ព្រះសង្ឃ និងគណៈកម្មការវត្តលើ ស្ថិតនៅក្នុងជ្រលងភ្នំចំនួន៣ នៃស្រុកកំពង់ត្រាច ប្រាប់ថា អាជ្ញាធរខេត្តកំពត តែងតែចុះហាមព្រះសង្ឃ និងពុទ្ធបរិស័ទ មិនឲ្យបន្តកសាងវត្តរាល់ពេល ដោយប្រាប់ថា ដីវត្ត និងភ្នំ ស្ថិតក្នុងគម្រោង ដែលរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនឯកជនផលិតស៊ីម៉ងត៍។ អាជ្ញាធរធម្មការខេត្តកំពត ប្រាប់ថា នឹងចុះទៅពិនិត្យមើលករណីនេះ។
សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរកាត់ដីមួយផ្នែកចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ប្រគល់ឲ្យគណៈកម្មការវត្ត ដើម្បីកសាងជាវត្តអារាម និងរមណីយដ្ឋាន តាមការចង់បានរបស់ពលរដ្ឋ។
ព្រះចៅអធិការ និងគណៈកម្មការវត្តបទុមគិរីព័ទ្ធ ហៅវត្តលើ ស្នើសុំឲ្យអាជ្ញាធរខេត្តកំពត ដោះស្រាយវិវាទដីវត្ត ដើម្បីអាចឲ្យពុទ្ធបរិស័ទ ចូលមកធ្វើបុណ្យ និងអភិវឌ្ឍន៍ជារមណីយដ្ឋាន តាមការសម្រេចរបស់អាជ្ញាធរនាពេលកន្លងមក ព្រោះអាជ្ញាធរមួយរយៈចុងក្រោយនេះ បានបំបិទសិទ្ធិពុទ្ធបរិស័ទមិនឲ្យធ្វើបុណ្យកសាងវត្តឡើយ។
ព្រះចៅអធិការវត្តបទុមគិរីព័ទ្ធ ព្រះភិក្ខុ ម៉ៅ សុធារ៉ា ឲ្យដឹងថា អាជ្ញាធរតែងចុះទៅឃាត់ ពុទ្ធបរិស័ទមិនឲ្យសាងសង់កុដិ ឬព្រះវិហារថ្មឡើយ។ ព្រះអង្គថា កាលពីថ្ងៃទី០៧ តុលា ប៉ូលិសច្រើននាក់ បានចុះទៅឃាត់ពុទ្ធិបរិស័ទ មិនឲ្យសាងសង់បង្គន់ក្នុងវត្តទេ ប៉ុន្តែពុទ្ធិបរិស័ទចំណុះជើងវត្ត ជាង៣០០គ្រួសារ បានលើកគ្នា មកតវ៉ា នឹងការហាមឃាត់នេះ។ ទោះយ៉ាងណា ការតវ៉ារបស់ពលរដ្ឋ មិនជោគជ័យឡើយ ព្រោះគ្មានអំណាចដូចសមត្ថកិច្ច។ ព្រះចៅអធិការ បន្តថា អាជ្ញាធរប្រាប់ថា ដីវត្តស្ថិតក្នុងដីគម្រោងមានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនវាយថ្ម ធ្វើស៊ីម៉ងត៍ ដូច្នេះហាមមិនឲ្យសាងសង់ ព្រះវិហារ ឬសាលាឆាន់ថ្មឡើយ៖ « អាជ្ញាធរគេមកប្រាប់ ឲ្យយើងផ្អាកក្នុងការកសាងវត្តសិន ហើយព្រោះវាជាប់ពាក់ព័ន្ធជាមួយអាជ្ញាប័ណ្ណណា។ តែវាមិនបញ្ចេញឈ្មោះថា អាជ្ញាប័ណ្ណណា ឬអាជ្ញាប័ណ្ណណាទេ។ អាត្មា ឈ្លីកសួរដែរថា តើអាជ្ញាប័ណ្ណនេះ ជាអាជ្ញាប័ណ្ណអ្នកណា គេថា មិនអាចឆ្លើយបាន។ វត្តហ្នឹង នៅចន្លោះភ្នំ នៅចន្លោះភ្នំ ភ្នំព័ទ្ធជុំវិញហ្មង ហើយវត្តហ្នឹង នៅជ្រលងភ្នំ។ ទំហំដីទីតាំង ចូល៣ ឬ ៤ហិកតារដែរ។ មួយជុំវិញវត្តហ្នឹង វាមាន ចុះពីកំពង់ត្រាចមក វាមានភ្នំបាក់មួយ ភ្នំស ភ្នំដំរី នៅវត្តហ្នឹងមួយ។ អ៊ីចឹង វា៣ភ្នំ ដែលនៅបន្តៗគ្នារហូតណា។ គេចង់យកភ្នំ អាភ្នំវត្តហ្នឹងតែម្ដង ភ្នំដំរីនៅវត្តហ្នឹងតែម្ដង ហើយវត្តយើងហ្នឹង នៅចន្លោះភ្នំហ្នឹងហ្មង។ អ៊ីចឹង វាអត់ចង់ឲ្យធ្វើវត្តនៅទីតាំងហ្នឹងទេ»។
