កាតព្វកិច្ច​អ្នក​កាន់​សាសនា​ឥស្លាម​តម​ចំណី​អាហារ ឬ​បួស នៅ​ក្នុង​ខែ​រ៉ម៉ាឌន (Ramadan)

ដោយ ទីន ហ្សាការីយ៉ា
2019-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ចាម​ទាំង​នេះ​កំពុង​ថ្វាយ​បង្គំ​ព្រះ​នៅ​កន្លែង​មួយ​ក្នុង​ខេត្ត​កំពុង​ចាម នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០១១។ រូប៖ ទីន ហ្សាការីយ៉ា
បុរស​ចាម​ទាំង​នេះ​កំពុង​ថ្វាយ​បង្គំ​ព្រះ​នៅ​កន្លែង​មួយ​ក្នុង​ខេត្ត​កំពុង​ចាម នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ២០១១។ រូប៖ ទីន ហ្សាការីយ៉ា
រូប៖ ទីន ហ្សាការីយ៉ា

អ្នក​កាន់​សាសនា​ឥស្លាម​បាន​បំពេញ​កាតព្វកិច្ច​បួស​នៅ​ក្នុង​ខែ​ដ៏​ពិសិដ្ឋ គឺ​ខែ​រ៉ម៉ាឌន (Ramadan) ដែល​ជា​ខែ​តម​ចំណី​អាហារ ឬ​បួស ​មាន​រយៈ​ពេល​មួយ​ខែ។ ក្នុង​ខែ​នេះ​ដែរ សាសនិក​ឥស្លាម​ទាំង​អស់​ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​បួស​នេះ​ហើយ ពួក​គាត់​បាន​បំពេញ​កាតព្វកិច្ច និង​ភារកិច្ច​ជា​ច្រើន​ទៀត ដូចជា ការ​សូត្រ​ធម៌ ឬ​គួរអាន ការ​បរិច្ចាគ​ទាន​ដល់​ជន​ក្រីក្រ និង​ការ​ផ្ដល់​ចំណី​អាហារ​ឲ្យ​អ្នក​បួស​ជា​ដើម។

សម្រាប់​ឆ្នាំ២០១៩ នេះ សាសនិក​ឥស្លាម​នៅ​លើ​សាកល​លោក បាន​ស្វាគមន៍​ខែ​រ៉ម៉ាឌន និង​បួស ឬ​ការ​តម​ចំណី​អាហារ​នេះ គេ​បាន​ចាប់​ផ្ដើម​ព្រម​គ្នា គឺ​នៅ​ថ្ងៃ​ច័ន្ទ ទី៦ ឧសភា។

តើ​ខែ​បួស ឬ​រ៉មាដន​នេះ មាន​អត្ថន័យ​ដូច​ម្ដេច ហើយ​មូលហេតុ​អ្វី​ខ្លះ បាន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​មាន​ជំនឿ​លើ​ការ​តម​ចំណី​អាហារ​នេះ?

ការ​តម​ចំណី​អាហារ​របស់​សាសនិក​ឥស្លាម ឬ​បួស មិន​បរិភោគ​ចំណី​អាហារ​នៅ​ពេល​ថ្ងៃ​ក្នុង​រយៈ​ពេល​មួយ​ខែ ត្រូវ​នឹង​ខែ​ឧសភា​នេះ។ ការ​បួស​នេះ គឺ​ជា​កាតព្វកិច្ច​របស់​សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភព​លោក ដែល​បួស​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​អស់ ពីព្រោះ​ថា ការ​បួស​នេះ​ជា​កាតព្វកិច្ច​ទី៤ នៅ​ក្នុង​មូលដ្ឋាន​គ្រឹះ​ទាំង៥ របស់​សាសនា​ឥស្លាម។

រ៉ម៉ាឌន ឬ​ខែ​បួស​ អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​ឡាយ ​មិន​ត្រឹម​តែ​បួស​មួយ​មុខ​ប៉ុណ្ណោះ​ទេ ពួកគាត់​បាន​បំពេញ​ភារកិច្ច​ផ្សេងៗ ទៀត ដោយ​មាន​ជំនឿ​ថា ការអនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​តាម​ក្បួន​ច្បាប់ ដែល​មាន​ចែង​នៅ​ក្នុង​គម្ពីរ អាល់គួរអាន AlQuran ឬ​ទង្វើ​ល្អ​នៅ​ក្នុង​ខែ​នេះ នឹង​ទទួល​បាន​នូវ​ការ​តប​ស្នង​ផល​បុណ្យ​ដ៏​ធំ​ធេង​ពី​ អល់ឡោះ​ជា​ម្ចាស់។

