ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី​ស្នើ​ឱ្យ​រដ្ឋ​ការពារ​សុវត្ថិភាព​ដីធ្លី

ដោយ ជីវិតា
2020-08-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ថ្ងៃ​ទី៩ សីហា ២០២០។
ទិដ្ឋភាព​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ថ្ងៃ​ទី៩ សីហា ២០២០។
Photo Provided

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី បាន​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក លើក​ទី២៦ និង​លើក​ទី១៦ នៅ​កម្ពុជា ចំនួន ៤៦​ទីតាំង​ផ្សេងៗ​គ្នា ទូទាំង ៥​ស្រុក ក្រោម​ប្រធានបទ ស្នើ​ឱ្យ​រដ្ឋាភិបាល ការពារ​សុវត្ថិភាព​ភាព​ដីធ្លី។ ការ​ប្រារព្ធ​ទិវា​នេះ ពួកគេ​មិន​បាន​ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច លោក គ្រើង តុលា ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី៩ ខែ​សីហា ថា ក្នុងចំណោម ៤៦​ទីតាំង ដែល​ពួកគេ​ប្រារព្ធ​ទិវា​នេះ មាន ៤​ទីតាំង ដែល​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន ធ្វើ​ពិធី​សែន​ព្រេន រាំ ប្រគុំ​តន្ត្រី និង​ច្រៀង​ភាសា​ជនជាតិ​ដើម​ភាគតិច​ជាដើម​។ លោក​ថា អាជ្ញាធរ​មិនបាន រារាំង​ពួកគេ​មិន​ឱ្យ​ប្រារព្ធ​ទិវា​នេះ​ទេ ដោយ​គ្រាន់តែ​ផ្ដល់​ដំណឹង ហាម​មិន​ឱ្យ​ពលរដ្ឋ​ជួបជុំ​គ្នា​ច្រើន ក្រោម​ហេតុផល ទប់ស្កាត់​ជំងឺ​កូវីដ១៩។

លោក គ្រើង តុលា ថា បន្ថែម​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល ការពារ​សុវត្ថិភាព​ដីធ្លី ជា​ប្រធានបទ​សំខាន់ ព្រោះ​ការរំលោភ​ដីធ្លី និង ភាព​យឺតយ៉ាវ ការចុះបញ្ជី​ដី​សមូហភាព ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ មិនទាន់​ដោះស្រាយ​ឱ្យ​ដាច់​ស្រឡះ ជាច្រើន​ឆ្នាំ​មក​ហើយ​។ លោក​ថា ប្រការ​នេះ បាន​ផ្តល់​ឱកាស ឱ្យ​អ្នក​មាន​អំណាច រំលោភ​ដី​សហគមន៍ និង​បំពាន​ដី​ព្រៃ​អភិរក្ស រាប់ពាន់​ហិកតារ ប៉ះពាល់ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ធ្ងន់ធ្ងរ​៖ «ចំពោះ​ការ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច យើង​ឃើញ​ថា មាន​ច្បាប់​ហូរហែ និង​លើកទឹកចិត្ត ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន នៅតែ​មាន​ការ​គៀប​សង្កត់ មាន​ការ​រារាំង និង​បំភិតបំភ័យ គំរាមកំហែង​ធ្ងន់»

លោក គ្រើង តុលា បន្ថែម​ថា ជនជាតិដើម​ភាគតិច​ជាច្រើន​នាក់ បាន​ស្លៀកពាក់​ប្រពៃណី ជួបជុំគ្នា​នៅ​ឃុំ​ប៊ូស្រា ឃុំ​ដាក់ដាំ និង​ស្រុក​កោះ​ញែក បង្ហាញ​ទស្សនាទាន ក្នុង​បដា ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី សម្ដែង​ឆន្ទៈ​ជាក់លាក់ ការពារ​សិទ្ធិ​ដីធ្លី ធនធានធម្មជាតិ ប្រពៃណី​វប្បធម៌ ជនជាតិ​ដើម​ភាគតិច ដែល​កំពុង​រង​ការ​រំលោភបំពាន​ខ្លាំងក្លា ពី​សំណាក់​បុគ្គល​មានអំណាច ជាពិសេស មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល។

ទិដ្ឋភាព​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ថ្ងៃ​ទី៩ សីហា ២០២០។
ទិដ្ឋភាព​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ នៅ​ថ្ងៃ​ទី៩ សីហា ២០២០។ Photo Provided

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ខេត្ត​មណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ មើល​ឃើញ​ថា ការរំលោភ​ដីធ្លី គឺជា​ក្តី​កង្វល់​យ៉ាងខ្លាំង ដែល​ជនជាតិ​ដើម​ភាគតិច​គ្រប់​តំបន់ រង​ផល​ប៉ះពាល់ និង​ប៉ះទង្គិច​ជាមួយ បុគ្គល​មានអំណាច និង​មន្ត្រីរាជការ រំលោភ​សិទ្ធិ​ពួកគេ​។ ហេតុនេះ ពួកគេ​ចង់​ឱ្យ​រដ្ឋាភិបាល បង្ហាញ​ជំហរ​ច្បាស់លាស់ ការពារ​សុវត្ថិភាព​ដីធ្លី ការពារ​ព្រៃ​អភិរក្ស និង​ព្រៃ​របស់​រដ្ឋ ដែល​កំពុង​ទទួលរង​ការ​បំពារបំពាន​៖ «ដូចជា​នៅ​អូររាំង​មាន​ភ្នំ ប្រវត្តិសាស្ត្រ ត្រូវ​បាន​ទិញ​លក់​អ៊ីចឹង​។ ប្រពៃណី​វប្បធម៌​ពួក​ខ្ញុំ តំបន់​អារក្ស តំបន់​កប់ខ្មោច គេ​ធ្វើ​ព្រលាន​យន្តហោះ​ថ្មីៗ មានការ​ទន្ទ្រាន​ដី​កប់ខ្មោច​ដែរ​។ យើង​ឃើញ​ថា សុវត្ថិភាព​ដីធ្លី សម្រាប់ ២ ឆ្នាំនេះ ពិបាក​មែនទែន យើង​គិត​ថា យើង​យក​ប្រធានបទ​នេះ វា​ស្រប​ខាង​ក្រសួង គណៈកម្មការ​រាស់​វែង​ដីធ្លី​គេ​ធ្វើ​ឆ្នាំ​នេះ​ដែរ»

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​បាន​ហាមឃាត់​ការ​ប្រារព្ធ​ទិវា របស់​ជនជាតិភាគតិច​នោះ​ទេ លើកលែង​ពលរដ្ឋ​ធ្វើ​អ្វី​ខុស​ពី គោលការណ៍​របស់​រដ្ឋាភិបាល និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​។ លោក​ថា ស្ទើរ​ជា​រៀងរាល់​ឆ្នាំ អាជ្ញាធរ​ខេត្ត​តែង​ចូលរួម គាំទ្រ​ការ​ប្រារព្ធ​ទិវា​នេះ៖ «បើ​ធ្វើ​ប្រារព្ធ​ទៅតាម​ច្បាប់ និង​តាម​គោលការណ៍ ពុំ​មាន​អ្វី​ត្រូវ​ហាមឃាត់​ទេ លុះត្រាតែ​ធ្វើ​អ្វី​ខុស​ពី​មុន​។ ខុស​ពី​រដ្ឋាភិបាល បាន​ណែនាំ ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ណែនាំ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី សង្កេត​ឃើញ​ថា ពលរដ្ឋ​លើក​យក​ប្រធានបទ ការពារ​សុវត្ថិភាព​ដីធ្លី គឺជា​ចំណុច​រស៊ើប​មួយ ដែល​រដ្ឋាភិបាល គួរតែ​ពង្រឹង​សមត្ថភាព​ដោះស្រាយ ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ជម្លោះដីធ្លី នៅតែ​កើតមាន​ច្រើន ដោះស្រាយ​មិន​ចេញ ប៉ះពាល់​ជីវភាព ប្រព័ន្ធ​សេដ្ឋកិច្ច និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច ជា​ប្រព័ន្ធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល