មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគថា ប្រាក់ខែរបស់មន្ត្រីរាជការនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងតម្លៃទំនិញនៅលើទីផ្សារដែលធ្វើឱ្យមន្ត្រីរាជការមួយចំនួនលួចប្រព្រឹត្តអំពើពុករលួយ និងឆ្លៀតធ្វើការក្រៅជាដើម។ ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈថារដ្ឋាភិបាលនឹងបន្តដំឡើងប្រាក់ខែដល់មន្ត្រីរដ្ឋាភិបាលនៅឆ្នាំបន្តបន្ទាប់ទៀត។
ការអំពាវនាវរបស់មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគឱ្យមានការដំឡើងប្រាក់ខែនេះ គឺនៅក្រោយពេលនាយកមន្ត្រីលោក ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យនៅថ្ងៃទី៣០ ខែធ្នូ ស្ដីពីការប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការវិល កម្លាំងប្រដាប់អាវុធ និងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងជាដើមក្នុងចំនួនប្រមាណ៥ម៉ឺនរៀលបន្ថែមលើប្រាក់បំណាច់មុខងាររបស់ពួកគេកន្លងទៅ។ លោក ហ៊ុន ម៉ាណែត ក៏បានចេញអនុក្រឹត្យផ្ដល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀលឱ្យមន្ត្រីរាជការស៊ីវិលនិងកម្លាំងប្រដាប់អាវុធនៅពិធីបុណ្យចូលឆ្នាំខែខាងមុខ។
បើតាមអនុក្រឹត្យនេះប្រាក់មុខងាររបស់គ្រូបង្រៀនកម្រិតបឋមត្រូវបានដំឡើងដល់ ៨០ម៉ឺនរៀល មន្ត្រីនគរបាលជាតិ និងយុទ្ធជន ឬទាហានថ្នាក់ក្រោមទទួលបានប្រាក់បំណាច់មុខងារចំនួន៦០ម៉ឺន។ ទោះជាយ៉ាងណាប្រាក់ខែសរុបរបស់មន្ត្រីរាជការសរុបគិតរួមបញ្ចូល ប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បៀវត្សបន្ទាប់បន្សំ និងប្រាក់បំណាច់មុខងារ។
ជុំវិញករណីនេះ គ្រូបង្រៀននៅសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាប លោក ហ៊ី សម្បត្តិ លើកឡើងថា ប្រាក់ខែលោកទទួលបានមានចំនួន ២លានរៀល ហើយលោកថា ប្រាក់ខែនេះមិនអាចឱ្យជីវភាពរបស់គ្រួសារលោកប្រសើរឡើងនោះទេ។ លោកថា ប្រាក់ខែគ្រូបង្រៀន និងប្រាក់ខែមន្ត្រីរាជការមានចំនួនតិចតួចនេះហើយ ទើបពួកគាត់មួយចំនួនបានឆ្លៀតរករបរទីពីរដែលនាំឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។
លោក ហ៊ី សម្បត្តិ ស្នើដល់រដ្ឋាភិបាលដំឡើងប្រាក់ខែគ្រូបង្រៀនឱ្យបានយ៉ាងតិចណាស់៣លានរៀលដើម្បីឱ្យជីវភាពរបស់គ្រូបង្រៀនភាពប្រសើរឡើង ហើយពួកគាត់នឹងខិតខំប្រែងប្រែងធ្វើការបម្រើពលរដ្ឋកាន់តែល្អ។
លោក ហ៊ី សម្បត្តិ៖ «ប្រាក់ខែកន្លងមកនេះគេបានដំឡើងមកឱ្យខ្លះមែនហើយ ប៉ុន្តែគ្រាន់តែថាតម្រូវការរបស់គ្រូៗ តម្រូវការរបស់បុគ្គលិករបស់បុគ្គលិកទាំងឡាយវាអត់ទាន់បានប្រសើរឡើងមែនទែនទេហេតុអីបានជាអត់បានប្រសើរឡើងបានតាមខ្ញុំយល់គ្រូៗហ្នឹងគាត់នៅបង្រៀនគួរដដែល»។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា លើកឡើងថា ការដំឡើងប្រាក់ខែមន្ត្រីរាជការដោយគិតទៅលើជីវភាពរបស់ពួកគាត់ កំណើតសេដ្ឋកិច្ច និងកំណើតអតិផរណាផងដែរ។ លោកថា រដ្ឋាភិបាលនឹងដំឡើងប្រាក់ខែដល់មន្ត្រីរាជការឱ្យបានច្រើននៅឆ្នាំបន្តបន្ទាប់ទៀត។
លោក យក់ ប៊ុនណា៖ «ការគ្រប់គ្រងមន្ត្រីរាជការយើងមានការបែបចែកការងារ យើងមានការវិភាគមុខងារដែលរដ្ឋាភិបាលកំពុងធ្វើជាប្រចាំនៅពេលបច្ចុប្បន្ន ហើយការគិតរបស់យើងធ្វើមិចមានការបែងចែកការងារក្នុងកិច្ចការរបស់យើងឱ្យកាន់តែប្រសើរឡើង»។
ទាក់ទងនឹងករណីនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថាគណបក្សកម្លាំងជាតិគាំទ្រចំពោះការដំឡើងប្រាក់បំណាច់មុខងារនេះ ប៉ុន្តែលោកថា ការដំឡើងនេះនៅមិនទាន់ស្របនឹងតម្លៃទំនិញនៅលើទីផ្សារដែលបន្តកើនឡើង។ លោក រ៉ុង ឈុន ថារដ្ឋាភិបាលក៏គួរតែកាន់បន្ថយចំនួនមន្ត្រីនយោបាយដូចជាទីប្រឹក្សា ជំនួយការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការដើម្បីឱ្យគណៈរដ្ឋមន្ត្រីមានចំនួនតិច ធ្វើការលឿនមានប្រសិទ្ធភាព និងកាន់បន្ថយលុយពន្ធរបស់ពលរដ្ឋ។
លោក រ៉ុង ឈុន៖ «កុំខ្ជះខ្ជាយកុំកំពប់ទៅតាមអំពើពុករលួយ បើយើងកាន់បន្ថយអំពើពុករលួយឱ្យបាន ហើយយើងកាន់កុំឱ្យទំហំតំណែង ឬតួនាទីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមស្ថាប័ននីមួយៗ ហើយគណៈរដ្ឋមន្ត្រីក៏ច្រើន ចំណាយធំ»។
អ្នកឃ្លាំមើលមួយចំនួនទៀតយល់ថា ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ននេះ គឺនៅមានចំនួនទាបនៅឡើយ ដោយសារតែរដ្ឋាភិបាលមានវិបត្តិសេដ្ឋកិច្ច។ ពួកគាត់យល់ថា ការដំឡើងប្រាក់ខែនេះ ទំនងគ្រាន់តែជាវិធីលួងចិត្តដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ។
ដោយឡែកនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ចំនួនមន្ត្រីរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នមានចំនួនច្រើនលើសលប់ពីទំហំការងារដែលត្រូវធ្វើដែលនាំឱ្យការអនុវត្តការងារមិនទទួលបានលទ្ធផលល្អនោះទេ។ លោកថា ការចំណាយថវិកាច្រើនទៅលើប្រាក់ខែមន្ត្រីរាជការនេះបានធ្វើឱ្យរដ្ឋាភិបាលមានថវិកាតិចតួចដើម្បីសាងសង់សាលារៀន មន្ទីរពេទ្យ ផ្លូវ ថ្នល់ដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋ។
លោក ប៉ិច ពិសី៖ «ចំណាយប្រតិបត្តិការ ប្រាក់បៀវត្សរ៍ហ្នឹងច្រើនលើសលុបដែលធ្វើឱ្យថវិកាជាតិរបស់យើងដែលមានតិចហ្នឹងមិនអាចប្រើប្រាស់ការវិនិយោគសាធារណជាពិសេសការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្ត ដូច្នេះជារឿងចាំបាច់គឺយើងត្រូវពិនិត្យលទ្ធភាពចំណាយចរន្តហ្នឹងឱ្យទាប»។
បើតាមច្បាប់ស្ដីពីថវិកាជាតិសម្រាប់ឆ្នាំ២០២៥ ឱ្យដឹងថាចំណាយចរន្តដែលគ្រោងនឹងចាយទៅលើប្រាក់ខែមន្ត្រីរដ្ឋាភិបាលមានចំនួនជាង ២៥លានលានរៀល ខណៈដែលរដ្ឋាភិបាលបានចំណាយមូលធនដែលផ្ដោតទៅលើការកសាងមានចំនួន ១១លានលានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