ជា​ការ​ពិត​ណាស់ មនុស្ស​ទូទៅ នៅ​ពេល​ឮ​ថា​បួស ឬ​អត់​អាហារ ​តាម​ក្បួន​ច្បាប់​ឥស្លាម ប្រាកដ​ជា​ពោល​ពាក្យ​ថា លំបាក ឬ​មិន​អាច​ធ្វើ​បាន​ចំពោះ​ការ​តមចំណី​អាហារ​ពេល​ថ្ងៃ​សូម្បី​តែ​ទឹក។ ក៏​ប៉ុន្តែ​ចំពោះ​អ្នក​កាន់​សាសនា​ឥស្លាម​វិញ ពួកគាត់​មាន​ក្ដី​រំភើប​ទទួល​ស្វាគមន៍​ខែ​នេះ​មក​ដល់​ យ៉ាង​សប្បាយ​រីករាយ​ឥត​រុញរា​ទៅ​វិញ ដោយសារ​តែ​គេ​មាន​ជំនឿ​ថា ខែ​នេះ​ជា​ខែ​ដ៏​ពិសិដ្ឋ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្ដង​គត់ គឺ​រយៈ​ពេល​មួយ​ខែ ដែល​ជា​ខែ​ទី​៩ នៃ​មហាម៉ាត់​សករាជ។

ការ​តម​អាហារ​ក្នុង​ខែ​រ៉ាម៉ាឌន ត្រូវ​បាន​ច្បាប់​ឥស្លាម ចែង​នៅ​ក្នុង​គម្ពីរ​អាល់គួរអាន និង​បង្គាប់​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់ គ្រប់​ស្រទាប់​វណ្ណៈ ត្រូវ​តែ​អនុវត្ត​មិន​គិត​អំពី​អ្នក​មាន ​អ្នកក្រ​ ឬ​អ្នក​មាន​អំណាច​បុណ្យស័ក្ដិ​នោះ​ទេ។

មូស្លីម​ទាំង​ឡាយ​តម​ចំណី​អាហារ ឬ ​បួស​នេះ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​របស់​ខ្លួន ទៅ​ចំពោះ​​អល់ឡោះ​ព្រះ​ជា​ម្ចាស់ ហើយ​​អល់ឡោះ បាន​ដាក់​កាតព្វកិច្ច​បួស​ដល់​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់ ដើម្បី​ជា​ការ​ដាស់តឿន​ដល់​មនុស្ស​គ្រប់​រូប​ឲ្យ​ដឹង​អំពី​រសជាតិ ​នៃ​ការ​អត់ឃ្លាន និង​ជា​ការ​ផ្សារ​ភ្ជាប់​សុខ​ទុក្ខ​គ្នា​រវាង​អ្នក​មាន និង​អ្នក​ក្រ។

សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភព​លោក​បាន​ចាប់​ផ្ដើម​បួស​នៅ​ឆ្នំា២០១៩ នេះ តាំង​ពី​ថ្ងៃ​ទី៦ ឧសភា​មក។ នៅ​ទន្ទឹម​នឹង​នេះ គ្រូ​ខាង​សាសនា​មួយ​ចំនួន បាន​បក​ស្រាយ​អំពី​អត្ថន័យ និង​សារៈ​សំខាន់​នៃ​ការ​បួស​តាម​ក្បួន​ច្បាប់​ឥស្លាម បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​គេ​បាន​ចែកចាយ ឬ share បន្ត​ពី​មួយ​ទៅ​មួយ ដើម្បី​អប់រំ​មូស្លីម​អំពី​ការ​បួស​នេះ។ គ្រូ​ខាង​សាសនា​ឥស្លាម​មួយ​រួប គឺ​លោក អាប់ឌុលឡោះ សាប់អះ មាន​ប្រសាសន៍​នៅ​ក្នុង​វីឌីអូ​ឃ្លីប​មួយ​ពន្យល់​អំពី​ការ​បួស​ថា អល់ឡោះ បាន​ដាក់​កាតព្វកិច្ច​បួស​សម្រាប់​មូស្លីម​ទាំង​អស់​នៅ​រដូវ​ក្ដៅ។ លោក​បញ្ជាក់ ការ​បួស​ដោយ​ចិត្ត​ជ្រះ​ថ្លា គឺ​នឹង​មាន​ផល​បុណ្យ​លើសលប់​ពី​ព្រះ អល់ឡោះ៖ «កាល​ណា​យើង​បួស​ដោយ​ចិត្ត​ស្មោះ​ស ចំពោះ អល់ឡោះ គឺ អល់ឡោះ នឹង​ឲ្យ​ផល​បុណ្យ​គ្មាន​កំណត់ កាល​ណា​យើង​ថ្វាយ​បង្គំ​អី គឺ​បាន​ផល​ពី ៣០ ទៅ ៧០ដង។ អ្នក​នាំ​សារ​របស់ អល់ឡោះ បញ្ជាក់​ថា កាល​ណា​អ្នក​ណា​បួស​រយៈ​ពេល​មួយ​ថ្ងៃ​ក្នុង​ផ្លូវ អល់ឡោះ គឺ អល់ឡោះ ឲ្យ​អ្នក​នោះ ចាក​ឆ្ងាយ​ពី​ភ្លើង​នរក​រយៈ​ពេល ៧០ឆ្នាំ។ ហើយ អាពូអ៊ូម៉ៃមះ បាន​សួរ រ៉សូលលុឡោះ ថា យ៉ារ៉ូសូលុលឡោះ តើ​អាម៉ាល់ ឬ​អំពើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចូល​ឋាន​សួគ៌? រ៉សូលុលឡោះ ថា ប្រាប់​បួស»

របៀប​របប​នៃ​ការ​តម​ចំណី​អាហារ​របស់​សាសនិក​ឥស្លាម ក្នុង​ខែ​រ៉ាម៉ាដន នេះ គឺ​តម​អាហារ​នៅ​ពេល​ថ្ងៃ ចាប់​ពី​ពេល​សេតារុណ​រះ​រហូត​ទល់​ថ្ងៃ​លិច

ព្រះ អល់ឡោះ បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ចំពោះ​អ្នក​ដែល​បួស​នោះ គឺ​ទី១ អ្នក​កាន់​សាសនា​ឥស្លាម ហើយ​បើ​សិន​ជា​អ្នក​មិន​មែន​ឥស្លាម​ទេ សូម្បី​សុំ​បួស​ក៏​សាសនា​មិន​ទទួល​ស្គាល់​ដែរ។ ទី២ អ្នក​ដែល​មាន​កម្លាំង​ពេញ ពិសេស​អ្នក​ដែល​មាន​អាយុ​ចាប់​ពី ១៥ឆ្នាំ​ឡើង។ ទី៣ អ្នកមាន​បញ្ញាញាណ​គ្រប់គ្រាន់​ គេ​ហៅ​ថា មិន​មែន​អ្នក​វិកលចរិត ឬ​ក៏​អ្នក​ឆ្កួត​នោះ​ទេ និង​ទី៤ អ្នក​ដែល​មាន​លទ្ធភាព។ លទ្ធភាព​នេះ គឺ​មាន​ន័យ​ថា មិន​មែន​អ្នក​ឈឺ មិន​មែន​អ្នក​របួស មិន​មែន​អ្នក​កំពុង​មាន​ឈាម​រដូវ​ចំពោះ​ស្ត្រី មិន​មែន​អ្នក​ឆ្លង​ទន្លេ មិន​មែន​អ្នក​បំបៅ​កូន ពោល​គឺ​អ្នក​ដែល​អាច​អត់ទ្រាំ ឬ​អ្នក​អាច​បួស ឬ​តម​ចំណី​អាហារ​បាន​ដល់​ល្ងាច ឬ ​ថ្ងៃ​លិច។ ចំពោះ​អ្នក​ដែល​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ក៏​មិន​អាច​បួស​បាន​ដែរ។ អល់ឡោះ អនុគ្រោះ​ឲ្យ​ដាច់​បួស​បាន តែ​ត្រូវ​បំពេញ​វិញ​នៅ​ខែ​បន្ទាប់ ឬ​នៅ​ពេល​មាន​លទ្ធភាព។

ព្យាការី ឬ​អ្នក​នាំ​សារ​របស់ អល់ឡោះ គឺ មហាម៉ាត់ មាន​ប្រសាសន៍​ថា “នរណា​បួស​ខែ​រ៉ាម៉ាឌន ដោយ​យក​ចិត្ត​ទុក​ដាក់ មាន​ជំនឿ​ប្រាថ្នា​ចង់​បាន​ផល​បុណ្យ​នោះ គឺ​ អល់ឡោះ នឹង​អភ័យទោស​ដល់​អ្នក​នោះ​នូវ​ទោស​កំហុស​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​ហួស»

ម្យ៉ាង​វិញ​ទៀត ​អល់ឡោះ មាន​បន្ទូល​នៅ​ក្នុង​គម្ពីរ អាល់គួរអាន នៅ​ក្នុង​សូរ៉សអាល់ហ្ពាករ៉ោះ Albakrah ក្នុង​វាក្យខណ្ឌ​ទី១៨៣ ថា (Al Quran) (សំឡេង​សូត្រ គួរ​អាន...) មាន​ន័យ​ថា “! បណ្ដា​អ្នក​ដែល​មាន​ជំនឿ​ទាំង​ឡាយ អល់ឡោះ បាន​ដាក់​កាតព្វកិច្ច​បួស​ទៅ​លើ​ពួក​អ្នក ដូច​ដែល​ទ្រង់​បាន​ដាក់​កាតព្វកិច្ច​បួស​នេះ​ទៅ​លើ​មនុស្ស​ជំនាន់​មុន​ដែរ ដើម្បី​ឲ្យ​ពួក​អ្នក​នឹង​កោត​ខ្លាច អល់ឡោះ”

នៅ​ក្នុង​ខែ​រ៉ាម៉ាឌន​នេះ ឋានសួគ៌​ទាំង​ឡាយ​ត្រូវ​បាន​បើក​ចំហ និង​ឋាននរក​ត្រូវ​បាន​បិទ​ជិត ថែម​ទាំង​ព្រាយ​បិសាច​ត្រូវ​បាន​ឃុំឃាំង​ទាំង​អស់។ រី​ឯ​អំពើ​ល្អ​ដែល​គេ​បាន​សាង​នៅ​ក្នុង​ខែ​នេះ​វិញ ត្រូវ​បាន​ អល់ឡោះ ប្រទាន​ជូន​ទ្វេដង បាបកម្ម​ទាំង​ឡាយ​ក៏​ត្រូវ​បាន​លើកលែង​ដែរ។ លើស​ពី​នេះ​ទៀត រាល់​ទង្វើ​ល្អ​ទាំង​ឡាយ​ដែល​សាសនិក​ឥស្លាម​បាន​ធ្វើ គេ​នឹង​ទទួល​បាន​ផលប្រយោជន៍​ក្រោយ​ពី​ពួកគេ​ស្លាប់ និង​នៅ​ថ្ងៃ​បរលោក ដែល​ជា​ថ្ងៃ​ជំនុំជម្រះ​ក្ដី។ ចំពោះ​អ្នក​ដែល​បដិសេធ​ក្នុង​ការ​បួស​នោះ ក្នុង​ច្បាប់​ឥស្លាម គឺ​ជា​ប្រការ​ដែល​ខុស​ឆ្គង​ជា​ទី​បំផុត។

