ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសសេចក្ដីសម្រេចអំពីប្រាក់ឈ្នួលគោល ១៩០ដុល្លារ សម្រាប់កម្មករក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅក្នុងឆ្នាំ២០២០។ សហជីពឯករាជ្យ និងកម្មករចាត់ទុកការដំឡើងប្រាក់ឈ្នួលក្នុងចំនួននេះថា មិនអាចធ្វើឱ្យកម្មករមានជីវភាពប្រសើរជាងមុនទេ។
ប្រាក់ឈ្នួលគោល ១៩០ដុល្លារ គឺបានមកពីក្រុមប្រឹក្សាជាតិ បោះឆ្នោតភាគច្រើនយកតួលេខ ១៨៧ដុល្លារ ហើយទទួលបានការបន្ថែម ៣ដុល្លារទៀត ពីមេដឹកនាំរបបក្រុងភ្នំពេញ។
ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចុះថ្ងៃទី២០ ខែកញ្ញា សម្រេចថា កម្មករ និយោជិកផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង នឹងទទួលបានប្រាក់ខែគោលចំនួន ១៩០ដុល្លារនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ទៅ។ ប៉ុន្តែសម្រាប់ កម្មករនិយោជិក ដែលស្ថិតក្នុងដំណាក់កាលសាកល្បង ទទួលបាន ១៨៥ដុល្លារក្នុងមួយខែ ហើយពួកគេ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ១៩០ដុល្លារដែរ នៅពេលដែលពួកគេចប់រយៈពេលសាកល្បង ក្លាយជាកម្មករនិយោជិកពេញសិទ្ធិ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ យល់ថា ការដំឡើងប្រាក់ឈ្នួលគោល ចំនួន ១៩០ដុល្លារនេះ មិនទាន់អាចធ្វើឱ្យកម្មករមានជីវភាពល្អប្រសើរជាងសព្វថ្ងៃទេ ព្រោះទំនិញ និងការចំណាយផ្សេងៗ បានឡើងថ្លៃ លើសពីប្រាក់ឈ្នួលដំឡើងឱ្យកម្មករឆ្ងាយណាស់។ អ្នកស្រីប្រាប់ថា សហជីពដែលគាំទ្ររដ្ឋាភិបាល មិនបោះឆ្នោតយកតួលេខដាក់ចេញដោយតំណាងសហជីពទេ គឺបោះឆ្នោតគាំទ្រតួលេខរបស់រដ្ឋាភិបាល៖ «ពិបាកដែរហ្នឹងណា ប្រាក់ខែនៅស្រុកខ្មែរយើង មើលទៅទូទៅ សូម្បីតែលុយថ្លៃផ្ទះ មិនដឹងអ្វីផង គឺ ៥ខែកំណត់ឡើងម្ដង ៥ខែឡើងម្ដង។ លុយ ចេះតែថាឡើងប្រដេញ វាមិនស្មើនឹងកម្លាំងពលកម្មរបស់កម្មករ។ វាអ៊ីចេះ បើតាមពិតជាទូទៅថា សហជីពខាងរាជរដ្ឋាភិបាល គឺច្រើនអ៊ីចឹងណា។ ម្ល៉ោះហើយ បើសិនបោះទៅ វាអាចចាញ់អ៊ីចឹងទៅ។ យើងគិតមើលទៅព្រោះអ្វី ( សហជីព ) ខាងរាជរដ្ឋាភិបាល គាត់បង្កើតឡើងលើសលប់»។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រុមសហជីពទាំង១៧ ដែលបោះឆ្នោតជាសម្ងាត់ បានសម្រេចដាក់ចេញតួលេខ ១៩៥ដុល្លារ ក្រុមសមាគមថៅកែរោងចក្រ ១៨៦ដុល្លារ និងតួលេខរបស់ក្រសួងការងារ គឺ ១៨៧ដុល្លារ។ ប៉ុន្តែ មានតែសហជីពចំនួន៨ ប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រតួលេខ ១៩៥ដុល្លារ នេះ។ ក្រៅពីនេះ គឺសហជីពចំនួន ៩នាក់ទៀត និងក្រុមតំណាងថៅកែ ក្រសួងការងារ សុទ្ធតែបោះឆ្នោតយកតួលេខ ១៨៧ដុល្លារ។
ប្រធានសហព័ន្ធសហជីពជាតិកម្ពុជា និងជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិក លោក សោម អូន ប្រាប់អាស៊ីសេរីថា ប្រាក់ឈ្នួលគោល ១៩០ដុល្លារ នឹងធ្វើឱ្យកម្មករមានជីវភាពប្រសើរជាងមុន។ លោកប្រាប់ថា ក្រៅពីប្រាក់ខែគោលនេះហើយ កម្មករនឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងទៀត រួមមាន ប្រាក់ថ្លៃធ្វើដំណើរ ប្រាក់រង្វាន់ គឺសរុបទៅ ២០៧ដុល្លារក្នុងមួយខែ ដោយមិនទាន់រាប់បញ្ចូលប្រាក់ធ្វើការថែមម៉ោងនោះផង។
ប្រធានសហជីពស្និទ្ធនឹងរដ្ឋាភិបាលរូបនេះ អះអាងថា នឹងខិតខំបន្ថែមទៀត ដើម្បីដំឡើងប្រាក់ឈ្នួលឱ្យកម្មករជាបន្តបន្ទាប់ទៀត។ តែលោកលើកហេតុផលថា ប្រាក់ឈ្នួលនៅកម្ពុជា គឺខ្ពស់ជាងប្រទេសនានា ក្នុងតំបន់ ដូចជា ខ្ពស់ជាងនៅប្រទេសស្រីលង្កា ឥណ្ឌា បង់ក្លាដេស ភូមា ឡាវ និងតំបន់ខ្លះ នៃប្រទេសវៀតណាម។ លោក សោម អូន ថ្លែងបន្តថា ការដំឡើងប្រាក់ឈ្នួល ១៩០ដុល្លារ គឺសមរម្យ ព្រោះត្រូវរក្សាការប្រកួតប្រជែងជាមួយប្រទេសផ្សេងក្នុងតំបន់ ដោយលោកបារម្ភថា ថៅកែរោងចក្រ អាចនឹងឈប់វិនិយោគនៅកម្ពុជាបន្ត៖ «ទស្សនៈរបស់ខ្ញុំ គឺយើងឃើញថា ជាការដំឡើងមួយ វាប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ហើយអ្វីដែលដំឡើងនេះ គឺក្រុមការងារទាំងអស់យើងផ្ដោតទៅលើកត្តា២ គឺកត្តាសេដ្ឋកិច្ច និងកត្តាសង្គម។ ក្នុងនោះយើងមានធាតុផ្សំ៧ទៀត ហើយសហជីពរបស់យើង គឺជាមេរៀនមួយ ដែលជាយុទ្ធសាស្ត្ររបស់ ILO ក៏ដូចជាក្រុមប្រឹក្សាប្រាក់ឈ្នួល ដែលយើងបានឯកភាពគ្នា ហើយយើងបានប្រើតាំងពីឆ្នាំ២០១៣ មក។ អ៊ីចឹងទេ ខ្ញុំយល់ថា ឆ្នាំ២០២០នេះ បងប្អូនកម្មករ នឹងមានប្រាក់ឈ្នួលល្អប្រសើរជាងមុន»។
ផ្ទុយពីការអះអាងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មិនពេញចិត្តការដំឡើងប្រាក់ឈ្នួលត្រឹម ៨ដុល្លារ គឺឡើងពី ១៨២ ដល់ ១៩០ដុល្លារឡើយ។ លោកអះអាងថា បើប្រៀបនឹងស្ថានភាពការចំណាយ នៅឆ្នាំ២០២០ យ៉ាងហោចណាស់ រដ្ឋាភិបាលត្រូវដំឡើង ១២ ទៅ ១៣ដុល្លារ គឺខ្ទង់ ១៩៥ដុល្លារ ទើបសមល្មមនឹងការចំណាយរបស់កម្មករ។ លោក អាត់ ធន់ ពន្យល់ថា ការដំឡើងប្រាក់ឈ្នួលកម្មករនៅកម្ពុជា មិនអាចយកទៅប្រៀបជាមួយប្រទេសផ្សេងទេ ដោយសារ ស្ថានភាពសេដ្ឋកិច្ច ថ្លៃចំណាយរបស់កម្មករនៅប្រទេសនីមួយៗ មានភាពខុសៗគ្នា៖ «បច្ចុប្បន្ន តម្រូវការរស់នៅខ្ពស់ជាងមុន។ អ៊ីចឹងគាត់ត្រូវចំណាយខ្ពស់ ហើយអតិផរណា ក៏វាកើនឡើង៣ % ។ អ៊ីចឹង ការដំឡើងលុយត្រឹម ៨ដុល្លារនេះ វាអាចជួយដែរ តែវាជួយបានតិចមែនទែន បើសិនជាយើងប្រៀបធៀប ទៅនឹងឆ្នាំមុន គឺឆ្នាំមុនវាអាចជួយបានច្រើនជាង ដោយសារតែចំនួនឡើងឆ្នាំមុន ទៅដល់ ១២ដុល្លារ។ ការឡើងនេះ បើយើងមើលទៅគឺ វានៅកម្រិតទាប ពីតម្រូវការរស់នៅ ដែលយើងសិក្សាស្រាវជ្រាវតាមការជាក់ស្ដែង ទាល់តែចំណូលជាង២០០ ទើបការរស់នៅរាងប្រសើរ»។
លោក អាត់ ធន់ ប្រាប់ថា ក្រុមសហជីពបានស្នើសុំបន្ថែម ១៣ចំណុចថែមទៀត ទាក់ទងនឹងផលប្រយោជន៍កម្មករ និយោជិក ដូចជា ការបន្ថែមប្រាក់ធ្វើដំណើរ ១ដុល្លារក្នុងថ្ងៃឈប់សម្រាករបស់កម្មករមកវិញខ្លះ សម្រួលឱ្យនីតិវិធីបង្កើតសហជីពប្រចាំរោងចក្រ មានភាពងាយស្រួលជាមុន ជាដើម។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការងារប្រាប់ថា សំណើទាំងនោះ នឹងត្រូវជជែកនៅពេលក្រោយ។
ប្រាក់ឈ្នួលគោលកម្មករ នៅឆ្នាំ២០១៩ គឺ ១៨២ដុល្លារ។ បើទោះជារបបក្រុងភ្នំពេញ បានដំឡើងដល់ ១៩០ដុល្លារ តែរបបនេះ បានលុបចោលថ្ងៃឈប់សម្រាករបស់កម្មករចំនួន ៦ថ្ងៃ នៅឆ្នាំ២០២០។ កម្មករប្រាប់ថា ការដំឡើងប្រាក់ឈ្នួល ៨ដុល្លារនេះ គឺធ្វើឱ្យតែល្អមើល ខណៈពួកគាត់មិនពេញចិត្ត និងប្រាប់ថា មិនអាចទូទាត់ស្មើថ្ងៃឈប់សម្រាកទាំង ៦ថ្ងៃ ដែលបានលុបចោលឡើយ។
