អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ថា រំសេវដែលសមត្ថកិច្ចខេត្តកំពង់ធំ ប្រទះឃើញនៅក្នុងព្រៃ មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។ លោកឱ្យដឹងថារំសេវទាំងនេះ គឺជារបស់ក្រុមហ៊ុនរុករករ៉ែដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ចំណែករំសេវដែលប្រើក្នុងអាជីវកម្មរុករករ៉ែទាំងនេះក៏ទទួលបានការពិនិត្យត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យនាំចូលមកប្រើប្រាស់ផងដែរ៖ «និយាយរួមមានខាងអគ្គនាយកដ្ឋានសម្ភារៈបរិក្ខារ របស់ក្រសួងការពារជាតិ លោកអនុញ្ញាតឱ្យនាំចូលមក ចេញលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីនាំពីប្រភពត្រឹមត្រូវ ដើម្បីយកមកធ្វើអាជីវកម្មរុករករ៉ែ។ បាទ មានប្រភពត្រឹមត្រូវច្បាស់លាស់ មានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ»។
លោក ឈុំ សុជាតិ ឱ្យដឹងបន្ថែមថាការផ្សព្វផ្សាយថា រំសេវទាំងនេះមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះ គឺកើតចេញពីទំនាស់ផ្ទៃក្នុងរបស់ក្រុមហ៊ុនរុករករ៉ែតែប៉ុណ្ណោះ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែម ពីស្នងការខេត្តកំពង់ធំ និងស្នងការស្រុកសណ្ដាន់បានទេ គិតត្រឹមថ្ងៃទី៩ ខែឧសភា។
ស្នងការស្រុកសណ្ដាន់ លោក អ៊ួង ម៉ូលី បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD ថារំសេវទាំងនេះជា ម្សៅសំណល់ ដែលសល់ពីការចុះបង្ក្រាបកាលពីលើកមុនប៉ុណ្ណោះ។ លោកថា រំសេវទាំងនេះ គឺក្រុមហ៊ុនចិន ប្រើប្រាស់សម្រាប់បំផ្ទុះ រករ៉ែមាស។
សារព័ត៌មានក្នុងស្រុកក៏បានឱ្យដឹងថា រំសេវទាំងនេះមានប្រមាណ បីតោន ដែលក្រុមហ៊ុនរុករករ៉ែលាក់ទុកនៅកណ្ដាលព្រៃ ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
មកទល់ពេលនេះ សមត្ថកិច្ចបានរឹបអូសរំសេវទាំងនេះ ទៅរក្សាទុកនៅស្នងការដ្ឋានខេត្តកំពង់ធំ ដើម្បីរង់ចាំនីតិវិធីបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
