ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ មុនីនាថ សីហនុ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃអាទិត្យ ទី៧ ខែមេសា នេះ បន្ទាប់ពីបានគង់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន អស់រយៈពេលជិត ៣សប្ដាហ៍។
ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ មានជាអាទិ៍ ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគ្រាក់ៗមួយចំនួនទៀត ព្រមទាំងព្រះញាតិវង្សផង បានទៅទទួលព្រះរាជដំណើររបស់ព្រះអង្គ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ព្រះបាទ នរោត្តម សីហមុនី ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់ ក៏ប៉ុន្តែម្ដងម្កាលនៅពេលរបបលោក ហ៊ុន សែន ធ្វើច្បាប់ណាមួយដែលប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ ទ្រង់ក៏យាងទៅប្រទេសចិនខុសកាលវិភាគរបស់ទ្រង់ផងដែរ។ ជាឧទាហរណ៍ កាលពីដើមឆ្នាំ២០១៨ ព្រះអង្គបានយាងចេញពីកម្ពុជា ទៅគង់នៅទីក្រុងប៉េកាំងអស់រយៈពេលជាងមួយខែ ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ អ្នកវិភាគយល់ថា ព្រះរាជដំណើររបស់ព្រះអង្គនៅពេលនោះ គឺដោយសារទ្រង់មិនសព្វព្រះរាជហឫទ័យក្នុងការឡាយព្រះហស្ថលេខាលើការកែប្រែច្បាប់ទាំងនេះ។
នៅពេលអវត្តមានព្រះមហាក្សត្រ លោក សាយ ឈុំ តែងឡើងធ្វើជាប្រមុខរដ្ឋស្តីទីជំនួសព្រះអង្គ។ អនុប្រធានគណបក្សកាន់អំណាចរូបនេះ បានចុះហត្ថលេខាជាបន្តបន្ទាប់លើព្រះរាជក្រឹត្យផ្លាស់ប្ដូរមុខតំណែង ដំឡើងឋានន្តរសក្ដិ ព្រមទាំងតែងតាំងមន្ត្រី ទីប្រឹក្សា និងជំនួយការរបបក្រុងភ្នំពេញជាច្រើនស្អេកស្កះ ដែលពួកគេភាគច្រើនគឺជាសមាជិកគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
