ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​មួយ​សុំទោស​លោក ហ៊ុន ម៉ានិត ដែល​ថ្នាំងថ្នាក់​នឹង​បុគ្គលិក​ផ្នែក​លក់

ដោយ ជាតិ ចំណាន
2019.03.08
ហ៊ុន ម៉ានិត ២០១៧ ៦២២ លោក ហ៊ុន ម៉ានិត កូន​ប្រុស​លោក ហ៊ុន សែន ចូល​រួម​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​អ្នក​ហ៊ាន​រិះគន់​របប​ក្រុងភ្នំពេញ​និយាយ​ថា ការ​គំរាម​ក្រុមហ៊ុន​ឯកជន ពី​សំណាក់ លោក ហ៊ុន ម៉ានិត កូនប្រុស​លោក ហ៊ុន សែន គឺ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ភ័យខ្លាច និង​ចេញ​លិខិត​សុំទោស​លោក ហ៊ុន ម៉ានិត ជា​បន្ទាន់។ ការ​លើកឡើង​នេះ ក្រោយពេល​បុគ្គលិក​របស់​ក្រុមហ៊ុន​លក់​សម្ភារៈ​ឯកជន​មួយ បាន​ធ្វើ​ឱ្យ​ថ្នាំងថ្នាក់​ចិត្ត ដល់​លោក ហ៊ុន មានិត ពេល​ចូល​ទៅ​រក​ទិញ​សម្ភារៈ​កីឡា។

អ្នកវិភាគ​នយោបាយ និង​ជា​អ្នក​ហ៊ាន​រិះគន់​របប​ឯក​បក្ស​ជា​ចំហ លោក គឹម សុខ យល់ថា កុំថាឡើយ ត្រឹម​ក្រុមហ៊ុន​ឯកជន បើ​ទោះ​ជា​មន្ត្រី​ថ្នាក់​ធំ​ប៉ុណ្ណា ក៏​មិន​ហ៊ាន​បដិសេធ​មិន​សុំទោស​ត្រកូល​ហ៊ុន​ដែរ។ លោក គឹម សុខ ថា ការប្រើប្រាស់​អំណាច​ឱ្យ​គេ​ខ្លាច បែបនេះ នឹង​ជះឥទ្ធិពល​មិនល្អ នៅ​ពេល​របប​លោក ហ៊ុន សែន អស់អំណាច៖ «បើ​ត្រឹមតែ​អ្នក​រកស៊ី​នៅ​កម្ពុជា អ្នកណា​ក៏ដោយ កម្រិត​ណា​ក៏​ដោយ មិន​អាច​ហ៊ាន​ប៉ះ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន បាន​ឡើយ។ កុំថាឡើយ​ហ៊ាន​ប៉ះ​ប្រយោជន៍ សូម្បី​ត្រឹម​ប៉ះ​សំដី​គ្នា នៅ​ក្នុង​របៀប​នៃ​ការ​ជជែក​គ្នា ក៏​មិន​ហ៊ាន​ដែរ»

ការ​លើកឡើង​នេះ គឺ​ក្រោយពេល​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ឯកជន​មួយ​ឈ្មោះ ស៊ីរ៉ា ស្ពត ស៊ីស្ទែម ខេមបូឌា (SEARA Sport Systems (Cambodia)) ប្រចាំ​កម្ពុជា បាន​ចេញ​លិខិត​សុំទោស លោក ហ៊ុន ម៉ានិត ចំពោះ​ទង្វើ​មិន​សមរម្យ និង​កំហុស​ឆ្គង​ពាក្យសំដី របស់​បុគ្គលិក​ផ្នែក​លក់​មួយ​រូប។ ក្នុង​លិខិត​សុំទោស​នោះ​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា អះអាង​ថា ដើម្បី​ជាការ​សុំទោស ក្រុមហ៊ុន​នឹង​ដាក់​ពិន័យ ឬ​ត្រូវ​បញ្ឈប់​ពី​ការងារ ហើយ​ប្រធាន​ក្រុមហ៊ុន​នេះ ស្នើសុំ​ជួប​សុំទោស​ដោយ​ផ្ទាល់ ជាមួយ លោក ហ៊ុន ម៉ានិត។

