ព័ត៌មាន​ទីផ្សារ​ការងារ​កម្ពុជា​នៅ​តែ​តូច​ចង្អៀត

ដោយ យ៉ង ចាន់តារា
2017.07.30
ព័ត៌មាន​ការងារ ២០១៧ ១៤៤០ និស្សិត​មួយ​ចំនួន​កំពុង​សាកសួរ​ព័ត៌មាន​ការងារ​ពី​បុគ្គលិក​ក្រុមហ៊ុន​ឯកជន នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Yang Chandara

កម្ពុជា មាន​ពលរដ្ឋ​គ្រប់​អាយុ​ធ្វើ​ការ​ជិត ១០​លាន​នាក់ គឺ​ជា​ប្រទេស​ដែល​ពោរពេញ​ដោយ​កម្លាំង​ពលកម្ម ក៏ប៉ុន្តែ​កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ នៅ​តែ​ជា​បញ្ហា​ប្រឈម​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។ កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ គឺ​ជា​ឧបសគ្គ​រារាំង​មិន​ឲ្យ​អ្នក​ស្វែងរក​ការងារ​ធ្វើ ទទួល​បាន​ឱកាស​ការងារ​សមស្រប​តាម​ជំនាញ និង​បង្កើត​ឲ្យ​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​តម្រូវការ និង​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​កម្ពុជា ជួប​ប្រទះ​បញ្ហា​កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ ហើយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ​ទៅ​ដល់​អ្នក​ស្វែងរក និង​អ្នក​ផ្តល់​ការងារ​ទៀតសោត ក៏​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ។

ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ការងារ ភាគច្រើន​ធ្វើ​ឡើង​តាម​រយៈ​គេហទំព័រ ដូចជា​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ គេហទំព័រ​បង​ធំ (Bongthom) និង​គេហទំព័រ​អេវើចប (Everjobs) ជាដើម។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ដែល​ធ្លាប់​បាន​សិក្សា​ស្រាវជ្រាវ​អំពី​បញ្ហា​ការងារ​ដែរ​នោះ​យល់​ឃើញ​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ គឺ​សម្រាប់​តែ​អ្នក​មាន​ចំណេះ​ដឹង និង​ជំនាញ​ច្បាស់លាស់​ប៉ុណ្ណោះ តែ​មិន​អាច​ឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់​កម្មករ​ដែល​មាន​ជំនាញ​ទាប ឬ​អ្នក​គ្មាន​ជំនាញ​នោះ​ទេ៖ «យើង​មាន​គេហទំព័រ​មួយ​ចំនួន​ដែល​មិន​មែន​ជា​ទម្លាប់​នៃ​ការ​ប្រើប្រាស់។ អ្នក​ខ្លះ​រៀន​ចប់ មាន​ចំណេះ​ដឹង​ខ្លះ​ដែរ ក៏​ប៉ុន្តែ​មិន​មាន​ការ​តម្រង់​ទិស។ ធម្មតា​បើ​យើង​និយាយ​ពី​ទីផ្សារ​ការងារ​ គឺ​ដូច​ជា​ទីផ្សារ​ ផលិត​ផល​ផ្សេង​ដែរ គឺ​ត្រូវ​មាន​ការ​ណាត់​ជួប​ កន្លែង​ណា​ដែល​ជា​កន្លែង​ដោះដូរ កន្លែង​ណា​ជា​កន្លែង​ទទួល​ព័ត៌មាន។ យើង​អត់​មាន​ទេ គឺ​​ទូទៅ​ពេក មាន​តែ​​គេហទំព័រ​ប៉ុន្មាន​ហ្នឹង ដែល​ភាគ​ច្រើន​សម្រាប់​តែ​អ្នក​ទទួល​បាន​ការ​អប់រំ​សមរម្យ និង​ត្រឹមត្រូវ»

កម្ពុជា មាន​ស្ថាប័ន​ផ្តល់​សេវា​ការងារ​ពិសេស​មួយ គឺ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ (NEA)។ ទីភ្នាក់ងារ​ប្រតិបត្តិការ​ពិសេស​នេះ មាន​ភារកិច្ច​ផ្តល់​សេវា​ការងារ ដោយ​ភាព​ងាយស្រួល គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ និយោជក អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល និង​សាធារណជន​ទូទៅ។

ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ផ្តល់​សេវា​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​រួម​មាន​គេហទំព័រ និង​បណ្ដាញ​សង្គម និង​មជ្ឈមណ្ឌល​ការងារ​ចំនួន ១១​កន្លែង​នៅ​តាម​រាជធានី-ខេត្ត​មួយ​ចំនួន។ អ្នក​ស្វែងរក​ការងារ​ធ្វើ និយោជក និង​អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល គឺ​ជា​ក្រុម​គោលដៅ​សំខាន់​នៃ​ការ​ផ្តល់​សេវា​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ។

ទោះ​បី​ជា​យ៉ាង​ណា លោក ង៉ែត ជូ មើល​ឃើញ​ថា មជ្ឈមណ្ឌល​ការងារ​ទាំងនោះ​មិន​ទាន់​អាច​ផ្តល់​សេវាកម្ម​ការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​បាន​ពេញលេញ​ដល់​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​ឡើយ៖ «ពួក​គាត់ (ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ) មាន​ធ្វើ​សកម្មភាព​ខ្លះ​ដែរ តែ​វា​មិន​ទាន់​ក្លាយ​ជា​កន្លែង​មួយ​ដែល​គ្រប់​គ្នា​ទទួល​ស្គាល់​ថា មាន​ការ​ផ្ដល់​ព័ត៌មាន​ការងារ​ទូលំ​ទូលាយ។ បើ​តាម​យោបល់​ខ្ញុំ មជ្ឈមណ្ឌល​ការងារ​នេះ គួរ​តែ​មាន​ដល់​ថ្នាក់​ស្រុក ហើយ​មាន​មន្ត្រី​ប្រចាំ​ការ​ដើម្បី​ជួយ​ផ្ដល់​ព័ត៌មាន។ មែន​ទែន​ទៅ បើ​មាន​លទ្ធភាព​ដល់​ថ្នាក់​ថា ពីរ​បី​ឃុំ​ យើង​ធ្វើ​មួយ​ទើប​គ្រប់​គ្រាន់​ទូលំ​ទូលាយ»

កង្វះ​ខាត​ព័ត៌មាន​ទីផ្សារ​ការងារ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា បណ្ដាល​ឲ្យ​មាន​ភាព​មិន​ស៊ី​គ្នា​រវាង​កម្លាំង​ពលកម្ម និង​តម្រូវការ​ទីផ្សារ​ការងារ។

ចំណែក​របាយការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ ដែល​បាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​នោះ ក៏​បង្ហាញ​ដែរ​ថា វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ទាន់​បាន​ផលិត​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ពេញលេញ ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​កម្មករ​ជំនាញ​នៅ​ឡើយ​ទេ។

និយោជក​នៅ​តែ​ត្អូញត្អែរ​ថា ពួក​គេ​ពិបាក​ស្វែងរក​បុគ្គលិក​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ​អាច​បំពេញ​មុខងារ​បាន ព្រោះ​អ្នក​ដាក់​ពាក្យ​ធ្វើ​ការ និង​បុគ្គលិក​ដែល​កំពុង​បំពេញ​ការងារ​ជាច្រើន​នាក់ មិន​មាន​ជំនាញ​គ្រប់គ្រាន់។ ជំនាញ​ដែល​ពួក​គេ​ខ្វះខាត​នោះ ភាគច្រើន​គឺ​ជា​ជំនាញ​ទន់ ដូចជា​ជំនាញ​ភាសា​បរទេស ជំនាញ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​មាត់ និង​សំណេរ ជំនាញ​អនុវត្ត​ជាក់ស្តែង ជំនាញ​សម្របសម្រួល​កិច្ចការ​អតិថិជន ជំនាញ​ដោះស្រាយ​បញ្ហា ជំនាញ​រៀបចំ​គម្រោង ជំនាញ​ផ្នែក​កុំព្យូទ័រ ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម ជំនាញ​ផ្នែក​គណនា​លេខ និង​ជំនាញ​ផ្នែក​រដ្ឋបាល ជាដើម។

បន្ថែម​ពី​លើ​នេះ ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ បាន​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​ធំៗ​ចំនួន ១០ ដែល​រួម​ចំណែក​ជួយ​បង្កើន​ផលិតផល​ក្នុង​ស្រុក និង​ជា​វិស័យ​សំខាន់​នៃ​ការ​បង្កើត​ការងារ​នៅ​កម្ពុជា។ វិស័យ​ទាំងនោះ​រួម​មាន វិស័យ​ផលិត​អាហារ និង​ភេសជ្ជៈ វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង វិស័យ​ផលិត​ជ័រ​កៅស៊ូ និង​ប្លាស្ទិក វិស័យ​សំណង់ វិស័យ​ហិរញ្ញវត្ថុ និង​ធានា​រ៉ាប់រង វិស័យ​សណ្ឋាគារ វិស័យ​ដឹក​ជញ្ជូន គ្រប់គ្រង​ឃ្លាំង និង​ភស្តុភារ វិស័យ​សុខាភិបាល វិស័យ​អប់រំ ព្រម​ទាំង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង។

ការ​សិក្សា​បង្ហាញ​ថា ក្នុង​វិស័យ​ទាំង ១០ នោះ មាន​មុខងារ​ខ្លះ​ដែល​និយោជក​ត្រូវការ ក៏ប៉ុន្តែ​អ្នក​ចេះ​មាន​តិច​បំផុត។ មុខងារ​ទាំងនោះ​រួម​មាន អ្នក​ដំឡើង និង​បញ្ជា​គ្រឿង​ម៉ាស៊ីន និង​គ្រប់គ្រង​រោងចក្រ អ្នក​គ្រប់គ្រង​ទូទៅ បុគ្គលិក​ផ្នែក​លក់ និង​បម្រើ​សេវាកម្ម ព្រម​ទាំង​អ្នក​ជំនាញការ​ផ្នែក​បច្ចេកទេស និង​ស្រាវជ្រាវ។

ការ​ខ្វះ​អ្នក​ជំនាញ​ទាំងនេះ បង្ក​ផល​ប៉ះពាល់​ជាច្រើន​ដូចជា ធ្វើ​ឲ្យ​យឺតយ៉ាវ​ការ​ផលិត​ទំនិញ និង​សេវាកម្ម បង្កើន​បន្ទុក​ការងារ​កាន់​តែ​ច្រើន​ដល់​បុគ្គលិក​ផ្សេង ការ​បញ្ជា​ទិញ​ត្រូវ​ធ្លាក់​ទៅ​ក្រុមហ៊ុន​ដទៃ ឬ​គុណភាព​មិន​ស្រប​តាម​ស្តង់ដារ ជាដើម។ ហេតុ​នេះ​ហើយ ទើប​និយោជក​ភាគច្រើន​សម្រេច​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា មួយ​ចំនួន​ជ្រើសរើស​បុគ្គលិក​មិន​មែន​ជា​ជនជាតិ​ខ្មែរ និង​និយោជក​ខ្លះ​ទៀត​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ថែម​ដល់​បុគ្គលិក​របស់​ខ្លួន។

អ្នក​ស្វែងរក​ការងារ​ធ្វើ​មួយ​ចំនួន​បញ្ជាក់​ថា ពួក​គេ​មិន​សូវ​បាន​ដឹង​អំពី​ព័ត៌មាន​ទីផ្សារ​ការងារ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ខកខាន​ទទួល​បាន​ឱកាស​ការងារ​ស្រប​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ ហើយ​ខ្លះ​ទៀត ក៏​មិន​បាន​ដឹង​ដែរ​ថា តើ​មុខ​ជំនាញ​អ្វី​ខ្លះ​ដែល​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ។ ពួក​គេ​ក៏​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ដែរ​អំពី​សមត្ថភាព​របស់​ខ្លួន បើ​ទោះ​ជា​យល់​ថា ការងារ​មាន​ច្រើន​ក៏ដោយ៖ «ទីផ្សារ​ការងារ​ឥឡូវ​ទូលាយ តែ​សំខាន់​គេ​ត្រូវ​ការ​អ្នក​ចេះ​ដឹង​គ្រាន់​បើ ហើយ​ខ្ញុំ​ខ្សោយ​​ភាសា​ ព្រោះ​អត់​សូវ​មាន​ឱកាស​រៀន។ និស្សិត​ខ្លះ​សមត្ថភាព​គាត់​មិន​ទាន់​ដល់​ និង​មិន​មាន​បទពិសោធន៍​ ដូច្នេះ​គាត់​អាច​ពិបាក​រក​ការងារ​ធ្វើ​បន្តិច។ អញ្ចឹង​គាត់​តែ​មក​​ទាក់ទង​ខាង​ក្រសួង​ការងារ។ បើ​យើង​ចេះ​ភាសា​អង់គ្លេស ការងារ​ស្រួល​រក ព្រោះ​គេ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ យើង​ឃើញ​ អាច​ដាក់​ពាក្យ​បាន។ តែ​បើ​អ្នក​មិន​ចេះ​ភាសា​អង់គ្លេស​វិញ ពិបាក​រក។ ពេល​រក​ឃើញ​ហើយ ដាក់​ពាក្យ​ គេ​ហៅ​ទៅ​សម្ភាស មិន​ចេះ​អង់គ្លេស​ ហើយ​អត់​មាន​បទពិសោធន៍​ទៀត អាច​​នឹង​ធ្លាក់»

ព័ត៌មាន​ទីផ្សារ​ការងារ​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ស្វែងរក​ការងារ និង​អ្នក​ចង់​ផ្លាស់ប្ដូរ​ការងារ​ថ្មី។ ហេតុ​ដូចនេះ​ហើយ​បាន​ជា​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ព័ត៌មាន​ទីផ្សារ​ការងារ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​ញឹកញាប់។

កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ថៃ ដែល​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​កម្ពុជា នោះ ទើប​នឹង​បាន​ប្រកាស​អំពី​ការ​សើរើ​មើល​ឡើង​វិញ​នូវ​បញ្ជី​មុខ​របរ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន បន្ទាប់​ពី​ខកខាន​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ការ​សម្រេច​របស់​ប្រទេស​ខ្លា​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ គឺ​ដើម្បី​ឲ្យ​បញ្ជី​មុខ​របរ​នោះ​មាន​ភាព​ប្រសើរ​ឡើង ដែល​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គម​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ង៉ែត ជូ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​វិនិយោគ​ឲ្យ​បាន​ច្រើន​លើ​ការ​ស្រាវជ្រាវ​អំពី​ព័ត៌មាន​ទីផ្សារ​ការងារ ព្រោះ​កម្ពុជា មាន​កម្លាំង​ពលកម្ម​ច្រើន ដែល​នេះ​គឺ​ជា​គន្លឹះ​នៃ​សេដ្ឋកិច្ច​ជាតិ មិន​អាច​បណ្តែតបណ្តោយ​ដូច​ពេល​បច្ចុប្បន្ន​ឡើយ៖ «ត្រូវ​ធ្វើ​ការ​សិក្សា​ឱ្យ​បាន​ទូលំ​ទូលាយ​ និង​មាន​លក្ខណៈ​វិទ្យាសាស្ត្រ កុំ​ឱ្យ​មាន​ការ​ឆក​ល្វែង​ ព្រោះ​វា​ទាក់ទង​នឹង​ការ​កំណត់​ឱ្យ​បាន​នូវ​អ្វី​ការ​ជា​តម្រូវ​ការ​ និង​ការ​ផ្គត់ផ្គង់​ច្បាស់លាស់។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​យើង​យក​មក​វិភាគ និង​រៀបចំ​ជា​គោល​នយោបាយ កម្មវិធី​សិក្សា និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​អាច​ទៅ​បំពេញ​កិច្ច​ការងារ​បាន»

គោល​នយោបាយ​ជាតិ​ស្ដីពី​មុខ​របរ និង​ការងារ ឆ្នាំ​២០១៥-២០២៥ របស់​ក្រសួង​ការងារ បញ្ជាក់​ថា កំណើន​ការងារ​នៅ​កម្ពុជា ភាគច្រើន​ត្រូវ​បាន​ស្រូប​យក​ដោយ​វិស័យ​កសិកម្ម និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ក៏ប៉ុន្តែ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) រក​ឃើញ​ថា ការងារ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​ភាគច្រើន​ទទួល​បាន​ប្រាក់​កម្រៃ​តិច និង​មាន​លក្ខខណ្ឌ​មិន​ល្អ​នៅ​ឡើយ ហើយ​កម្មករ​ក្នុង​វិស័យ​កសិកម្ម​វិញ​កាន់​តែ​ទទួល​បាន​ការ​អប់រំ​តិច និង​មាន​ឱកាស​ស្តួចស្តើង ឬ​ក៏​គ្មាន​ឱកាស​តែ​ម្តង ដើម្បី​ទទួល​បាន​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា នៅ​ចំពោះ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​មាន​ការ​ផ្លាស់ប្ដូរ វា​មិន​ត្រឹម​តែ​ចាំបាច់​សម្រាប់​កម្ពុជា ក្នុង​ការ​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​កំពុង​កើន​ឡើង​នោះ​ទេ តែ​វា​ក៏​ចាំបាច់​ក្នុង​ការ​បំពាក់បំប៉ន​ប្រជាជន​វ័យ​ក្មេង​របស់​ខ្លួន ដើម្បី​ត្រៀម​សម្រាប់​ទីផ្សារ​ការងារ​នៅ​ពេល​អនាគត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។