លើស​ពី​នេះ​ទៀត សាសនិក​ឥស្លាម​តាំង​ពី​ជំនាន់​មិត្ត​ភក្ដិ​ របស់​អ្នក​នាំ​សារ​របស់ អល់ឡោះ គឺ​មហាំម៉ាត់ (Mohamad) និង​អ្នក​ដែល​បន្ទាប់​ពី​មិត្តភ័ក្ដិ​របស់​មហាម៉ាត់​នោះ ពួកគេ​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​ខែ​រ៉ាម៉ាដន និង​សប្បាយ​រីករាយ​នៅ​ពេល​ដែល​ខែ​នេះ​បាន​ចូល​មក​ដល់។ ពួកគេ​ទាំង​នោះ​បាន​បួងសួង​ចំពោះ ​អល់ឡោះ សុំ​ទ្រង់​ប្រទាន​នូវ​ពរជ័យ និង​សុំ​ឲ្យ​ពួក​គេ​បាន​ជួប​ខែ​ដ៏​ប្រពៃ​នេះ​នៅ​ឆ្នាំៗ ខាង​មុខ​ទៀត។ ម្យ៉ាង​ទៀត​ពួកគេ​ក៏​បួងសួង​សុំ​ចំពោះ​ អល់ឡោះ សូម​ឲ្យ​ទ្រង់​ទទួល​យក​នូវ​អំពើ​ល្អ​របស់​ពួក​គេ ដែល​បាន​សាង​នៅ​ក្នុង​ខែ​នេះ។ ពួកគេ​បាន​បំពេញ​កាតព្វកិច្ច​បួស​រៀង​រាល់​ថ្ងៃ​ក្នុង​ខែរ៉ម៉ាឌន និង​ខំ​រក្សា​អំណត់​បួស​ដោយ​ចៀសវាង​ពី​ប្រការ​ដែល​នាំ​ឲ្យ​ខូច​បួស ដែល​ច្បាប់​ឥស្លាម​ហាម​ឃាត់ ដូចជា​៖​ “ការ​និយាយ​ដើម​គេ ការ​ចាក់​រុក ការ​ភូត​កុហក ការ​កេងប្រវ័ញ្ច​គេ ការ​រួម​មេត្រី​ភាព​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ពេល​ថ្ងៃ និង​ហាម​មិន​ឲ្យ​បង្កជម្លោះ​ជាមួយ​អ្នក​ដទៃ​ជា​ដាច់​ខាត។ បើសិនជា​អ្នកណា​មិន​អាច​ហាម​ខ្លួន​ឯង​បាន​នូវ​រាល់​ប្រការ ដែល​បាន​ហាម​ឃាត់​ទាំង​នេះ​ទេ ការ​តម​អាហារ​ ឬ​បួស​នោះ​ ត្រូវ​បាន​ចាត់​ទុក​ជា​អសារបង់ ឬ​មិន​បាន​ផល​បុណ្យ​អ្វី​ពី​ព្រះ​ អល់ឡោះ ឡើយ” ។

លោក អាប់​ឌុល​ឡោះ សាប់អះ បន្ថែម​ថា អល់ឡោះ បាន​បញ្ញត្តិ​ឲ្យ​អ្នក​តម​ចំណី​អាហារ​នៅ​ក្នុង​ខែ​បួស​ទាំង​ឡាយ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ឥរិយាបថ​ទន់ភ្លន់ និង​មិន​ត្រូវ​ប្រើ​សំដី​អាក្រក់​ដាក់​អ្នក​ដទៃ​ជា​ដាច់​ខាត ពី​ព្រោះ​ថា ការ​បួស​នេះ​មិន​មែន​មាន​ន័យ​ថា តម​តែ​ចំណី​អាហារ​តែ​មួយ​មុខ​នោះ​ទេ គឺ​តម​ទាំង​ពាក្យ​សម្ដី និង​កាយវិការ​មិន​ល្អ៖ «បួស គឺ​តម​សំដី​ដែរ។ អ្នក​ខ្លះ​ថា បួស​ហ្នឹង​ត្រឹម​តែ​តម​អាហារ​តែ​ប៉ុណ្ណោះ តែ​តាម​ពិត​មិន​ដូច្នោះ​ទេ បួស គឺ​តម​ទាំង​អស់ តម​ទាំង​ចំណី​អាហារ តម​ទាំង​ពាក្យ​សំដី តម​និយាយ​ពាក្យ​គំរោះគំរើយ​មិន​ឲ្យ​ឈ្លោះ​គ្នា និង​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​ជា​ដើម»

