អាជ្ញាធរជំនាញកំពុងបន្តសហការគ្នាតាមចាប់ជនល្មើសដែលរំលោភហើយសម្លាប់កុមារបងប្អូនបង្កើតពីរនាក់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែឧសភា ដោយអះអាងថា កំណត់អត្តសញ្ញាណបានហើយ ប៉ុន្តែ ជនល្មើសកំពុងរត់គេចខ្លួន។ សង្គមស៊ីវិល និងឪពុកម្ដាយរបស់កុមាររងគ្រោះស្នើសុំឱ្យអាជ្ញាធរចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងលើជនល្មើសដើម្បីផ្ដល់យុត្តិធម៌ជូនកុមាររងគ្រោះ និងកុំឱ្យអំពើព្រៃផ្សៃបែបនេះបន្តកើតមានទៀត។
លោក អ៊ន ផា អាយុ ៥០ឆ្នាំ និងលោកស្រីនួន ស៊ាងឡេង អាយុ ៤៣ឆ្នាំ ទើបតែបាត់បង់កូនស្រីម្នាក់អាយុ ១០ឆ្នាំ និងកូនប្រុសម្នាក់អាយុ ២ឆ្នាំ។ កុមារីជាបងត្រូវឃាតកធ្វើទារុណកម្មរំលោភរហូតដល់ស្លាប់ចំណែកកុមារាជាប្អូនប្រុស ត្រូវឃាតកវាយសម្លាប់ដើម្បីបំបិទមាត់កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ក្រោយពេលឪពុកចេញទៅធ្វើការសំណង់នៅក្បែរផ្ទះ ហើយម្ដាយចេញទៅស៊ីឈ្នួលលាងចាននៅក្នុងភោជនីយដ្ឋានមួយ ដោយទុកឱ្យកូននៅលេងក្នុងផ្ទះតែពីរនាក់បងប្អូន។
លោក អ៊ន ផា រៀបរាប់ថា ដោយសារតែជីវភាពក្រីក្រ លោកបានសម្រេចចិត្តនាំប្រពន្ធក្រោយជាមួយកូនតូចៗទាំងពីរនាក់ និងកូនប្រពន្ធដើមមួយគ្រួសារទៀតចាកចេញពីស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយមករស់នៅធ្វើការទើបតែបានជិត ១សប្ដាហ៍នៅភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ជាទីដែលលោកត្រូវបាត់បង់កូនតូចៗទាំងពីរនាក់។ លោកបន្តថា ជារៀងរាល់ថ្ងៃលោកតែងតែនាំកូនទៅលែងនៅកន្លែងធ្វើការ ប៉ុន្តែដោយសារនៅថ្ងៃកើតហេតុនោះមេឃភ្លៀងខ្លាំងទើបលោកទុកឱ្យកូននៅលេងក្នុងផ្ទះដោយមិននឹកស្មានថា ឃាតកឆ្លៀតពេលចូលទៅចាប់រំលោភនិងវាយសម្លាប់កូនលោកទាំងពីរនាក់ឡើយ។ អ្នកដែលឃើញស្ថានភាពជនរងគ្រោះមុនគេគឺជា កូនប្រុសច្បង និងកូនប្រសារបស់លោក ហើយបានរត់ទៅប្រាប់លោកនៅកន្លែងការងារ៖ «ប្រហែលជាម៉ោង១២ថ្ងៃត្រង់ គឺមេឃភ្លៀងខ្ញុំក៏ថា កូនៗឯងនៅផ្ទះនឹងហើយ ប៉ាមិនបានយកកូនទៅកន្លែងធ្វើការទេ ព្រោះខ្លាចត្រូវភ្លៀងរងា ហើយខ្ញុំក៏ចេញទៅធ្វើការទៅ។ ប្រហែលជាម៉ោង ១កូនច្បងរបស់ខ្ញុំបាននាំប្រពន្ធវា និងចៅមកលេងផ្ទះខ្ញុំ ដោយសារមានអារម្មណ៍ថា នឹកប្អូនៗ។ ពេលមកផ្ទះមិនឃើញប្អូនសោះ ព្រោះឃាតកបានគ្របភួយជិតអស់ហើយ ប៉ុន្តែនៅលឺសំឡេងក្រេះក្រោះៗនិងឃើញមានអាចម៍នោមពេញផ្ទះ ទើបកូននោះបើកភួយមើលស្រាប់តែឃើញប្អូនដេកស្លាប់រេលក្នុងថ្លុកឈាមតែម្ដង ហើយបានយំរត់ប្រាប់ខ្ញុំកន្លែងការងារថា ប៉ាអើយៗ ប្អូនៗស្លាប់អស់ហើយ»។
លោកបន្តរៀបរាប់ទាំងក្ដុកក្ដួលថា នៅពេលដែលលោករត់មកដល់ផ្ទះគឺលោកទន់ជង្គង់ និងស្រែកទ្រហោយំនៅពេលឃើញកូនប្រុសទើបអាយុ ២ឆ្នាំដេកស្លាប់ក្នុងថ្លុកឈាម ខណៈកូនស្រីបងអាយុទើប១០ឆ្នាំដេកអាក្រាតកាយដកចង្កាមាន់ហើយជោកជាំដោយឈាមស្ទើរពេញរាងកាយ។
ឪពុកនិងម្ដាយជនរងគ្រោះបន្ថែមថា ភ្លាមៗគឺពួកគាត់បានប្ដឹងប៉ូលិសនិងបានបញ្ជូនកូនស្រីទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរក៏សម្រេចបញ្ជូនទៅសង្គ្រោះបន្តនៅរាជធានីភ្នំពេញ ប៉ុន្តែកុមារីបានស្លាប់តាមផ្លូវ៖ «ពេលខ្ញុំងូតទឹកឱ្យសាកសពកូនរបស់ខ្ញុំ គឺខ្ញុំឃើញស្ថានភាពកូនរបស់ខ្ញុំធ្ងន់ធ្ងរណាស់ដោយសារតែរងនូវអំពើវាយធ្វើបាបរហូតដល់ស្លាប់នោះ»។
ម្ដាយកុមាររងគ្រោះគឺលោកស្រី នួន ស៊ាងឡេង សំណូមពរឱ្យសមត្ថកិច្ចជួយតាមចាប់ខ្លួនឃាតកមកផ្ដន្ទាទោសឱ្យបាន ដើម្បីផ្ដល់យុត្តិធម៌ដល់កូនៗរបស់លោកស្រី៖ «ខ្ញុំចង់ឱ្យតាមចាប់ជនល្មើសឱ្យបានមកផ្ដន្ទាទោសឱ្យខ្ញុំបានឃើញផ្ទាល់ភ្នែកផង។ ខ្ញុំខឹងខ្លាំង។ ទឹកចិត្តជាម្ដាយខ្ញុំមានតែពីរនាក់ប្រុសមួយស្រីមួយ។ ខ្ញុំអាណិតកូនខ្ញុំណាស់ ដេកមិនលក់ ហូបមិនកើតដោយសារថា ឈឺចាប់អាណិតកូនខ្ញុំដែលត្រូវគេវាយធ្វើបាបយ៉ាងឃោរឃៅបំផុត»។
អំពើរំលោភសម្លាប់លើកុមារទាំងពីរនាក់បងប្អូននេះគឺកើតឡើងនៅក្នុងផ្ទះថ្មតូចមួយ ស្ថិតនៅលើដីឡូតិ៍ ធំទូលាយមួយដែលមានរបងថ្មកម្ពស់ប្រហែល ២ម៉ែត្រព័ទ្ធជុំវិញ ហើយផ្ទះពលរដ្ឋផ្សេងៗទៀតនៅរប៉ាត់រប៉ាយឆ្ងាយៗពីគ្នា។ ផ្ទះថ្មតូចនេះគឺមេការសំណង់ទើបតែអនុញ្ញាតឱ្យគ្រួសារជនរងគ្រោះចូលទៅរស់នៅបណ្ដោះអាសន្នបាន៥ថ្ងៃប៉ុណ្ណោះ។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ មានប្រសាសន៍ថា អាជ្ញាធរជំនាញ កំពុងតែបន្តសហការគ្នាតាមចាប់ខ្លួនជនសង្ស័យព្រោះពេលនេះសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ ប៉ុន្តែជនល្មើសកំពុងរត់គេចខ្លួន។ ជនសង្ស័យមានឈ្មោះ ឈឹម វិចិត្រ អាយុ ៣០ឆ្នាំ គឺជាអ្នកដែលរស់នៅក្នុងផ្ទះជួលមួយដែលជាប់របងផ្ទះរបស់គ្រួសារជនរងគ្រោះកំពុងស្នាក់នៅ៖ «ក្រោយពេលកើតហេតុខាងសមត្ថកិច្ចយើងខ្ញុំបានចូលទៅពិនិត្យនិងជួយសង្គ្រោះក្មេងស្រីជាបងព្រោះនៅមានដង្ហើមដែរ។ អ្វីដែលខ្លោចផ្សាគឺនៅពេលដល់មន្ទីរ ខាងមន្ទីរពេទ្យបានជួយជ្រោមជ្រែងអស់លទ្ធភាពដែរប៉ុន្តែកុមារីនៅតែស្លាប់។ ទី១វាគឺជាអំពើសហាវឃោរឃៅបំផុតដែលជនសង្ស័យប្រព្រឹត្តទៅលើក្មេងនោះ។ ទី៣យើងបានសហការជាមួយជំនាញជាមួយអង្គការ CPU ហើយ យើងបានកំណត់អត្តសញ្ញាណជនសង្ស័យបានហើយ។ ខាងជំនាញយើងខ្ញុំបានសហការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធរបស់អគ្គស្នងការនគរបាលជាតិកំពុងតែតាមចាប់ខ្លួនជនសង្ស័យ»។
ប៉ូលិសបានរកឃើញកន្សែងពោះគោមួយនៅកន្លែងកើតហេតុ និងរកឃើញស្នាមជើងរបស់ជនសង្ស័យដែលបានឡើងផ្លោះរបងពីផ្ទះស្នាក់នៅរបស់ខ្លួនទៅរបស់ជនរងគ្រោះ។ ម្យ៉ាងទៀតក្រោយពេលកើតហេតុជនសង្ស័យបាននាំប្រពន្ធរត់គេចខ្លួនបាត់តែម្ដង។
ចំណែកអង្គភាពការពារកុមារ (Child Protection Unit) ដែលជាគំនិតផ្ដួចផ្ដើមរវាងអង្គការមូលនិធិកុមារកម្ពុជា និងក្រសួងមហាផ្ទៃដើម្បីជួយកុមារដែលរងការរំលោភបំពានប្រកាសថា ការស្វែងរកជន ល្មើសឈ្មោះ ឈឹម វិចិត្រ កំពុងដំណើរការទូទាំងប្រទេសកម្ពុជា។
ក្មេងរងគ្រោះពីរនាក់បងប្អូនមានឈ្មោះថា ផា ស្រីល័ក្ខ អាយុ ១០ ឆ្នាំ ភេទស្រីនិងប្អូនប្រុស ផាសុខលី អាយុ ២ឆ្នាំ។ ករណីរំលោភសម្លាប់កុមារទាំងពីរនាក់នេះធ្វើឱ្យមានការពិភាក្សានៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយពួកគេចាត់ទុកថា នេះជាករណីសាហាវព្រៃផ្សៃមួយ ហើយអ្នកខ្លះទៀត ទាមទារឱ្យមានការដាក់ទោសទណ្ឌលើសពីការជាប់ពន្ធនាគារមួយជីវិត ប៉ុន្តែកម្ពុជាមិនមានច្បាប់ប្រហារជីវិតនោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី លើកឡើងថា ករណីរំលោភសម្លាប់កុមារនៅខេត្តព្រះសីហនុនេះ គឺជាករណីរំលោភឃោរឃៅបំផុតក្នុងឆ្នាំ២០១៩នេះ។ អ្នកស្រីបន្តថា អ្នកដែលបានទៅឃើញកន្លែងកើតហេតុនោះសុទ្ធតែរន្ធត់តក់ស្លុតចំពោះសកម្មភាពព្រៃផ្សៃរបស់ជនល្មើស។ អ្នកស្រីជំរុញឱ្យសមត្ថកិច្ចតាមចាប់ជនល្មើសឱ្យខាងតែបានព្រោះជនល្មើសអាចនឹងប្រព្រឹត្តអំពើនេះទៅលើអ្នកផ្សេងទៀត៖ «ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាសហការមិនមែនតែក្នុងខេត្តព្រះសីហនុទេ ព្រោះជនប្រព្រឹត្តបានគេចខ្លួនហើយអ៊ីចឹងអាចគេចទៅសម្ងំលាក់ខ្លួនកន្លែងណាមួយ ព្រោះយើងដឹងថា ជនសង្ស័យនេះ មិនមែនជាអ្នកកំពង់សោមនោះទេ គឺជាអ្នកចំណាកស្រុកមកពីកន្លែងផ្សេង។ ដើម្បីឱ្យជនរងគ្រោះមានយុត្តិធម៌គឺត្រូវការការជួយឈឺឆ្អាលពីសាធារណជនទាំងអស់ ព្រោះប្រសិនបើយើងមិនជួយសហការគ្នាទេ ជនក្រោយទៀតក៏អាចធ្វើអ៊ីចឹងដែរ ព្រោះយល់ថាធ្វើអ៊ីចឹងហើយអាចរួចខ្លួន។ ដូច្នេះបើយើងស្អប់ខ្ពើមអំពើឃោរឃៅអមនុស្សធម៌ គឺត្រូវតែសហការរួមគ្នាដើម្បីធ្វើយ៉ាងណាដើម្បីនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់»។
នៅក្នុងខែឧសភានេះ ការរំលោភសម្លាប់កុមារមានពីរករណីហើយ។ ករណីទី១ កើតឡើង នៅភូមិកោងស្រែឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយជនល្មើសឈ្មោះ ផ្លុង ហុកលី អាយុ៣៥ ឆ្នាំ ស្រវឹងស្រាបានចាប់រំលោភលើកុមារីអា យុ៧ឆ្នាំក្នុងពេលនាំក្មេងស្រីរងគ្រោះទៅឆ្លុះកង្កែប។ជនល្មើស បានវាយតប់ចាប់រំលោភរួចសម្លាប់ក្មេងស្រីរងគ្រោះហើយយកសាកសពទៅបោះចោលក្នុងស្រះទឹក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ហើយសមត្ថកិច្ចបានចាប់ខ្លួនជនល្មើស ដាក់ពន្ធនាគារនៅថ្ងៃបន្ទាប់។
អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រ និងឪពុកម្ដាយធ្វើចំណាកស្រុកគឺជាក្រុមជនងាយរងគ្រោះថ្នាក់ជាងគេ ចំពោះការរំលោភបំពានផ្លូវភេទ ពីព្រោះឪពុកម្ដាយមិនមានពេលនៅក្បែរថែទាំដិតដល់។
