នៅថ្ងៃទី២ នៃបុណ្យចូលឆ្នាំថ្មី អាជ្ញាធរខេត្តកណ្ដាល និងព្រះរាជអាជ្ញារង ដឹកនាំកម្លាំងអន្តរាគមន៍ ចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់ និងអាប៉ោងមួយកន្លែង ដែលមានមនុស្សចូលលេងប្រមាណជាង ៣០០នាក់ នៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងពេលចុះបង្ក្រាបនោះ អាជ្ញាធររឹបអូសបានមាន់ជល់ជាច្រើនក្បាល វត្ថុតាងលេងល្បែង រថយន្ត ២គ្រឿង ម៉ូតូ ៨១គ្រឿង និងឃាត់ខ្លួនមនុស្ស ៤នាក់ នាំទៅសាកសួរនៅស្នងការនគរបាលខេត្ត។
ស្នងការនគរបាលខេត្តកណ្ដាល លោក អ៊ាវ ចំរើន ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចកំណត់បានអត្តសញ្ញាណមេក្លោងបើកកន្លែងលេងល្បែងបានហើយ ក៏ប៉ុន្តែមិនទាន់ចាប់ខ្លួនជនសង្ស័យនោះបាននៅឡើយ ដោយសារជននោះបានបើករថយន្តគេចខ្លួន៖ «បាទ ! ជាទូទៅ យើងបានដឹងហើយ។ ឥឡូវនេះយើងនឹងចាត់ការតាមនីតិវិធី ហើយយើងនឹងធ្វើសំណុំរឿងជូនបងព្រះរាជអាជ្ញា ហើយបន្ទាប់មកទៀតយើងនឹងដំណើរការតាមនីតិវិធីដែលច្បាប់កំណត់ហើយ។ យើងនឹងស្រាវជ្រាវរកតាមចម្លើយអ្នកដែលចូលរួមលេង។ លាក់វាមិនជិតទេ បើកប៉ុណ្ណាណី ហើយពីរបីរយនាក់លេងប៉ុណ្ណេះទៅលាក់អីជិត។ ហើយអួតក្អេងក្អាងហើយបានគេហ៊ានទៅលេងនុះ បើអ៊ីចឹង មិចគេហ៊ានលេង»។
ក្រោយពីការសាកសួររួច សមត្ថកិច្ចសម្រេចអនុញ្ញាតឲ្យមនុស្ស ៤នាក់វិលទៅផ្ទះវិញ ដោយតម្រូវឲ្យចុះកិច្ចសន្យាឈប់លេងល្បែងនេះបន្តទៀត។ ចំណែកម៉ូតូ ៨១គ្រឿង អាជ្ញាធរក៏បានប្រគល់ជូនពលរដ្ឋវិញ បន្ទាប់ពីអ្នកលេងល្បែងប្រមូលផ្ដុំគ្នាទាមទារម៉ូតូពួកគេពីសមត្ថកិច្ច។
ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាលេងល្បែងប្រជាប្រិយនៅតាមភូមិស្រុក ជាជាងនាំគ្នាលេងល្បែងអបាយមុខផ្សេងៗ ដែលអាចបង្កឲ្យមានទំនាស់ អស់ទ្រព្យសម្បត្តិ និងបង្កើតឲ្យមានចោរកម្មផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
