អ្នកកាន់សាសនាឥស្លាមបានបំពេញកាតព្វកិច្ចបួសនៅក្នុងខែដ៏ពិសិដ្ឋ គឺខែរ៉ម៉ាឌន (Ramadan) ដែលជាខែតមចំណីអាហារ ឬបួស មានរយៈពេលមួយខែ។ ក្នុងខែនេះដែរ សាសនិកឥស្លាមទាំងអស់ក្រៅពីបំពេញកាតព្វកិច្ចបួសនេះហើយ ពួកគាត់បានបំពេញកាតព្វកិច្ច និងភារកិច្ចជាច្រើនទៀត ដូចជា ការសូត្រធម៌ ឬគួរអាន ការបរិច្ចាគទានដល់ជនក្រីក្រ និងការផ្ដល់ចំណីអាហារឲ្យអ្នកបួសជាដើម។
សម្រាប់ឆ្នាំ២០១៩ នេះ សាសនិកឥស្លាមនៅលើសាកលលោក បានស្វាគមន៍ខែរ៉ម៉ាឌន និងបួស ឬការតមចំណីអាហារនេះ គេបានចាប់ផ្ដើមព្រមគ្នា គឺនៅថ្ងៃច័ន្ទ ទី៦ ឧសភា។
តើខែបួស ឬរ៉មាដននេះ មានអត្ថន័យដូចម្ដេច ហើយមូលហេតុអ្វីខ្លះ បានជាអ្នកកាន់សាសនាឥស្លាមមានជំនឿលើការតមចំណីអាហារនេះ?
ការតមចំណីអាហាររបស់សាសនិកឥស្លាម ឬបួស មិនបរិភោគចំណីអាហារនៅពេលថ្ងៃក្នុងរយៈពេលមួយខែ ត្រូវនឹងខែឧសភានេះ។ ការបួសនេះ គឺជាកាតព្វកិច្ចរបស់សាសនិកឥស្លាម នៅទូទាំងពិភពលោក ដែលបួសមានលក្ខណៈដូចគ្នាទាំងអស់ ពីព្រោះថា ការបួសនេះជាកាតព្វកិច្ចទី៤ នៅក្នុងមូលដ្ឋានគ្រឹះទាំង៥ របស់សាសនាឥស្លាម។
រ៉ម៉ាឌន ឬខែបួស អ្នកកាន់សាសនាឥស្លាមទាំងឡាយ មិនត្រឹមតែបួសមួយមុខប៉ុណ្ណោះទេ ពួកគាត់បានបំពេញភារកិច្ចផ្សេងៗ ទៀត ដោយមានជំនឿថា ការអនុវត្តតាមការចង្អុលបង្ហាញតាមក្បួនច្បាប់ ដែលមានចែងនៅក្នុងគម្ពីរ អាល់គួរអាន AlQuran ឬទង្វើល្អនៅក្នុងខែនេះ នឹងទទួលបាននូវការតបស្នងផលបុណ្យដ៏ធំធេងពី អល់ឡោះជាម្ចាស់។
ជាការពិតណាស់ មនុស្សទូទៅ នៅពេលឮថាបួស ឬអត់អាហារ តាមក្បួនច្បាប់ឥស្លាម ប្រាកដជាពោលពាក្យថា លំបាក ឬមិនអាចធ្វើបានចំពោះការតមចំណីអាហារពេលថ្ងៃសូម្បីតែទឹក។ ក៏ប៉ុន្តែចំពោះអ្នកកាន់សាសនាឥស្លាមវិញ ពួកគាត់មានក្ដីរំភើបទទួលស្វាគមន៍ខែនេះមកដល់ យ៉ាងសប្បាយរីករាយឥតរុញរាទៅវិញ ដោយសារតែគេមានជំនឿថា ខែនេះជាខែដ៏ពិសិដ្ឋក្នុងមួយឆ្នាំមានតែម្ដងគត់ គឺរយៈពេលមួយខែ ដែលជាខែទី៩ នៃមហាម៉ាត់សករាជ។
ការតមអាហារក្នុងខែរ៉ាម៉ាឌន ត្រូវបានច្បាប់ឥស្លាម ចែងនៅក្នុងគម្ពីរអាល់គួរអាន និងបង្គាប់ដល់អ្នកកាន់សាសនាឥស្លាមទាំងអស់ គ្រប់ស្រទាប់វណ្ណៈ ត្រូវតែអនុវត្តមិនគិតអំពីអ្នកមាន អ្នកក្រ ឬអ្នកមានអំណាចបុណ្យស័ក្ដិនោះទេ។
