សមត្ថកិច្ចនគរបាលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កោះហៅប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ឲ្យបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលបន្ទាន់ និងព្រមានឲ្យបញ្ឈប់សកម្មភាពដឹកនាំបាតុកម្មតវ៉ាលើបញ្ហាផ្សេងៗ និងត្រូវអនុវត្តទៅតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅ។
ការកោះហៅនេះ ក្រោយពី លោក ប៉ាវ ស៊ីណា វិលត្រឡប់ពីដឹកនាំក្រុមកម្មករនៃរោងចក្រ ជីម លី (Ghim Li) ដាក់ញត្តិនៅរដ្ឋសភា នាថ្ងៃទី២១ វិច្ឆិកា។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ចាត់ទុកការព្រមានរូបលោកពីស្ថាប័នតុលាការ តាមរយៈសមត្ថកិច្ចមូលដ្ឋាននេះ ជាការគំរាមកំហែងរូបលោក និងបំបិទសិទ្ធិសេរីភាពរបស់កម្មកររាប់ពាន់នាក់ផ្សេងទៀត ដែលកំពុងតស៊ូមតិទាមទាររកយុត្តិធម៌ពីថៅកែរោងចក្រ ជីម លី។
លោក ប៉ាវ ស៊ីណា បញ្ជាក់ថា តាមការណែនាំរបស់មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ គឺលោកនឹងប្រឈមមុខនឹងការចាប់ខ្លួន បើមិនបញ្ឈប់សកម្មភាពរបស់លោកដូចសព្វថ្ងៃនេះទេ៖ «បន្ទាប់ពីហ្វូងកម្មករបំបែកគ្នានៅពីមុខរដ្ឋសភាជាតិហ្នឹងវេលាម៉ោង១២ ខ្ញុំត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ហៅខ្ញុំទៅជួបដោយបានបញ្ជាក់ប្រាប់ខ្ញុំ អំពីដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានដាក់ខ្ញុំឋិតក្រោមការត្រួតពិនិត្យ ទាក់ទងនឹងសំណុំរឿងនៅផ្លូវវ៉េងស្រេង ក្នុងនោះដែរគេក៏បានបញ្ជាក់ថា ខាងព្រះរាជអាជ្ញាខាងប៉ុស្តិ៍ចោមចៅ ឃ្លាំមើលគ្រប់សកម្មភាពរបស់ខ្ញុំទាំងអស់ ហើយសមត្ថកិច្ចគេបានស្នើឲ្យខ្ញុំបញ្ឈប់សកម្មភាពចូលរួមជាមួយកម្មករអីហ្នឹងបន្តទៀតទៅ ដើម្បីកុំឲ្យប្រឈមនឹងការចាប់ខ្លួនផ្សេងៗ»។
លោក ប៉ាវ ស៊ីណា ជាមេដឹកនាំកម្មករមួយរូបក្នុងចំណោមមន្ត្រីសិទ្ធិមនុស្ស និងមេដឹកនាំកម្មករផ្សេងៗទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅទៅសាកសួរ អំពីបទចោទញុះញង់បង្កឲ្យមានអំពើហិង្សានៅផ្លូវវ៉េងស្រេង និងបានចេញដីកាសម្រេចដាក់រូបលោកឲ្យឋិតនៅក្រោមការឃ្លាំមើលរបស់តុលាការចាប់តាំងពីថ្ងៃទី១២ ខែកញ្ញា រហូតមក។
មន្ត្រីនគរបាលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មួយរូប គឺលោក ជន់ វណ្ណា មានប្រសាសន៍នៅថ្ងៃទី២១ វិច្ឆិកា ថា លោកកោះហៅឈ្មោះ ប៉ាវ ស៊ីណា មកនេះ គឺឲ្យមកមើលដីកាពីតុលាការ ដែលផ្ញើមកឲ្យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានជួយសហការតាំងពីថ្ងៃទី១៤ វិច្ឆិកា មកម្ល៉េះ តែដោយសារលោករវល់ និងពិបាករកលេខទូរស័ព្ទទាក់ទងទៅ លោក