លោក ស ខេង រិះគន់​ការ​ចាប់​ជនល្មើស​តែ​៦​នាក់​មិន​សម​នឹង​ទំនិញ​ខូច​គុណភាព​រឹប​អូស​បាន

ដោយ មាន ឫទ្ធិ
2018-04-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​២០១៨។
លោក មៀច សុផាន់ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ នៅ​ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​២០១៨។
Photo screenshot

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​រិះគន់​មន្ត្រី​នគរបាល​ជាតិ ដែល​ចាប់​បាន​ជនល្មើស ៦​នាក់ ប៉ុន្តែ​រឹបអូស​បាន​ផលិតផល​ខូចគុណភាព​រាប់សិប​តោន។ លោក ស ខេង ថា ការ​ចាប់​បាន​ជនល្មើស​បាន​តិចតួច​នេះ មិន​ស៊ី​សង្វាក់​ទៅ​នឹង​វត្ថុ​តាង​ដែល​រឹបអូស​បាន។

ការ​ប្រតិកម្ម​របស់ លោក ស ខេង ធ្វើឡើង​នៅ​ក្នុង​ពិធី​កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ៦០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៣ មេសា។ នៅ​ចំពោះ​មុខ ឯកអគ្គរាជទូត​ជប៉ុន និង​ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​កម្ពុជា លោក ស ខេង មិន​បាន​ស្ដីបន្ទោស​អ្នកលក់​គ្រឿង​សំអាង ឬ​អ្នកលក់​ផលិតផល​ខូចគុណភាព ទ្រង់ទ្រាយ​តូច តាម​ផ្ទះ ឬ​តាម​តូប​ទេ ដោយ​លោក​អះអាង​ថា អ្នកលក់​ទាំងនោះ ក៏​ជា​ជនរងគ្រោះ​ដែរ។ ប៉ុន្តែ អ្នក​ដែល​ល្មើសច្បាប់ គួរតែ​ជា​អ្នក​ផលិត។ «»

គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ ចុះផ្សាយ​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧ សមត្ថកិច្ច បង្ក្រាប​បទល្មើស​នាំចូល ស្តុក​ទុក និង​ចែកចាយ​សារ​ធាតុគីមី​ខុសច្បាប់ កែច្នៃ និង​ចែកចាយ​ផលិតផល ពី​សាច់​សត្វ​ដោយ​ខុសច្បាប់ ផលិត ការ​កែច្នៃ​គ្មាន​ស្តង់ដារ និង​គ្មាន​អនាម័យ សរុប​ចំនួន ៥៩៧.៥តោន ឃាត់ខ្លួន​មនុស្ស​ចំនួន ០៦​នាក់ បញ្ជូន​ទៅកាន់​តុលាការ។

ចំណែក​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ត្រូវ​បាន​យក​មក​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​០៣ មេសា​នេះ ជា​ផលិតផល​ខូចគុណភាព​ដែល​សមត្ថកិច្ច បង្ក្រាប និង រឹបអូស​ពី​ជនល្មើស កាលពី ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៧ មាន​ចំនួន​ជាង ៦០​តោន។ កាលណោះ សមត្ថកិច្ច​រឹបអូស​ពី​ជនល្មើស ចំនួន ០៣ ទីតាំង គឺ​ក្នុង​រាជធានី​ភ្នំពេញ ០១ ទីតាំង និង​ខេត្ត​កណ្តាល ចំនួន ០២ ទីតាំង ដោយ​អនុវត្ត​តាម​ការ​បង្គាប់​របស់​តុលាការ។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក មៀច សុផាន់ណា ដោយ​លើកឡើង​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​តាម​នីតិវិធី រហូត​ទទួល​បាន​ការសម្រេច​ពី​តុលាការ ផ្ដន្ទាទោស​ជនល្មើស​ចំនួន ០៣ នាក់ ដោយ​ម្នាក់ៗ ជាប់ពន្ធនាគារ ០១ ឆ្នាំ និង​សម្រេច​រឹបអូស​វត្ថុ​តាង ម៉ាស៊ីន​ផលិត​ចំនួន​ជាច្រើន​គ្រឿង និង​រថយន្ត ០១​គ្រឿង ជា​សម្បត្តិ​រដ្ឋ។

តុលាការ​ក៏បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច ធ្វើការ​កម្ទេច​ចោល​វត្ថុ​តាង​គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ជាង ៦០​តោន ដែល​ចាប់​បាន ពី​ព្រោះ​ថា វត្ថុ​តាង​ទាំងអស់​នេះ បញ្ជាក់​ថា វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់​យ៉ាង​ធ្ងន់ធ្ងរ។ ផលិតផល​គ្រឿងសម្អាង​ក្លែងក្លាយ ខុសច្បាប់ ចម្រុះ​ជាច្រើន​មុខ ដែល​ត្រូវ​​បាន​កម្ទេច​ចោល មាន​ដូចជា ថ្នាំ​លាប​សក់ ថ្នាំ​អប់​សក់ សាប៊ូ​លាងមុខ សាប៊ូ​កក់​សក់ ម្សៅ​លាបមុខ ឡេ​លាប​ស្បែក ក្រេម​លាប​មាត់ ស្ព្រៃយ៍​បាញ់​សក់ ទឹកអប់ ជាដើម សរុប​ចំនួន​ជាង ៦០តោន។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការរិះគន់​របស់​លោក ស ខេង ជា​រឿង​ត្រឹមត្រូវ​។ សង្គម​ស៊ីវិល​ផ្ដល់​ទស្សនៈ​ថា ការ​ចាប់​ជនល្មើស​មិន​សាក​សម នឹង​វត្ថុ​តាង ដោយសារ​តែ​មាន​អំពើពុករលួយ។ លោក សន ជ័យ យល់​ថា ប្រសិនបើ​ស្ថានភាព​ភាព​អំពើពុករលួយ​នៅ​តែ​មាន ការ​បង្ក្រាប​មេ​ក្លោង​ផលិតផល​ខុសច្បាប់ នៅតែ​មិន​មាន​តម្លាភាព។ «»

លោក ស ខេង ឲ្យ​ដឹង​ថា គ្រឿងសម្អាង​ជាង ១០០​តោន ដែល​ត្រូវ​កម្ទេច​ចោល​នេះ គ្រាន់តែ​ជា​ចំណែក​មួយ ដែល​តុលាការ​បាន​បញ្ចប់​នីតិវិធី ហើយ​បាន​អនុញ្ញាត​ឲ្យ​កម្ទេច​ចោល​តែប៉ុណ្ណោះ នៅ​មាន​ផលិតផល​ក្លែងក្លាយ​រាប់​រយ​តោន​ទៀត ដែល​បង្ក្រាប​បាន ហើយ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ។ រាល់​ផលិតផល​ក្លែងក្លាយ​ទាំងអស់ អាច​នឹង​ត្រូវ​ធ្វើ​ការ​កម្ទេច​ចោល​ជា​បន្តបន្ទាប់​ទៀត នៅ​ពេល​ការ​ជំនុំជម្រះ​នៅ​តុលាការ​រួចរាល់​ជា​ស្ថាពរ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

if no one volunteer take Ta S.Kheng to monkeyhouse...is he?

If,Ta S.Kheng said;caught only 6 people is not enough in prison,why he didn't arrest or additional more comrade Hun Sen's family and other to complete his orders...can u do it sir?

Apr 08, 2018 04:48 PM

គេហទំព័រ​ទាំងមូល