ព្រះចៅអធិការ ឲ្យដឹងទៀតថា វត្តបទុមគិរីព័ទ្ធ មានផ្ទៃដីប្រមាណ២ ទៅ៣ហិកតារ ស្ថិតនៅក្នុងជ្រលងភ្នំ ហើយព័ទ្ធជុំវិញដោយភ្នំធំៗចំនួន៣ គឺភ្នំបាក់ ភ្នំស និងភ្នំដំរី។ អារាមដាច់ស្រយាលមួយនេះ ស្ថិតនៅភូមិសាស្ត្រ ក្នុងភូមិដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នវត្តមាននេះ មានព្រះវិហារ ធ្វើពីឈើប្រក់ស័ង្កសី សាលាឆាន់ធ្វើពីឈើ និងកុដិឈើមួយចំនួន។ វត្តនេះ ត្រូវបានកសាងឡើង ដោយពុទ្ធបរិស័ទចំណុះជើងវត្ត នៅចន្លោះឆ្នាំ២០០០។ បច្ចុប្បន្នវត្តបទុមគិរីព័ទ្ធ មានព្រះសង្ឃគង់សរុប ចំនួន៥អង្គ តែព្រះសង្ឃចំនួន៣អង្គបានចេញទៅរៀន នៅទីប្រជុំជន និងរាជធានីភ្នំពេញ។ បច្ចុប្បន្ន មានព្រះសង្ឃ២អង្គ គង់ចាំនៅក្នុងវត្ត។
ចំណែកប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត ស្ថិតនៅក្នុងភូមិដំរី បានបរិច្ចាគដី នៅកំឡុងឆ្នាំ២០០០ សាងសង់ជាវត្ត ដោយសារពួកគេនៅឆ្ងាយពីវត្តផ្សេងទៀត ទើបមូលមតិគ្នា បង្កើតវត្តបទុមគិរីព័ទ្ធនេះ។ ព្រះចៅអធិការវត្ត បារម្ភថា បើអាជ្ញាធរនៅតែហាមឃាត់បែបនេះទៀត នឹងរាំងស្ទះដល់អង្គកឋិនទាន ដែលត្រៀមដង្ហែចូលកសាងវត្ត នៅពេលខ្លីខាងមុខនេះ។ ព្រះអង្គ ក៏បារម្ភថា វត្តនេះ អាចបាត់បង់ទៅថ្ងៃមុខ ដោយសារការហាមមិនឲ្យកសាងសំណង់ក្នុងវត្ត និងគម្រោងវាយយកថ្មភ្នំ ទៅធ្វើស៊ីម៉ងត៍។
ឯគណៈកម្មការវត្តបទុមគិរីព័ទ្ធ គឺ លោកតាអាចារ្យ ជន់ ង៉ូវ អាយុ៦០ឆ្នាំ រៀបរាប់ថា ដំបូងដីនេះ ជាដីស្រែរបស់អ្នកភូមិដំរី លុះក្រោយមកអ្នកភូមិ ពិបាកធ្វើដំណើរទៅធ្វើបុណ្យនៅវត្ត ព្រោះឆ្ងាយពីភូមិពេក។ អ្នកភូមិ បានបង្កើតជាសាលាឆទានមួយ នៅលើដីស្រែនោះ នៅខ្ទង់ឆ្នាំ២០០០ ហើយក្រោយមក ក៏បានធ្វើបុណ្យបន្តិចម្ដង កសាងព្រះវិហារឈើ សាលាឆាន់ឈើ និងបំបួសកូនអ្នកស្រុក។ នៅឆ្នាំ២០០៧ ក្រុមហ៊ុនរបស់បារាំងមួយ បានទៅថតកុន នៅទីនោះ និងបានប្រគល់សម្ភារៈមួយចំនួនឲ្យវត្ត ដើម្បីសាងសង់ជាព្រះវិហារ សាលាឆាន់ និងកុដិ ជាដើម។
ក្រោយមកទៀត លោកអាចារ្យ ប្រាប់ថា ខាងអាជ្ញាធរ ប្រាប់អ្នកភូមិថា ចង់កែលម្អវត្ត និងទីតាំងភ្នំព័ទ្ធជុំវិញវត្ត ក្លាយជាតំបន់ទេសចរណ៍ ឲ្យកូនចៅជំនាន់ក្រោយទស្សនា។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកទៀត អាជ្ញាធរបានប្រាប់ព្រះសង្ឃ និងពលរដ្ឋ ឲ្យឈប់សាងសង់វត្តបន្តទៀត ដោយសារដីនោះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន៖ « ពីមុនដំបូងបំផុតដីហ្នឹង ប្រជាជនកាន់កាប់។ ដល់ពេលកាន់កាប់អ៊ីចឹងទៅ គាត់ក៏មានគំនិត ដូចថា ចាស់ទុំគាត់ផ្ដួចផ្ដើមសាលាឆទានអ៊ីចឹងមួយ មុនដំបូងអ៊ីចឹងណា ហើយរួចទៅក៏បានកើតជាវត្តអ៊ីចឹងទៅ។ ចាស់ៗនៅជិតហ្នឹង វត្តឆ្ងាយ ពីវត្តមួយទៅវត្តមួយ គាត់ពិបាកទៅធ្វើបុណ្យធ្វើទាន អ៊ីចឹងទៅ។ ដល់អ៊ីចឹង បានគាត់ចង់បង្កើតវត្តនៅក្នុងភូមិមួយ ហើយក៏ចាប់ផ្ដើមធ្វើរហូត តាំងពីដើមរហូតអ៊ីចឹង មក»។
វិវាទនេះ បានកើតឡើងជាបន្តបន្ទាប់ គឺចាប់ពីពេលនោះមក អាជ្ញាធរ និងប៉ូលិសបានចុះទៅឃាត់ព្រះសង្ឃ និងពលរដ្ឋ មិនឲ្យកសាងវត្តទៀតទេ សូម្បីធ្វើកុដិអំពីឈើ ឬចង់សាងសង់ព្រះវិហារ សាលាឆាន់អំពីថ្មក៏ដោយ។ ព្រះសង្ឃ និងពុទ្ធបរិស័ទ បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍តាមស្ថាប័នរដ្ឋច្រើនឆ្នាំហើយ រហូតដល់មានញត្តិស្នើសុំដល់ប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យជួយដោះស្រាយ។ ប៉ុន្តែច្រើនឆ្នាំមកនេះ គ្មានដំណោះស្រាយទេ ខណៈ អាជ្ញាធរបន្តហាមឃាត់រាល់ការសាងសង់ដដែល។
ពាក់ព័ន្ធករណីនេះ ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពត លោក នាក់ យិតថូ ប្រាប់អាស៊ីសេរីថា ខាងធម្មការខេត្តនឹងចុះទៅពិនិត្យមើលករណីនេះ។ លោក អះអាងថា មិនដឹងច្បាស់ករណីនេះទេ តែលោកពន្យល់ជាគោលការណ៍រួមថា ប្រសិនបើការសាងសង់វត្ត រំលោភលើដីរបស់ឯកជន ឬដីភ្នំ របស់រដ្ឋ ដែលមានអាជ្ញាប័ណ្ណក្រុមហ៊ុន ជាទង្វើមិនត្រឹមត្រូវ៖ « ទីទួលដូចថា កន្លងមកដូចជាទីទួល អង្គ ដែលយើងធ្លាប់រក្សាទុក។ អង្គ អ្វីយើងមិនឲ្យកសាងទេ ឬក៏ការកសាងហ្នឹង ទៅលើដីម្ចាស់កម្មសិទ្ធិ ឬក៏ទៅលើដីភ្នំ ដែលមានអាជ្ញាប័ណ្ណអ្វី គឺគេមិនឲ្យទេ។ តែបើសិន ជាមិនពាក់ព័ន្ធទៅលើករណីផ្សេង ដូចជាមិនហាមឃាត់ទេ តែអាហ្នឹង ខ្ញុំនិយាយជាទូទៅ មិនសំដៅទៅលើអ្វីដែលប្អូនបានសួរអំបាញ់មិញទេ។ បានន័យថា ការងារហ្នឹង មិនប្រក្រតី នៅក្នុងចំណុចណាមួយហើយ ប៉ះពាល់ដល់ដីគេ ឬក៏ដីដែលហាមឃាត់ ហើយយើងទៅរំលោភលើការសាងសង់ហ្នឹង ទើបមានការហាមឃាត់»។
