មេដឹកនាំរបបក្រុងភ្នំពេញប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកនៅតែប្រារព្ធឡើងជាធម្មតាសម្រាប់ ឆ្នាំ២០១៩នេះ ទោះបីជាកម្រិតទន្លេនៅសល់ត្រឹម១ម៉ែត្រ និងចំពេលដែលប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិប្រកាសថា វិលចូលកម្ពុជាវិញក៏ដោយ។ លោកបញ្ជាក់ថា ការបន្តរៀបចំបុណ្យអុំទូកនេះ គឺដើម្បីចង់ឈ្នះចិត្តលោក សម រង្ស៊ី៖ «ខ្ញុំសូមបញ្ជាក់ថា កាលមុនទឹកធំពេកក៏យើងមិនអុំ ទឹកតូច ពេកក៏យើងមិនអុំ ប៉ុន្តែឆ្នាំនេះ បើទោះបីជាទឹកនៅតែ១ម៉ែត្រ ក៏ត្រូវតែអុំដែរ ព្រោះខ្ញុំក៏ចង់ស្គាល់ រសជាតិរបស់ដែលហៅថា " មកផ្ដួលរំលំ ហ៊ុន សែន " នៅថ្ងៃទី០៩ ( វិច្ឆិកា )" ព្រោះយើង ថ្ងៃទី១០ - ១១ - ១២ យើងអុំទូក បើយើងមិនអុំទូក វាថាយើងហ្នឹងចាញ់»។
កម្ពុជាធ្លាប់ខកខានមិនបានប្រារព្ធព្រះរាជពិធីបុណ្យមួយនេះរយៈពេល ៣ឆ្នាំជាប់ៗ គ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឲ្យមនុស្សជាង៣៥០នាក់ស្លាប់ និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។
ក្នុងឆ្នាំ២០១៤ ពិធីបុណ្យបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាបានឡើងកម្ដៅ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការផ្អាកប្រារព្ធពិធីនេះគឺដោយសារកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។