សមត្ថកិច្ច​កោះ​ហៅ​ប្រធាន​សហជីព​កម្មករ​ណែនាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ដឹក​នាំ​កម្មករ​តវ៉ា

0:00 / 0:00

សមត្ថកិច្ច​នគរបាល​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ កោះ​ហៅ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ឲ្យ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​បន្ទាន់ និង​ព្រមាន​ឲ្យ​បញ្ឈប់​សកម្មភាព​ដឹក​នាំ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​ផ្សេងៗ និង​ត្រូវ​អនុវត្ត​ទៅ​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា កន្លង​ទៅ។

ការ​កោះ​ហៅ​នេះ ក្រោយ​ពី លោក ប៉ាវ ស៊ីណា វិល​ត្រឡប់​ពី​ដឹក​នាំ​ក្រុម​កម្មករ​នៃ​រោងចក្រ ជីម លី (Ghim Li) ដាក់​ញត្តិ​នៅ​រដ្ឋសភា នា​ថ្ងៃ​ទី​២១ វិច្ឆិកា។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ចាត់​ទុក​ការ​ព្រមាន​រូប​លោក​ពី​ស្ថាប័ន​តុលាការ តាម​រយៈ​សមត្ថកិច្ច​មូលដ្ឋាន​នេះ ជា​ការ​គំរាម​កំហែង​រូប​លោក និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ​រាប់​ពាន់​នាក់​ផ្សេង​ទៀត ដែល​កំពុង​តស៊ូ​មតិ​ទាមទារ​រក​យុត្តិធម៌​ពី​ថៅកែ​រោងចក្រ ជីម លី។

លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចោមចៅ គឺ​លោក​នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន បើ​មិន​បញ្ឈប់​សកម្មភាព​របស់​លោក​ដូច​សព្វថ្ងៃ​នេះ​ទេ៖ «បន្ទាប់​ពី​ហ្វូង​កម្មករ​បំបែក​គ្នា​នៅ​ពី​មុខ​រដ្ឋសភា​ជាតិ​ហ្នឹង​វេលា​ម៉ោង​១២ ខ្ញុំ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ ហៅ​ខ្ញុំ​ទៅ​ជួប​ដោយ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ អំពី​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ខ្ញុំ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ ទាក់ទង​នឹង​សំណុំ​រឿង​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​នោះ​ដែរ​គេ​ក៏​បាន​បញ្ជាក់​ថា ខាង​ព្រះរាជ​អាជ្ញា​ខាង​ប៉ុស្តិ៍​ចោមចៅ ឃ្លាំ​មើល​គ្រប់​សកម្មភាព​របស់​ខ្ញុំ​ទាំងអស់ ហើយ​សមត្ថកិច្ច​គេ​បាន​ស្នើ​ឲ្យ​ខ្ញុំ​បញ្ឈប់​សកម្មភាព​ចូលរួម​ជាមួយ​កម្មករ​អី​ហ្នឹង​បន្ត​ទៀត​ទៅ ដើម្បី​កុំ​ឲ្យ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ផ្សេងៗ»

លោក ប៉ាវ ស៊ីណា ជា​មេ​ដឹក​នាំ​កម្មករ​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​សិទ្ធិ​មនុស្ស និង​មេ​ដឹក​នាំ​កម្មករ​ផ្សេងៗ​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ​ហៅ​ទៅ​សាកសួរ អំពី​បទ​ចោទ​ញុះញង់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​បាន​ចេញ​ដីកា​សម្រេច​ដាក់​រូប​លោក​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា រហូត​មក។

មន្ត្រី​នគរបាល​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ មួយ​រូប គឺ​លោក ជន់ វណ្ណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ថា លោក​កោះ​ហៅ​ឈ្មោះ ប៉ាវ ស៊ីណា មក​នេះ គឺ​ឲ្យ​មក​មើល​ដីកា​ពី​តុលាការ ដែល​ផ្ញើ​មក​ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សហការ​តាំង​ពី​ថ្ងៃ​ទី​១៤ វិច្ឆិកា មក​ម្ល៉េះ តែ​ដោយសារ​លោក​រវល់ និង​ពិបាក​រក​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ លោក ប៉ាវ ស៊ីណា ផង ទើប​ពន្យារ​ដល់​ថ្ងៃ​ទី​២១ វិច្ឆិកា។ លោក​បន្ត​ថា ដីកា​ពី​តុលាការ​នោះ​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ប៉ាវ ស៊ីណា ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ហើយ​ជន​នេះ​ត្រូវ​គោរព​កាតព្វកិច្ច​ចំនួន ៨​ចំណុច រួម​ទាំង​ការងារ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោមចៅ ក្នុង​រយៈពេល​មួយ​ខែ​នៅ​សប្ដាហ៍​ទី​៤ រៀង​រាល់​ម៉ោង​ធ្វើ​ការ៖ «នេះ​ជា​រឿង​របស់​គាត់​ទេ បើ​គាត់​បាន​បញ្ឈប់​ក៏​ល្អ​ដែរ គាត់​ក៏​រួច​ខ្លួន ខ្ញុំ​ក៏​រួច​ខ្លួន»

យ៉ាង​ណា​ក៏ដោយ លោក ប៉ាវ ស៊ីណា នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម ដោយ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​តាម​ផ្លូវ​ច្បាប់​ជាមួយ​ក្រុម​កម្មករ ដើម្បី​ទាមទារ​សិទ្ធិ និង​អត្ថប្រយោជន៍​ជូន​ពួក​គាត់​ដោយ​សន្តិវិធី​ដដែល៖ «ខ្ញុំ​មិន​បាន​ដក​ខ្លួន​អី​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អី​ខុស ខ្ញុំ​ធ្វើ​ទៅ​តាម​តួនាទី​ជា​ប្រធាន​ស្ថាប័ន​មួយ​រូប ហើយ​ខ្ញុំ​ដើរ​តាម​ផ្លូវ​ច្បាប់​ទាំងអស់ ពីព្រោះ​ខ្ញុំ​នៅ​មាន​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ទៅ​ណា​មក​ណា។ ខ្ញុំ​មាន​សិទ្ធិ​ចូលរួម​គ្រប់​សកម្មភាព​របស់​កម្មករ​និយោជិត អ៊ីចឹង​ខ្ញុំ​នៅ​តែ​បន្ត​សកម្មភាព​ដដែល​បាទ»

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​ដឹក​នាំ​កម្មករ​រោងចក្រ ជីម លី ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រយៈពេល ៥​ថ្ងៃ​មក​ហើយ ដោយ ៤​ថ្ងៃ​មុន​នៅ​មុខ​រោងចក្រ និង​ថ្ងៃ​ទី​៥ បាន​នាំ​កម្មករ​ប្រមាណ ៥០០​នាក់ យក​ញត្តិ​មក​ដាក់​ជូន​តំណាង​នៅ​មន្ទីរ​រដ្ឋសភា ដើម្បី​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ។

ការ​ទាមទារ​របស់​កម្មករ​នោះ ពាក់ព័ន្ធ​នឹង​ការ​បញ្ឈប់​ជាង​ម៉ាស៊ីន​ម្នាក់ ទាមទារ​នូវ​ប្រាក់​អត្ថប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​ដែល​តម្រូវ​ឲ្យ​អ្នក​គ្រប់គ្រង អនុវត្ត​ទៅ​តាម​ច្បាប់​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ ព្រម​ទាំង​ស្នើសុំ​ឲ្យ​ភាគី​ក្រុមហ៊ុន បញ្ឈប់​ប្រធាន​រដ្ឋាភិបាល​ថ្មី​មួយ​រូប។

លោក ប៉ាវ ស៊ីណា បញ្ជាក់​ក្រោយ​ដាក់​ញត្តិ និង​ជួប​ពិភាក្សា​ជាមួយ​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា រួច​មក ពួក​គាត់​សន្យា​យក​សំណើ​របស់​កម្មករ​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ភាគី​រោងចក្រ ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​មិន​បាន​កំណត់​ថា​នៅ​ថ្ងៃ​ណា​នោះ​ទេ។

ទន្ទឹម​គ្នា​នឹង​ការ​រង់ចាំ​លទ្ធផល​នេះ ក្រុម​កម្មករ​រោងចក្រ ជីម លី ប្រមាណ​ពីរ​ពាន់​នាក់ បាន​ប្រកាស​រួម​គ្នា​ថា នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នៅ​ខាង​មុខ​រោងចក្រ​រាល់​ថ្ងៃ រហូត​ទទួល​បាន​ដំណោះស្រាយ​ទៅ​តាម​ការ​ទាមទារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។