ប៉ាវ ស៊ីណា ផង ទើបពន្យារដល់ថ្ងៃទី២១ វិច្ឆិកា។ លោកបន្តថា ដីកាពីតុលាការនោះបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ប៉ាវ ស៊ីណា ឋិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយជននេះត្រូវគោរពកាតព្វកិច្ចចំនួន ៨ចំណុច រួមទាំងការងារបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ក្នុងរយៈពេលមួយខែនៅសប្ដាហ៍ទី៤ រៀងរាល់ម៉ោងធ្វើការ៖ «នេះជារឿងរបស់គាត់ទេ បើគាត់បានបញ្ឈប់ក៏ល្អដែរ គាត់ក៏រួចខ្លួន ខ្ញុំក៏រួចខ្លួន»។
យ៉ាងណាក៏ដោយ លោក ប៉ាវ ស៊ីណា នៅតែរក្សាជំហរក្នុងការចូលរួមសកម្មភាពសង្គម ដោយធ្វើសកម្មភាពតស៊ូមតិតាមផ្លូវច្បាប់ជាមួយក្រុមកម្មករ ដើម្បីទាមទារសិទ្ធិ និងអត្ថប្រយោជន៍ជូនពួកគាត់ដោយសន្តិវិធីដដែល៖ «ខ្ញុំមិនបានដកខ្លួនអីទេ ព្រោះខ្ញុំមិនបានធ្វើអីខុស ខ្ញុំធ្វើទៅតាមតួនាទីជាប្រធានស្ថាប័នមួយរូប ហើយខ្ញុំដើរតាមផ្លូវច្បាប់ទាំងអស់ ពីព្រោះខ្ញុំនៅមានសិទ្ធិក្នុងការដើរហើរទៅណាមកណា។ ខ្ញុំមានសិទ្ធិចូលរួមគ្រប់សកម្មភាពរបស់កម្មករនិយោជិត អ៊ីចឹងខ្ញុំនៅតែបន្តសកម្មភាពដដែលបាទ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានដឹកនាំកម្មកររោងចក្រ ជីម លី ដែលមានទីតាំងឋិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រយៈពេល ៥ថ្ងៃមកហើយ ដោយ ៤ថ្ងៃមុននៅមុខរោងចក្រ និងថ្ងៃទី៥ បាននាំកម្មករប្រមាណ ៥០០នាក់ យកញត្តិមកដាក់ជូនតំណាងនៅមន្ទីររដ្ឋសភា ដើម្បីឲ្យអ្នកតំណាងរាស្ត្រជួយអន្តរាគមន៍រកដំណោះស្រាយ។
ការទាមទាររបស់កម្មករនោះ ពាក់ព័ន្ធនឹងការបញ្ឈប់ជាងម៉ាស៊ីនម្នាក់ ទាមទារនូវប្រាក់អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារដែលតម្រូវឲ្យអ្នកគ្រប់គ្រង អនុវត្តទៅតាមច្បាប់ការងារឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំឲ្យភាគីក្រុមហ៊ុន បញ្ឈប់ប្រធានរដ្ឋាភិបាលថ្មីមួយរូប។
លោក ប៉ាវ ស៊ីណា បញ្ជាក់ក្រោយដាក់ញត្តិ និងជួបពិភាក្សាជាមួយអ្នកតំណាងរាស្ត្រដែលមានអាសនៈក្នុងរដ្ឋសភា កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា រួចមក ពួកគាត់សន្យាយកសំណើរបស់កម្មករទៅពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការងារ និងភាគីរោងចក្រ ដើម្បីរកដំណោះស្រាយ ប៉ុន្តែមិនបានកំណត់ថានៅថ្ងៃណានោះទេ។
ទន្ទឹមគ្នានឹងការរង់ចាំលទ្ធផលនេះ ក្រុមកម្មកររោងចក្រ ជីម លី ប្រមាណពីរពាន់នាក់ បានប្រកាសរួមគ្នាថា នឹងធ្វើបាតុកម្មបន្តទៀតនៅខាងមុខរោងចក្ររាល់ថ្ងៃ រហូតទទួលបានដំណោះស្រាយទៅតាមការទាមទារនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
