មន្ត្រី​ប៉ូលិស​ខេត្ត​ព្រៃវែង​និង​បក្ស​ពួក​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ករណី​បាញ់សម្លាប់​ពលរដ្ឋ​ម្នាក់​សង្ស័យ​ជា​ចោរ

ដោយ ថន ថារ៉ូ
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អធិការរង​ស្រុក​ព្រះស្ដេច​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍​ លោក ជឹម រតនៈ។
អធិការរង​ស្រុក​ព្រះស្ដេច​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍​ លោក ជឹម រតនៈ។
Screenshot

ក្រសួង​មហាផ្ទៃ​សម្រេច​បក​ស័ក្ដិ​នគរបាល​ខេត្ត​ព្រៃវែង​ម្នាក់ និង​បញ្ជូន​ទៅ​តុលាការ​ជាមួយ​អ្នក​ពាក់ព័ន្ធ ៣នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​ពលរដ្ឋ​ម្នាក់​ដោយ​ចោទ​ថា ចោរ។

ក្រសួង​មហាផ្ទៃ​ក៏​កំពុង​តាម​ចាប់ខ្លួន​នគរបាល​ខេត្ត​ព្រៃវែង​ម្នាក់ទៀត ដែល​កំពុង​រត់គេច​ខ្លួន​ផង​ដែរ​។សង្គម​ស៊ីវិល​ ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​ប្រដាប់​អាវុធ​ដែល​ប្រព្រឹត្ត​ខុស​តួនាទី​ឱ្យ​បាន​តឹងរ៉ឹង​ដើម្បី​កុំ​ឱ្យ​មន្ត្រី​ដទៃ​យក​គំរូ​តាម។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ គឹមខឿន ឱ្យ​ដឹង​ថា​សមត្ថកិច្ច​ បាន​បញ្ជូន​នគរបាល​ខេត្ត​ព្រៃវែង​ម្នាក់ និង​ដើម​បណ្ដឹង ឬ​អ្នក​ផ្ដល់​សក្ខីកម្ម​មិន​ពិត​ចំនួន ៣នាក់​ទៅ​តុលាការ​នៅ​ថ្ងៃទី២៦​ ខែ​មីនា ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាញ់​ពលរដ្ឋ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​ ដោយ​ប្រឡំ​ថា​ជា​ចោរ​កាលពី​យប់​ថ្ងៃទី២៣ ខែ​មីនា កន្លងទៅ។

លោក ឆាយ គឹមខឿន​ បញ្ជាក់​ថា នគរបាល​ដែល​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​នេះ​ មានឈ្មោះ​ ជិន​ វិន​ ជា​នគរបាល​ប៉ុស្តិ៍​កំពង់សឹង ​ស្ថិត​ក្នុង​ស្រុក​ព្រះ​ស្ដេច ​ខេត្ត​ព្រៃវែង​។ ចំណែក​នគរបាល​ម្នាក់ទៀត​ដែល​រត់គេច​ខ្លួន​មាន​ឈ្មោះ ជឹម រតនៈ ​ជា​អធិការរង​ស្រុក​ព្រះស្ដេច​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍​ សមត្ថកិច្ចកំពុង​តាម​ចាប់ខ្លួន​។ អ្នក​ទាំងពីរ​ ត្រូវ​បាន​បក​ស័ក្ដិ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ ហើយ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់៖ «យើង​បាន​ដាក់​ពិន័យ​មេ​ប៉ុស្តិ៍​ដោយសារ​ជា​បញ្ជា​អត្តនោម័តិ ហើយ៣នាក់​ទៀត​ជា​អ្នក​ផ្តល់​សក្ខីកម្ម​មិន​ពិត​ដល់​កងកម្លាំង​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​អាវុធ​ព្រោះ​ម្នាក់​នោះ​ គាត់​បាន​ប្ដឹង​ថា មាន​ចោរលួច​រថយន្ត​ហើយ​គាត់​ស្នើ​ឱ្យ​សមត្ថកិច្ច​ប្រតិបត្តិ​ការ​ទៅ​។ នេះ​គេ​ជាដើម​ចម​បង្កើតរឿង​នេះ​។ អ៊ីចឹង​យើង​ឃាត់ខ្លួន​សាកសួរ​សិន»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ អ៊ី រិន្ទ បានទេ​ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