ព្យាការី​ មហាំម៉ាត់ ឬ​អ្នក​នាំ​សារ​របស់​​ អល់ឡោះ បញ្ជាក់​ថា បួស​គឺ​ជា​របាំង​មួយ​ដែល​ការពារ​អំពី​ភ្លើង​នរក ដូចជា​របាំង​របស់​ពួក​អ្នក​ដែល​ការពារ​ពួក​អ្នក​អំពី​សង្គ្រាម ហើយ​នៅ​ក្នុង​ឋានសួគ៌​មាន​ទ្វារ​មួយ​ដែល​មាន​ឈ្មោះ​ថា រ៉យ្យ៉ាន នា​ថ្ងៃ​បរលោក ​ពួក​អ្នក​ដែល​បាន​បួស​គឺ​ចូល​ឋានសួគ៌​តាម​ច្រក​ទ្វារ​នោះ គ្មាន​នរណា​ម្នាក់​ក្រៅ​ពី​ពួក​អ្នក​បួស​ចូល​ឡើយ។ ពេល​នោះ​គេ​បាន​អំពាវនាវ​រក​អ្នក​ដែល​បាន​បួស ហើយ​អ្នក​ដែល​បាន​បួស​នាំ​គ្នា​ក្រោក​ឈរ​ឡើង​នៅ​ពេល​ដែល​ពួកគេ​បាន​ចូល​រួច គេ​បាន​បិទ​ទ្វារ​នោះ​ជិត គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ក្រៅ​ពី​ពួក​អ្នកបួស​ចូល​ទេ​នៅ​ទ្វារ​នោះ។

នៅ​ក្នុង​ខែរ៉មាដន​នេះ​ដែរ អល់ឡោះ បាន​បញ្ចុះ​គម្ពីរ​អាល់គួរអាន ដែល​ជា​ក្បួន​ច្បាប់​ឥស្លាម ដើម្បី​ណែនាំ​ដល់​មនុស្ស​លោក និង​បង្ហាញ​ពី​មាគ៌ា​ដែល​ត្រឹមត្រូវ ព្រម​ទាំង​វិនិច្ឆ័យ​រវាង​ខុស និង​ត្រូវ។ ហេតុនេះ អ្នក​ណា​ហើយ​ក្នុង​ចំណោម​ពួក​អ្នក​មាន​វត្តមាន​នៅ​ក្នុង​ខែ​នេះ ត្រូវ​បំពេញ​កាតព្វកិច្ច​បួស។

ក្រៅពី​បួស​នេះ ព្រះ អល់ឡោះ បាន​តម្រូវ​ឲ្យ​អ្នក​មាន​លទ្ធភាព​បរិច្ចាគ​ទាន ឬ​ការ​ផ្ដល់​ចំណី​អាហារ​ឲ្យ​បួស ឬ​អ្នក​ក្រីក្រ​ជាដើម ព្រោះ​អំពើ​ល្អ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​នៅ​ក្នុង​ខែ​នេះ មាន​ផល​បុណ្យ​ច្រើន​ជាង​ខែ​ដទៃ​ទៀត។ ក្រៅ​ពី​ការ​បរិច្ចាគ​ទាន​គឺ អ្នក​បួស​ទាំង​ឡាយ ត្រូវ​ថ្វាយ​បង្គំ​នៅ​ពេល​យប់ ដែល​គេ​ហៅ​ថា សឡាតតារ៉វែ។

នៅ​ក្នុង​ខែ​រ៉ាម៉ាឌន សាសនិក​ឥស្លាម​ក្រៅ​ពី​បួស​នោះ គឺ​ត្រូវ​តែ​សូត្រ​គម្ពីរ អាល់គួរអាន ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ព្រោះ​អ្នក​ដែល​សូត្រ អាល់គួរអាន អ្នក​នោះ​នឹង​មិន​វង្វេង​ទេ​នៅ​ថ្ងៃ​បរលោក។ ការ​សូត្រ​គួរអាន គឺ​ជា​ការ​ផ្ដល់​នូវ​ពន្លឺ​រស្មី​មួយ​នៅ​លើ​ពិភព​ផែនដី​នេះ ហើយ​គេ​នឹង​រក្សា​ទុក​ឲ្យ​អ្នក​សូត្រ​គួរអាន ទាំង​នោះ នូវ​ផល​បុណ្យ​ទៅ​ថ្ងៃ​ក្រោយ (បរលោក) មាន​ន័យ​ថា អ្នក​ចងចាំ​គួរ​អាន អ្នក​សូត្រ​គួរ​អាន គឺ​នឹង​ទទួល​ពន្លឺ​រស្មី​ពី​ អល់ឡោះ​ ជា​ម្ចាស់»