អ្នកស្រីមើលឃើញថា ការអនុវត្តច្បាប់ធូររលុងបណ្ដោយឱ្យជនល្មើសរួចខ្លួនបញ្ហាគ្រឿងញៀន ការសេពគ្រឿងស្រវឹង កង្វះការអប់រំការធ្លាក់ចុះនៃសីលធម៌សង្គម និងការមើលវីដេអូអាសអាភាសគឺជាកត្តាដែលធ្វើឱ្យមានការរំលោភផ្លូវភេទលើកុមារ៖ «ក្មេងៗដែលរស់នៅក្នុងជីវភាពក្រីក្រពេលខ្លះគាត់ងាយស្រួលក្នុងការលួងលោម និងបោកបញ្ឆោតណាស់។ ជនប្រព្រឹត្តបទល្មើស ឬជនខិលខូចគ្រាន់តែទិញនំចំណីឱ្យគាត់ញាំ ឬក៏ឱ្យលុយឱ្យកាក់ឬក៏សន្យាថា ឱ្យគាត់ទៅមើលនេះ ទៅមើលនោះលេងល្បែង ឬឱ្យមើលទូរសព្ទអីជាដើម។ ជួនកាល គាត់មានគ្រោះថ្នាក់ដោយសារតែការបោកបញ្ឆោតទាំងនេះហើយរួចហើយយើងក៏មិនដឹងថា ទៅរកជនល្មើសនៅកន្លែងណាទេ។ អ៊ីចឹងរាល់ថ្ងៃឪពុកម្ដាយថាទៅ រកស៊ីដើម្បីកូន ប៉ុន្តែពេលខ្លះលុយដែលយើងបានមកវាមិនអាចប៉ះប៉ូវនៅការបាត់បង់កូនជាទីស្រឡាញ់បានទេ»។
ចំណាកស្រុកពីកន្លែងមួយទៅកន្លែងមួយ ដើម្បីរកការងារធ្វើគឺជាបញ្ហាទូទៅរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមជនបទដោយសារពួកគេពិបាករកចំណូលនៅស្រុកកំណើត។ពេលខ្លះ ពួកគេបានយកកូនទៅរស់នៅជាមួយនៅកន្លែងការងារហើយពេលខ្លះពួកគេបានផ្ញើកូនទុកឱ្យយាយតាបងប្អូន ឬសាច់ញាតិ មើលថែទាំ។ ករណីនេះបានធ្វើឱ្យក្មេងស្រីស្ថិតក្នុងហានិភ័យខ្ពស់ពីការបៀតបៀនផ្លូវភេទ និងការរំលោភសម្លាប់ជាដើម។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានរាយការណ៍ថា ក្នុងឆ្នាំ២០១៨ករណីរំលោភកុមារក្រោមអាយុ១៨ឆ្នាំ មាន ៨៤ករណី ក្នុងនោះរំលោភសម្លាប់មាន៣ករណី។ សម្រាប់នៅដើមឆ្នាំ២០១៩វិញករណីរំលោភកុមារ មាន២៧ករណី ក្នុងនោះរំលោភសម្លាប់មាន ២ករណី ប៉ុន្តែមិនទាន់បានបូកសរុបរបាយការណ៍ក្នុងខែឧសភាពេញលេញនៅឡើយ។
ក្រោយហេតុការណ៍រំលោភសម្លាប់កើតឡើងម្ដាយឪពុករបស់កុមាររងគ្រោះ និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងជាងមុនទៅលើសុវត្ថិភាពរបស់ក្មេងៗ ព្រោះករណីលោក អ៊ន ផា និងលោកស្រី នួន ស៊ាងឡេង ដែលទើបតែបាត់បង់កូនទាំងពីរនាក់នេះគឺជារឿងសោកសៅ និងឈឺចាប់បំផុតក្នុងឆាកជីវិតដោយសារតែពួកគាត់ ចាត់ទុកថា ជាការធ្វេសប្រហែសមួយភ្លែតទុកបណ្ដោយឱ្យកូនតូចៗមើលថែគ្នា ហើយពួកគាត់ចាកចេញទៅធ្វើការក្រៅផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
