សង្គមស៊ីវិលជំរុញឱ្យស៊ើបអង្កេត និងស្រាវជ្រាវលើមន្ត្រីនគរបាលចុះបង្ក្រាបបទល្មើស និងបាញ់រះបណ្ដាលឱ្យពលរដ្ឋនៅខេត្តព្រៃវែងរងរបួសធ្ងន់ ទោះបីជាសមត្ថកិច្ចទទួលស្គាល់ថា ការអនុវត្តបង្ក្រាបមានការភ័ន្តច្រឡំក៏ដោយ។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទទួលស្គាល់ថា កម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ពិតជាបានបំផ្ទុះអាវុធជាច្រើនគ្រាប់មែន។
សង្គមស៊ីវិលសង្ឃឹមថាតុលាការនឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងលើករណីសមត្ថកិច្ចបាញ់រះនៅខេត្តព្រៃវែងដែលបណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ដើម្បីបញ្ចៀសវប្បធម៌និទ្ទណ្ឌភាព។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រៃវែង អ្នកស្រី អ៊ាង គឹមលី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ខែធ្នូ ថាការអន្តរាគមន៍ឬការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចគួរតែត្រូវបានអនុវត្តតាមគោលការណ៍ជំនាញវិជ្ជាជីវៈ។ អ្នកស្រីថា ការប្រើប្រាស់អាវុធគួរតែជាជម្រើសចុងក្រោយនិងមិនគួរណាបាញ់រះនៅទីប្រជុំជនបណ្ដាលឱ្យពលរដ្ឋដែលមិនពាក់ព័ន្ធសោះរងរបួសធ្ងន់ធ្ងរនោះទេ។
អ្នកស្រី អ៊ាង គឹមលី៖ «យើងឃើញថា ជនរងគ្រោះគាត់នៅលើឡាន។ អ៊ីចឹងអត់មានអីថា ចាំបាច់ត្រូវគ្រោះថ្នាក់ ចាំបាច់ត្រូវប្រើកាំភ្លើង ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស។ បើសិនជាបច្ចេកទេស គេបាញ់នៅកង ដើម្បីកុំឱ្យទៅមុខ អាហ្នឹងត្រឹមត្រូវ ប៉ុន្តែការបាញ់រហូតដល់ទៅជាង១០ គ្រាប់បាញ់រះនេះ វាហាក់ដូចមិនមានជំនាញប្រើប្រាស់។ បានន័យថា ក្នុងការបង្ក្រាបបទល្មើសបានប្រើដល់ថ្នាក់ហ្នឹង»។
ការលើកឡើងនេះ បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលស្គាល់ថាកម្លាំងនគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ពិតជាបានបំផ្ទុះអាវុធជាច្រើនគ្រាប់មែនត្រង់ចំណុច ក-អណ្ដើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងលើផ្លូវជាតិលេខ១។ ប៉ុន្តែនគរបាលថាការបំផ្ទុះនោះសំដៅទៅលើរថយន្តសង្ស័យម៉ាកស្តារិចពណ៌សមិនមែនបាញ់រះលើប្រជាពលរដ្ឋទេ។ នគរបាលខេត្តព្រៃវែងថា មូលហេតុចម្បងនៃការផ្ទុះអាវុធគឺដោយសារកម្លាំងភ្នាក់ងារសម្ងាត់ផ្ដល់ព័ត៌មានថារថយន្តម៉ាកស្តារិចពណ៌សនោះគឺជារថយន្តរបស់ឧក្រិដ្ឋជនដែលកំពុងដឹកជនរងគ្រោះក្នុងករណីចាប់ជំរិតទារប្រាក់ពីខេត្តស្វាយរៀងមក។
តាមសេចក្ដីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងកាលពីថ្ងៃទី២៨ ខែធ្នូ សមត្ថកិច្ចអះអាងថាពេលកម្លាំងនគរបាលកាក់រថយន្តជនសង្ស័យជាប់ហើយបែរជាភាគីជនសង្ស័យបើកថយបំបុករថយន្តនគរបាលទៅវិញហើយព្យាយាមបើកគេចពីសមត្ថកិច្ច។នគរបាលខេត្តព្រៃវែង ថា រថយន្តសង្ស័យបិទស្ទីកគ័រខ្មៅពេញមួយជុំឡានដែលសមត្ថកិច្ចមិនអាចកំណត់បានថា ក្នុងរថយន្តមានអ្វីឱ្យប្រាកដ។ ម្យ៉ាងទៀត សមត្ថកិច្ចខ្លាចថាជនល្មើសអាចបំផ្ទុះអាវុធមុនសមត្ថកិច្ចទើបបានសមត្ថកិច្ចសម្រេចចិត្តបំផ្ទុះអាវុធមុន។
យ៉ាងណាម្ចាស់ហ្វេសប៊ុកឈ្មោះនាង (Nang) ដែលអះអាងជាគ្រួសារជនរងគ្រោះបានសរសេរកាលពីថ្ងៃទី២៨ ខែធ្នូ ថា ការបំភ្លឺរបស់សមត្ថកិច្ច គឺជាការព្យាយាមទម្លាក់កំហុសលើគ្រួសារគាត់។ ប្រភពដដែលថា គាត់បានឈប់ឡានក្នុងរយៈពេលនោះច្បាស់ណាស់ ប៉ុន្តែសមត្ថកិច្ច មិនសាកសួរឬឆែកឆេនោះទេ គឺមានតែគ្រាប់កាំភ្លើងបាញ់មកលើឡាន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ជំរុញឱ្យធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើកករណីនេះឱ្យបានច្បាស់។
លោក អំ សំអាត៖ «ក្នុងករណីនេះ ទោះបីជាមានការលើកឡើងរបស់សមត្ថកិច្ចថា វាជាការភ័ន្តច្រឡំ ហើយឡានជនរងគ្រោះហ្នឹង វាស៊ីសង្វាក់គ្នានឹងឡានដែលសង្ស័យ មានការប្រព្រឹត្តបទល្មើសក៏ដោយ ក៏ប៉ុន្តែមិនអាចយកសំអាងហ្នឹង យើងយកមក ដើម្បីបញ្ចប់រឿងបានទេ។ រឿងហ្នឹង វាត្រូវទាល់តែមានការស្រាវជ្រាវ ឬស៊ើបអង្កេតឱ្យបានហ្មត់ចត់ទៅបញ្ហាទាំងអស់ហ្នឹង ដើម្បីធ្វើការទប់ស្កាត់ទៅថ្ងៃក្រោយ កុំឱ្យកើតមានទៀត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងព្រះរាជអាជ្ញា រងសាលាដំបូងខេត្តព្រៃវែងអ្នកស្រី អ៊ុំ រ័ត្ននា និងលោក ចាន់ វណ្ណៈ បានទេ នៅថ្ងៃទី២៩ ខែធ្នូ ។
សមត្ថកិច្ចខេត្តព្រៃវែងអះអាងថា ភាគីពាក់ព័ន្ធទទួលខុសត្រូវលើជនរងគ្រោះដែលរងរបួស និងការខូចខាតទាំងអស់ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការខេត្តព្រៃវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
