ទឹកជំនន់​បណ្ដាល​ឱ្យ​មនុស្ស​ជិត​២០​នាក់​ស្លាប់ និង​លេច​លង់​ផលដំណាំ​កសិករ​រាប់​ម៉ឺន​ហិកតារ​នៅ​ទូទាំង​ប្រទេស

គ្រោះ​ទឹកជំនន់​ឆ្នាំ​នេះ​បាន​ធ្វើ​ឱ្យ​ដំណាំ​កសិករ​រាប់​ម៉ឺន​ហិកតារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​រង​ការ​ខូចខាត​ហើយ​យ៉ាង​ហោច​ណាស់​មនុស្ស​ជិត​២០​នាក់​បាន​ស្លាប់។ទាក់ទង​បញ្ហា​នេះ រដ្ឋាភិបាល បានប្រកាស​ពី​ផែនការ​ដោះស្រាយ​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវនិង​ដំណាំ​ផ្សេង​ទៀត​របស់​កសិករ​តាម​រយៈការ​ចុះវាយ​តម្លៃនិង​ផ្តល់​ពូជ​ដាំដុះ​ជា​ទិសដៅ​អាទិភាព។ប៉ុន្តែ​កសិករ​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​ស្បៀង​អាហារដើម​ទុននិង​ពូជជាពិសេស​ជួយ​សម្របសម្រួល​ជា​មួយ​ធនាគារ​ឱ្យ​ពន្យា​ពេល​បង់ប្រាក់ដើម្បីឱ្យ​​ពួកគាត់​មាន​លទ្ធភាព​អាច​បង្ក​បង្កើន​ផល​ឡើង​វិញ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះសារ​សំឡេង​មួយ​នៅ​លើ​ហ្វេសប៊ុកទាក់ទង​ស្ថានភាព​ទឹកជំនន់​ដែល​ជនលិច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​កាលពីថ្ងៃទី៨ ខែតុលា។ លោក ហ៊ុន សែន បង្ហាញ​របាយការណ៍​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមន្តរាយថា ជំនន់ទឹកភ្លៀង​បាន​ជនលិច​ឃុំ​ចំនួន ៧៧០ នៃ​ខេត្ត​ចំនួន​២២ជាពិសេស​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ និង​ខេត្តព្រះវិហារ​ជាដើម។ លោកថា ដំណាំស្រូវ​ជាង​១សែន៥ម៉ឺន​ហិកតារ​(១៥១.៤១២) និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ជាង​៤​ម៉ឺនហិកតារ (៤០.១២៤) ​ត្រូវ​បាន​លិចហើយ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ខូច​ខាតប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស។ ក្នុងសារ​សំឡេង​ជាង​៧នាទីនោះ លោក ហ៊ុន សែន ណែនាំ​ឱ្យ​មន្រ្តីនៅ​តាម​ក្រសួង​ស្ថាប័នពាក់ព័ន្ធនិង​មន្រ្តី​ថ្នាក់ក្រោម​ជាតិចុះ​វាយ​តម្លៃពី​ការ​ខូចខាត​ដំណាំ​របស់​កសិករ​ឱ្យ​បាន​ឆាប់ដើម្បី​ជួយ​អន្តរាគមន៍និង​បញ្ជូន​គ្រាប់​ពូជ​ជូន​កសិករ​សម្រាប់​ដាំដុះ​ឡើង​វិញ នៅតាម​តំបន់​គោលដៅ៖ «ខ្ញុំអំពាវនាវ​ឱ្យ​មាន​កិច្ចសហការ​ជា​បន្ទាន់​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ក៏​ដូចជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មន្តរាយ​រួមគ្នា​វាយ​តម្លៃ​ផង និង​ត្រៀម​បម្រុង​ដើម្បី​ដឹក​ចេញ​នូវ​ពូជ​ស្រូវ​ និង​ពូជដំណាំ​ទៅ​កាន់​គោលដៅ​ផង នេះ​គឺ​ជា​បញ្ហា​បន្ទាន់​និង​ចាំចាច់​ត្រូវ​ធ្វើ»។

របាយការណ៍ បឋម​របស់​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឱ្យ​ដឹង​ថាគិត​ត្រឹម​ថ្ងៃទី២៩ ខែកញ្ញា ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប ១៦នាក់។

ចំណែក​ក្រសួង​ធនធានទឹក​បាន​ជូន​ដំណឹង​ថាកម្ពុជា​នឹង​បន្ត​រងឥទ្ធិពល​ពី​ជ្រលង​ប្រព័ន្ធសម្ពាធទាប​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស​ពី​កម្រិត​តិច​ទៅ​មធ្យមលាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពីថ្ងៃទី៩ ដល់១៥ ខែតុលានេះ។ ក្រសួង​អំពាវនាវ​ឱ្យ​អាជ្ញាធរនិង​ប្រជាពលរដ្ឋបង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

វិទ្យុអាស៊ីសរី​មិនអាច​ទាក់ទងអ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មន្តរាយ​លោក សុទ្ធ គឹមកុលមុនី ដើម្បីបញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី៩ ខែតុលា។

ទោះ​យ៉ាង​ណាកសិករ​មួយ​ចំនួន​អំពាវនាវ​ដល់​រដ្ឋាភិបាលនិង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ឧបត្ថម្ភ​ស្បៀង​អាហារ ផ្តល់ដើមទុន និងពូជ ជាពិសេស​រក​មធ្យោបាយ​សម្រួល​បញ្ហា​បំណុល​ធនាគារ​សម្រាប់​ពលរដ្ឋរងគ្រោះដោយសារ​ទឹកជំនន់​ក្នុង​ស្ថានភាព​លំបាក​នេះដើម្បី​ជួយ​ស្តារជីវភាព​របស់​ពួកគាត់​ឱ្យ​បានប្រសើរ​ឡើង​វិញ។

