របប​ភ្នំពេញ​ចោទ​សកម្មជន​បក្ស​ប្រឆាំង​៣​នាក់​ទៀត នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​ពី​បទ​រួមគំនិត​ក្បត់

ដោយ ហេង រស្មី
2019-10-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​ខេត្ត​កំពង់ចាម។ រូបថត​ខែ​កក្កដា ឆ្នាំ​២០១៧។
សាលាដំបូង​ខេត្ត​កំពង់ចាម។ រូបថត​ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

របប​ក្រុងភ្នំពេញ​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​បន្ថែម​ទៀត នៅ​ខេត្ត​ត្បូងឃ្មុំ ពី​បទ​រួមគំនិត​ក្បត់ ដោយសារតែ​អ្នក​ទាំងនោះ បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុកថា ចំណាត់ការ​របស់​របប​លោក ហ៊ុន សែន បែបនេះ ធ្វើ​ឱ្យ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស កាន់តែ​អាក្រក់។

សកម្មជន​គណបក្សប្រឆាំង​បី​នាក់​ទៀត នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បង្ខំចិត្ត​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព ក្រោយពី​របប​ក្រុងភ្នំពេញ​ចោទ​ប្រកាន់​ថា បាន​ចូលរួម​សកម្មភាព ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ឯក​បក្ស​របស់លោក ហ៊ុន សែន ដោយសារ​ពួកគាត់​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​វិញ​នោះ​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី៤ តុលា បាន​ចោទប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នោះ ពី​ប​ទ «រួម​គំនិត​​ក្បត់»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​នាក់​នោះ​រួមមាន លោក ស៊ឹម ស៊ាងឡេង ហៅ វេង លោកស្រី យ៉ែម វណ្ណ​ណែ​ត និង​លោកស្រី មាន ឡា ។​

ឪពុក​លោកស្រី យ៉ែម វណ្ណ​ណែ​ត លោក អ៊ុំ យ៉េត ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​កាលពី​ឆ្នាំ​២០១៧ កូនស្រី​របស់​លោក ឈប់​ធ្វើជា​សកម្មភាព​នយោបាយ ហើយ​មក​ប្រកបមុខរបរ​ទិញ​សំលៀកបំពាក់​ពី​ប្រទេស​ថៃ​មក​មក​លក់ មិន​ដែល​មាន​សកម្មភាព​ណាមួយ​ទាក់ទង​ជាមួយ​គណបក្ស​​​សង្គ្រោះ​​ជាតិ​ទៀត​ទេ​។ លោក​បញ្ជាក់​ថា តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់​នេះ ហាក់បីដូច​ជា​មាន​សភា​ព​ធ្ងន់ធ្ងរ​ពេក​៖ «អាហ្នឹង​ហាក់បីដូចជា​អយុត្តិធម៌​​មក​លើ​ក្រុម​គ្រួសារ​ខ្មុំណាស់។ អ៊ីចឹង​សូម​រាជរដ្ឋាភិបាល​និង​ថ្នាក់​ជាតិ អន្តរជាតិ​ពិនិត្យ​ជាក់ស្ដែង​មើល ថា​តើ​អ៊ីចឹង​មែន ឬ​អត់​ ពីព្រោះ​កូន​ខ្ញុំ​អត់​ធ្វើ​អី​ទេ អត់​មាន​កំហុស​អ្វី​ទៅ​រួមចំណែក​ធ្វើ​អី​ទៀត​ទេ​។​ ទៅ​ទិញ​ខោ​អាវ​សោះ​ ស្រាប់​តែ​មាន​បញ្ហា​ថា ​កូន​ខ្ញុំ​ចូលរួម​ក្បត់ជាតិ​អីចឹង។​ ខ្ញុំ​ដូចជា​ហួសចិត្ត​ដែរ​»​

ទោះជា​យ៉ាង​នេះ​ក្តី តុលាការ​ខេត្ត​ត្បូងឃ្មុំ បាន​លើក​ហេតុផល​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​បី​នាក់ និង​មនុស្ស​មួយ​​​​​​​​​​​​​​​ចំនួន​ទៀត បាន​កៀរគរ​បំផុស​ប្រជាពលរដ្ឋ និង​មាន​ផែនការ​ដឹកនាំ​ក្រុម​របស់​ខ្លួន​ធ្វើដំណើរ​មក​ក្រុងភ្នំពេញ​ ដើម្បី​ចាំ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខនេះ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត ចាត់ទុកថា សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ ចំពោះ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ត្រូវ​រឹតត្បិត​យ៉ាង​ខ្លាំង ដោយសារតែ​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ក្រោយ​ពេល​លោក សម រង្ស៊ី ​ប្រកាស​វិល​ចូល​កម្ពុជា​វិញ៖ «អ៊ីចឹង​រឿង​ផ្សេងៗ​ ទៀត​ ដែល​កើត​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​នោះ​ គឺ​ចេញ​សេចក្ដី​ថ្លែង​ការណី​ដូចៗ ​គ្នា​​អ៊ីចឹង​។ ​នេះ​ជា​ការ​មួយ​ ដែល​មាន​ការ​យក​​គំរូ​​តាម​​គ្នា​។​ អ៊ីចឹ​ង​យើង​ជា​ប្រទេស​អ្នក​កាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ​យើង​គូ ណាស់​ទៅយក​បញ្ហា​ច្បាប់​ជាធំ ហើយ​ធ្វើ​យ៉ាងណា​គឺ​គោរព​នូវ​គោលការណ៍​ការពារ​សិទ្ធិ ការ​គោរព​សិទ្ធិមនុស្ស​ ហើយ​ការ​គោរព​ច្បាប់ ​វា​ត្រូវតែ​ធ្វើ​ទៅ​តា​មបែប​បទ​នៃ​គតិយុទ្ធ​​ ដោយ​​មិន​​យក​​ហេតុផល​​នយោបាយ យក​​មក​​ជា​ធំ​​ជាង​ការ​អនុវត្ត​​ច្បាប់​​ទេ»

តុលាការ​ខេត្ត​ត្បូងឃ្មុំ ជា​តុលាការ​ខេត្ត​ទី​បួន​ហើយ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​នេះ ដែល​បាន​ចោទប្រកាន់​លើ​សកម្មជន​បក​ប្រឆាំង​ជា​បន្តបន្ទាប់​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ទាំងនេះ​ហាក់ដូចជា​បាន​ចំលង​គ្នា​ទៅវិញទៅមក ក្នុង​ចេញ​ដីកា​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង។

គិត​ត្រឹម​ថ្ងៃទី៤ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣០​នាក់​ហើយ ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ និង​មាន​សកម្មជន​ចំនួន​១៦៨​នាក់​ផ្សេងទៀត ត្រូវ​តុលា​ការ​ចេញ​ដីកា​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ សកម្មជន​បក្ស​ប្រឆាំង​ជាច្រើន​នាក់ បាន​រត់​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​គេច​ចេញ​ពី​ការ​តាម​យាយី និង​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល