អាជ្ញាធរ​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ដែល​ចែកចាយ​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់

ដោយ យន់ សាមៀន
2023.02.11
អាជ្ញាធរ​ព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ដែល​ចែកចាយ​គ្រឿងញៀន​ជា​ច្រើន​កញ្ចប់ ជនសង្ស័យជនជាតិ២រូប ដែល​សមត្ថកិច្ចខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជាមួយ​​គ្រឿងញៀន និង​ធាតុ​ផ្សំ​ដើម្បី​ផលិត​គ្រឿងញៀន​ កាលពី​យប់​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣​។
រូប៖ គេហទំព័រ​នគរបាលជាតិ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ជាមួយ​គ្រឿងញៀន និង​ធាតុ​ផ្សំ​ដើម្បី​ផលិត​គ្រឿងញៀន​សរុប​ ១៥៦​កញ្ចប់ កាលពី​យប់​ថ្ងៃទី​៨ ខែកុម្ភៈ​។ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​ជាតិផ្ទុះ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ២​នាក់ ម្នាក់​ឈ្មោះ វូ ស៊ុនវៃ (WU SHUN WEI) និង​ម្នាក់​ទៀត​ឈ្មោះ ម៉ៅ ទើវៃ (MAO DE WEI) នៅមុខ​កាស៊ីណូ ជីងប៉ី ២ ភូមិ​៤ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន ដើម្បី​បកស្រាយ​បន្ថែម​បានទេ​ជុំវិញ​នេះ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល។ ប៉ុន្តែ​កាសែត​ក្នុងស្រុក​ចុះផ្សាយ​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំងពីរ​នាក់ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សួរចម្លើយ និង​កសាង​សំណុំរឿង​បញ្ចូន​ទៅ​ឲ្យ​តុលាការ​បន្ត​នីតិវិធី។

សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ជា​បន្តបន្ទាប់​ជាពិសេស​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​ជនល្មើស​មួយ​ចំនួន គឺជា​ជនជាតិ​ចិន។ ករណី​ខ្លះ​ទៀត ក្រុម​ឧក្រិដ្ឋជន ថែមទាំង​មាន​កាំភ្លើង​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល តែងតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ផលិត​និង​ការ​ចែកចាយ​គ្រឿងញៀន។ ពួកគាត់​យល់​ថា ការអនុវត្ត​ច្បាប់​ទន់ខ្សោយ និង​អំពើពុករលួយ ជាហេតុ​ធ្វើ​ឲ្យ​ឧក្រិដ្ឋជន ឬ​ជនបរទេស យក​ប្រទេស​កម្ពុជា​ធ្វើជា​ទីតាំង​ដើម្បី លាងលុយកខ្វក់ ផលិត និង​ចែកចាយ​គ្រឿងញៀន និង​ជា​កន្លែង​សម្រាប់​ចាប់​ជម្រិត​តាម​អនឡាញ និង​ជួញដូរ​មនុស្ស​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។