កសិករ​នៅ​ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ​លោកស្រី វ៉ាន់ ណាត់ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ លោកស្រី​បាន​ដាក់​ប្លង់ដី​ខ្ចី​ប្រាក់​ពី​ធនាគារ​ប្រមាណ​៥​ពាន់​ដុល្លារ​សម្រាប់​ដាំដុះ​ដំណាំ​ជាង​៧​ហិកតារប៉ុន្តែ​ស្ថានភាព​ទឹកឡើង​ជាង​មួយ​ខែ​មក​នេះ​បណ្តាល​ឱ្យ​ស្រូវ​និង​ដំឡូងមី​របស់​លោកស្រី​រលួយ​ខូច​អស់។ កសិករ​រូបនេះ​បញ្ជាក់ថា ជម្រើស​ចុងក្រោយ​គ្រួសារ​របស់​លោក​ស្រី​មាន​តែ​សម្រេច​ចិត្ត​ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេសថៃ​រក​ប្រាក់​ដោះ​បំណុលនិង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃពីព្រោះ​លោកស្រី​មិន​សង្ឃឹមថា រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋឡើយ៖ «ខែ១០ទឹក​មិន​ស្រក​អ៊ីចឹង​ចប់​ហើយ​ចប់​ទាំង​ដំឡូង ស្រូវ ចប់​ទាំងអស់ ប្រជាពលរដ្ឋវង្វែង​វង្វាន់ ​អស់ហើយ​សព្វ​ថ្ងៃ​អត់​មាន​អ្នក​ណា​និយាយ​រួច​ទេ អូបងប្អូន​ក៏​ដាច់​បាយ​ដាច់ទឹក​គ្រប់គ្នា ខ្ញុំឯ​នេះ​វល់​ដាច់​ស៊ី​ដាច់​ចាយ ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ជួយ​មើល​បើ​មិន​បាន​អី ក៏បាន​អង្ករ​អីបន្តិចបន្តួច​ដើម្បី​លើកទឹក​ចិត្ត​កូន​ចៅ​ដែល​លិច​លង់​ឯ​នេះ»។

ជុំវិញរឿង​នេះប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក យង់ គឹមអេង មាន​ប្រសាសន៍ថា បញ្ហា​ទឹក​ជំនន់​លិច​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខូចខាត​ផលដំណាំទ្រព្យ​សម្បត្តិ​របស់​ពួកគាត់​ដែល​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ជីវភាព។ លោកយល់ថា ដំណោះស្រាយ​អាទិភាព​ក្នុង​រឿង​នេះរដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ស្បៀងអាហារ​ជូន​ពលរដ្ឋ​រងគ្រោះ​ជា​បន្ទាន់។ទន្ទឹម​នឹង​នេះលោក​ចង់​ឃើញ​អាជ្ញាធរ​ពិនិត្យនិង​សិក្សា​ផលប៉ះពាល់​ទឹកជំនន់​ដោយ​តម្លាភាពដើម្បី​ឆ្លើយតប​និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំចង់​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ ការ​ប្រឈម​ស្បៀង​អាហារ​សម្រាប់​ពួកគាត់​ផ្គត់ផ្គង់​ជីវភាព​ដែរ នេះ​ជា​រឿង​សំខាន់​ដែរ ដើម្បី​ពួកគាត់​បន្ត​ធ្វើ​កិច្ច​ការងារ​ទៀត ឬ​ដាំដុះ​ឡើងវិញ​បាទ កាលណា​ស្រូវ​អង្ករ​គ្នា​ហិនហោច​អស់​ហើយ គឺ​ប្រឈម​នឹង​ជីវភាព អ៊ីចឹងគាត់​អាច​ជ្រើសរើស​ការ​ចំណាកស្រុក​ប្រថុយប្រថាន​ និង​ជួប​បញ្ហា​ច្រើន​ អ៊ីចឹង​បើ​យើង​ជួយ​ផ្គត់ផ្គង់​ឱ្យ​គាត់​នៅ​ដាំដុះ​ជួយ​បាន​ច្រើន ហើយ​កូន​គាត់​ក៏​បាន​រៀន​សូត្រ»។

សង្គម​ស៊ីវិលក៏​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករនិង​ពលរដ្ឋ​ដែរ​គឺ​ការ​ផ្ដល់​ពូជ​ស្រូវ​ការផ្ដល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដើម្បី​ឱ្យ​ពួកគាត់​ធ្វើ​ដើម​ទុន​ដាំដុះ​នៅ​ពេល​ទឹក​ស្រកបង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យ​កម្មករ​ធ្វើនិង​ការ​រក​ទីផ្សារ​លក់​កសិផល​ឲ្យបាន​តម្លៃ​សមរម្យ​ជូន​ដល់​កសិករ។ សង្គមស៊ីវិល និង​កសិករ​បារម្ភ​ថាប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិនដោះស្រាយ​វិបត្តិ​ច្រំ​ដែល​នេះ​ទេពលរដ្ឋ​នឹង​មាន​ជីវភាព​កាន់​តែ​ដុនដាបជា​ពិសេស គឺ​បំណុល​វ័ណ្ឌកហើយ​ពួកគេ​នឹង​ប្រឈម​ការ​រឹបអូស​ផ្ទះ​សម្បែងនិង​ការ​បោះបង់​មុខ​របរ​ក្នុង​ស្រុកហើយ​ចំណាក​ស្រុក​ទាំង​ប្រថុយ​ប្រថាន​រក​ការងារ​ធ្វើ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។