ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ថា មន្ត្រីរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ មីនា បានទទួលយកលិខិតស្នើសុំរបស់សហព័ន្ធ។ លិខិតនោះ គឺ សហព័ន្ធសហជីព និងគ្រួសារសព លោក រ៉ុង បញ្ញា ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជួយអន្តរាគមន៍ស៊ើបអង្កេត ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ មន្ត្រីសហជីព លោក រ៉ុង បញ្ញា។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ថា មន្ត្រីរដ្ឋបាលគ្រាន់តែទទួលយកលិខិត ប៉ុន្តែមិនបានប្រាប់ថា នឹងឆ្លើយតបលិខិតវិញ នៅពេលណាទេ៖ «យើងចង់បានភាពត្រឹមត្រូវ។ យើងមិនទៅចង់បានអ្វីហួសហេតុទេ។ និយាយឱ្យចំទៅ យើងគ្រាន់តែចង់បានភាពយុត្តិធម៌ ភាពត្រឹមត្រូវ ដើម្បីឱ្យយើងជាក្រុមគ្រួសារ ឬក្រុមការងារហ្នឹង ទទួលយកបាននូវអ្វីដែលជាការកើតហេតុពិតប្រាកដ នៃការគ្រោះថ្នាក់ហ្នឹង»។
ការដាក់លិខិតទៅក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពេល សហព័ន្ធសហជីពកម្ពុជា និងគ្រួសារសពលោក រ៉ុង បញ្ញា សង្ស័យលទ្ធផលសន្និដ្ឋានរបស់មន្ត្រីប៉ូលិសនៅកន្លែងកើតហេតុ។
លោក រ៉ុង បញ្ញា ជាមន្ត្រីសហជីពនៃសហព័ន្ធសហជីពកម្ពុជា និងជាក្មួយប្រុសរបស់ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។ លោក រ៉ុង បញ្ញា ទទួលមរណភាព នៅព្រឹកថ្ងៃទី៩ មីនា ក្នុងពេលលោក បើកម៉ូតូ ធ្វើដំណើរ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៧ ទៅ៧៨ នៅភូមិត្រពាំងស្ដុកគ្រូ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកភ្ញៀវទេសចរណ៍របស់ក្រុមហ៊ុនឯកជន ឈ្មោះ ប៊ីអេស (BS)។ បន្ទាប់គ្រោះថ្នាក់ចរាចរណ៍នោះ អាជ្ញាធរ អះអាងថា អ្នកបើកបរឡាន បានរត់បាត់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្គ មិនទទួលទូរស័ព្ទ អាស៊ីសេរី នៅថ្ងៃទី២០ មីនា។ ប៉ុន្តែមន្ត្រីប៉ូលិសស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលចុះទៅពិនិត្យ ទីតាំងកើតហេតុ ពេលមានគ្រោះថ្នាក់ លោក ង៉ុយ ធុល ធ្លាប់ប្រាប់អាស៊ីសេរី ថា តាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ គឺ ភាគីខាងម៉ូតូរំលោភផ្លូវរបស់រថយន្ត។ ប៉ុន្តែ របាយការណ៍ និងការសន្និដ្ឋានបែបណានោះ គឺបានបញ្ជូនទៅមន្ត្រីចរាចរណ៍ខេត្តកំពង់ស្ពឺ អស់ហើយ។
ប្អូនប្រុសរបស់សព លោក រ៉ុង បញ្ញា គឺ លោក រ៉ុង វិជ្ជា ប្រាប់ថា គ្រួសារក៏មានមន្ទិលសង្ស័យនៃការស្លាប់នេះដែរ ហើយបានប្រគល់សិទ្ធិដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅខាងសហព័ន្ធសហជីព។ ចំណែកក្រុមគ្រួសារកំពុងរកមេធាវី ដើម្បីរៀបចំឯកសារ ដាក់ពាក្យប្ដឹង ទៅតំណាងអយ្យការអមតុលាការដំបូងខេត្តកំពង់ស្ពឺ។
សហជីព និងគ្រួសាររបស់សព ថា ករណីនេះ មានភាពសង្ស័យច្រើន ព្រោះសមត្ថកិច្ច អះអាងថា តៃកុងឡាន ដឹកភ្ញៀវទេសចរណ៍ នៃក្រុមហ៊ុន ប៊ីអេស (BS) ព្យាយាមចាប់ហ្វ្រាំង ពេលកើតហេតុ ប៉ុន្តែសពរបស់មន្ត្រីសហជីព លោក រ៉ុង បញ្ញា រងការបុកខ្ទាតចេញពីកន្លែងកើតហេតុប្រវែង៣៩ម៉ែត្រ។ ចំណែករបាយការណ៍របស់មន្ត្រីប៉ូលិសស្រុកភ្នំស្រួច អះអាងឃើញ ថា ម៉ូតូរបស់មន្ត្រីសហជីពបានរំលោភចូលផ្លូវរថយន្ត និងប្រាប់ថា សំណុំរឿងនេះ ត្រូវបញ្ជូនទៅថ្នាក់ខេត្តហើយ ខណៈមន្ត្រីប៉ូលិសថ្នាក់ខេត្ត មិនផ្ដល់ព័ត៌មានលំអិតទេ។
កាលពីឆ្នាំ២០១២ យុវជន រ៉ុង បញ្ញា ធ្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ វាយបែកក្បាលហូរឈាមពេញមុខម្ដង និងត្រូវចាប់ខ្លួន ទៅស្នងការរាជធានីភ្នំពេញ នៅពេលលោក ចូលរួម ជាមួយកម្មកររោងចក្រប៉ៃយ៉ាង នៅឃុំបែកចាន ស្រុកអង្គស្នួល ដាក់ញត្តិសុំដំណោះស្រាយ នៅខុទ្ទកាល័យ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។ លោកត្រូវបានសមត្ថកិច្ចដោះលែង នៅម៉ោងប្រមាណ១២យប់ នៅពេលកម្មករជាច្រើននាក់ ប្រមូលផ្ដុំ នៅមុខស្នងការនគរបាលជាតិ ទាមទារឱ្យដោះលែង លោក រ៉ុង បញ្ញា។ លោកត្រូវបានដោះលែងបន្ទាប់ពីត្រូវបង្ខំឱ្យធ្វើកិច្ចសន្យាទទួលស្គាល់កំហុស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