ចំពោះ​ការ​សឡាត ឬ​ថ្វាយ​បង្គំ​តារ៉វែស នៅ​ពេល​យប់​រយៈពេល​ពេញ​មួយ​ខែ​បួស​នេះ​វិញ គឺ​អ្នក​កាន់​សាសនា​ឥស្លាម​គ្រប់​រួប បួងសួង​ប្រាថ្នា​ចង់​ជួប​យប់​មួយ​ឈ្មោះ​ថា Layla Tul-Qadar ជា​យប់​មួយ​ដ៏​វិសេសវិសាល​បំផុត គ្មាន​យប់​ណា​ល្អ​ដូច​យប់​នេះ​ទេ ព្រោះ​ អល់ឡោះ បាន​បញ្ជាក់​ថា នរណា​ហើយ​បាន​គោរព​សក្ការ​ទៅ​ចំពោះ​ទ្រង់ ចំ​នឹង​យប់ Layla Tul-Qadar។ ការ​ថ្វាយបង្គំ​មួយ​យប់​នេះ គឺ​មាន​ផលបុណ្យ ស្មើ​នឹង​ការ​គោរព​សក្ការ​ចំនួន ១​ពាន់​ខែ បើ​គិត​ជា​ឆ្នាំ គឺ​ជាង ៨៣​ឆ្នាំ ហើយ​យប់​នេះ​ជា​យប់​ដែល​ អល់ឡោះ បាន​បញ្ចុះ​គម្ពីរ​អាល់គួរអាន នៅ​ក្នុង​ខែ​បួស​នេះ​ដែរ៖ «សំឡេង​សូត្រ​គួរអាន មាន​ន័យ​ថា ពិតប្រាកដ​ណាស់​យើង​បាន​បញ្ចុះ​គម្ពីរ អាល់គួរអាន នៅ​ក្នុង​យប់ អាល់កឌើរ៍ ហើយ​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​ថា អាល់កឌើរ៍ ជា​អ្វី​នោះ? យប់ អាល់កឌើរ៍ នោះ គឺ​ប្រសើរ​ជាង ១ពាន់​ខែ, ម៉ាឡាអ៊ីកាត់ ជា​ច្រើន និង ជីព្រអេល ចុះ​មក​ក្នុង​យប់​នោះ​ដែល​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​របស់​ពួកគេ​ ដើម្បី​អនុវត្ត​រាល់​បទ​បញ្ជា នៅ​ក្នុង​យប់​នោះ​ដែរ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុខ​សន្តិភាព​រហូត​ដល់​ហ្វាជើរ​លិច​ឡើង»

ក្រៅ​ពី​ថ្វាយ​បង្គំ​តារ៉វែស​ជុំ​គ្នា​នៅ​ពេល​យប់​នៅ​វិហារ​ឥស្លាម​នោះ គឺ​នៅ​តាម​វិហារ​នីមួយៗ គឺ​មាន​កម្មវិធី​អប់រំ​អំពី​សាសនា ជា​រៀង​រាល់​យប់ និយាយ​អំពី​សារៈសំខាន់​នៃ​ការ​បួស ការ​ផ្ដល់​ចំណី​អាហារ​ឲ្យ​អ្នក​បួស ជា​ពិសេស ការ​ផ្ដល់​ចំណី​អាហារ ឬ​ការ​បរិច្ចាគទាន​ឲ្យ​អ្នក​ក្រីក្រ ។ការ​ឲ្យ​ចំណី​អាហារ​ដល់​អ្នក​កាន់​អំណត់​បួស ឬ​ការ​ផ្ដល់​ចំណី​អាហារ​ជូន​អ្នក​ក្រីក្រ​ខ្សត់​នោះ គឺ​ជា​ការ​ប្រពៃ​ជា​ទី​បំផុត ហើយ​នឹង​ទទួល​ផល​បុណ្យ​លើសលប់​ជាង​ខែ​ដទៃ​ទៀត​ពី​ព្រះ អល់ឡោះ។ ក្រៅ​ពី​នេះ​ទៀត គឺ​ជា​ការ​បង្ហាញ​កាយ​វិការ​អាណិត​ស្រឡាញ់​គ្នា រវាង​អ្នក​មាន និង​អ្នក​ក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល