សមត្ថកិច្ចខេត្តព្រះសីហនុ និងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើមុខសញ្ញាជនជាតិចិនមួយក្រុម ដែលបានបានបង្ហោះវីដេអូតាមបណ្ដាញសង្គម ដោយព្រមានថា ពួកគេអាចបង្កភាពវឹកវរនៅក្នុងខេត្តព្រះសីហនុ។ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ទង្វើរបស់ក្រុមនេះ នឹងជះឥទ្ធិពលមិនល្អដល់ខេត្តព្រះសីហនុ និងប្រទសកម្ពុជាទាំងមូល។
ក្នុងវីដេអូមួយ ដែលជនជាតិចិនមួយក្រុមមានគ្នាប្រមាណ ២០នាក់បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា និយាយជាភាសាចិន ហើយដែលគេបកប្រែមិនផ្លូវការជាភាសាខ្មែរមានន័យថា ពួកគេចង់ឱ្យវឹកវរ គឺវឹកវរ ចង់មានស្ថិរភាព គឺមានស្ថិរភាព។
ក្រៅពីផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក សារព័ត៌មានក្នុងស្រុកមួយចំនួន ក៏បានចុះផ្សាយពីសារព្រមានរបស់ជនជាតិចិនមួយក្រុមនោះដែរ។
ក្រោយពេលជនជាតិចិនទាំងនោះបានបង្ហោះវីដេអូ នៅថ្ងៃដដែលនេះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បញ្ជាឱ្យសមត្ថកិច្ចជំនាញនិងអ្នកពាក់ព័ន្ធឱ្យធ្វើការស្រាវជ្រាវលើករណីនេះ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែឧសភាថា សមត្ថកិច្ចកំពុងធ្វើការ ប៉ុន្តែលើសពីនេះលោកមិនអាចបញ្ជាក់បានទេ។ ជុំវិញការព្រមានរបស់ក្រុមជនជាតិចិននេះ លោក យន្ត មីន ថា នេះជារឿងធម្មតានៅក្នុងសង្គមមួយ ដែលមានទាំងមនុស្សល្អ និងមនុស្សមិនល្អ។ ប៉ុន្តែ លោកអះអាងថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ និងការពារសុវត្ថិភាពបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋ និងអ្នកវិនិយោគមានទំនុកចិត្តខ្ពស់៖ «រឿងមាត់មនុស្សថាអួតក្អេងក្អាងចេះតែថាអ៊ីចឹងទៅ ប៉ុន្តែយើងជាសមត្ថកិច្ចជាអាជ្ញាធរ យើងខិតខំពង្រឹងច្បាប់សុវត្ថិភាពនៅស្រុកទេសយើងឱ្យល្អទៅ។ ធម្មជាតិមនុស្សមានល្អមានអាក្រក់ មិនថាជនជាតិណាជាជនជាតិណាទេ»។
ចំណែកស្នងការនគរបាល ខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចជំនាញក្នុងធ្វើការលើរឿងនេះដោយមិនបណ្ដែតពោងពាយឱ្យក្រុមនេះបង្កភាពចលាចល ឬបញ្ហាអសន្តិសុខក្នុងខេត្តព្រះសីហនុបានឡើយ។ ប៉ុន្តែលោកថា សមត្ថកិច្ចមិនទាន់ស្រាវជ្រាវដឹងពីទីតាំងរបស់ពួកគេលាក់ខ្លួននៅឡើយទេ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការគំរាមនេះមានរូបភាពពីរ៖ ទី១ ជាការលេងសើច និងទី២ ជាការគំរាម ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដែលជាការគំរាមកំហែងនេះធ្វើឱ្យអ្នករកស៊ីជនជាតិចិន និងអ្នកវិនិយោគផ្សេងទៀត នៅក្នុងខេត្តនេះភ័យខ្លាច។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យសមត្ថកិច្ចកម្ពុជាបំពេញភារកិច្ចរបស់ខ្លួនដោយចិត្តទុកដាក់ខ្ពស់ ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ និងអ្នកវិនិយោគ៖ «ខ្ញុំគិតជាបើទោះបីជាលេងសើច ឬជាការពិតប្រាដក ក៏រដ្ឋាភិបាលត្រូវមានវិធានការដើម្បីស៊ើបអង្កេត»។
ខណៈប្រទេសចិនក្លាយជាអ្នកវិយោគជួរមុខនៅកម្ពុជា និងបានបញ្ជូនពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់មកប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ រាជធានី សៀមរាប និងខេត្តបន្ទាយមានជ័យ ជាដើមនោះ គេសង្កេតឃើញថា ជនជាតិនេះតែងតែបង្កបញ្ហា ប្រព្រឹត្តអំពើហិង្សា និងចាប់ជំរិតមនុស្សប្រពន្ធអ៊ីនធឺណិតជាដើម។ អ្នកឃ្លាំមើលសង្គមសង្កេតឃើញថា ជនបរទេសដែលមករកស៊ីនៅកម្ពុជា ហើយបង្កបញ្ហាច្រើនជាងគេ គឺជនជាតិចិន។
របាយការណ៍របស់ប៉ូលិស បង្ហាញថា ក្នុងត្រីមាសទី១ គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ជនជាតិចិន បង្កបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរជាងគេ ជនបរទេសផ្សេងទៀត គឺលើសជនជាតិវៀតណាមទៅទៀត។ រយៈពេល ៣ខែនេះ សមត្ថកិច្ចអះអាងថា មានជនជាតិចិនចំនួន ២៤១នាក់ ត្រូវបានចាប់ខ្លួន ក្រោមបទល្មើសផ្សេងៗ ខណៈជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួន ចំនួន ៤៩នាក់។ ជនសង្ស័យជនជាតិចិនទាំងនោះ ប្រព្រឹត្តិបទល្មើសច្រើនទីតាំងនៅកម្ពុជា និងបទចោទផ្សេងៗ គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