កម្មករម្នាក់ នៅរោងចក្រប៊ូវឃ័រ (Bowker) នៅស្រុកអង្គស្នួល ខេត្តកណ្ដាល លោក ឡឹក សុភ័គ្រ ឱ្យដឹងថា ការដំឡើងប្រាក់ឈ្នួល ១៩០ដុល្លារ មិនអាចធ្វើឱ្យពួកគាត់ មានជីវភាពល្អប្រសើរឡើយ។ លោកថា កម្មករភាគច្រើន ចង់បានការដំឡើងខ្ពស់ជាងនេះ៖ «វាមិនអាចគ្រប់គ្រាន់ទេបង។ ប៉ិនហ្នឹងវាតិចពេកណាបង។ ស្ថានភាព ( ឡើង ) វាតិចពេក តិចពេក។ វាអត់ដូចឆ្នាំ មុនៗ ទៅវាឡើង១០រៀល ( ដុល្លារ ) អ្វីទៅ ឆ្នាំនេះ វាឡើងតិចពេក»។
សង្គមស៊ីវិលឃ្លាំមើលសិទ្ធិការងារ ហៅការដំឡើងប្រាក់ឈ្នួល ១៩០ដុល្លារ ជាសេណារីយ៉ូ ដែលមានការរៀបចំទុកជាមុន និងមិនអាចប៉ះប៉ូវថ្ងៃឈប់សម្រាកកម្មករ ដែលរដ្ឋាភិបាលបានលុបចោលបានទេ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធមនុស្ស ហៅអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ យល់ថា តួលេខ ១៩០ដុល្លារ គ្មានតុល្យភាពទៅនឹងអតិផរណាដែលបានព្យាករនៅឆ្នាំ២០២០ ទេ។ ដូច្នេះ លោកអះអាងថា ប្រាក់ឈ្នួល ១៩០ដុល្លារ មិនអាចឱ្យកម្មករនិយោជិក ទទួលបានជីវភាពសមរម្យ និងដោយសេចក្ដីថ្លៃថ្នូរឡើយ។
លោក ឃុន ថារ៉ូ ហៅការដំឡើងនេះថា ជាគោលនយោបាយអសមភាពក្នុងការបម្រើផលប្រយោជន៍កម្មករ តែជាការបម្រើផលប្រយោជន៍វិស័យឯកជនតែមួយមុខ។ អ្នកឃ្លាំមើលសិទ្ធការងាររូបនេះយល់ថា កម្មករ នៅតែជាឧបករណ៍របស់អ្នកនយោបាយ ខណៈដែលចលនាសហជីពឯករាជ្យទទួលរងពីឥទ្ធិពលនយោបាយ៖ «តួលេខហ្នឹង គឺវាអត់មានការឆ្លើយតបទៅនឹងកំណើនអប្បបរមា សម្រាប់ឆ្នាំ២០២០។ ឆ្នាំ២០២០ អាចចន្លោះពី ២ , ៥ ទៅ ៥ភាគរយ នៅឆ្នាំ២០២០។ អ៊ីចឹងនៅក្នុងចន្លោះ នៃការដំឡើងចំនួន ២ , ៥ភាគរយ ដែលស្មើនឹង៥ដុល្លារ ដែលលោកនាយករដ្ឋមន្ត្រី មិនទាន់បានបន្ថែមហ្នឹង វាអត់មានសមតុល្យនៅឡើយទេ។ ជាក់ស្ដែងប្រាក់ឈ្នួល ដែលបានកំណត់ដោយក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិហ្នឹង គឺមិនទាន់បានឆ្លើយតបទៅនឹងសេចក្ដីត្រូវការជីវភាពរស់នៅសមរម្យ សម្រាប់កម្មករនិយោជិក ដែលធានាដោយច្បាប់ស្ដីពីការងារ»។
សង្គមស៊ីវិល និងកម្មករនិយាយថា ស្ថានភាពកម្មករក្នុងវិស័យកាត់ដេរ នៅឆ្នាំ២០២០ នឹងត្រូវប្រឈមមុខហានិភ័យដដែល គឺការដួលសន្លប់ គ្រោះថ្នាក់ពេលធ្វើដំណើរទៅធ្វើការ ការជំពាក់បំណុលធនាគារ និងការបង្ខំចិត្តថែមម៉ោងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