មូស្លីមទាំងឡាយតមចំណីអាហារ ឬ បួសនេះ ដើម្បីបង្ហាញពីភាពស្មោះស្ម័គ្ររបស់ខ្លួន ទៅចំពោះអល់ឡោះព្រះជាម្ចាស់ ហើយអល់ឡោះ បានដាក់កាតព្វកិច្ចបួសដល់អ្នកកាន់សាសនាឥស្លាមទាំងអស់ ដើម្បីជាការដាស់តឿនដល់មនុស្សគ្រប់រូបឲ្យដឹងអំពីរសជាតិ នៃការអត់ឃ្លាន និងជាការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាន និងអ្នកក្រ។
សាសនិកឥស្លាមនៅទូទាំងពិភពលោកបានចាប់ផ្ដើមបួសនៅឆ្នំា២០១៩ នេះ តាំងពីថ្ងៃទី៦ ឧសភាមក។ នៅទន្ទឹមនឹងនេះ គ្រូខាងសាសនាមួយចំនួន បានបកស្រាយអំពីអត្ថន័យ និងសារៈសំខាន់នៃការបួសតាមក្បួនច្បាប់ឥស្លាម បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលគេបានចែកចាយ ឬ share បន្តពីមួយទៅមួយ ដើម្បីអប់រំមូស្លីមអំពីការបួសនេះ។ គ្រូខាងសាសនាឥស្លាមមួយរួប គឺលោក អាប់ឌុលឡោះ សាប់អះ មានប្រសាសន៍នៅក្នុងវីឌីអូឃ្លីបមួយពន្យល់អំពីការបួសថា អល់ឡោះ បានដាក់កាតព្វកិច្ចបួសសម្រាប់មូស្លីមទាំងអស់នៅរដូវក្ដៅ។ លោកបញ្ជាក់ ការបួសដោយចិត្តជ្រះថ្លា គឺនឹងមានផលបុណ្យលើសលប់ពីព្រះ អល់ឡោះ៖ «កាលណាយើងបួសដោយចិត្តស្មោះស ចំពោះ អល់ឡោះ គឺ អល់ឡោះ នឹងឲ្យផលបុណ្យគ្មានកំណត់ កាលណាយើងថ្វាយបង្គំអី គឺបានផលពី ៣០ ទៅ ៧០ដង។ អ្នកនាំសាររបស់ អល់ឡោះ បញ្ជាក់ថា កាលណាអ្នកណាបួសរយៈពេលមួយថ្ងៃក្នុងផ្លូវ អល់ឡោះ គឺ អល់ឡោះ ឲ្យអ្នកនោះ ចាកឆ្ងាយពីភ្លើងនរករយៈពេល ៧០ឆ្នាំ។ ហើយ អាពូអ៊ូម៉ៃមះ បានសួរ រ៉សូលលុឡោះ ថា យ៉ារ៉ូសូលុលឡោះ តើអាម៉ាល់ ឬអំពើអ្វីដែលធ្វើឲ្យខ្ញុំបានចូលឋានសួគ៌ ? រ៉សូលុលឡោះ ថា ប្រាប់បួស»។
របៀបរបបនៃការតមចំណីអាហាររបស់សាសនិកឥស្លាម ក្នុងខែរ៉ាម៉ាដន នេះ គឺតមអាហារនៅពេលថ្ងៃ ចាប់ពីពេលសេតារុណរះរហូតទល់ថ្ងៃលិច។
ព្រះ អល់ឡោះ បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកដែលបួសនោះ គឺទី១ អ្នកកាន់សាសនាឥស្លាម ហើយបើសិនជាអ្នកមិនមែនឥស្លាមទេ សូម្បីសុំបួសក៏សាសនាមិនទទួលស្គាល់ដែរ។ ទី២ អ្នកដែលមានកម្លាំងពេញ ពិសេសអ្នកដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង។ ទី៣ អ្នកមានបញ្ញាញាណគ្រប់គ្រាន់ គេហៅថា មិនមែនអ្នកវិកលចរិត ឬក៏អ្នកឆ្កួតនោះទេ និងទី៤ អ្នកដែលមានលទ្ធភាព។ លទ្ធភាពនេះ គឺមានន័យថា មិនមែនអ្នកឈឺ មិនមែនអ្នករបួស មិនមែនអ្នកកំពុងមានឈាមរដូវចំពោះស្ត្រី មិនមែនអ្នកឆ្លងទន្លេ មិនមែនអ្នកបំបៅកូន ពោលគឺអ្នកដែលអាចអត់ទ្រាំ ឬអ្នកអាចបួស ឬតមចំណីអាហារបានដល់ល្ងាច ឬ ថ្ងៃលិច។ ចំពោះអ្នកដែលធ្វើដំណើរទៅទីឆ្ងាយក៏មិនអាចបួសបានដែរ។ អល់ឡោះ អនុគ្រោះឲ្យដាច់បួសបាន តែត្រូវបំពេញវិញនៅខែបន្ទាប់ ឬនៅពេលមានលទ្ធភាព។
ព្យាការី ឬអ្នកនាំសាររបស់ អល់ឡោះ គឺ មហាម៉ាត់ មានប្រសាសន៍ថា "នរណាបួសខែរ៉ាម៉ាឌន ដោយយកចិត្តទុកដាក់ មានជំនឿប្រាថ្នាចង់បានផលបុណ្យនោះ គឺ អល់ឡោះ នឹងអភ័យទោសដល់អ្នកនោះនូវទោសកំហុសដែលបានប្រព្រឹត្តកន្លងមកហួស»។
ម្យ៉ាងវិញទៀត អល់ឡោះ មានបន្ទូលនៅក្នុងគម្ពីរ អាល់គួរអាន នៅក្នុងសូរ៉សអាល់ហ្ពាករ៉ោះ Albakrah ក្នុងវាក្យខណ្ឌទី១៨៣ ថា (Al Quran) (សំឡេងសូត្រ គួរអាន...) មានន័យថា "ឱ ! បណ្ដាអ្នកដែលមានជំនឿទាំងឡាយ អល់ឡោះ បានដាក់កាតព្វកិច្ចបួសទៅលើពួកអ្នក ដូចដែលទ្រង់បានដាក់កាតព្វកិច្ចបួសនេះទៅលើមនុស្សជំនាន់មុនដែរ ដើម្បីឲ្យពួកអ្នកនឹងកោតខ្លាច អល់ឡោះ"។
នៅក្នុងខែរ៉ាម៉ាឌននេះ ឋានសួគ៌ទាំងឡាយត្រូវបានបើកចំហ និងឋាននរកត្រូវបានបិទជិត ថែមទាំងព្រាយបិសាចត្រូវបានឃុំឃាំងទាំងអស់។ រីឯអំពើល្អដែលគេបានសាងនៅក្នុងខែនេះវិញ ត្រូវបាន អល់ឡោះ ប្រទានជូនទ្វេដង បាបកម្មទាំងឡាយក៏ត្រូវបានលើកលែងដែរ។ លើសពីនេះទៀត រាល់ទង្វើល្អទាំងឡាយដែលសាសនិកឥស្លាមបានធ្វើ គេនឹងទទួលបានផលប្រយោជន៍ក្រោយពីពួកគេស្លាប់ និងនៅថ្ងៃបរលោក ដែលជាថ្ងៃជំនុំជម្រះក្ដី។ ចំពោះអ្នកដែលបដិសេធក្នុងការបួសនោះ ក្នុងច្បាប់ឥស្លាម គឺជាប្រការដែលខុសឆ្គងជាទីបំផុត។
លើសពីនេះទៀត សាសនិកឥស្លាមតាំងពីជំនាន់មិត្តភក្ដិ របស់អ្នកនាំសាររបស់ អល់ឡោះ គឺមហាំម៉ាត់ (Mohamad) និងអ្នកដែលបន្ទាប់ពីមិត្តភ័ក្ដិរបស់មហាម៉ាត់នោះ ពួកគេទាំងអស់គ្នាយកចិត្តទុកដាក់បំផុតចំពោះខែរ៉ាម៉ាដន និងសប្បាយរីករាយនៅពេលដែលខែនេះបានចូលមកដល់។ ពួកគេទាំងនោះបានបួងសួងចំពោះ អល់ឡោះ សុំទ្រង់ប្រទាននូវពរជ័យ និងសុំឲ្យពួកគេបានជួបខែដ៏ប្រពៃនេះនៅឆ្នាំៗ ខាងមុខទៀត។ ម្យ៉ាងទៀតពួកគេក៏បួងសួងសុំចំពោះ អល់ឡោះ សូមឲ្យទ្រង់ទទួលយកនូវអំពើល្អរបស់ពួកគេ ដែលបានសាងនៅក្នុងខែនេះ។ ពួកគេបានបំពេញកាតព្វកិច្ចបួសរៀងរាល់ថ្ងៃក្នុងខែរ៉ម៉ាឌន និងខំរក្សាអំណត់បួសដោយចៀសវាងពីប្រការដែលនាំឲ្យខូចបួស ដែលច្បាប់ឥស្លាមហាមឃាត់ ដូចជា៖ "ការនិយាយដើមគេ ការចាក់រុក ការភូតកុហក ការកេងប្រវ័ញ្ចគេ ការរួមមេត្រីភាពរវាងប្ដីប្រពន្ធក្នុងពេលថ្ងៃ និងហាមមិនឲ្យបង្កជម្លោះជាមួយអ្នកដទៃជាដាច់ខាត។ បើសិនជាអ្នកណាមិនអាចហាមខ្លួនឯងបាននូវរាល់ប្រការ ដែលបានហាមឃាត់ទាំងនេះទេ ការតមអាហារ ឬបួសនោះ ត្រូវបានចាត់ទុកជាអសារបង់ ឬមិនបានផលបុណ្យអ្វីពីព្រះ អល់ឡោះ ឡើយ" ។
លោក អាប់ឌុលឡោះ សាប់អះ បន្ថែមថា អល់ឡោះ បានបញ្ញត្តិឲ្យអ្នកតមចំណីអាហារនៅក្នុងខែបួសទាំងឡាយត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថទន់ភ្លន់ និងមិនត្រូវប្រើសំដីអាក្រក់ដាក់អ្នកដទៃជាដាច់ខាត ពីព្រោះថា ការបួសនេះមិនមែនមានន័យថា តមតែចំណីអាហារតែមួយមុខនោះទេ គឺតមទាំងពាក្យសម្ដី និងកាយវិការមិនល្អ៖ «បួស គឺតមសំដីដែរ។ អ្នកខ្លះថា បួសហ្នឹងត្រឹមតែតមអាហារតែប៉ុណ្ណោះ តែតាមពិតមិនដូច្នោះទេ បួស គឺតមទាំងអស់ តមទាំងចំណីអាហារ តមទាំងពាក្យសំដី តមនិយាយពាក្យគំរោះគំរើយមិនឲ្យឈ្លោះគ្នា និងប្រើពាក្យសំដីមិនសមរម្យជាដើម»។
ព្យាការី មហាំម៉ាត់ ឬអ្នកនាំសាររបស់ អល់ឡោះ បញ្ជាក់ថា បួសគឺជារបាំងមួយដែលការពារអំពីភ្លើងនរក ដូចជារបាំងរបស់ពួកអ្នកដែលការពារពួកអ្នកអំពីសង្គ្រាម ហើយនៅក្នុងឋានសួគ៌មានទ្វារមួយដែលមានឈ្មោះថា រ៉យ្យ៉ាន នាថ្ងៃបរលោក ពួកអ្នកដែលបានបួសគឺចូលឋានសួគ៌តាមច្រកទ្វារនោះ គ្មាននរណាម្នាក់ក្រៅពីពួកអ្នកបួសចូលឡើយ។ ពេលនោះគេបានអំពាវនាវរកអ្នកដែលបានបួស ហើយអ្នកដែលបានបួសនាំគ្នាក្រោកឈរឡើងនៅពេលដែលពួកគេបានចូលរួច គេបានបិទទ្វារនោះជិត គេមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ក្រៅពីពួកអ្នកបួសចូលទេនៅទ្វារនោះ។
នៅក្នុងខែរ៉មាដននេះដែរ អល់ឡោះ បានបញ្ចុះគម្ពីរអាល់គួរអាន ដែលជាក្បួនច្បាប់ឥស្លាម ដើម្បីណែនាំដល់មនុស្សលោក និងបង្ហាញពីមាគ៌ាដែលត្រឹមត្រូវ ព្រមទាំងវិនិច្ឆ័យរវាងខុស និងត្រូវ។ ហេតុនេះ អ្នកណាហើយក្នុងចំណោមពួកអ្នកមានវត្តមាននៅក្នុងខែនេះ ត្រូវបំពេញកាតព្វកិច្ចបួស។
ក្រៅពីបួសនេះ ព្រះ អល់ឡោះ បានតម្រូវឲ្យអ្នកមានលទ្ធភាពបរិច្ចាគទាន ឬការផ្ដល់ចំណីអាហារឲ្យបួស ឬអ្នកក្រីក្រជាដើម ព្រោះអំពើល្អទាំងឡាយដែលបានធ្វើនៅក្នុងខែនេះ មានផលបុណ្យច្រើនជាងខែដទៃទៀត។ ក្រៅពីការបរិច្ចាគទានគឺ អ្នកបួសទាំងឡាយ ត្រូវថ្វាយបង្គំនៅពេលយប់ ដែលគេហៅថា សឡាតតារ៉វែ។
នៅក្នុងខែរ៉ាម៉ាឌន សាសនិកឥស្លាមក្រៅពីបួសនោះ គឺត្រូវតែសូត្រគម្ពីរ អាល់គួរអាន ឲ្យបានកាន់តែច្រើនថែមទៀត ព្រោះអ្នកដែលសូត្រ អាល់គួរអាន អ្នកនោះនឹងមិនវង្វេងទេនៅថ្ងៃបរលោក។ ការសូត្រគួរអាន គឺជាការផ្ដល់នូវពន្លឺរស្មីមួយនៅលើពិភពផែនដីនេះ ហើយគេនឹងរក្សាទុកឲ្យអ្នកសូត្រគួរអាន ទាំងនោះ នូវផលបុណ្យទៅថ្ងៃក្រោយ ( បរលោក ) មានន័យថា អ្នកចងចាំគួរអាន អ្នកសូត្រគួរអាន គឺនឹងទទួលពន្លឺរស្មីពី អល់ឡោះ ជាម្ចាស់ »។
ចំពោះការសឡាត ឬថ្វាយបង្គំតារ៉វែស នៅពេលយប់រយៈពេលពេញមួយខែបួសនេះវិញ គឺអ្នកកាន់សាសនាឥស្លាមគ្រប់រួប បួងសួងប្រាថ្នាចង់ជួបយប់មួយឈ្មោះថា Layla Tul-Qadar ជាយប់មួយដ៏វិសេសវិសាលបំផុត គ្មានយប់ណាល្អដូចយប់នេះទេ ព្រោះ អល់ឡោះ បានបញ្ជាក់ថា នរណាហើយបានគោរពសក្ការទៅចំពោះទ្រង់ ចំនឹងយប់ Layla Tul-Qadar។ ការថ្វាយបង្គំមួយយប់នេះ គឺមានផលបុណ្យ ស្មើនឹងការគោរពសក្ការចំនួន ១ពាន់ខែ បើគិតជាឆ្នាំ គឺជាង ៨៣ឆ្នាំ ហើយយប់នេះជាយប់ដែល អល់ឡោះ បានបញ្ចុះគម្ពីរអាល់គួរអាន នៅក្នុងខែបួសនេះដែរ៖ «សំឡេងសូត្រគួរអាន មានន័យថា ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរ អាល់គួរអាន នៅក្នុងយប់ អាល់កឌើរ៍ ហើយតើអ្វីដែលធ្វើឲ្យអ្នកដឹងថា អាល់កឌើរ៍ ជាអ្វីនោះ ? យប់ អាល់កឌើរ៍ នោះ គឺប្រសើរជាង ១ពាន់ខែ , ម៉ាឡាអ៊ីកាត់ ជាច្រើន និង ជីព្រអេល ចុះមកក្នុងយប់នោះដែលមានការអនុញ្ញាតពីម្ចាស់របស់ពួកគេ ដើម្បីអនុវត្តរាល់បទបញ្ជា នៅក្នុងយប់នោះដែរពោរពេញទៅដោយសេចក្ដីសុខសន្តិភាពរហូតដល់ហ្វាជើរលិចឡើង»។
ក្រៅពីថ្វាយបង្គំតារ៉វែសជុំគ្នានៅពេលយប់នៅវិហារឥស្លាមនោះ គឺនៅតាមវិហារនីមួយៗ គឺមានកម្មវិធីអប់រំអំពីសាសនា ជារៀងរាល់យប់ និយាយអំពីសារៈសំខាន់នៃការបួស ការផ្ដល់ចំណីអាហារឲ្យអ្នកបួស ជាពិសេស ការផ្ដល់ចំណីអាហារ ឬការបរិច្ចាគទានឲ្យអ្នកក្រីក្រ ។ការឲ្យចំណីអាហារដល់អ្នកកាន់អំណត់បួស ឬការផ្ដល់ចំណីអាហារជូនអ្នកក្រីក្រខ្សត់នោះ គឺជាការប្រពៃជាទីបំផុត ហើយនឹងទទួលផលបុណ្យលើសលប់ជាងខែដទៃទៀតពីព្រះ អល់ឡោះ។ ក្រៅពីនេះទៀត គឺជាការបង្ហាញកាយវិការអាណិតស្រឡាញ់គ្នា រវាងអ្នកមាន និងអ្នកក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
