា ពោធិសាត់ (Parinya Phothisat) ថា មន្ទីរពេទ្យថៃបានព្យាបាលជនជាតិថៃចំនួន ៧៩នាក់ កម្ពុជា ៣០នាក់ និងជនជាតិឥណ្ឌូណេស៊ី ចំនួន ៨នាក់ ដែលជាជនរងគ្រោះពីហេតុការណ៍ឆេះអគារកាស៊ីណូនេះ៕
អត្ថបទនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅម៉ោង ៣យប់ ម៉ោងនៅប្រទេសកម្ពុជា។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។