កាលពី​ថ្ងៃទី២៣ ខែ​មីនា កន្លង​ទៅ​នគរបាល​ប៉ុស្តិ៍​កំពង់សឹង សហការ​ជាមួយ​នគរបាល​ស្រុក​ព្រះ​ស្ដេច​បាន​ស្ទាក់​បាញ់​ជាច្រើន​គ្រាប់​លើ​ជនរងគ្រោះ​ឈ្មោះ​យ៉ន​ រ៉ា​វុធ​ អាយុ៣២​ ឆ្នាំ​ជា​អ្នកម៉ៅការ​សំណង់​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​ក្នុង​រថយន្ត និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​ឈ្មោះ​ រ៉ាន ខេមរិន​ រង​របួសធ្ងន់​ស្ថិត​នៅ​ឃុំ​ រក្សជ័យ​ ស្រុក​បាភ្នំ។ ការ​ស្ទាក់​បាញ់​ ប្រហារ​នេះ​ដោយសារ​នគរបាល​ទទួល​បណ្ដឹង​ថា ពួកគេ​ទាំងពីរ​នាក់​ជា​ចោរលួច​រថយន្ត​នឹង​បាន​បើក​រត់​ពី​ភ្នំពេញ​ទៅ​ព្រៃវែង។ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​ថា​ លោក​ យ៉ន រ៉ាវុធ មិនមែន​ជា​ចោរលួច​រថយន្ត​ទេ ហើយ​រថយន្ត​ដែល​នគរបាល​ខេត្ត​ព្រៃវែង​ស្ទាក់​បាញ់​នោះ គឺជា​រថយន្ត​ដែល​លោក យ៉ន រ៉ាវុធ ទិញ​បង់លុយ​មិនទាន់​គ្រប់​នៅ​ខ្វះ ៣​ពាន់​ដុល្លារ​ទៀត ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុឌី យក​ទៅ​ជួល​ឱ្យ​ជនជាតិ​ចិន​ជិះ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​លោក យ៉ន រ៉ាវុធ ទៅ​ស្ទាក់​យក​រថយន្ត​នោះ​ពី​ជនជាតិ​ចិន​វិញ​ ហើយ​បាន​ជិះ​មក​ស្រុក​កំណើត​ទើប​មាន​បណ្ដឹង​ថា គាត់​ជា​ចោរលួច​រថយន្ត។

ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ លោក​ ហ៊ុន សែន និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឱ្យ​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​ និង​សម្ដែង​ការ​សោកស្ដាយ​ដែល​ករណី​បែបនេះ​មិន​គួរ​កើតឡើង​ឡើយ។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត កាលពី​ថ្ងៃម្សិលមិញ​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា បើ​ទោះជា​ចោរ​ពិត​ក៏ដោយ សមត្ថកិច្ច​មិន​អាច​ប្រើ​អាវុធ​ទៅ​បាញ់សម្លាប់​នោះ​ទេ ប្រសិនបើ​ជន​នោះ​គ្មាន​អាវុធ​នៅ​ក្នុង​ដៃ​សម្រាប់​ការពារ​ខ្លួន៖ «បើ​ទោះបីជា​វា​ចោរ​មែន​ក៏ដោយ ប៉ុន្តែ​នៅ​ពេល​យើង​តាម​វា​ទាន់​ត្រូវ​ចាប់​វា​ មិន​ត្រូវ​បាញ់​អ៊ីចឹង​ទេ តែ​នេះ​ហេតុ​អី​បាន​វា​ធ្វើ​ដល់​ថ្នាក់​ប៉ុណ្ណឹង​មិន​យល់​ទេ​ ហេតុ​អី​បាន​ទៅ​អ៊ីចឹង​។ ឥឡូវ​ចាប់​បាន​មួយ​ហើយ​នៅសល់​មួយទៀត​រឿង​អស់នេះ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ព្រោះ​ប្រតិបត្តិ​ការ​ប្រដាប់ដោយ​អាវុធ​កាត់ក្ដី​ដោយ​អាវុធ​មិនមែន​ជា​ជម្រើស​ល្អ​ទេ»

