ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនអាចផ្សះផ្សារវិវាទការងាររវាងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World)និងសហជីពប្រចាំក្រុមហ៊ុននេះបាននៅឡើយ។ ក្រសួងសម្រេច បញ្ជូនសំណុំរឿងទៅបន្តដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ សង្គមស៊ីវិល និងសហជីព សោកស្ដាយ ដែលក្រសួងការងារមិនអាចដោះស្រាយរឿងនេះបាន ហើយហាក់មានជំហរលម្អៀងទៅរកក្រុមហ៊ុន។
បន្ទាប់ពីប្រជុំរកដំណោះស្រាយជិត១ថ្ងៃនៅក្រសួងការងារនៅថ្ងៃទី៧ ខែតុលានោះ ក្រុមហ៊ុនកាស៊ី ណូ ណាហ្គា វើលដ៍ នៅតែមិនព្រមទទួលយកប្រធានសហជីពប្រចាំក្រុមហ៊ុននេះគឺកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញនោះទេ។ ចំណែកសំណើទាមទារចំនួន ៣ទៀត របស់កម្មករ ក៏មិនទទួលបានដំណោះស្រាយដែរ ដូចជាក្រុមហ៊ុន មិនអនុញ្ញាតឲ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្ត នៅថ្ងៃបុណ្យជាតិ មិនព្រមបញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ដែលមានចរិតមិនល្អ និងមិនព្រមដំឡើងប្រាក់ឈ្នួល ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ សម្ដែងការខកចិត្តដែលក្រសួងការងារ មិនអាចជួយផ្សះផ្សារតាមសំណើទាមទារទាំង ៤ចំណុចកម្មករ និងសហជីព។ កញ្ញាបន្ថែមថា អ្វីដែលកាន់តែខកចិត្តទៀតនោះ គឺតំណាងក្រសួងការងារ ដែលមានតួនាទីជាអ្នកសម្របសម្រួល បែរជាព្យាយាមចាត់ទុកករណីក្រុមហ៊ុនព្យួរការងាររបស់កញ្ញា គឺជារឿងវិវាទបុគ្គលទៅវិញ ប៉ុន្តែសំណើ ៣ចំណុចទៀត គឺជាវិវាទរួម បានបញ្ជូនទៅបន្តដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល៖ «ក្រសួងការងារ ដែលបុគ្គលិកកម្មករចាត់ទុកជាម៉ែឪ នោះ មិនបានយកចិត្តទុកដាក់លើស្នាមមេដៃ ដែលបុគ្គលិកផ្ដិតជាង ៣ពាន់ (៣.០៥៥) នាក់ទេ គឺក្រសួងមិនខ្វល់តែម្ដង ទើបបានជាចាត់ទុកថា សំណុំរឿងសហជីពនេះជារឿងបុគ្គល។ គេព្យួរការងារខ្ញុំយប់ថ្ងៃទី២០ នេះ គឺខ្ញុំបានប្រើតួនាទីជាប្រធានសហជីពទៅសួរនាំរឿងអាវយឺត ដែលសមាជិករបស់ខ្ញុំយកចូល ហើយត្រូវបានសន្តិសុខដកហូត ហើយក្រុមហ៊ុនព្យួរការងារខ្ញុំ តែបែរជាក្រសួងនៅតែនិយាយថា ជាវិវាទបុគ្គល។ យើងមានការខកចិត្ត។ ទិដ្ឋភាពមួយទៀតនោះ ការចរចារតាំងពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៣រសៀល គឺឯកឧត្ដម ខៀវ សាវុធ ទទួលបន្ទុកខាងកូដកម្មបាតុកម្ម គ្រប់មុខសញ្ញា បាននិយាយច្រើន ហើយការបកស្រាយនោះ គឺនិយាយជំនួសក្រុមហ៊ុនតែម្ដង សឹងតែក្រុមហ៊ុន មិនបាច់លើកហេតុផលអីទេ»។
ប្រធានសហជីពរូបនេះ ឲ្យដឹងដែរថា ខាងក្រុមហ៊ុន លើកមូលហេតុថា ការព្យួរការងារនេះដោយសារកញ្ញាមានចេតនាញុះញង់ឲ្យបុគ្គលិកពាក់អាវយឺត ដែលមានសរសេរអក្សរថា «ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ» ដើម្បីធ្វើយុទ្ធនាការ ដែលអាចនាំឱ្យប៉ះពាល់ដល់ក្រុមហ៊ុន។ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា ក្នុងវិស័យការងារ មិនអាចចេះតែចោទប្រកាន់ពីបទញុះញង់នោះទេ ព្រោះអ្វីដែលកញ្ញាបានធ្វើ គឺតំណាងឲ្យកម្មករជាង ៤ពាន់នាក់ ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យប្រសើរឡើង និងការដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិកកំពុងបម្រើការងារឲ្យក្រុមហ៊ុន ណាហ្គា វើលដ៍៖ «ក្រុមហ៊ុនអត់មានចេតនាដោះស្រាយអីទេ ហើយអ្វីដែលខ្ញុំបានជម្រាប កាលពីលើកមុនទាក់ទងនឹងការពន្យារពេលដែលយើងបារម្ភថា ចង់ទាញរឿងនេះទៅជាវិវាទបុគ្គល គឺពេលចាប់ផ្ដើមចេញបណ្ដើរៗ ហើយមានការគាំទ្រដោយក្រសួង ដែលជាអ្នកសម្របសម្រួលផ្សះផ្សារទៀត។ យើងនឹងបន្តនីតិវិធីទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយបើនៅតែគ្មានដំណោះស្រាយ គឺយើងនឹងប្រើសិទ្ធិរបស់យើង»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ មានប្រសាសន៍ថា វិវាទការងារនេះ មិនមែនជាវិវាទបុគ្គលនោះទេ ព្រោះទង្វើរបស់កញ្ញា ឈឹម ស៊ីថរ គឺធ្វើក្នុងនាម សហជីព ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករជាសមាជិក។ លោកយល់ថា ក្រសួងការងារ គួរតែមានជំហរកណ្ដាលមួយច្បាស់លាស់ ក្នុងការដោះស្រាយដើម្បីឲ្យភាគីទាំងសងខាងទទួលយកបាន និងដើម្បីលើកកម្ពស់វិស័យការងារ ជាពិសេសសិទ្ធិសេរីភាពផ្នែកសហជីព៖ «ធម្មតាសហជីព គឺការពារផលប្រយោជន៍របស់កម្មករ។ សហជីពមានសិទ្ធិចរចារជាសមូហភាពដូចមានចែងក្នុងអនុសញ្ញា៨៧ និងអនុសញ្ញា ៩៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) គឺមានសិទ្ធិបង្កើតមានសិទ្ធិតំណាងឲ្យសមាជិករបស់ខ្លួន ដើម្បីប្រយោជន៍ជាសមូហ ភាពរបស់សមាជិក។ ការចោទប្រកាន់របស់ក្រុមហ៊ុនមិនត្រឹមត្រូវទេ។ ខ្ញុំមើលឃើញថា ធម្មតាក្រុមហ៊ុននិយោជកមិនសូវគាំទ្រសហជីព ដែលគាំទ្រកម្មករនោះទេ។ ខ្ញុំគិតថា នេះគឺជាចេតនាមិនសហការរបស់និយោជក ជាមួយសហជីពនោះទេ»។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេនៅថ្ងៃទី៧ តុលា។
កាលពីថ្ងៃទី៦ ខែតុលា អង្គការ សមាគម និងសហព័ន្ធសហជីពជាង២០ ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ ចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយទាមទារឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកបុគ្គលិក និងជាប្រធានសហជីពប្រចាំក្រុមហ៊ុន ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ និងពិចារណាលើសំណើសុំដំឡើងប្រាក់ឈ្នួលសមរម្យជូនបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងកាស៊ីណូ ណាហ្គា វើលដ៍។ អង្គការ សមាគម និងសហជីពទាំងនេះ អះអាងថា ពួកគេបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានសិក្សាអំពីផ្លូវច្បាប់ឃើញថា ការ សម្រេចចិត្តរបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ ក្នុងការព្យួរការងារមេដឹកនាំសហជីពដ៏សកម្មម្នាក់នេះ ជារឿងគ្មានមូលដ្ឋានច្បាប់ និងមិនយុត្តិធម៌នោះទេ។ កញ្ញា ឈឹម ស៊ីថរ គ្រាន់តែប្រើប្រាស់សិទ្ធិជាមូលដ្ឋាន និងប្រកបដោយវិជ្ជាជីវៈឯករាជ្យតំណាងឱ្យកម្មករជាង ៤ពាន់នាក់ ទាមទារធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងដំឡើងប្រាក់ឈ្នួលសមរម្យសម្រាប់បុគ្គលិក ណាហ្គា វើលដ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។