តុលាការក្រុងភ្នំពេញឃុំខ្លួនកម្មករណាហ្គាវើលដ៍ (Naga World) ៣នាក់ដែលធ្វើកូដកម្មកន្លងមក ដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងការរារាំងវិធានសុខាភិបាលប្រឆាំងជំងីកូវីដ១៩។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការឃុំខ្លួនកម្មករណាហ្គាវើលដ៍បន្ថែមទៀតនេះ ថាមិនមែនជាដំណោះស្រាយ ដែលអាចបញ្ចប់វិវាទការងារនៅក្រុមហ៊ុនបនល្បែងមួយនេះបានទេ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញអ្នកស្រី អ៊ុក រ៉េតគន្ធា ចេញដីកាឃុំខ្លួនកូដករណាហ្គាវើលដ៍៣នាក់ បណ្ដោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ ហៅ កាត់ថាប៉េហ្ស៊ី (PJ) នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ក្រោមបទចោទ «រារាំងវិធានសុខាភិបាល» ត្រង់មាត្រា១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ បានទេ ដោយហៅទូរស័ព្ទតែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការឃុំខ្លួនក្រុមកូដករណាហ្គាវើលដ៍៣នាក់ហើយបន្តស្វែងរកមនុស្ស ៤ ទៀត ក្នុងបទចោទតែមួយបែបនេះ មិនមែនជាដំណោះស្រាយដែលអាចបញ្ចប់វិវាទការងារនៅក្រុមហ៊ុនបនល្បែងមួយនេះបានទេ ផ្ទុយទៅវិញ វាធ្វើឲ្យវិវាទនេះកាន់តែរីកធំឡើង។
លោកស្នើសុំតុលាការពិនិត្យរឿងនេះឡើងវិញ ហើយទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពវិញ ព្រោះពួកគេបានចូលរួមសហការតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យទៅផ្ដល់សំណាកស្វែងរកជំងឺកូវីដ១៩ កាលពីពេលកន្លងមក៖ «ដំណោះស្រាយដែលល្អបំផុតសម្រាប់រដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ គឺដោះលែងតំណាងរបស់កូដករទាំងអស់ ទាំងមុនទាំងក្រោយ១១នាក់ហ្នឹង។ ហើយដោយគ្មានលក្ខខណ្ឌ ហើយវិលមករកការចរចាដើម្បីបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមកូដករ ហ្នឹងជាដំណោះស្រាយល្អបំផុត ដើម្បីបញ្ចប់វិវាទហ្នឹងដោយសន្តិវិធី។ មិនមានការរិះគន់ ហើយពួកគាត់ក៏មិនត្រូវបានទទួលរកភាពអយុត្តិធម៌បន្តទៀតដែរ»។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនកម្មករណាហ្គាវើលដ៍ដែលធ្វើកូដកម្ម ចំនួន៧នាក់ ទៅសាកសួរនៅការិយាល័យប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីសាកសួរពីដំណើររឿង រារាំងដល់ការអនុវត្តវិធានការសុខាភិបាល។
ការចេញដីកានាំខ្លួនក្រុមកូដករនេះ ធ្វើឡើងស្របពេលក្រសួងសុខាភិបាលតម្រូវឲ្យក្រុមកម្មករណាហ្គាវើលដ៍ដែលធ្វើកូដកម្មទៅផ្ដល់សំណាកឲ្យក្រុមគ្រូពេទ្យនៅកោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកុម្ភៈ កន្លងមក។
សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនលោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធ និងលោក សៅ សម្បត្តិ នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ក្រោយពេលពួកគេចេញពីកន្លែងផ្ដល់សំណាករកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនស្ត្រីកូដករ៤នាក់ទៀត មានកញ្ញា អ៊ុក សុភ័ក្រម៉ូលីកា កញ្ញា ម៉េង កាន់នីកា កញ្ញា អេង ស្រីបូ និងលោកស្រី ខេង ចិន្តា។
ប៉ុន្តែស្ត្រីកូដករទាំង៤នាក់នេះ បានចេញមុខឆ្លើយតបរឿងនេះ ថាពួកគេមិនបានគេចវេះការតាមចាប់ខ្លួនពីខាងសមត្ថកិច្ចទេ។ ពួកគេអះអាងថា នឹងចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមដីកាបង្គាប់របស់តុលាការ ក្រោយធ្វើចត្តាឡីស័កនៅផ្ទះរួចរាល់តាមវិធានសុខាភិបាល។
ក្រុមកូដករណាហ្គាវើលដ៍ជិត១ពាន់នាក់បានផ្ដល់សំណាករកជំងឺកូវីដ១៩ ឲ្យក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលរួចរាល់អស់ហើយ។ ពួកគេកំពុងធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១០ថ្ងៃតាមការណែនាំរបស់គ្រូពេទ្យ។ ចំណែកកម្មករ៣៣នាក់ដែលបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ក្នុងនោះ៣០នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលចត្តាឡីស័កអូឡាំពិក ហើយ៣នាក់សម្រាកព្យាបាលនៅផ្ទះ។
ក្រុមកូដករ ដែលជាបុគ្គលិកកម្មករ នៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ ឲ្យដឹងថា ពួកគេមិនបានរារាំងវិធានការរបស់អាជ្ញាធរឡើយ។ កម្មករ អះអាងថា នឹងជួបជុំគ្នាធ្វើកូដកម្មដោយអហិង្សាបន្តទៀត ក្រោយពីធ្វើចត្តាឡីស័កនៅផ្ទះចប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ពួកគេ បញ្ជាក់ថា ការតវ៉ានៅពេលខាងមុខនេះ គឺទាមទារអោយមានការដោះលែងតំណាងសហជីព៨នាក់ ដែលកំពុងជាប់ពន្ធនាគារ និងទម្លាក់បទចោទហើយដោះលែងកូដករ៧នាក់ទៀត ដើម្បីឲ្យពួកគេវិលចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុន ត្រឹមត្រូវតាមច្បាប់ ដោយភាពស្មោះត្រង់ យុត្តិធម៌ និងតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។