លោក​បន្ត​ថា៖ «មនុស្ស​អត់មាន​អាវុធ​អី​ផង​ហ្នឹង​តាម​អ្នក​ដែល​នៅ​រស់​គ្នា​លើកដៃ​សំពះ​ទៅទៀត​តែ​បាញ់​ដល់ទៅ​ប៉ុន្មាន​គ្រាប់​អំពើ​ទាំងអស់​នេះ​ជា​អំពើ​ត្រូវ​ដាស់តឿន​ទៅដល់​គ្រប់​ទីកន្លែង​ទាំងអស់​គ្មាន​ការចាំបាច់​ដែល​ត្រូវការ​ពារ​ខ្លួន​គ្នា​អត់មាន​កាំភ្លើង​អី​ដែល​ត្រូវការ​ពារ​ខ្លួន​ផង​ហើយ​ខ្លួន​ធ្វើ​របៀប​អ៊ីចឹង»

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា​ ការ​ចាត់​វិធាន​ការ​ភ្លាម​ៗ​របស់​រដ្ឋាភិបាល​នេះ ​គឺជា​ចំណុច​ល្អ​មួយ ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ពង្រឹង​ការអប់រំ និង​ហ្វឹកហ្វឺន​បន្ថែម​ទៀត ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​ប្រើ​ប្រាស់​អាវុធ និង​ការ​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ។លោក​បន្ត​ថា​ ការ​បង្ក្រាប​ដ៏​ហិង្សា​ពីសំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​លើ​ជន​សង្ស័យ​ដែល​សង្ស័យ​ ថា ជា​ចោរ ឬ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ និង​ជួន​កាល​ប្រើ​អំពើ​ហិង្សា​និង​ភ្ជង់​កាំភ្លើង​លើ​ពល​រដ្ឋ​សាមញ្ញ ដោយ​គ្រាន់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​តិចតួច ​គឺជា​អំពើ​រំលោភច្បាប់​ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៖ «យៈពេល​ចុងក្រោយ​នេះ​យើង​មានការ​បារម្ភ​ ។ អ៊ីចឹង​បញ្ហា​ទាំង អស់​នេះ​ ប្រសិនបើ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មិនបាន​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ទេ​គឺ​អា​វប្បធម៌​នេះ ចេះតែ​បន្ត​ទៅទៀត ​ព្រោះ​នេះ​ជា​វប្បធម៌​អាក្រក់​ ជា​គំរូ​អាក្រក់»

