លោក ហ៊ុន សែន មេដឹកនាំ របបក្រុងភ្នំពេញ បានចូលរួមសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយអាគាររលំបាក់សង្កត់លើ។ លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃសៅរ៍ ទី២២ មិថុនា ថា ករណីនេះកើតឡើងដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។
លោកថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុងពេលដែលលោកចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ នៅថ្ងៃទី២២ មិថុនា។
លោក ហ៊ុន សែន បានសរសេរ អះអាងទៀតថា លោកបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋជាបន្ទាន់។
លោកថា ទោះបីជាលោក ជាប់ប្រជុំក៏ដោយ ក៏ខ្ញុំនៅតែតាមដាននូវដំណើរការរុករកជនរងគ្រោះ និងសង្គ្រោះ ដែលត្រូវធ្វើទាំងយប់។
គេហទំព័រ អគ្គស្នងការនគរបាលជាតិ ចុះផ្សាយថារហូតដល់រសៀលថ្ងៃទី២២ ខែមិថុនា មានជនរងគ្រោះមួយចំនួនទៀតដែលនៅមានជីវិតនៅឡើយ ហើយត្រូវបានក្រុមសង្គ្រោះ ជួយទាញយកចេញបានពីគំនរអគារបាក់បែក និងកំពុងបន្តរុករកអ្នកមានជីវិតបន្តទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មកចុះផ្សាយដែរថា គិតត្រឹមម៉ោងជាង១២ រំលងអាធ្រាត្រ ចូលថ្ងៃទី២៣ មិថុនា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥នាក់ហើយ ចំណែកអ្នករងរបួសមាន ២៥នាក់ដែលក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។
គេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងទៀតថា ដោយសារតែប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តគេមិនទាន់ដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀត ដែលនៅជាប់ក្នុងគំនរអាគារបាក់បែកនោះទេ ។ ក្រុមមន្ត្រីមានសមត្ថកិច្ច ថ្លែងថា បើទោះជាមានកម្លាំងចម្រុះរាប់រយនាក់ជួយអន្តរាគមន៍បែបណាក៏ដោយ ក៏ការកាយគំនរឥដ្ឋបាក់បែក មានជួបការលំបាកដោយធ្វើមិនបានលឿន។ តាមការសន្និដ្ឋានរបស់ពួកគេ ថា អាចប្រើពេលយ៉ាងតិច២ថ្ងៃទើបអាចបញ្ចប់។
ភ្លាមៗក្រោយហេតុការណ៍នោះកើតឡើង សមត្ថកិច្ច បានឃាត់ខ្លួន មនុស្ស ៤នាក់ ក្នុងមានជនជាតិចិនផង ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងរឿងនេះ ដើម្បីសាកសួរបន្ថែម ហើយសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការស៊ើបអង្កេត ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការរលំបាក់អគារនេះ៕