សង្គម​ស៊ីវិល​បារម្ភ​ការ​ស៊ើប​អង្កេត​ករណី​កម្មករ​អូស​រទេះ​បាតុកម្ម​នៅ​ប៉ោយប៉ែត​គ្មាន​តម្លាភាព

ដោយ ហ៊ុំ ចំរើន
2015.06.04
ប៉ូលិស​បង្ក្រាប​កម្មករ​អូស​រទេះ ប៉ោយប៉ែត ៦២០ សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បង្ក្រាប​កម្មករ​អូស​រទេះ​ដែល​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។
Photo Provided

មន្ត្រី​អង្គការ​​សង្គម​ស៊ីវិល បារម្ភ​អំពី​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​លើ​ករណី​បាតុកម្ម​របស់​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​បង្ក​ឲ្យ​មនុស្ស ២​នាក់​របួស​កាល​ពី​ចុង​ខែ​ឧសភា អាច​គ្មាន​តម្លាភាព។ ការ​បារម្ភ​នេះ ដោយសារ​ក្រុម​សង្គម​ស៊ីវិល​រក​ឃើញ​ឈ្មោះ​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ ក្នុង​លិខិត​អញ្ជើញ​របស់​អាជ្ញាធរ​ខេត្ត ឲ្យ​ចូលរួម​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ​មន្ត្រី​តុលាការ​ខេត្ត​បញ្ជាក់​ថា ពុំ​មាន​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​ស៊ើប​អង្កេត​ជាមួយ​សមត្ថកិច្ច​នោះ​ឡើយ។

មន្ត្រី​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រុង​ប៉ោយប៉ែត និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ស្នើ​ឲ្យ​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ស៊ើប​អង្កេត​ករណី​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​តវ៉ា​មិន​ឲ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត យក​ពន្ធ​ថ្លៃ​នោះ ដោយ​អព្យាក្រឹត និង​មិន​លម្អៀង។

មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​នេះ​បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ប្រជុំ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ការ​ស៊ើប​អង្កេត​ករណី​កម្មករ​ធ្វើ​បាតុកម្ម​នេះ​នៅ​សាលា​ខេត្ត កាល​ពី​ថ្ងៃ​ទី​២ មិថុនា កន្លង​ទៅ។ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រុង​ប៉ោយប៉ែត លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ មិថុនា ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ករណី​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា រវាង​កម្មករ​អូស​រទេះ និង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត កាល​ពី​ចុង​ខែ​ឧសភា កន្លង​ទៅ មិន​អាច​ដោះស្រាយ​ឲ្យ​ក្រុម​កម្មករ​បាន​នោះ​ទេ ប្រសិន​បើ​ការ​ស៊ើប​អង្កេត​នោះ​ប្រកាន់​បក្ខពួក​និយម មិន​ឯករាជ្យ និង​ការ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ៖ «អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​នេះ​ជា​ការ​បញ្ចៀស​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ដើម្បី​រក​មេខ្លោង​ទៅ​ដោះស្រាយ​ជាមួយ​ថ្នាក់​លើ​របស់​គេ​ឲ្យ​រួច​ផុត​ពី​ការ​ស្ដី​បន្ទោស»

ទាក់ទង​នឹង​បញ្ហា​នេះ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធិ ឡោះ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​ពុំ​ទទួល​ដំណឹង​ជុំវិញ​បញ្ហា​នេះ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «ការងារ​នេះ​ខ្ញុំ​អត់​បាន​ដឹង​ទេ ពីព្រោះ​ខ្ញុំ​បាន​ទៅ​ចូលរួម​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​នៅ​សាលា​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ប្រជុំ​មន្ត្រី​ពាក់ព័ន្ធ រួម​ទាំង​មន្ត្រី​តុលាការ​ខេត្ត​ផង ដើម្បី​ពន្លឿន​ស៊ើប​អង្កេត​លើ​ករណី​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត នោះ។ លោក​ថា ការ​ស៊ើប​អង្កេត​នេះ​មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត​នោះ​ទេ ពីព្រោះ​មន្ត្រី​តុលាការ​មាន​ឈ្មោះ​ក្នុង​លិខិត​អញ្ជើញ​ចូលរួម​ប្រជុំ ពី​សំណាក់​អាជ្ញាធរ​ខេត្ត​នោះ​ដែរ៖ «លើក​ទី​១​ទាក់ទង​ករណី​ដីធ្លី លើក​ទី​២ នេះ ចូលរួម​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត ទៅ​វិញ។ ស្ថាប័ន​ឯករាជ្យ​មួយ​បែប​ស្ថិត​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត តុលាការ​គួរ​ស្ថិត​នៅ​ឯករាជ្យ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​កំពុង​ដំណើរ​ការ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ​ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ធ្វើ​ឡើង​ដោយ​ឯករាជ្យ ហើយ​ពុំ​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​ប្រជុំ​ជាមួយ​សមត្ថកិច្ច​ខេត្ត​នោះ​ទេ៖ «ខ្ញុំ​ទទួល​ស្គាល់​មាន​លិខិត​អញ្ជើញ​ពី​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ មែន ប៉ុន្តែ​ខាង​ខ្ញុំ​នេះ​អត់​បាន​ទៅ​ចូលរួម​ជាមួយ​សមត្ថកិច្ច​នោះ​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ការងារ​ត្រឹម​តែ​អំណាច​ដែល​មាន​ប៉ុណ្ណោះ»

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែង​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណោម ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១ មិថុនា ដែល​កាសែត​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​លោក​ថា ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ោយប៉ែត របស់​កម្មករ​អូស​រទេះ​នោះ គឺ​លោក​សំដៅ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពី​ក្រោយ​ខ្នង ដែល​គណបក្ស​នេះ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ប្រែ​ក្លាយ​ទៅ​ជា​វប្បធម៌​ញុះញង់ បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ។

កន្លង​ទៅ អភិបាល​ក្រុង​ប៉ោយប៉ែត ធ្លាប់​ចេញ​របាយការណ៍​មួយ​ចោទ​ប្រកាន់ លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស សម រង្ស៊ី និង​លោក ឌិន ពិទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្រុង​ប៉ោយប៉ែត និង​បក្ខពួក​មួយ​ចំនួន​ទៀត ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ញុះញង់​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​ដែល​បង្ក​ការ​ខូចខាត​រថយន្ត​គយ​ចំនួន ៧​គ្រឿង និង​រង​បួស​មន្ត្រី​សន្តិសុខ​គយ​ម្នាក់ និង​កម្មករ​អូស​រទេះ​ម្នាក់​រង​របួស​ធ្ងន់។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ពុំ​ទាន់​ចាប់​អ្នក​បង្ក​មក​ផ្ដន្ទាទោស និង​ដោះស្រាយ​បញ្ហា​ដល់​ក្រុម​កម្មករ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។