មន្ត្រីអង្គការសង្គមស៊ីវិល ទទូចដល់អាជ្ញាធរពន្លឿនការស្រាវជ្រាវស្វែងរកជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបានបើកឡានទំនើបបុកមនុស្សស្លាប់ ដើម្បីស្វែងរកយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ ។ ការលើកឡើងនេះ ក្រោយពីអាជ្ញាធរបានឃាត់រថយន្តបង្ក តែនៅពុំទាន់ឃាត់ខ្លួនអ្នកបើកបរបាននៅឡើយ។
គិតត្រឹមថ្ងៃទី២៩ ខែធ្នូនេះ គឺរយៈពេល ៤ថ្ងៃមកហើយ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តទំនើបម៉ាកហាំម័រ (Hummer) បានបើកបរក្នុងល្បឿនលឿន និងជ្រុលបុកអ្នកជិះម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ និងកុមារតូចម្នាក់ស្លាប់ ហើយបុរសដែលជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ធ្នូ។ ប៉ុន្តែអាជ្ញាធរនៅពុំទាន់បង្ហាញអត្តសញ្ញាណជនបង្កនៅឡើយទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែធ្នូ ថា នៅពេលអាជ្ញាធរឃាត់រថយន្តបង្កបាន នោះក៏អាចកំណត់អត្តសញ្ញាណម្ចាស់រថយន្ត និងអ្នកទទួលខុសត្រូវបានដែរ តាមរយៈការអនុវត្តនីតិវិធី ដោយមានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញា។
លោកទទូចដល់អាជ្ញាធរពន្លឿនការអនុវត្តនីតិវិធីឲ្យបានលឿន ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ហើយការអនុវត្តនោះ មិនត្រូវរង់ចាំតែបទបញ្ជាពីថ្នាក់ដឹកនាំប្រទេសនោះទេ ពោលគឺត្រូវអនុវត្តទៅតាមច្បាប់។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការថា អាជ្ញាធរបានរកឃើញរថយន្តបង្កហេតុ ម៉ាក ហាំម័រ (Hummer) ប៉ុន្តែអាជ្ញាធរ មិនបានបញ្ជាក់ពីទីតាំង ដែលបានរកឃើញរថយន្តនោះទេ។ មួយវិញទៀត រថយន្តនោះ ក៏បានបាត់ស្លាកលេខផងដែរ។ អាជ្ញាធរបានអំពាវនាវឲ្យជនបង្កចូលខ្លួនសារភាពកំហុស។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ និងអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៩ ខែធ្នូ ដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
លោក ជួន ណារិន្ទ ប្រាប់សារព័ត៌មានហ្វ្រេសញូវ (FreshNews) ដែលស្និទ្ធនឹងរដ្ឋាភិបាលកាលពីថ្ងៃទី២៧ ខែធ្នូ ថា រថយន្ត ហាំម័រ បុកមនុស្ស២នាក់បណ្ដាលឲ្យស្លាប់ ហើយរត់គេចនោះ សមត្ថកិច្ចជំនាញ បានរកឃើញរថយន្តហើយ ។ លោកបានបញ្ជាឲ្យស្រាវជ្រាវដោយយកចិត្តទុកដាក់បន្តទៀត ដើម្បីស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ធ្នូ បានចេញបញ្ជាទៅកាន់មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់ខ្លួន អ្នកបើករថយន្ត ដែលបុកមនុស្សបណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ដោយមិនចាំបាច់រង់ចាំបញ្ជាពីថ្នាក់លើនោះទេ។ លោក ហ៊ុន ម៉ាណែត បន្តថា លោកនឹងការពារតួនាទីមន្ត្រី ដែលហ៊ានធ្វើបែបនេះ ប្រសិនបើមន្ត្រីថ្នាក់លើ ឬជនបង្កគំរាមកំហែងដកតួនាទីមន្ត្រីនគរបាលដែលអនុវត្តច្បាប់។
ជុំវិញរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងមិនលែងដល់ជនណាទាំងអស់ទោះជាជនបង្ក និងអ្នកពាក់ព័ន្ធមានលុយមានអំណាចក៏ដោយ ដើម្បីកសាងទំនុកចិត្តពីពលរដ្ឋ ចំពោះការដឹកនាំរបស់រដ្ឋាភិបាល និងកាត់បន្ថយអត្រាមរណភាព របស់ប្រជាជនបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។
ជនរងគ្រោះទាំង៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ រួមមានលោកស្រី គ្រួច សាមិត្ត អាយុ ២០ឆ្នាំ ស្នាក់នៅភូមិ ដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនក្មេងអាយុ២ឆ្នាំ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ធ្នូ។ ចំណែកឯ អ្នកបើកបរវិញ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
មន្ត្រីអង្គការសង្គមស៊ីវិល នៅតែស្នើយ៉ាងទទូចដល់អាជ្ញាធរ ឲ្យស្វែងរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ និងយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។