តុលាការ​របប​លោក​ ហ៊ុន សែន ទុក​ពេល​ ២០​ថ្ងៃ ឱ្យ​កាសែត ភ្នំពេញ​ ប៉ុស្តិ៍ បង់​សំណង​ជិត ៣០​ម៉ឺន​ដុល្លារ​រឿង​វិវាទ​ការងារ

ក្រុម​មន្ត្រី​តុលាការ និង​សមត្ថកិច្ច​ជាង ១០​នាក់ ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញា​រង ខាំ សុផារី នៅ​ថ្ងៃ​ទី​០៥ មេសា បាន​ចុះ​ទៅ​អនុវត្ត​សាលក្រម​បង្ខំ​ឲ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ បង់​លុយ​ជិត ៣០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​អតីត​បុគ្គលិក​ម្នាក់ ដែល​ត្រូវ​បាន​កាសែត​នេះ​បណ្ដេញ​ចេញ​ពី​ការងារ។ អតីត​អគ្គនាយក​កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក គ្រីស ដេវ (Chris Dawe) បាន​ដាក់​ពាក្យ​ប្ដឹង​កាសែត ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ពេល​លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តួនាទី ជា​អគ្គនាយក កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។
តុលាការ​នៃ​របប​លោក ហ៊ុន សែន ទុក​ពេល​ចំនួន ២០​ថ្ងៃ​ឱ្យ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ទូទាត់​សំណង ២៦​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ឱ្យ​លោក គ្រីស ដេវ (Chris Dawe) ដែល​តុលាការ​បាន​កាត់​ឱ្យ​ឈ្នះ​ក្ដី​ក្នុង​សំណុំរឿង​មួយ​នេះ។ ប្រសិន​បើ​ក្នុង​រយៈ​ពេល​នេះ កាសែត ភ្នំពេញ ប៉ុស្តិ៍ មិន​អនុវត្ត​តាម​សាលក្រម​ទេ នោះ​តុលាការ​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​នេះ ដាក់​លក់​ឡៃឡុង ដើម្បី​ទូទាត់​សំណង​ឱ្យ​ដើម​បណ្ដឹង។

អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​អគ្គនាយក​កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក ម៉ាគុស ហូម (Marcus Holmes) បាន​ទេ​នៅ​ថ្ងៃ​ទី​០៥ មេសា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​ការ​អនុវត្ត​សាលក្រម​របស់​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ​នេះ។ វិធានការ​របស់​តុលាការ​នៅ​ពេល​កើត​ឡើង​បន្ទាប់​ពី​ព័ត៌មាន​ថា កាសែត​បរទេស​មួយ​នេះ អាច​ប្រឈម​នឹង​ការ​បិទទ្វារ ដោយ​សារ​ការ​​​ជំពាក់​ពន្ធ​រដ្ឋ​ជិត ៤​លាន​ដុល្លារ។ ប៉ុន្តែ ម្ចាស់​កាសែត​បរទេស​មួយ​នេះ បាន​ច្រាន​ចោល​ព័ត៌មាន​នេះ ដោយ​អះអាង​ថា ការ​ជំពាក់​ពន្ធ​រដ្ឋ​ជិត ៤​លាន​ដុល្លារ​នោះ មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ឬ​ការ​បង្ក្រាប​លើ​សេរី​ភាព​​​សារ​ព័ត៌មាន​ឡើយ ហើយ​កាសែត​មួយ​នេះ​កំពុង​ចរចា និង​ធ្វើ​សវនកម្ម​ពាក់ព័ន្ធ​នឹង​ប្រាក់​ជំពាក់​ពន្ធ​នោះ​​ជាមួយ​របប​ក្រុង​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។