ក្រសួង​អប់រំ និង​យូនីសេហ្វ​ប្រកាស​អនុវត្ត​ផែនការ​៥​ឆ្នាំ​ស្តីពី​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច

ក្រសួង​អប់រំ និង​អង្គការ​យូនីសេហ្វ (UNICEF) ប្រកាស​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច ចាប់ពី​ឆ្នាំ​២០២២-២០២៦ ដើម្បី​ពង្រឹង​កម្មវិធី​អប់រំ​កុមារ​តូច កែ​លម្អ​សម្ភារៈ​រៀន​និង​បង្រៀន ពង្រឹង​សមត្ថភាព​គ្រូបង្រៀន​មត្តេយ្យ​សិក្សា ព្រមទាំង​កម្មវិធី​អប់រំ​មាតាបិតា​ផង។

ផែនការ​សកម្ម​ភាព​ជាតិ​ដំណាក់កាល​ទី​២​នេះ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង ១០​លាន​ដុល្លារ គឺ​បន្ត​អនុវត្ត​ចំណុច​អាទិភាព​ដែល​នៅ​សេសសល់​ពី​ផែនការ​សកម្មភាព​ជាតិ​ដំណាក់កាល​ទីមួយ កាល​ពី​អំឡុង​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៨។ នៅ​ប្រទេស​កម្ពុជា មាន​កុមារ​ប្រមាណ​ជាង ១​លាន​៧​សែន​នាក់ អាយុ​ក្រោម​៥​ឆ្នាំ។

ប្រធាន​ស្តីទី​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា លោក​បណ្ឌិត អានៀរបាន ឆាតឺរជី (Dr. Anirban Chatterjee) បាន​បញ្ជាក់ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​អប់រំ និង​អង្គការ​យូនីសេហ្វ កាលពី​ថ្ងៃទី៧ ខែ​តុលា ថា កុមារ​អាយុ​ក្រោម​៣​ឆ្នាំ ខួរក្បាល​របស់​ពួកគេ លូតលាស់​លឿន​ជាង​ពេលណាៗ​ទាំងអស់ ហើយក៏​ជា​ឱកាស​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ថែទាំ អប់រំ សម្រាប់​ការ​រីក​ចម្រើន​ពេញ​មួយ​ជីវិត​របស់​ពួកគេ​។ លោក​បន្ត​ថា អង្គការ​យូនីសេហ្វ រួម​ទាំង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ នឹង​បន្ត​យកចិត្តទុកដាក់​ដល់​កុមារ​តូចៗ ដើម្បី​ធានា​ថា គ្មាន​កុមារណា​ម្នាក់​ត្រូវ​បាន​គេ​ទុកចោល​នោះ​ទេ។

ចំណែក រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន វិញ បាន​ឲ្យ​ដឹង​ដែរ​ថា បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ដែល​បណ្តាល​ឲ្យ​ក្រិន​និង​ស្គមស្គាំង បាន​ថយ​ចុះ​ពី​៥០% ក្នុង​ឆ្នាំ​២០០០ មក​នៅ​ត្រឹម​២២% ក្នុង​ឆ្នាំ​២០២១-២២​។ លោក​បន្ត​ថា កុមារ​អាយុ​៥​ឆ្នាំ ចំនួន​៦០% ទទួល​បាន​ការ​អប់រំ ក៏ប៉ុន្តែ​នៅ​មាន​កុមារ ៤០% ទៀត មិន​អាច​ទទួល​បាន​ការ​អប់រំ​នៅ​ឡើយ​។ លោក​លើក​ទឹកចិត្ត​មាតាបិតា​ឲ្យ​បញ្ជូន​កូនតូចៗ ទៅ​រៀនសូត្រ​ពី​គ្រូ​មត្តេយ្យ​សិក្សា និង​អ្នកជំនាញ​ផ្សេង​ទៀត​។

ទោះជា​យ៉ាងនេះ​ក្តី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កុមារ​តូចៗ​ភាគច្រើន​មិន​បាន​ទៅ​រៀនសូត្រ ដោយសារ​ឪពុកម្ដាយ​ទី​ទាល់​ក្រ និង​ជំពាក់​បំណុល​គេ​វ័ណ្ឌក នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ខ្លះ​ត្រូវ​យក​កូនតូចៗ​ទៅ​ជាមួយ និង​ខ្លះទៀត​ទុក​ឲ្យ​ជីដូន​ថែរក្សា​ចៅៗ​នៅ​ភូមិ​កំណើត ដោយ​ពុំ​បាន​ទៅ​រៀនសូត្រ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។