ត្រឹមថ្ងៃទី១៤ តុលា មិនមានប្រភពណាមួយ ដើម្បីបញ្ជាក់ថា ក្រុមហ៊ុន ដែលទទួលអាជ្ញាប័ណ្ណ វាយថ្មភ្នំដំរី ម្ដុំវត្តបទុមគិរីព័ទ្ធ ឈ្មោះក្រុមហ៊ុនអ្វី ឬជាក្រុមហ៊ុនរបស់ឈ្មួញណាម្នាក់ឡើយ។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស អាដហុក ខេត្តកំពត លោក យន់ ផល្លី ប្រាប់ថា តាមការអង្កេតរកឃើញដីវត្តជាដីសម្បទានរបស់អ្នកភូមិ តែតំបន់នោះ មានអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនឯកជនមួយ ដែលមានគម្រោងយកថ្មភ្នំ ទៅធ្វើជាស៊ីម៉ងត៍មែន។ លោកថា អាជ្ញាធរធម្មការធ្លាប់ចុះទៅដល់ទីតាំង តែគ្មានដំណោះស្រាយ។ ទោះយ៉ាងណា លោកថា អាជ្ញាធរធ្លាប់ប្រាប់ឲ្យព្រះសង្ឃ និងពលរដ្ឋ ឱ្យរក្សាទុកសំណង់មានស្រាប់នៅដដែល និងហាមមិនឲ្យកសាងសំណង់បន្ថែមទេ។
លោក យន់ ផល្លី យល់ថា ដើម្បីដោះស្រាយវិវាទនេះ អាជ្ញាធរ និងក្រុមហ៊ុន គួរសម្របសម្រួល កាត់ដីមួយចំណែកណា ចេញពីគម្រោង ដើម្បីប្រគល់ឲ្យព្រះសង្ឃ និងពុទ្ធបរិស័ទ យកទៅកសាង ជាកន្លែងសក្ការរបស់អ្នកស្រុក៖ « ក្រុមហ៊ុនគួរតែមេត្តាកាត់ក្នុងចំណែកណាមួយ ឲ្យពុទ្ធបរិស័ទ ឬក៏លោក ( ព្រះសង្ឃ ) ដើម្បីធ្វើការគ្រប់គ្រងនៅទីនោះទៅ។ សម្ដេចនាយករដ្ឋមន្ត្រី លោកថា បើសិនជាការកាន់កាប់ នៅទីហ្នឹងហើយ មានសំណង់មានអ្វីហើយ ឲ្យឆ្វៀល ឬក៏ឲ្យកាត់ទៅ។ អ៊ីចឹង ក្រុមហ៊ុនគួរពិចារណាឡើងវិញ ឬក៏អាជ្ញាធរមេត្តាពិចារណា ចរចាជាមួយក្រុមហ៊ុនទៅ ថាតើទោះបីជាអាជ្ញាប័ណ្ណយ៉ាងណាក៏ដោយ ប៉ុន្តែយើងកាត់មួយចំណែកណា ឲ្យពុទ្ធបរិស័ទ ឲ្យលោក ( ព្រះសង្ឃ ) ធ្វើការគ្រប់គ្រងនៅតំបន់នោះទៅ»។
ព្រះសង្ឃ និងគណៈកម្មការវត្ត ឲ្យដឹងថា គ្មានការទម្លាយប្រាប់ថា ក្រុមហ៊ុនឯកជនដែលមានអាជ្ញាប័ណ្ណវាយថ្មភ្នំនោះ ជាក្រុមហ៊ុនអ្វីទេ គឺមានតែអាជ្ញាធរប៉ូលិសមូលដ្ឋាន ជាអ្នកចេញមុខ ឃាត់ព្រះសង្ឃ និងពលរដ្ឋសាងសង់វត្ត។ មកដល់ពេលនេះ ក៏មិនទាន់មានការចាប់ផ្ដើមគម្រោងវាយយកថ្មភ្នំទាំង ៣ភ្នំ ដែលនៅព័ទ្ធជុំវិញវត្តដែរ។ ព្រះសង្ឃ និងគណៈកម្មការវត្ត ចង់ឲ្យអាជ្ញាធរចូលរួមជួយកសាងវត្ត និងអភិវឌ្ឍន៍តំបន់នោះ ជារមណីយដ្ឋានទេសចរណ៍ ជាជាងប្រគល់ឲ្យក្រុមហ៊ុនឯកជនវាយកម្ទេចថ្មភ្នំ យកទៅផលិតស៊ីម៉ងត៍។ ព្រះចៅអធិការវត្តប្រាប់ថា ពលរដ្ឋនឹងបន្តទាមទារទៅស្ថាប័នរដ្ឋបន្ថែមទៀត ដើម្បីឲ្យមានដំណោះស្រាយលើបញ្ហាសាងសង់វត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
