ព្រះសង្ឃជំរុញឲ្យប្រធានរដ្ឋសភានៃរបបឯកបក្ស លោក ហេង សំរិន សុំទោសជាសាធារណៈ ដូចព្រះសង្ឃដែលបានលុតជង្គង់ចំពោះមុខដែរ។ ការជំរុញនេះ ធ្វើឡើងក្រោយពេល ពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នា ចែកផ្សាយ និងរិះគន់ ករណី ព្រះសង្ឃមួយអង្គ លុតជង្គង់ ទទួលស្រោមសំបុត្រ ពីលោក ហេង សំរិន។
ព្រះសង្ឃចូលចិត្តចូលរួមសកម្មភាពសង្គម ព្រះតេជគុណ លួន សាវ៉ាត យល់ថា លោក ហេង សំរិន ត្រូវធ្វើការសុំទោសជាសាធារណៈចំពោះទង្វើ ដូចព្រះសង្ឃអង្គនោះដែរ ព្រោះព្រះសង្ឃអង្គនោះ បានសម្ដែងអាបត្តិ បង្ហាញកំហុសរួចរាល់ហើយ បើទោះជាការបកស្រាយនោះ ត្រូវគេយល់ថា មិនទំនងក៏ដោយ៖ «បើសិនជារឿងទាំងអស់ហ្នឹងធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រទេសជាតិទាំងមូល ធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនាទាំងមូល ហើយក្នុងនាមតួអង្គយើងជាមន្ត្រីសាធារណៈ យើងអ្នកកាន់ច្បាប់ទៀត ដូច្នេះយើងគួរតែគោរពច្បាប់។ ដូច្នេះ យើងធ្វើខុសគួរតែទទួលកំហុស យើងត្រូវទទួលកំហុស មិនថា អ្នកតួច មិនថា អ្នកធំទេ » ។
លោក ហេង សំរិន ប្រធានរដ្ឋសភាឯកបក្ស បានរងការរិះគន់ ពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្រោយពេល រូបថតជាច្រើនសន្លឹក បែកធ្លាយ ឃើញរូបព្រះសង្ឃមួយអង្គ ទទួលស្រោមសំបុត្រ ហើយលុតជង្គង់ ខណៈ លោក ហេង សំរិន អង្គុយលើកៅអី។
អាស៊ីសេរីមិនមានប្រភពសុំការបំភ្លឺពី លោក ហេង សំរិន ឬមន្ត្រីខុទ្ទកាល័យលោក ហេង សំរិន ទេ នៅថ្ងៃទី១៨ កុម្ភៈ ខណៈហ្វេសប៊ុករបស់ លោក ហេង សំរិន ក៏មិនបានបង្ហោះសារបកស្រាយអ្វីឡើយ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ប្រាប់អាស៊ីសេរីថា ក្រសួងធម្មការ មានតួនាទីគ្រប់គ្រងការងាររដ្ឋបាល និងពង្រឹងពង្រីកគ្រប់សាសនា ប៉ុន្តែមិនមានចំណាត់ការបែបណា លើករណីព្រះសង្ឃលុតជង្គង់មុខ លោក ហេង សំរិន ទេ ដោយសារមិនមែនជាតួនាទីរបស់ក្រសួងធម្មការ។ តែជាភារកិច្ចរបស់ស្ថាប័នធម្មវិន័យសង្ឃ។
ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ពន្យល់ថា ករណីបែបនេះ នាំឲ្យព្រះសង្ឃត្រូវទទួលទោសតាមបែបព្រះពុទ្ធសាសនា ឬហៅថា ហេតុដែលនាំឲ្យមានអាបត្តិ។ ព្រះតេជគុណ ឃឹម សន ឲ្យដឹងថា មន្ត្រីសង្ឃបានទូរស័ព្ទមកប្រាប់ព្រះអង្គថា ព្រះសង្ឃអង្គនោះ បានសម្ដែងអាបត្តិ តាមបណ្ដាញសង្គមហ្វេសប៊ុក សុំអធ្យាស្រ័យពីមហាជនរួចហើយ៖ « ហេតុដែលនាំឲ្យត្រូវអាបត្តិ តែនេះ ហៅអាបត្តិតូច អាចសម្ដែងអាបត្តិនៅចំពោះមុខបាន នៅក្នុងព្រះវិហារ ក្នុងថ្ងៃឧបោសថអ្វីបាន » ។
តែយ៉ាងណា ព្រះតេជគុណ ឃឹម សន ប្រាប់ថា ព្រះអង្គ ក៏មិនបានដឹងថា ព្រះសង្ឃអង្គនោះ គង់នៅវត្តណា ឬ ខេត្តណាទេ។ ក្រោយរងការរិះគន់ព្រះសង្ឃ ដែលលុតជង្គង់មុខ លោក ហេង សំរិន បានបកស្រាយថា លោក ហេង សំរិន មិនបានបង្គាប់បញ្ជាឲ្យព្រះអង្គលុតជង្គង់ទេ តែដោយសារតែព្រះអង្គរំភើបនឹងទឹកចិត្តរបស់លោក ហេង សំរិន ពេក ទើបទ្រាំមិនបានទន់ជង្គង់។
ព្រះតេជគុណ លួន សាវ៉ាត យល់ថា ករណីនេះ មិនមែនដោយសារចិត្តរំជើបរំជួលទេ តែជាការកើតចេញពីចិត្តលោភលន់របស់ព្រះសង្ឃ ដែលទទួលបានលាភសក្ការពីអ្នកមានអំណាច។ ព្រះតេជគុណ លួន សាវ៉ាត សង្កេតឃើញថា ករណីបែបនេះ កើតឡើងណាស់ ចំពោះព្រះសង្ឃមួយចំនួន ដែលចូលចិត្តលើកដៃសំពះ បន្ទន់កាយ ឱនលំទោន ដាក់អ្នកធំ មានអំណាច លុយកាក់ បុណ្យសក្ដិ ប៉ុន្តែ មិនដែលឃើញព្រះសង្ឃមួយចំនួនតូចនេះ ប្រើអាកប្បកិរិយាបែបនេះ ចំពោះពុទ្ធបរិស័ទចំណុះជើងវត្ត ជាយាយតា ក្រីក្រ កាន់សីល៥ ឬសីល៨ ឡើយ៖ « វាមិនត្រឹមតែលើកទី១ទេ រូបភាពបែបនេះ ឃើញច្រើនលើកច្រើនសារហើយ ព្រះសង្ឃគោរពអ្នកធំ គោរពអ្នកមានអំណាចនោះណា ហើយបើលោកយាយ លោកតា ឧបាសក បាសិកា ធម្មតា មិនដែលលើកដៃសំពះផង។ តែបើគ្រហស្ថជាអ្នកធំ អ្នកមានអំណាច បែរជាធ្វើកាយវិការបែបនេះ មិនមែនជាការភ្លេចសតិទេ » ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងធម្មការ និងសាសនា បានចេញសារាចរជាលើកដំបូងមួយ តម្រូវឲ្យរៀបចំអាសនៈថ្វាយប្រគេនព្រះសង្ឃក្នុងពិធីសាសនា និងពិធីផ្លូវការរបស់រដ្ឋ ដើម្បីឲ្យមានការប្រណិប័តន៍ ស្របតាមរដ្ឋធម្មនុញ្ញ ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ព្រះតេជគុណ លួន សាវ៉ាត អះអាងថា ប្រសិនបើលោក ហេង សំរិន មិនបង្ហាញការសុំទោសជាសាធារណៈ ក៏គ្មាននរណាហ៊ានធ្វើអ្វីលោកដែរ។ ប៉ុន្តែ លោក ហេង សំរិន មិនអាចគេចផុតពីកេរ្តិ៍ឈ្មោះមិនល្អ និងអំពើបាបកម្មទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
