ព្រះមហាក្សត្រតែងតាំងសម្តេចសង្ឃ នន្ទ ង៉ែត ជាសម្តេចព្រះមហាសង្ឃរាជជំនួសសម្តេចសង្ឃ ទេព វង្ស
2024.12.09
ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី៨ ខែធ្នូ សម្រេចតែងតាំង សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ឱ្យឡើងធ្វើជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ជំនួសសម្តេច ទេព វង្ស ដែលបានសុគតកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដើមឆ្នាំនេះ។
ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជក្រឹត្យតំឡើងតំណែង និងឋានៈមន្ត្រីសង្ឃសំខាន់ៗមួយចំនួនទៀតមានដូចជា៖ ដំឡើងឋានៈ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ជាសម្ដេចសង្ឃនាយករងទី១ ឡើងទៅជា សម្ដេចព្រះមហាសុមេធាធិបតី សម្ដេចសង្ឃនាយក និងសម្ដេចព្រះវ័នរ័ត ណយ ច្រឹក ជាសម្ដេចសង្ឃនាយករងទី២ ឡើងទៅជា សម្ដេចព្រះពោធិវ័ង្ស សម្ដេចសង្ឃនាយករងទី១ នៃគណៈមហានិកាយ ។ រីឯសម្ដេចព្រះឧត្ដមវង្សា មួង រ៉ា ជាសម្ដេចព្រះសង្ឃនាយករងទី៣ ត្រូវព្រះមហាក្សត្រឱ្យឡើងទៅជា សម្ដេចព្រះវ័នរ័ត សម្ដេចសង្ឃនាយករងទី២។ ចំណែកសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងទៅជា សម្ដេចព្រះសង្ឃនាយករងទី៣នៃគណៈមហានិកាយ ។
ការតែងតាំងសម្តេចព្រះសង្ឃរាជថ្មីនេះធ្វើឡើងនៅប្រមាណ ៣សប្ដាហ៍ ក្រោយពេលលោក ហ៊ុន សែន ថាលោក និងសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រដទៃទៀតកំពុងពិគ្រោះយោបល់ជាមួយព្រះមហាក្សត្រ ចំពោះការជ្រើសរើសសម្តេចព្រះសង្ឃរាជថ្មី។
លោក ហ៊ុន សែន កាលពីថ្ងៃទី១១ ខែវិច្ឆិកា ថ្លែងក្នុងពិធីបើកអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ថា កន្លងទៅមិនទាន់មានការតែងតាំងសម្តេចព្រះសង្ឃរាជថ្មី គឺដោយសារមិនទាន់មានភាពបន្ទាន់។ លោក ហ៊ុន សែន រងនូវការរិះគន់ថា បានព្យាយាមបញ្ជ្រាបឥទ្ធិពលរបស់លោក ដើម្បីប្រើប្រាស់ស្ថាប័នព្រះពុទ្ធសាសនាសម្រាប់បម្រើឱ្យនយោបាយរបស់លោក និងបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។