សាលា​ក្រុង​ប្រារព្ធ​ខួប​៣​ឆ្នាំ​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​ស្ពាន​​ពេជ្រ

មនុស្ស​ជាង ១​ពាន់​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ស្តូប​ក្បែរ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដើម្បី​ប្រារព្ធ​ខួប ៣​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ដោយ​ពិធី​បង្សុកូល និង​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ជាង ១០០​អង្គ និមន្ត​មក​ពី​វត្ត​ផ្សេងៗ ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់។ អភិបាល​រាជធានី​ភ្នំពេញ ដែល​ដឹក​នាំ​ពិធី​នេះ បាន​ប្រកាស​ថា​នឹង​បន្ត​គោរព​វិញ្ញាណក្ខន្ធ​តាម​បែប​សាសនា​ជា​រៀង​រាល់​ឆ្នាំ ដោយ​ពុំ​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ។

0:00 / 0:00

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​រួម​ប្រារព្ធ​ខួប​៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ជាមួយ​សាលា​រាជធានី​ភ្នំពេញ គឺ​ជា​ការ​ឆ្លៀត​យក​ទុក្ខ​សោក​របស់​គ្រួសារ​អ្នក​ស្លាប់ ដើម្បី​កេង​ចំណេញ​នយោបាយ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ទៅ​កាន់​ក្រុម​គ្រួសារ​អ្នក​ស្លាប់ ក្នុង​ពេល​សំណេះសំណាល​ក្រោយ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា នៅ​លើ​ស្ពាន​ពេជ្រ៖ «រឿង​តែ​មួយ​ធ្វើ​ពិធី​បុណ្យ​ពីរ។ រឿង​តែ​មួយ​ធ្វើ​ឲ្យ​ខ្លួន​គេ និង​សង្គម ចូល​ជាមួយ​នឹង​បង​ប្អូន​ឲ្យ​បែក​គ្នា អ៊ីចឹង នេះ​ជា​គោលដៅ​ដើម្បី​បំបែក​បំបាក់​នៅ​ឯកភាព​ជាតិ»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​នេះ​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​គម្រប់​ខួប​រយៈពេល ៣​ឆ្នាំ ដែល​កំពុង​រៀប​ចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ។

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក សំពះ​ព្រះខែ មាន​មនុស្ស​រាប់​លាន​នាក់​សម្រុក​ចូល​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ចូល​រួម​កម្សាន្ត​បុណ្យ​ជាតិ​នេះ។ ទន្ទឹម​នោះ កោះ​ពេជ្រ​ជា​តំបន់​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​បាន​ល្បី​ថា​នឹង​បង្កើត​ទីក្រុង​នៅ​ទីនោះ។ ពួក​គេ​ទាំង​ក្មេង​ចាស់ ចង់​ទៅ​លេង​កម្សាន្ត។ ពេល​នោះ មនុស្ស​រាប់​ពាន់​នាក់ ដើរ​ចេញ​ពី​កោះ​ពេជ្រ និង​រាប់​ពាន់​នាក់ ចូល​ទៅ​កាន់​រមណីយដ្ឋាន​កោះ​ពេជ្រ កាត់​ស្ពាន​ដែក​ដ៏​តូច​មួយ។ នៅ​ម៉ោង​ជាង ៩​យប់​នោះ មាន​មនុស្ស​ស្រែក​បំភ័យ​ថា ស្ពាន​ពួក​គេ​កំពុង​ឆ្លង​កាត់​នឹង​ដាច់​ជាដើម ធ្វើ​ឲ្យ​មនុស្ស​កំពុង​ឆ្លង​កាត់​ភ័យ​ស្លន់ស្លោ​រត់​ជាន់​គ្នា បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប ៣៥៣​នាក់ ក្នុង​នោះ​មាន​ស្រី ២២៣​នាក់ ប្រុស ១៣០​នាក់។ ក្រុមហ៊ុន​ធនាគារ​កាណាឌីយ៉ា (Canadina Bank) ជា​អ្នក​វិនិយោគ​កោះ​ពេជ្រ និង​សប្បុរសជន រួម​ទាំង​រដ្ឋាភិបាល បាន​ផ្តល់​ថវិកា​ដល់​គ្រួសារ​អ្នក​ស្លាប់​ក្នុង​សព​ម្នាក់​ទទួល​បាន​ប្រាក់​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​បុណ្យ​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ។

លោក មុន្នី ថ្លែង​ទាំង​ទឹក​ភ្នែក​ថា កូន​ប្រុស​តែ​ម្នាក់​គត់​ឈ្មោះ ប៉ែន ទិត្យារិទ្ធ អាយុ ១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ​សម្ដេច ជា ស៊ីម បឹង​កេងកង បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ៖ «សំណូមពរ​ចំពោះ​ថ្ងៃ​ក្រោយ សូម​កុំ​ឲ្យ​មាន​ការ​ធ្វើ​មាន​ជា​ស្ពាន​រំញោច ជា​ដែក ហើយ​សាងសង់​នេះ គឺ​មិន​បាន​ព្យាករ​អំពី​ផល​ប៉ះពាល់។ អ៊ីចឹង​ហើយ ធ្វើ​ប៉ះពាល់​ចំពោះ​ការ​បាត់​ជីវិត​មនុស្ស​រហូត​ដល់ ៣០០​នាក់​ជាង។ ខ្ញុំ​មាន​ការ​សោកស្ដាយ​បំផុត ដែល​មាន​កូន​ម្នាក់​គត់​ហើយ​ជា​កូន​ដ៏​ល្អ»