លោក​សង្កេតឃើញ​ថា ករណី​នគរបាល​ដែល​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ ក៏​ដូចជា​បំពេញ​តួនាទី​មិនបាន​ល្អ ពេល​ចុះ​បង្ក្រាប​បទល្មើ​ស គឺ​ភាគច្រើន​គឺជា​កូន​អ្នកមាន​អំណាច ឬ​កូន​អ្នកមាន​បុណ្យ​សក្តិ​ធំៗ​ដែល​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា តើ​ពួកគេ​ចូល​ជា​មន្ត្រី​នគរបាល​នោះ​តាម​លក្ខន្តិកៈ​និង​គោល​ការណ៍​ត្រឹមត្រូវ​ ឬក៏​តាមរយៈ​ខ្សែស្រឡាយ ​និង​អំពើពុករលួយ​ដោយ​មិនបាន​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល និង​ការ​ហ្វឹកហាត់​ត្រឹមត្រូវ៖ «យើង​ជា​អ្នក​អនុវត្ត​ច្បាប់​ជា​អ្នកបម្រើ​រាស្ត្រ​មិនមែន​បាញ់​បង្ក្រាប​បាញ់​មនុស្ស​ដូច​បាញ់សត្វ​ ហើយ​គេ​គ្មាន​អាវុធ​ក្នុង​ដៃ​យើង​មាន​អាវុធ​ ហើយ​ហាក់បីដូចជា​ចង់​បង្ហាញ​ឥទ្ធិពល​អំណាច​យក​អាវុធ​ទៅ​បាញ់​គេ​តាម​ទំនើង​ចិត្ត​អ៊ីចឹង​គឺ​វា​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​ហើយ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​ផង​ដែរ​។ អ៊ីចឹងរឿង​ទាំងអស់​នេះ​រដ្ឋាភិបាល​ ត្រូវតែ​ពិនិត្យ​ឡើងវិញ​ហើយ​បើសិនជា​មាន​អ្នក​ចូល​តាម​ខ្សែ​តាម​ស្រឡាយ​មិនបាន​ចូល​តាម​សាលា​ទេ​ក៏​គួរតែ​ទៅ​ហ្វឹកហ្វឺន​ឱ្យ​មានការ​អប់រំ​ និង​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវ»

ករណី​មន្ត្រី​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​ទាំង​បំពានច្បាប់​លើ​ប្រជាពលរដ្ឋ ឬ​ជនសង្ស័យ​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ កើតមាន​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី៨ខែ​ កុម្ភៈ​ថ្មី​ៗ​នេះ​ ក៏​មាន​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​មួយ​ក្រុម ព្រួត​ចាប់​ និង​ប្រើ​ហិង្សា​លើ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ម្នាក់​ឈ្មោះ ឡាយ ប៊ុនថូ ដោយ​ច្រឡំ​ថា​ មន្ត្រី​រូប​នេះ​ ពាក់ព័ន្ធ​គ្រឿងញៀន​។ ចំណែក​កាលពី​ថ្ងៃ​ទី២៤​ ខែ​មករា កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ៣រយ​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​គ្រាប់​ពិត និង​ចាប់ចង​អ្នក​តវ៉ា​ដីធ្លី រួច​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ បណ្ដាល​ឱ្យ​ពលរដ្ឋ​ម្នាក់​រង​របួសធ្ងន់ ដោយ​គ្រាប់​កាំភ្លើង និង​ជាច្រើន​នាក់​ទៀត​រង​របួស​ដោយ​ការ​ប្រើ​ហិង្សា​នៅ​ក្នុង​ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​លើ​ដី​មាន​វិវាទ​មួយ​កន្លែង​ស្ថិតនៅ​ឃុំ​បិតត្រាំង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ករណី​មួយទៀត​គឺ​នគរបាល​ផ្សារដេប៉ូ១​ មាន​គ្នា៣នាក់​បាន​ចាប់​ក្រៀក​យុវជន​មានសតិ​មិនសូវ​ល្អ​ម្នាក់​ហើយ​ធ្វើការ​វាយ​ដុំ​យ៉ាង​ដំណំ ដោយសារ​យុវជន​នោះ​រករឿង​ក្នុង​គ្រួសារ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​យល់​ថា​ មូលហេតុ​ ដែល​សមត្ថកិច្ច​តែងតែ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ ឬ​ជន សង្ស័យ​នោះ គឺ​ដោយសារ​ពួកគេ​មិន​សូវ​យល់​ដឹង​ពី​ច្បាប់​ និង​តែងតែ​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ព្រមទាំង​ទំនងជា​ទម្លាប់​អាក្រក់ ដែល​បន្សល់​មក​ពី​របប​ខ្មែរក្រហម បូករួម​ទាំង​គ្មាន​គំរូ​ល្អ ពី​ថ្នាក់ដឹកនាំ​កំពូល​ៗ​ថែម​ទៀត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល