សមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ៤នាក់ ដែលក្នុងនោះមានជនជាតិចិន ៣នាក់ ជនជាតិថៃម្នាក់ ក្នុងសំណុំជួញដូរទម្ងន់ជិត ៣៨,៦ គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី៥ តុលា។
អ្នកនាំពាក្យ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធិ ប្រាប់អាស៊ីសេរីថា ជនសង្ស័យទាំង៤ ត្រូវបានចោទប្រកាន់បទចរាចរណ៍ និងដឹកជញ្ជូនគ្រឿងញៀនចូលប្រទេសកម្ពុជា។
សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ចាប់បានជនសង្ស័យទាំង ៤នាក់ កាលពីយប់ថ្ងៃទី២ តុលា នៅក្នុងខុនដូ ជាន់ទី២៩ មួយកន្លែង នៅខណ្ឌចំការមន រាជធានីភ្នំពេញ និងបានរកឃើញគ្រឿងញៀនប្រភេទមេតាំហ្វេតាមីន អៃស៍ (Methamphetamine (Ice) ឬហៅថា ម៉ាទឹកក និង កេតាមីន (Ketamine) ជិត ៤០គីឡូក្រាម។ សមត្ថកិច្ចសង្ស័យថា ការជួញដូរគ្រឿងញៀននេះ គឺធ្វើឡើងដោយមានអង្គការចាត់តាំងនៅក្រៅប្រទេស ហើយមានមេក្លោងធំជាជនជាតិចិន កំពុងស្នាក់នៅប្រទេសឡាវ។ សមត្ថកិច្ចកំពុងបន្តស្នើសុំកិច្ចសហការពីបណ្ដាប្រទេសក្បែរខាងកម្ពុជា ដើម្បីចាប់ខ្លួនមេក្លោង និងអ្នកពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។