លោកស្រី អេង លក្ខិណា ជា​ម្តាយ​យុវជន​ឈ្មោះ ខឹម ដារ៉ារស្មី អាយុ ១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១ ភាសា​ខ្មែរ និង​បាន​បញ្ចប់​សាលា​ភាសា​ចិន បាន​ស្លាប់​នៅ​កោះ​ពេជ្រ ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ថ្លែង​ថា ក្រោយ​ពី​បាត់​បង់​កូន​ប្រុស​ជា​ទី​ស្រឡាញ់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ មក គាត់​មិន​ដែល​មក​មើល​កោះ​ពេជ្រ ទេ។ ទើប​តែ​ចៅ​សង្កាត់​អញ្ជើញ​គាត់​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​បង្សុកូល​អ្នក​ស្លាប់ ដែល​រៀប​ចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ ទើប​គាត់​មាន​វត្តមាន​លើក​ទី​១ នៅ​ថ្ងៃ​នេះ៖ «មូលហេតុ​រឿង​កូន​ហ្នឹង ខ្ញុំ​ទទួល​យក​អត់​បាន នឹក​កូន​ពេក ហើយ​កន្លែង​ហ្នឹង ខ្ញុំ​មិន​ដែល​មក​ទេ។ ទើប​មក​ថ្ងៃ​ហ្នឹង​ទេ​នេះ»

លោក ចែម ប៊ុនថា ឪពុក​យុវជន​ឈ្មោះ យង់ សុខចំរើន ហៅ យ៉ា អាយុ ១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១ វិទ្យាល័យ ឥន្ទ្រ ទេវី ថ្លែង​ទាំង​ទឹក​ភ្នែក​ថា លោក​អរគុណ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​បុណ្យ​ជូន​កូន​គាត់ ដែល​បាន​ស្លាប់​នោះ៖ «គឺ​ថា​បួង​សួង សុំ​ឲ្យ​កូន​ខ្ញុំ​ទៅ​កើត​សុគតិភព ឲ្យ​បាន​ខ្ពង់ខ្ពស់ ធ្វើ​ម៉េច​បើ​នៅ​ជាមួយ​ខ្ញុំ វា​បាន​តែ​ប៉ុណ្ណឹង»

យុវជន ជឹម សាម៉េត មក​ពី​ខេត្ត​ព្រៃវែង ឈរ​កាន់​ផ្កា​ឈូក​ទាំង​ក្រៀមក្រំ​ថា បង​ស្រី​ឈ្មោះ ជឹម សារឹម ជា​កម្មការិនី​រោងចក្រ​កាត់​ដេរ បាន​ស្លាប់​នៅ​កោះ​ពេជ្រ នេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ លោក​ថា ថវិកា​ដែល​ក្រុមហ៊ុន​សប្បុរសជន និង​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ជាង ១​ម៉ឺន ២​ពាន់​ដុល្លារ គាត់​បាន​ធ្វើ​បុណ្យ និង​ព្យាបាល​ជំងឺ​ឪពុក ដែល​ពិបាក​ចិត្ត​នឹក​កូន​ស្រី​ដែល​ស្លាប់។

ចំណែក​លោកស្រី រស់ ផាត មក​ពី​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា ថវិកា​ដែល​រដ្ឋាភិបាល និង​សប្បុរសជន​ផ្តល់​ឲ្យ​គាត់​នោះ បាន​ធ្វើ​បុណ្យ​ជូន​កូន​ស្រី​ឈ្មោះ នួន ស្រីកុល កម្មការិនី​កាត់​ដេរ​ស្លាប់​នៅ​កោះ​ពេជ្រ នា​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ និង​បាន​ជួយ​កែប្រែ​ជីវភាព​របស់​គ្រួសារ​គាត់។

គិត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក សំពះ​ព្រះខែ ក្នុង​រយៈពេល ៣​ឆ្នាំ​មក​ហើយ​ដែរ គឺ​បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ នោះ៕

២៣-វិច្ឆិកា-២០១០: នៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ ប្រជាពលរដ្ឋ​នាំ​គ្នា​មក​រក​សាច់ញាតិ​ដែល​ស្លាប់ និង​របួស។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នៅ​តំបន់​កោះពេជ្រ ​​​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: សាច់ញាតិ​ជន​រង​គ្រោះ​រក​មើល​សាច់ញាតិ​ខ្លួន​ដែល​បាន​ស្លាប់ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: អាជ្ញាធរ​មាន​សមត្ថកិច្ច​បំពេញ​បែបបទ​ដើម្បី​ផ្ដល់​សាកសព​ជូន​សាច់ញាតិ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: សាកសព​ជន​រង​គ្រោះ​ដែល​ស្លាប់​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ជន​រង​គ្រោះ​ដែល​បាន​រួច​ផុត​ជីវិត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ប៉ូលិស​រក​អត្តសញ្ញាណ​អ្នក​ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា។ RFA/Ouk Savborey

២៣-វិច្ឆិកា-២០១០: ប្រជាពលរដ្ឋ​រក​មើល​បញ្ជី​ឈ្មោះ​សាច់ញាតិ​របស់​ខ្លួន នៅ​ក្នុង​មន្ទីរពេទ្យ​​ព្រះកេតុមាលា។ RFA/Ouk Savborey

អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​បញ្ជី​ស្នាម​ដើម្បី​ប្រគល់​សាកសព​ជូន​សាច់ញាតិ​ជន​រង​គ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា។ RFA/Ouk Savborey

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។