លោក ហ៊ុន ម៉ានិត បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី​៤ មីនា និង​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ចែក​ផ្សាយ​បន្ត​ថា លោក​ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ម្នាក់ ដៀល​ថា ល្ងង់ ពេល​លោក​ចូល​ទៅ​រក​ឧបករណ៍​ហាត់ប្រាណ​សម្រក​គីឡូ។ ក្នុង​សារ​នោះ លោក​សរសេរ​ថា បើ​បុគ្គលិក​របៀប​នេះ ក្រុមហ៊ុន​នឹង​មាន​បញ្ហា​មិន​ខាន។ តែ​នៅ​ម៉ោង​ប្រមាណ​៤​ល្ងាច ថ្ងៃ​ដដែល លោក ហ៊ុន មានិត បង្ហោះ​សារ​មួយទៀត ដោយ​បញ្ជាក់​ថា មិន​ប្រកាន់​ខឹង​នឹង​បុគ្គលិក​ផ្នែក​លក់​នោះ​ទេ ហើយក៏​បាន​ធានា ដោយ​ស្នើ​ក្រុមហ៊ុន​មិន​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នកលក់​ម្នាក់​នោះ ដោយសារ​ការ​បង្ហោះ (Post) របស់​លោក គ្រាន់​ជា​ការ​ក្រើនរំលឹក និង​ពញ្ញាក់​ស្មារតី​ដល់​មិត្តភ័ក្ដិ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ក្រុមហ៊ុន លក់​សម្ភារៈ​កីឡា ស៊ីរ៉ា ស្ពត ស៊ីស្ទែម ខេមបូឌា បាន​ទេ នៅ​ថ្ងៃ​ទី៧ មីនា ដោយសារ ទូរស័ព្ទ​មិន​ចូល។

បើ​ទោះ​បែប​ណា អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​ថា បើ​មិនមែន​ជា​កូន​របស់​នាយករដ្ឋមន្ត្រី​ទេ គ្មាន​ក្រុមហ៊ុន​ណា ចេញ​លិខិត​សុំទោស​បែបនេះ​ទេ។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វ៉ន់ ពៅ សង្កេត​ឃើញ​ថា ករណី​អ្នកលក់​ប្រើ​សំដី ឬ​អាកប្បកិរិយា មិន​សមរម្យ​កើតឡើង​ច្រើន​ដែរ ប៉ុន្តែ​គ្មាន​ការ​ចេញ​លិខិត​សុំទោស​បែបនេះ​ទេ។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងអស់ ហ៊ាន​សុំទោស​អតិថិជន​ធម្មតា ដូច​ករណី​សុំទោស​អ្នក​មាន​អំណាច​ដែរ៖ «ខ្ញុំ​សង្កេតឃើញ​មិនដែល​ឃើញ​មាន​នរណា​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ​អ្វី​ទេ ក្រៅពី​អ្នកធំ។ អាហ្នឹង បង្ហាញ​ថា នៅ​ស្រុក​ខ្មែរ​យើង បើ​សិន​មិនមែន​ជា​អ្នកធំ​អ្វី​ទេ គេ​មិន​យកចិត្តទុកដាក់​ទេ។ អ្នក​ដែល​ផ្ដល់​សេវា តែ​ចំពោះ​អ្នកធំ គេ​ខ្វល់​យកចិត្តទុកដាក់»

លោក គឹម សុខ ថា បើ​ក្រុមហ៊ុន​ឯកជន មិន​ធ្វើតាម​បែបនេះ​ទេ ក្រុមហ៊ុន​នោះ មិន​ត្រឹមតែ​ឈរជើង​មិន​បាន​ទេ ម្ចាស់​ក្រុមហ៊ុន​នោះ មិន​អាច​រស់នៅ​បាន​សុខ​ទេ។ លោក គឹម សុខ អះអាង​ថា នៅ​កម្ពុជា អំណាច​របស់​គ្រួសារ លោក ហ៊ុន សែន មិន​មែនមាន​ត្រឹមតែ​កូនបង្កើត​ទេ សូម្បី​សាច់ញាតិ និង​អ្នកក្រោមបង្គាប់ ជិតស្និទ្ធ​នឹង​គ្រួសារ ត្រកូល ហ៊ុន ក៏​មាន​អំណាច​ប្រហាក់ប្រហែល​គ្នា អាច​ឱ្យ​ធ្វើ​ឱ្យ​ពលរដ្ឋ ឬ​អ្នក​រកស៊ី​សាមញ្ញ រស់នៅ មិនបាន​សុខ​ដែរ។

ករណី​ជាក់ស្ដែង កន្លង​មក ក្មួយប្រុស​បង្កើត​២​នាក់ របស់​លោក ហ៊ុន សែន ខាង​ឪពុក គឺ លោក ហ៊ុន តូ និង លោក ហ៊ុន ជា បាន​បាញ់រះ ឡើងលើ និង​បង្ក​របួស​ស្នាម មិនដែល​ជាប់​ពន្ធនាគារ​យូរ​ទេ និង​ទាល់​តែ​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ទើប​សមត្ថកិច្ច​ហ៊ាន​ចាប់។ ចំណែក សាច់ញាតិ​ខាង​ម្ដាយ គឺ លោក ឌី ចូច មិន​មាន​អង្គភាព​ណា​ហ៊ាន​ស៊ើបអង្កេត​ទេ បើ​ទោះ​ធ្លាប់​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុសច្បាប់ និង អ្នកស្រី ឌី ប្រឹម ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​វិញ​នៅ​ឆ្នាំ​២០១៣ ក្រោយ​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ​ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ​កន្លះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។